កំណើនការប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជាកំពុងកើនឡើងដែលជំរុញឱ្យវិនិយោគិនជប៉ុនកាន់តែច្រើនមើលឃើញថា ប្រទេស កម្ពុជា គឺជាទីផ្សារដ៏មានភាពទាក់ទាញនៅក្នុងតំបន់ក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ពួកគេ។
ពាណិជ្ជកម្មទ្វេភាគីរវាងជប៉ុន និងកម្ពុជាបានឈានដល់ ១,៩ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូងកាលពីឆ្នាំ ២០១៩ ដែលជាសញ្ញាមួយបង្ហាញអំពីទំនុកចិត្តរបស់វិនិយោគិនជប៉ុនទៅលើសេដ្ឋកិច្ចរបស់កម្ពុជាដែលអំណាចទិញកំពុងមានសម្ទុះកើនឡើង។
ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ប្រចាំកម្ពុជា លោក Miyao Masahiro បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «អង្គការ JETRO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ហើយនៅពេលនោះមានក្រុមហ៊ុនប្រមាណ ៤០ បានចុះឈ្មោះជាមួយយើង ប៉ុន្តែមកដល់បច្ចុប្បន្ន ក្រុមហ៊ុនជប៉ុនមានជិត ៣០០ ក្រុមហ៊ុន»។
ការវិនិយោគរបស់ជប៉ុនត្រូវបានគេមើលឃើញថា មាននៅស្ទើរតែគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជារាប់ចាប់ពីផ្សារទំនើប សម្លៀកបំពាក់ រហូតដល់ឧស្សាហកម្មធុនធ្ងន់ដូចជា ផ្លូវថ្នល់ និងស្ពានជាដើម។
ម៉ាកយីហោធំៗរបស់ជប៉ុនជាច្រើនដូចជា Matsushita, AEON Mall, Panasonic Corp, NTT Communications, Sumitomo Corp, Nippon Express និង All Nippon Airways សុទ្ធតែបានបើកការិយាល័យរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។
«តាមទស្សនៈសេដ្ឋកិច្ច យើងបានចូលរួមចំណែកដល់កំណើន និងពាណិជ្ជកម្មរបស់កម្ពុជា។ ក្រុមហ៊ុនជប៉ុនបានជួលបុគ្គលិក និងបណ្តុះបណ្តាលប្រជាជនកម្ពុជា។ យើងជួយបង្កើនផលិតផលក្នុងស្រុកសរុប (GDP) និងការនាំចេញ»។
ចំនួនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងកំពុងមានកំណើនយ៉ាងឆាប់រហ័ស ដោយសារតែការធ្វើចំណាកស្រុកពីជនបទមកទីក្រុង ប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើងធ្វើឲ្យអំណាចទិញ និងការប្រើប្រាស់កាន់តែមានសម្ទុះដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់វិនិយោគិនបរទេស។
ឧទាហរណ៍ ផ្សារទំនើបអ៊ីអនរបស់ជប៉ុនកំពុងមានគម្រោងបើកសាខាទី ៣ របស់ខ្លួនដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីសម្ទុះនៃអំណាចទិញ។
លោកបន្ថែមថា៖ «ផ្នែកផ្សេងទៀតដែលយើងចាប់អារម្មណ៍គឺផ្នែកអប់រំ និងថែទាំសុខភាព។ យើងពិតជាចង់លើកកម្ពស់វិស័យទាំងនេះ [វិស័យសេវាកម្ម] ។ វាគឺជាឱកាសមួយសម្រាប់ក្រុមហ៊ុនជប៉ុនដើម្បីធ្វើការវិនិយោគ ហើយវាក៏ជាឱកាសមួយសម្រាប់ប្រជាជនកម្ពុជាផងដែរ ដែលអាចទទួលបានសេវាកម្មថ្មីជាមួយនឹងតម្លៃសមរម្យ»។
លោក Masahiro មានប្រសាសន៍ថាប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីយុទ្ធសាស្ត្រថៃបូកមួយ «Thailand-Plus-One» ដែលក្រុមហ៊ុនជប៉ុនពង្រីកបណ្តាញខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេនៅប្រទេស ថៃ ទៅកាន់ប្រទេសជិតខាង។
«ក្រុមហ៊ុនលំដាប់ទី ១ និងទី ២ ជាច្រើនមានមូលដ្ឋាននៅក្នុងប្រទេសថៃ ហើយកម្ពុជាអាចក្លាយជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនលំដាប់ទី ៣ ឬទី ៤ ដែលអាចផ្គត់ផ្គង់ផលិតផល និងសេវាកម្មដល់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេស ថៃ ទាំងនោះ»។
«រដ្ឋាភិបាលកម្ពុជាកំពុងផ្តល់ការឧបត្ថម្ភធនហើយតម្លៃកម្លាំងពលកម្មគឺទាបជាងពាក់កណ្តាល (បើប្រៀបធៀបទៅនឹងប្រទេស ថៃ) ដូច្នេះវាពិតជាអាចទទួលបានផលចំណេញច្រើន។ ក្រុមហ៊ុនជប៉ុនជាច្រើន និងក្រុមហ៊ុនបរទេសផ្សេងទៀតកំពុងវិនិយោគនៅប៉ោយប៉ែតដែលមានព្រំដែនជាប់ប្រទេសថៃ»។
លោកបន្ថែមថា៖ «ប៉ោយប៉ែតបានក្លាយជាគោលដៅពេញនិយមសម្រាប់វិនិយោគិនជប៉ុន។ ក្រុមហ៊ុនធំៗនៅក្នុងប្រទេសថៃ ពួកគេអាចប្រើប្រាស់ប្រទេស កម្ពុជា ជាផ្នែកមួយនៃការចូលមកកាន់តំបន់នេះ ហើយនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រថៃបូកមួយដែលកំពុងមានប្រជាប្រិយភាពក្នុងចំណោមក្រុមហ៊ុនជប៉ុន»។
វិនិយោគិនជប៉ុនក៏កំពុងសម្លឹងទៅរកការធ្វើការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីអភិវឌ្ឍផលិតផលដែលមានគុណភាពសម្រាប់ទីផ្សារនាំចេញ។
«មានផលិតផលកម្ពុជាជាច្រើនដែលមិនទាន់បានទៅដល់ទីផ្សារអន្តរជាតិ យើងត្រូវបន្ថែមគុណតម្លៃដល់ផលិតផលទាំងនោះ ដូច្នេះទើបអាចនាំចេញបាន»។
លោក Masahiro ថ្លែងថា៖ «ម្រេចកម្ពុជា គ្រាប់ស្វាយចន្ទី ដំឡូងមី និងកាហ្វេ គឺជាផលិតផលដែលអាចនាំចេញបានក្នុងទ្រង់ទ្រាយធំ និងប្រកបដោយចីរភាព ហើយច្បាស់ណាស់វានឹងជួយដល់កសិករក្នុងស្រុកដែលជាអ្នកផលិត»៕