The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វីដេអូ​ភ្នំពេញ​ប៉ុស្ដិ៍ ឆក់​យក​ចំណែក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស

វីដេអូ​ភ្នំពេញ​ប៉ុស្ដិ៍ ឆក់​យក​ចំណែក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស

Content image - Phnom Penh Post
ក្រុម​ការងារ​ផលិត​វីដេអូ​នៃ​កាសែត​ភ្នំពេញ ប៉ុស្ដិ៍ រៀបចំ​សម្ភារ​ថត​កិច្ចសម្ភាសន៍​ក្នុង​កម្មវិធី Who's who ។ គាំ ច័ន្ទរស្មី

វីដេអូ​ភ្នំពេញ​ប៉ុស្ដិ៍ ឆក់​យក​ចំណែក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស

សម្រាប់​រយៈពេល​ ២៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ ពិភពលោក​គឺ​កាន់តែ​តូច​ទៅៗ និង​កាន់តែ​ជិតស្និទ្ធ​គ្នា​ជាង​ពេល​ណាៗ​ទាំងអស់​។

ជាមួយ​នឹង​ការ​មក​ដល់​នៃ​បច្ចេកវិទ្យា​ថ្មីៗ​កាន់តែ​ទំនើប​ឡើងៗ​របស់​សកលលោក ការ​អភិវឌ្ឍ​របស់​កម្ពុជា​បាន​ធ្វើ​ឡើង​ក្នុង​សម័យ​អន្តរកាល​នៃ​មនោគមន៍វិជ្ជា​ថ្មី​មួយ​ដែល​អង្គការ​សហប្រជាជាតិ (UNTAC) បាន​ផ្សាយ​មក​។

វា​ជា​ពេលវេលា​ដ៏លំបាក​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ជម្នះ​រាល់​ឧបសគ្គ​ជា​មរតក​សង្គ្រាម​ដោយ​ត្រូវ​សម្លឹង​មើល​ទៅ​មុខ និង​ពិនិត្យ​មើល​បច្ចុប្បន្នភាព​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត​ជាមួយ​នឹង​សំណួរ​ថា តើ​មាន​អ្វី​ខ្លះ​កំពុង​កើតឡើង​ក្នុង​ប្រទេស​នេះ​? ​តើ​មាន​ឱកាស​អភិវឌ្ឍន៍​អ្វី​ខ្លះ​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​? និង​ចំណុច​ខ្វះខាត​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​រួម​គ្នា​ពិនិត្យ​មើល​វា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ជាពិសេស​គឺ​ការ​ក្រើន​រំឭក​អំពី​វា​ម្តង​ហើយ​ម្តង​ទៀត​ដោយ​មិន​គួរ​ភ្លេច​ខ្លួន​ទេ​ថា​យើង​ធ្លាប់​បាន​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា​ហើយ​បាន​ស្រុះស្រួល​បញ្ចប់​សង្គ្រាម​ជាមួយ​គ្នា​ដោយ​ងាក​មក​ស្តាប់​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​ថ្មី​មួយ​។

​រំឭក​ដល់​ចំណុច​នេះ យើង​អាច​និយាយ​បាន​ថា​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ធ្វើ​វា​យ៉ាង​ល្អ​ក្នុង​ប្រវត្តិ ២៥ ​ឆ្នាំ​របស់​ខ្លួន​គឺ​ចាប់​តាំងពី​ឆ្នាំ​ ១៩៩២ មក​ម្ល៉េះ​។

កាសែត​នេះ​បាន​វិវត្ត​ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​មធ្យោបាយ​ផ្សេងៗ​គ្នា​ទៅ​តាម​ឥរិយាបថ​នៃ​ការ​ទទួល​យក​ព័ត៌មាន​របស់​កម្ពុជា​ដែល​មាន​ដូចជា ការ​ស្តាប់​វិទ្យុ ការ​អាន​អត្ថបទ បោះពុម្ព​ផ្សាយ ការ​អាន​អនឡាញ​ក៏​ដូចជា​ភាព​ពេញ​និយម​កាន់តែ​ច្រើន​ឡើង​នៃ​ការ​ទស្សនា​វីដេអូ​ព័ត៌មាន​ខ្លីៗ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ក៏​ដូចជា​ការ​ចូល​មក​ដល់​នៃ​បណ្តាញ​សង្គម​។

