លោក លីម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា (CCC) បាន​ឲ្យ​ដឹងថា វិធានការ​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ភ្លាមៗ​។

ប្រសិន​បើ​យើង​ដាក់​បទប្បញ្ញត្តិ​មួយ​ដែល​តម្រូវ​ឲ្យ​ប្រជាជន​ត្រូវ​ចាយប្រាក់​រៀល​ខ្មែរ​សម្រាប់​ការទិញ​ទំនិញ​ក្នុង​តម្លៃ​ក្រោម ៤០០ ០០០ ​រៀល (១០០​ ដុល្លារ​) ការ​ចរាចរ​រូបិយវត្ថុ​ក្នុងស្រុក​នៅក្នុង​សេដ្ឋកិច្ច​នឹង​កើនឡើង​យ៉ាងខ្លាំង​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​ប្រជាជន​កម្ពុជា​នឹង​សប្បាយ​រីករាយ​ក្នុង​ការអនុវត្ត​សារាចរ​នេះ ដោយសារ​តែ​គ្រប់​គ្នា​និយាយ​ថា ពួកគេ​សេ្នហា​មាតុភូមិ និង​ស្រឡាញ់​ប្រទេស​កម្ពុជា​។ ដូច្នេះ​ដើម្បី​បណ្ដុះ​គំនិត​មោទនភាព​ជាតិ​ពួកគេ​នឹង​គាំទ្រ​ផែនការ​​រូបិយវត្ថុ​ជាតិ​»​។

លោក​បន្ត​ថា​តម្លៃ​ប្រាក់រៀល​មាន​ស្ថិរភាព​អស់​រយៈពេល​ជាង​ ១ ​ទសវត្សរ៍​ហើយ​វា​ដល់​ពេល​សម្រាប់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ជា​ចាំបាច់​ដែល​ចាប់ផ្ដើម​ជាមួយ​នឹង​ការទូទាត់​តូចៗ​ដូចជា​ការទិញ​ទំនិញ និង​សេវា​ដែល​មាន​តម្លៃ​ក្រោម ៤០០ ០០០ ​រៀល​ជាដើម​។

អត្រា​ប្ដូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​។ ហុង មិនា

លោក ហេង ឲ្យ​ដឹង​ថា​ប្រសិន​បើ​ប្រជាជន ១០ ​លាន​នាក់​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ១៦ ​លាន​នាក់​ចំណាយ​ប្រហែល ៤០០ ០០០ ​រៀល​ក្នុង​ ១ ​ខែ​លើ​ការទិញ​ទំនិញ​នឹង​មាន​រូបិយវត្ថុ​ជាតិ ៤​ ទ្រី​លាន​រៀល (១ ​ប៊ី​លាន​ដុល្លារ​) ចរាចរ​ប្រចាំខែ​នៅក្នុង​សេដ្ឋកិច្ច​។

លោក​បន្ថែម​ថា​កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ប្រហែល ៦ ​លាន​នាក់​ក្នុង​ ១ ​ឆ្នាំ​ហើយ​ពួកគេ​នឹង​ត្រូវ​ការប្តូរ​រូបិយប័ណ្ណ​របស់​ពួកគេ​ជា​ប្រាក់រៀល​ដែល​នឹង​ចាក់​បញ្ចូល​រូបិយវត្ថុ​ជាតិ​កាន់តែ​ច្រើន​ទៅក្នុង​សេដ្ឋកិច្ច​។

លោក ហេង បញ្ជាក់​ថា​មិន​មាន​តួលេខ​ពិតប្រាកដ​នៃ​ចំណែក​​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច​នោះ​ទេ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹងថា​ចំណែក​ទីផ្សារ​របស់​ប្រាក់រៀល​នៅតែ​តូច​។ ប្រាក់​ដុល្លារ​អាមេរិក​ត្រូវ​បាន​ប្រើប្រាស់​ភាគច្រើន​សម្រាប់​ការទូទាត់​ទ្រង់ទ្រាយ​ធំ និង​ភាគច្រើន​គឺ​វិស័យ​នាំចូល និង​នាំចេញ​។

លោក​បន្តថា​មាន​កំណើន​និន្នាការ​នៃ​ការប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច​ដោយសារតែ​ការកែទម្រង់​ពន្ធ​របស់​រដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​អ្នក​ជាប់ពន្ធ​ត្រូវធ្វើ​ការទូទាត់​ជា​រូបិយវត្ថុ​ក្នុងស្រុក​។

