នៅពេល​ដែល​យុវជន Andrew Tay បាន​ធ្វើ​ដំណើរ​ធុរកិច្ច​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ ២ ​ទសវត្សរ៍​មុន លោក​ក៏​បាន​សម្រេចចិត្ត​បើក​សណ្ឋាគារ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ពីព្រោះ​ពេល​នោះ​មាន​កន្លែង​ស្នាក់នៅ​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ភ្ញៀវទេសចរ ហើយ​ក្នុង​នាម​ជា​អ្នកគាំទ្រ​សិល្បៈ​វប្បធម៌​ជប៉ុន​ដ៏ខ្លាំង​ផង​នោះ លោក​ក៏​បាន​សម្រេចចិត្ត​ដាក់​ឈ្មោះ​សណ្ឋាគារ​ថា ហ៊ីម៉ាវ៉ារី (Himawari) ដែល​មាន​ន័យ​ជា​ភាសា​ជប៉ុន​ថា​ផ្កាឈូករ័ត្ន​។

លោក Tay នាយក​ប្រតិបត្តិ​សណ្ឋាគារ Himawari Hotel and Apartment បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​ខ្ញុំ​ធ្លាប់​សិក្សា​វប្បធម៌​ជប៉ុន​។ ផ្កាឈូករ័ត្ន​តែងតែ​បែរ​មុខ​ទៅ​រក​ព្រះអាទិត្យ ហើយ​ប្រជាជន​ជប៉ុន​តែងតែ​រីករាយ​ពេល​បាន​ឃើញ​ផ្កាឈូករ័ត្ន ដូច្នេះ​យើង​ចង់​ឲ្យ​សណ្ឋាគារ​នេះ​ក្លាយ​ជា​កន្លែង​ដែល​មាន​ភាព​រីករាយ​ និង​ស្រស់ស្រាយ​នៅពេល​ភ្ញៀវ​ចូល​មក​ស្នាក់នៅ​»​។

ដោយ​មាន​ទីតាំង​ដ៏ល្អ​នៅតាម​បណ្តោយ​ដង​ទន្លេសាប បច្ចុប្បន្ន​សណ្ឋាគារ​ដែល​មាន​ ១១៥ ​បន្ទប់​នេះ​បាន​ផ្លាស់ប្តូរ​ទៅ​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ​ដ៏​ប្រណីត និង​ងាយស្រួល​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ប្រកួតប្រជែង ជាពិសេស​ដោយសារ​ទីតាំង​ និង​គំរូ​អាជីវកម្ម​ដែល​មាន​លក្ខណពិសេស​របស់​ខ្លួន​។

លោក​បន្ថែម​ថា​៖ «​កាលពី​ ២០ ​ឆ្នាំ​មុន​កន្លែង​ស្នាក់នៅ​ដែល​មាន​គុណភាព​ខ្ពស់​គឺ​នៅ​ខ្វះខាត ដូច្នេះ​យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ជំនួញ​លើ​វិស័យ​សណ្ឋាគារ​។ ចាប់តាំង​ពី​ពេល​នោះ​មក យើង​ផ្តោត​លើ​ភ្ញៀវ​បរទេស​។ សណ្ឋាគារ​យើង​ស្ថិតនៅ​ទីតាំង​ដ៏ល្អ​គឺ​នៅ​ជិត​ផ្លូវ​ព្រះស៊ីសុវត្ថិ ជិត​សារមន្ទីរ និង​តំបន់​ទេសចរណ៍​ជាច្រើន​ទៀត​ដែល​មាន​ភាពងាយស្រួល​ដល់​ការធ្វើ​ដំណើរ​ចេញចូល​ក្នុង​ទីក្រុង​»​។

សណ្ឋាគារ​ទទួល​បាន​ការស្នាក់នៅ​ចន្លោះ​ពី ៧០ ​ទៅ​ ៨០ ​ភាគរយ​សម្រាប់​រយៈពេល​ពេញ​មួយ​ឆ្នាំ វា​មាន​ភាពទាក់ទាញ​ភ្ញៀវ​ស្នាក់នៅ​រយៈពេល​យូរ ដែល​ភាគច្រើន​អ្នក​ធ្វើ​ដំណើរ​លក្ខណៈ​ជំនួញ​នៅ​កម្ពុជា ហើយ​យ៉ាង​ហោចណាស់​ ៩០ ​ភាគរយ​នៃ​ភ្ញៀវ​របស់​ខ្លួន​គឺជា​ជនបរទេស​។