ជា​ការពិត​ ថ្វី​ដ្បិត​តែ​ភ្នំពេញ​ប៉ុស្តិ៍​ជា​កាសែត​ផ្តោត​លើ​ការ​បោះពុម្ព​ផ្សាយ​ក៏​ពិតមែន ប៉ុន្តែ​វិធី​ធ្វើ​របស់​យើង​គឺ​ស្តាប់​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ល្អ​ជាង​មុន​ដោយ​សម្រប​ខ្លួន​ឲ្យ​បាន​ស៊ប់​ក្នុង​ទម្រង់​ផ្សេង​គ្នា​ហើយ​បើកចំហ​សម្រាប់​គំនិត​ថ្មី និង​នវានុវត្តន៍​។

ហេតុ​នេះ​ទើប​កាលពី​ឆ្នាំ​ ២០១៣ ក្រុម​ការងារ​ផលិត​វីដេអូ​របស់​កាសែត​នេះ​បាន​បង្កើត​ឡើង​ដើម្បី​សម្រប​ខ្លួន​ឲ្យ​ទាន់​ការ​ផ្លាស់​ប្តូរ​នេះ​ដោយ​ផ្តោត​លើ​អ្នក​ទស្សនា​អនឡាញ​។

មូលហេតុ​មិនមែន​ជា​ការ​ចៃដន្យ​ទេ​នៅ​ឆ្នាំ​ ២០១៣ គឺជា​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​ ៥ របស់​កម្ពុជា​ដែល​ភ្នំពេញ​ប៉ុស្តិ៍​តែង​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ក្នុង​ពេល​កន្លង​មក​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ម្ចាស់​ឆ្នោត​របស់​កម្ពុជា​នឹង​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ គ្រប់​មធ្យោបាយ​ដែល​យើង​អាច​ធ្វើ​ទៅ​រួច​ដើម្បី​ជួយ​ចាក់​បំពេញ​សិទ្ធិ​សេរីភាព​មួយ​នេះ​សម្រាប់​ពួកគាត់​។

ក្រុម​ការងារ​ផលិត​វីដេអូ​របស់​យើង​គឺ​យល់​យ៉ាង​ច្បាស់​អំពី​ចក្ខុ​វិស័យ​នេះ​ហើយ​ភាព​ស្អាតស្អំ​ ខណៈ​កំពុង​អនុវត្ត​ការងារ​នេះ​បាន​ធ្វើឲ្យ​យើង​ទទួល​អារម្មណ៍​ដឹង​កាន់​តែ​ច្បាស់​ថា​៖ ប្រជាជន​យើង​គឺ​ពិតជា​ស្រេក​ឃ្លាន​ព័ត៌មាន​ដែល​មិន​មាន​របៀបវារៈ​នៅ​ពី​ក្រោយ ឯករាជ្យ​អព្យាក្រឹត ស៊ីជម្រៅ និង​ស្អាតស្អំ ហើយ​កត្តា​ជំរុញ​ធ្វើឲ្យ​យើង​កាន់តែ​រឹងមាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ​គឺជា​ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​ប្រជាជន​ដែល​បាន​ជ្រើសរើស​យក​យើង​ជា​ប្រភព​ព័ត៌មាន​សម្រាប់​ពួកគាត់ ពួកគាត់​បាន​ធ្វើឲ្យ​យើង​ជឿជាក់​ថា​៖ «​យើង​បាន​ដើរ​លើ​មាគ៌ា​មួយ​ត្រឹមត្រូវ​សម្រាប់​និរន្តរភាព​របស់​ក្រុមហ៊ុន​របស់​យើង ជាមួយ​នឹង​ការ​វិវត្ត​ដ៏លឿន​របស់​ប្រជាជន​កម្ពុជា​ដែល​យើង​បាន​ទទួល​ស្គាល់ ហើយ​ការ​លើក​ឡើង​នាពេល​នេះ​គឺជា​ការ​ដឹង​គុណ​របស់​យើង​ទៅ​កាន់​ពួកគាត់​»​។

Content image - Phnom Penh Post
រូបភាព​អំពី ប៉ុស្ដិ៍​រ៉ាប់ញូវស៍ រចនា​នៅ​ទំព័រ​ដើម​ដែល​ចេញ​ផ្សាយ​នៅ​គេហទំព័រ​ភ្នំពេញ​ប៉ុស្ដិ៍ និង ទំព័រ​ហ្វេសប៊ុក​។ គាំ ច័ន្ទរស្មី

