ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា-ចិន កំពុងឈានដល់គំរូថ្មីមួយទៀតជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) លើកដំបូងក្នុងឆ្នាំនេះជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចជិតខាង។
ភាពស្របគ្នាខាងសេដ្ឋកិច្ចដែលមានភាពរួសរាយរាក់ទាក់ និងឧត្តមគតិរួមបានរួមចំណែកដល់បរិយាកាសពាណិជ្ជកម្មកាន់តែដំណើរការល្អជាមួយនឹងការវិនិយោគធំៗរបស់ប្រទេសចិនដែលជំរុញដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ៩,៤៣ ពាន់លានដុល្លារ កាលពីឆ្នាំមុន ធៀបទៅនឹងឆ្នាំ ២០១៨ មានទំហំទឹកប្រាក់ ៧,៤ ពាន់លានដុល្លារ ដែលកើនឡើង ២៧,៧ ភាគរយ។
ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានឱ្យភ្នំពេញប៉ុស្ត៍ដឹងថា៖ «កម្ពុជាគួរតែទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន នៅក្នុងផ្នែកដែលអាចបំពេញបន្ថែមដល់ប្រទេសចិន។ នៅទីបំផុតផលិតផលកសិកម្មកម្ពុជាអាចត្រូវបាននាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន ដោយមិនចាំបាច់ឆ្លងកាត់តាមរយៈប្រទេសទី ៣ ទៀតទេ»។
ក្រុមហ៊ុនចិនទាំងរដ្ឋ និងសហគ្រាសឯកជនបានចូលរួមចំណែកយ៉ាងច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល អចលនទ្រព្យ និងកសិកម្មរបស់ប្រទេសកម្ពុជា។
តាមរយៈ FTA នេះវានឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយ ខណៈការយកពន្ធគយនឹងត្រូវបានកាត់បន្ថយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុននាំចេញកម្ពុជាទទួលបានទីផ្សារកាន់តែច្រើនសម្រាប់ផលិតផលរបស់ខ្លួន ដែលវាមានសារៈសំខាន់ណាស់ក្នុងអំឡុងពេលមានបញ្ហាជំងឺកូវីដ ១៩ ដែលបានរាំងខ្ទប់ដល់លំហូរពាណិជ្ជកម្ម។
នៅពេលដែល FTA ចាប់ផ្តើមទំនិញកម្ពុជាប្រហែល ៣៤០ មុខពីកម្ពុជានឹងត្រូវបានរួចផុតពីការយកពន្ធដូចជាម្រេច ខ្ទឹមស ម្ទេសក្រៀមគ្រាប់ស្វាយចន្ទី ទឹកឃ្មុំ និងគ្រឿងសមុទ្រជាដើម។ តាមរយៈកិច្ចព្រមព្រៀងនេះនឹងជំរុញដល់កំណើនសេដ្ឋកិច្ចនៅជនបទ ដែលប្រជាជន ៨០ ភាគរយ ពឹងផ្អែកលើវិស័យកសិកម្ម។
កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើទំនិញ និងសេវាកម្ម កិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មអេឡិចត្រូនិក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសព្រមទាំងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយផងដែរ។ ភាគីទាំង ២ បានបញ្ចប់ការចរចា FTA របស់ពួកគេនៅថ្ងៃទី ២០ ខែកក្កដា។
ឯកឧត្តមបន្ថែមថា៖ «ប្រទេសកម្ពុជានៅតែមានភាពទាក់ទាញដល់វិនិយោគិន និងសហគ្រិនចិន។ ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ កាន់តែមានភាពប្រសើរឡើង និងត្រូវបានលើកកម្ពស់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នឹងទាក់ទាញសកម្មភាពអាជីវកម្មចិនកាន់តែច្រើន»។
ឯកឧត្តម ម៉េងតិច បានគូសបញ្ជាក់ថា៖ «ពាណិជ្ជកម្មទ្វេភាគីបាននិង កំពុងដំណើរការទៅយ៉ាងរលូន ហើយនៅឆ្នាំនេះប្រទេសទាំង ២ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
ក្នុងឆ្នាំ ២០១៩ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ៩,៤ ពាន់លានដុល្លារ។ ទាំងវិស័យឯកជន និងរដ្ឋបានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងស្រុកទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា ការលើកកម្ពស់ជំនាញរបស់កម្លាំងពលកម្មកម្ពុជា និងការបង្កើតការងារ»៕