ក្រៅពី​នេះ​សារាចរ​ដែល​តម្រូវ​ឲ្យ​ប្រជាជន​ត្រូវ​បង់​វិកយបត្រ​ដូចជា​ថ្លៃ​អគ្គិសនី និង​ទឹកជា​ប្រាក់រៀល​គឺជា​ការរួមចំណែក​ដ៏សំខាន់​ផ្សេងទៀត​ក្នុងការ​បង្កើន​តម្រូវការ​ប្រាក់រៀល​ផងដែរ​។

លោក ហេង បាន​លើកឡើង​ថា​សារាចរ​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែល​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​បង្កើន​សមាមាត្រ​កម្ចី​ជា​ប្រាក់រៀល​រហូត​ដល់ ១០ ​ភាគរយ​នៃ​សំពៀត​ឥណទាន​សរុប​របស់​ពួកគេ​ត្រឹម​ចុង​ឆ្នាំ​ ២០១៩ នេះ គឺ​កំពុង​បង្កើន​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​។

ការ​ចរាចរ​ប្រាក់រៀល​នៅ​តាម​ទីផ្សារ​។ ហុង មិនា

លោក​ថ្លែង​ថា​៖ «​វា​នឹង​មាន​ការពិបាក​ពីដំបូង​នៅ​ពេល​ប្រជាជន​ត្រូវបាន​តម្រូវ​ឲ្យ​ប្រើប្រាស់​ប្រាក់រៀល ប៉ុន្តែ​ប្រជាជន​កម្ពុជា​គួរតែ​ដឹងថា វា​ជា​កាតព្វកិច្ច​របស់​ពួកគេ​ក្នុងការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​»​។ លោក​បន្ថែម​ថា​ក្រុមហ៊ុន​របស់​លោក​បើក​ប្រាក់ខែ​បុគ្គលិក​ជា​ប្រាក់រៀល​ទោះបី​ជា​ប្រាក់ចំណូល​របស់​លោក​ជា​ប្រាក់​ដុល្លារ​ក៏ដោយ​។ លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​មើលឃើញ​និន្នាការ​កើនឡើង​ខ្លាំង​នៃ​សកម្មភាព​សេ្នហា​ជាតិ​លើ Facebook ក្នុង​ចំណោម​យុវជន​។ ពួកគេ​កំពុង​គាំទ្រ​ដល់​ប្រទេស​នេះ​យ៉ាង​សកម្ម​។ ខ្ញុំ​ជឿជាក់​ថា ប្រសិនបើ​ពួកគេ​ត្រូវបាន​តម្រូវ​ឲ្យ​ប្រើប្រាស់​ប្រាក់រៀល​ដើម្បី​ចំណាយ​សម្រាប់​ការទិញ​ទំនិញ និង​សេវាកម្ម​ពួកគេ​នឹង​គាំទ្រ​វិធានការ​នេះហើយ​នឹង​រីករាយ​ក្នុង​ការធ្វើ​ដូច្នេះ​ផងដែរ​»​។

ដោយសារ​តែ​ប្រទេស​កម្ពុជា​គឺជា​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ​យ៉ាងខ្លាំង NBC បាន​កំណត់​ជម្រើស​គោលនយោបាយ​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​អត្រា​ប្តូរប្រាក់​។ រហូតមកដល់​ពេលនេះ​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​ការទិញ​ប្រាក់​ដុល្លារ និង​ធ្វើការ​ផ្លាស់ប្តូរ​ចំពោះ​ទុនបម្រុង​កាតព្វកិច្ច​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​អត្រា​ប្តូរប្រាក់​គឺជា​ដំណោះស្រាយ​ដ៏សំខាន់​ដែល​បាន​ប្រើ​ដោយ NBC ។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់ NBC បង្ហាញ​ថា​នៅ​ចន្លោះ​ខែមករា និង​ខែធ្នូ​ឆ្នាំ​ ២០១៨ ធនាគារ​កណ្ដាល​បាន​ចាក់​បញ្ចូល​ប្រាក់រៀល​មាន​តម្លៃ ៨៧៥ ​លាន​ដុល្លារ​ទៅក្នុង​សេដ្ឋកិច្ច​តាមរយៈ​ការទិញ​ប្រាក់​ដុល្លារ​ពី​ទីផ្សារ​ដើម្បី​ធ្វើ​ឲ្យ​អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព​។

លោក​បន្ថែម​ថា​កម្ពុជា​អាច​រក្សា​អត្រា​ប្តូរប្រាក់​ប្រកប​ដោយ​ស្ថិរភាព​ធៀប​នឹង​ប្រាក់​ដុល្លារ​ក្នុង​តម្លៃ​ជា​មធ្យម ៤០៥០ រៀល​ក្នុង ១ ​ដុល្លារ​៕