ដ្បិត​ក្រុម​ការងារ​ផលិត​វីដេអូ​របស់​យើង​សុទ្ធតែ​ជា​យុវជន​មាន​វ័យ​មិន​លើស​ពី​ ៣០ ​ឆ្នាំ​ក្តី ប៉ុន្តែ​ឆន្ទៈ​ក្នុង​ការ​បំពេញ​តួនាទី​ឲ្យ​សម​ប្រកប​នឹង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​គឺ​មាន​ភាព​ច្បាស់លាស់ និង​គោរព​លើ​គោលការណ៍​វិជ្ជាជីវៈ​។

ផ្តើម​ពី​ឆ្នាំ​ ២០១៣ រហូត​មក​ដល់​ខែ​មិថុនា​ឆ្នាំ​ ២០១៧ ​នេះ​ក្រុម​ផលិត​វីដេអូ​របស់​យើង​សម្រេច​បាន​ជាង​ ១០០០ វីដេអូ​ហើយ​ដោយ​ផ្តោត​សំខាន់​លើ​ព្រឹត្តិការណ៍​ព័ត៌មាន​ក្នុង​ស្រុក​ដូចជា​ការ​រំលោភ​ដីធ្លី និ​ទ្ទណ្ឌភាព​សង្គម និង​ការវិវត្ត​ទៅ​នៃ​ស្ថានភាព​នយោបាយ​កម្ពុជា​សម្រាប់​អ្នក​ទស្សនា​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ចាប់​តាំងពី​ការ​ចាប់ផ្តើម​បើក​យុទ្ធនាការ​នៃ​ការ​បោះឆ្នោត ព្រឹត្តិការណ៍​ប៉ះទង្គិច​ធំៗ​នាំ​ឲ្យ​មាន​ការ​កើន​កម្តៅ​នយោបាយ​ដល់​ចំណុច​កំពូល រហូត​ដល់​ស្ថានភាព​ត្រឡប់​ទៅ​រក​សភាព​ធូរស្រាល​វិញ​។

នៅ​ក្នុង​នោះ​យើង​បាន​ធ្វើ​បទវិភាគ​នយោបាយ​វីដេអូ កិច្ចសម្ភាសន៍​ឥស្សរជន​នយោបាយ​សំខាន់ៗ​ជាច្រើន​រូប​ក៏​ដូចជា​អ្នក​វិភាគ​នយោបាយ អង្គការ​សង្គម​ស៊ីវិល សេដ្ឋវិទូ​ជាដើម​ដែល​មាន​បង្ហាញ​នៅ​លើ​កម្មវិធី «​គតិឧត្តមជន​» ឫ «State of Play» ជា​ភាសា​អង់គ្លេស​។

រហូត​មក​ដល់​ឆ្នាំ​ ២០១៥ គឺ​នៅ​ពេល​ដែល​សភាព​ការណ៍​ក្នុង​ប្រទេស​ត្រឡប់​ទៅ​ជា​ធម្មតា​វិញ ភ្នំពេញ ​ប៉ុស្តិ៍​វីដេអូ​ បាន​តម្រង់​ទិសដៅ​របស់​ខ្លួន​មក​ផ្តោត​ទៅ​លើ​ការ​កម្សាន្ត​បន្ថែម​ទៀត​។

សព្វថ្ងៃ​ភ្នំពេញ​ប៉ុស្តិ៍​វីដេអូ​មាន​កម្មវិធី​ផ្សាយ​ប្រចាំ​សប្តាហ៍​ចំនួន​ ៥ ​កំពុង​ដំណើរការ​ក្នុង​នោះ​រួមមាន​កម្មវិធី ដំណើរ​កម្សាន្ត​ «​តោ៎ះ​ដើរលេង​» កម្មវិធី​ម្ហូប «​ឆ្ងាញ់​ទៀត​ហើយ​» កម្មវិធី ប៉ុស្តិ៍​រ៉ាប់​ញូវស៍ ដែល​ប្រើប្រាស់​សិល្បៈ​នៃ​ការ​រ៉ាប់​បែប​បស្ចិមប្រទេស​ ដើម្បី​​បញ្ជ្រាប​ព័ត៌មាន​សំខាន់ៗ​ដូចជា ព័ត៌មាន​ជាតិ សេដ្ឋកិច្ច អន្តរជាតិ សង្គមកិច្ច​ជាដើម ដើម្បី​ជា​ការ​រួម​ចំណែក​ផ្តល់​ព័ត៌មាន​ក្នុង​ន័យ​សម្រួច​ឲ្យ​យុវវ័យ​កម្ពុជា​ដែល​បាន​ទស្សនា​កម្មវិធី​នេះ​ទទួល​បាន​ប្រយោជន៍ និង​បង្កើត​កាលានុវត្តន៍​ក្នុង​ការ​ប្រកួត​ប្រជែង​ឲ្យ​បាន​ស្មើភាព​គ្នា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

