
ទិដ្ឋភាពនៅក្នុងបន្ទប់រៀនមួយរបស់អង្គការមួយ ដែលប្រមូលប្តុំដោយកុមារៗក្រោមអាយុ ៥ឆ្នាំ មកពីសហគមន៍មួយនៅជាយរាជធានីភ្នំពេញ។ រូបថត សហការី
អង្គការមួយចំនួននៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមគាំទ្រកម្មវិធីសិក្សាថ្នាក់ត្រៀមមត្តេយ្យ និងថ្នាក់មត្តេយ្យ នៅតាមសហគមន៍ ដែលអនុញ្ញាតឲ្យកុមាររាប់ពាន់នាក់បានចូលរៀននៅក្នុងវ័យក្មេងនៃចាប់ផ្តើមការសិក្សារបស់ពួកគេ ជាពិសិស គឺកុមារនៅតាមទីជនបទដាច់ស្រយាល។
លោក Jan Jaap Kleinrensink នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការ Plan International បានឲ្យដឹងថា អង្គការរបស់លោកគាំទ្រកម្មវិធីអប់រំថ្នាក់ត្រៀមមត្តេយ្យ និងមត្តេយ្យ (កុមារតូចៗ) នៅតាមមូលដ្ឋានសហគមន៍នានា ដែលសរុបមានកុមារជាង ១៣ ០០០ នាក់ នៅក្រោមអាយុ ៦ ឆ្នាំ ក្នុងនោះមាននៅខេត្តសៀមរាប ត្បូងឃ្មុំ រតនៈគិរី និងខេត្តស្ទឹងត្រែង។ ហើយក៏មានគ្រូស្ម័គ្រចិត្តចំនួនជាង ៤០០ នាក់ ដែលត្រូវបានបង្ហាត់បង្រៀនសម្រាប់កម្មវិធីសិក្សាកុមារតូចៗទាំងនោះ។
លោកបន្តថា៖ «អង្គការ Plan មិនត្រឹមតែផ្តល់ជូនការសិក្សាសម្រាប់កម្រិតកុមារតូចប៉ុណ្ណោះទេ ប៉ុន្តែបានឧបត្ថម្ភដល់ឪពុកម្តាយរបស់ពួកគេទៀតផង ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់អាចជួយបញ្ជូនកុមារតូចៗទាំងនោះទៅសាលាឲ្យបានរៀងរាល់ថ្ងៃ»។
លោកប្តថា ៖ «យើងបានចាប់អារម្មណ៍នៅខេត្តភាគឥសាន្តប្រទេសកម្ពុជា ដែលទីនោះមានគំលាតច្រើន និងកុមារតូចៗអាចនឹងងាយទទួលរងគ្រោះ និងពុំបានទទួលសេវាអប់រំដូច្នេះទេ»។
លោកស្រី Jill Reimer អ្នកជំនាញខាងការអប់រំ និងបំណិនជីវិតរបស់អង្គការទស្សនៈពិភពលោក (World Vision Cambodia) បានថ្លែងថា អង្គការនេះបានគាំទ្រដល់គម្រោងអប់រំកុមារតូចចំនួន៨៩សហគមន៍ នៅក្នុងខេត្ត ៦ ដូចជា បន្ទាយមានជ័យ, កំពង់ឆ្នាំង, ព្រះវិហារ, សៀមរាប, កំពង់ធំ និងខេត្តតាកែវ។ យ៉ាងហោចណាស់មានកុមារតូចៗ ប្រមាណ ២ ១០០ នាក់ ដែលទទួលបានការអប់រំនៅកម្រិតត្រៀមមត្តេយ្យ និងមត្តេយសិក្សា។
អង្គការទស្សនៈពិភពលោក បានផ្តល់ប្រាក់ចំនួន ៦២៦ ៥៦៦ ដុល្លារអាមេរិក ដើម្បីគាំទ្រការដំណើរការកម្មវិធីនេះ។
លោកស្រី Reimer បន្តថា ៖ «ថវិកានេះគឺរួមទាំងការឧប្បត្ថមដល់ការលើកស្តួយស្ថាបនាហេដ្ឋារចនាសម្ព័នផងដែរ ប៉ុន្តែពុំមែនជាការសាងសង់ទាំងស្រុងនោះ ទេ»។
កាលពីឆ្នាំ ២០១៧ រដ្ឋាភិបាលកម្ពុជា បានវិភាជន៍ថវិកាជាតិចំនួន ៦៧៧ លាន ឬស្មើនឹង ៣ ភាគរយ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា។ ហើយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនក៏បានចូលរួមផ្តល់ជំនួយនៅក្នុងវិស័យអប់រំនោះផងដែរ៕