«​ផ្នែក​សំខាន់​គឺ​បន្ទប់​មាន​លក្ខណៈ​ជា​អាផាតមិន​។ បន្ទប់​របស់​យើង​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការស្នាក់នៅ​រយៈពេល​យូរ និង​សម្រាប់​ការស្នាក់នៅ​ជា​លក្ខណៈ​គ្រួសារ ហើយ​បន្ទប់​ក៏​បំពាក់​ជាមួយ​សម្ភារ​ផ្ទះបាយ​ផង​ដែរ​គឺ​សម្រាប់​ភ្ញៀវ​ដែល​ស្នាក់នៅ​ច្រើន​ខែ​ ឬ​ច្រើន​ឆ្នាំ​។ អតិថិជន​របស់​យើង​មាន​ចាប់ពី ក្រុមហ៊ុន​សាជីវកម្ម​អន្តរជាតិ មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម ពីព្រោះ​ទីតាំង​របស់​យើង​នៅ​ជិត​ការិយាល័យ​ និង​ស្ថាប័ន​របស់​រដ្ឋាភិបាល​»​។

លោក Andrew បាន​បន្ត​ទៀត​ថា​៖ «​យើង​ក៏​ឃើញ​មាន​ភ្ញៀវ​មក​លក្ខណៈ​ជា​ក្រុម​ផង​ដែរ ដូចជា​ជនជាតិ​ចិន​ជាដើម​ដែល​ភាគច្រើន​ជា​អ្នកជំនួញ​។ ជា​មធ្យម​ភ្ញៀវទេសចរ​មាន​ប្រហែល​ ១០ ​ទៅ​ ២០ ភាគរយ ហើយ​នៅ​រដូវ​មាន​ភ្ញៀវ​ច្រើន គឺ​អាច​ឈាន​ដល់​ ៣០ ​ភាគរយ ក្រៅពី​នោះ​គឺមាន​ដូចជា មន្ត្រី​រដ្ឋាភិបាល ក្រុមហ៊ុន និង​បុគ្គលិក អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ភាគច្រើន​ជា​ជនបរទេស​»​។

លោក Shepard Ku ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី​បាន​ថ្លែង​ថា សណ្ឋាគារ​មាន​យុទ្ធសាស្ត្រ​លក់​ពិសេស​ផ្ទាល់ខ្លួន (USPs) ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​បន្ថែម​ដើម្បី​ប្រកួតប្រជែង​ជាមួយ​សណ្ឋាគារ​ដែល​មាន​ស្រាប់ និង​សណ្ឋាគារ​ថ្មី​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោក​បាន​បន្ថែម​ថា​៖ «​យុទ្ធសាស្ត្រ​ពិសេស​របស់​យើង​គឺ​មាន​ទីតាំង​ដ៏ល្អ​នៅក្នុង​ទីក្រុង ភ្ញៀវ​អាច​គយគន់​ទេសភាព​តាម​ដង​ទន្លេ មាន​ចំណត​រថយន្ត​ធំ​ទូលាយ យើង​ផលិត​ស្រាបៀរ​ដោយ​ខ្លួនឯង ហើយ​សណ្ឋាគារ​របស់​យើង​គឺមាន​សុវត្ថិភាព​ខ្ពស់​»​។

ដើម្បី​បង្កើន​ភាពទាក់ទាញ​និង ផ្តល់​ផាសុកភាព​ដល់​ភ្ញៀវ​ស្នាក់នៅ​ទើប​កាលពី​ប៉ុន្មាន​ខែ​មុន គណៈ​គ្រប់គ្រង​បាន​សម្រេច​ធ្វើការ​ជួសជុល​ និង​កែលម្អរ​បន្ទប់​ស្នាក់នៅ​ឲ្យ​កាន់តែ​មាន​ភាពស្រស់ស្អាត ធំ​ទូលាយ និង​ទាក់ទាញ ទ្វេ​ឡើង ដែល​រំពឹង​ថា​នឹង​ជួយ​លើក​កម្ពស់​កេរ្តិ៍ឈ្មោះ​សណ្ឋាគារ​ដ៏ប្រណីត​នេះ​បាន​មួយ​កម្រិត​ថែម​ទៀត​។

លោក Ku ថ្លែង​ថា​៖ «​យើង​បាន​ធ្វើឲ្យ​ប្រសើ​ឡើង និង​កែលម្អរ​បន្ទប់​ជាង​​ ៥០ ​ភាគរយ​។ ជាមួយ​នឹង​ការកែលម្អរ​នេះ ខ្ញុំ​សម្លឹង​ឃើញ​កំណើន​មាន​ភាពវិជ្ជមាន ដែល​នឹង​ជួយ​ដល់​ការលក់​របស់​យើង​នៅក្នុង​ឆ្នាំ​ ២០១៩ នេះ​»៕