រីឯ​កម្មវិធី​ជា​កិច្ចសម្ភាសន៍ «Who's Who»​គឺ​ផ្តោត​សំខាន់​ជាពិសេស​ទៅលើ​ប្រវត្តិរូប ចក្ខុវិស័យ បេសកកម្ម និង​គុណ​តម្លៃ​របស់​ឥស្សរជន​នយោបាយ សង្គម​ស៊ីវិល អ្នក​ស្រាវជ្រាវ និង​អ្នក​ជំនួញ​កម្ពុជា​ទាំងឡាយ​ដែល​រួម​ចំណែក​ក្នុង​ការ​កសាង​កម្ពុជា​ដូច​ដែល​យើង​បាន​ស្គាល់​សព្វថ្ងៃ ហើយ​កម្មវិធី​ចុង​ក្រោយ​គឺជា​វីដេអូ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ជា​ការពិត​យើង​បាន​កត់សម្គាល់​ឃើញ​ថា​ភ្នំពេញ​ប៉ុស្តិ៍​វីដេអូ មិន​ទាន់​បាន​ធ្វើ​កិច្ចការ​នេះ​ឲ្យ​ល្អ​ដូច​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ ព័ត៌មាន​របស់​យើង​នៅ​មាន​ភាព​យឺតយ៉ាវ​ជាង​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ទៀត ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​សុក្រឹតភាព​នៃ​ព័ត៌មាន​របស់​យើង​គឺ​ត្រូវ​បាន​ធានា​នៅ​ក្នុង​នោះ​។

ដូឆ្នេះ​ហើយ​រាល់​កម្មវិធី​វីដេអូ​ទាំងអស់​ដែល​យើង​បាន​រៀបរាប់​ខាង​លើ យើង​មិនមែន​គ្រាន់​តែ​បង្កើត​ដាក់​ឲ្យ​ដំណើរការ​ទៅ​ដោយ​មិន​មាន​ការ​វាស់វែង​នោះ​ទេ​។ បើ​យើង​ក្រឡេក​មក​មើល​តួលេខ​នៃ​ការ​ចូល​មើល​តែ​លើ​កម្មវិធី​ព័ត៌មាន​តែ​មួយ​នៅ​ត្រីមាស​ទី​ ១ និង​ទី​ ២ ​បញ្ចូល​គ្នា​នៅ​ឆ្នាំ​ ២០១៧ នេះ​ឃើញ​ថា​មាន​ចំនួន​ ១ ៥៦៤ ៧៧០ ទស្សនា​បើ​ធៀប​នឹង​រយៈពេល​ដដែល​ក្នុង​ឆ្នាំ​ ២០១៦ ​គឺមាន​ត្រឹមតែ​ ២៧៤ ១១៥ ​នៃ​ការ​ទស្សនា​ប៉ុណ្ណោះ​គឺ​កើនឡើង​ដល់​ទៅ​ ៤៧០ ​ភាគរយ​ឯណោះ​។

ដោយឡែក​ កម្មវិធី​ប៉ុស្តិ៍​រ៉ាប់ញ៉ូវស៍​ក៏​បាន​ទាក់ទាញ​ប្រជាប្រិយភាព​មិន​ធម្មតា​ដែរ​នៅ​លើ​អនឡាញ​ក្នុង​រយៈពេល​ត្រឹម​តែ​បី​ខែ​សោះ​ក៏​ទទួល​បាន​ជាង​ ១ ​លាន​ទស្សនា​ទៅ​ហើយ​ខណៈ​ដែល​ការ​ទស្សនា​សរុប​របស់​យើង​មាន​ជាង​ ១៤ ​លាន​ទស្សនា​។

Content image - Phnom Penh Post
វីដេអូ​អំពី​សកម្មភាព​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ក្រុង​ភ្នំពេញ​ត្រៀម​បង្ក្រាប​ហ្វូង​បាតុករ នាពេល​កន្លង​មក​។ គាំ ច័ន្ទរស្មី

