ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ឯតទគ្គកម្ម​មួយ​ទៀត​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​នៅ​កម្ពុជា ដោយ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកជញ្ជូន​កាន់តែ​ច្រើន​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​ការកើនឡើង​ការនាំ​ចេញ​នាំ​ចូល​ទំនិញ​តាម​យន្តហោះ ជាពិសេស​ការនាំចេញ​របស់​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​។ បរិមាណ​ទំនិញ​តាម​ជើងយន្តហោះ​សរុប​មាន​ជាង​ ៦៥០០០ ​តោន​ក្នុង​ឆ្នាំ​ ២០១៧ ​ដែល​បរិមាណ​នេះ​គឺ​កើនឡើង​ ៣៦ ​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៦​។

ក្រុមហ៊ុន Cambodia Airports ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង និង​ប្រតិបត្តិការ​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ចំនួន​ ៤ កំពុង​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​។

ក្រុមហ៊ុន​ទាំង ៤ ​នោះ​រួមមាន​ក្រុមហ៊ុន Cathay Pacific Cargo, K-Mile Air, Turkish Airlines និង​ក្រុមហ៊ុន Qatar Cargo ដែល​កំពុង​ប្រតិបត្តិ​ជា​ប្រចាំ​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដោយ​ប្រើប្រាស់​ជើងយន្តហោះ​ប្រភេទ​ដឹកទំនិញ ខណៈ​ដែល​ក្រុមហ៊ុន​ដឹកទំនិញ​តាម​យន្តហោះ​ផ្សេង​ទៀត​បម្រើ​សេវា​កម្មជួល​យន្តហោះ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​។

ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​យ៉ាងធំ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ស្ថានីយ​ដឹកទំនិញ​នៅ​តាម​ព្រលាន​យន្តហោះ​ត្រូវ​បាន​ពង្រីក​បន្ថែម​ឡើង​ដោយ​ក្រុមហ៊ុន Cambodia Airports ដូចជា ការពង្រីក​នូវ​កន្លែង​ផ្ទុក​ទំនិញ​ធំៗ​ឲ្យ​កាន់តែ​ធំ​ឡើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការកើនឡើង​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​។

លោកស្រី Chloé Lapeyre អ្នក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Cambodia Airports បាន​មាន​ប្រសាសន៍​ថា៖ «​ស្ថានីយ​ដឹកជញ្ជូន​ទំនិញ​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ ត្រូវ​បាន​ពង្រីក​ឲ្យ​ធំ​បន្ថែម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​»​។

លោកស្រី​បាន​បន្ត​ថា៖ «​បច្ចុប្បន្ន​នេះ​មាន​ក្រុម​ការងារ​ឃ្លាំង​ចំនួន​ ៤ សម្រាប់​ជួយ​សម្រប​សម្រួល​ក្នុង​ការ​លើក​ដាក់​ទំនិញ ដែល​អាច​លើក​ដាក់​ទំនិញ​លើ​យន្តហោះ​ដឹក​ជញ្ជូន​ខ្នាត​ធំ​យ៉ាង​ហោចណាស់​ ២ ឬ​ ៣ ​គ្រឿង​ក្នុង​ ១ ​ថ្ងៃ​រួម​បន្ថែម​ទាំង​ការ​ដឹកជញ្ជូន​តាម​ជើង​ហោះហើរ​ផ្នែក​ដឹក​អ្នក​ដំណើរ​ធម្មតា​»​។

លោកស្រី​បន្ត​ទៀត​ថា​ការអភិវឌ្ឍ​កន្លែង​ដឹកទំនិញ​ចាស់​នៅ​ក្នុង​បរិវេណ​អាកាសយានដ្ឋាន​ភ្នំពេញ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការកើនឡើង​នៃ​តម្រូវការ​នាពេល​អនាគត​។

លោកស្រី Lapeyre បន្ត​ថា៖ «​ក្រុមហ៊ុន Cambodia Airports កំពុង​បន្ត​អភិវឌ្ឍ​ចំណត​រថយន្ត​ដឹក​ទំនិញ ការបញ្ជាទិញ​ទំនិញ ការ​ធ្វើ​ការងារ និង​ឃ្លាំង​ស្តុក​ទំនិញ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ឃ្លាំង​ផ្ទុក​ទំនិញ និង​ចរាចរណ៍​ទំនិញ​»​។

ថ្មីៗ​នេះ​ប្រតិបត្តិករ​ព្រលាន​យន្តហោះ​បាន​ស្នើឲ្យ​ក្រុមហ៊ុន​ជំនាញ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​មក​ជួយ​រៀបចំ​ចង្វាក់​ផលិតកម្ម​ និង​រចនា​ប្លង់​អគារ​ទំនិញ​ថ្មី​មួយ​ដែល​នឹង​ត្រូវ​សាងសង់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

លោកស្រី Lapeyre បាន​បន្ត​ថា៖ «​ការសាងសង់​អគារ​ថ្មី​នេះ​នឹង​ជួយ​សម្រប​សម្រួល​ការ​កើនឡើង​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​យន្តហោះ​ក្នុង និង​ក្រៅ​ប្រទេស​ដែល​រំពឹង​ទុក​ថា​នឹង​កើនឡើង​នៅ​ទសវត្សរ៍​ខាង​មុខ​»៕

ណុប សុវណ្ណ