ការ​កើនឡើង​នេះ​គឺ​ស្រប​ពេល​ជាមួយ​នឹង​ការ​ធ្លាក់​ទំនុក​ចិត្ត​របស់​ប្រជាជន​ទៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​ទូរទស្សន៍​ដែល​ជា​ទូទៅ​ត្រូវ​បាន​រឹតត្បិត​ព័ត៌មាន​ក្នុង​កម្រិត​មួយ​ធ្វើឲ្យ​ប្រជាជន​ត្រូវ​ស្វែងរក​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​ទទួល​បាន​ចម្លើយ វា​ជា​ហេតុ​ធ្វើឲ្យ​បណ្តាញ​សង្គម​កាន់តែ​កើនឡើង​ប្រជាប្រិយភាព​ផង​ដែរ ក្នុង​នោះ​ទំព័រ​ហ្វេសប៊ុក​របស់​ភ្នំពេញ​ប៉ុស្តិ៍​មាន​អ្នក​ចូលចិត្ត​កើនឡើង​រហូត​ទៅ​ដល់​ជិត​ ៥ ​លាន​គណនី​។

តួលេខ​នេះ​អាច​សរ​បញ្ជាក់​ពី​ចន្លោះ​ប្រហោង​​មួយ​ដែល​ផលិតកម្ម​ទូរទស្សន៍​បែប​ប្រពៃណី​មាន​ដែល​ធ្វើឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​វីដេអូ​មាន​ជំនឿ​ចិត្ត​ថា យើង​អាច​ជា​កម្លាំង​ជំរុញ​មួយ​មាន​និរន្តរភាព​សម្រាប់​ការ​ផ្លាស់ប្តូរ​ក្នុង​វិស័យ​នេះ​ក្នុង​ភាព​ឈ្លាសវៃ​ជាមួយ​នឹង​របៀប​បំពេញ​តម្រូវការ​អតិថិជន​របស់​យើង​បាន​ល្អ​ជាង​មុន បន្ទាប់ពី​យើង​បាន​ឆ្លុះបញ្ចាំង​ឃើញ​ថា​ប្រជាពលរដ្ឋ​របស់​យើង​ក៏​ដូចជា​អ្នក​ជំនួញ​ក្នុង​ប្រទេស​នេះ​គឺ​ពិតជា​ត្រូវការ​ស្មារតី​ស្មោះត្រង់​ពី​អ្នក​ប្រកប​អាជីព​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​នេះ​ជាមួយ​ពួកគាត់ ពួកគាត់​ត្រូវការ​ទទួល​ព័ត៌មាន​ដែល​ជួយ​ឲ្យ​ពួកគាត់​រៀបចំ​ផែនការ​ជីវិត ឬ ជា​ផែនការ​អាជីវកម្ម​ឲ្យ​បាន​ល្អ​ដើម្បី​ធានា​ឲ្យ​អនាគត​របស់​ពួកគាត់​មាន​សុវត្ថិភាព​ជាង​មុន​ជាមួយ​នឹង​ការ​ប្រកួតប្រជែង​ថ្មី​មាន​លក្ខណៈ​ជា​សកល​នៅក្នុង​របប​ទីផ្សារ​សេរី និង​ជា​ប្រភេទ​សង្គម​ផ្តល់​តម្លៃ​លើ​លទ្ធិប្រជាធិបតេយ្យ ហើយ​វា​គឺជា​ប្រធានានុយោគ​នៃ​បេសកកម្ម​របស់​យើង​ក្នុង​នាម​ជា​ក្រុម​ការងារ​ផលិត​វីដេអូ​ភ្នំពេញ​ប៉ុស្តិ៍ ហើយ​យើង​មិន​ត្រូវ​ការ​អ្វី​ច្រើន​ស្មុគស្មាញ​នោះ​ទេ តែ​ជា​ការ​បន្ត​ជួយ​គាំទ្រ​របស់​អ្នក​ទាំងអស់​គ្នា​គឺ​រាប់​ទាំង​អ្នក​មាន​ជំនួញ​ទាំងឡាយ​នៅ​កម្ពុជា ជាពិសេស​គឺ​ប្រជាពលរដ្ឋ​កម្ពុជា​តែ​ម្តង​ដើម្បី​ពង្រីក​វិសាលភាព​របស់​យើង​តទៅ​មុខ​៕

អត្ថបទគួរចាប់អារម្មណ៍