បទសម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្ដិ៍ លោក Yum Sui Sang ប្រធាន​សមាគម China, Hong Kong and Macau Expatriate and Business Association of Cambodia បង្ហាញ​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏ជិតស្និទ្ធ​រវាង​សមាគម​នេះ​នឹង​កម្ពុជា​។

តើ​អ្វី​ជា​វិស័យ​អាទិភាព​សំខាន់​ដែល​សមាគម​របស់​លោក​មាន​ចំណាប់អារម្មណ៍​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ដើម្បី​លើក​កម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ហុងកុង​?

ហុងកុង​ និង​កម្ពុជា​តែងតែ​ជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ​ទាក់ទង​នឹង​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​សង្គម​។ សមាគម CHKMEBA គឺជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​ទាំង​ ៤៣ នៃ​សហព័ន្ធ​សមាគម​ពាណិជ្ជកម្ម​ហុងកុង​ពិភពលោក ទទួល​បាន​អត្ថប្រយោជន៍​ពី​ការដឹកនាំ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​ដើរតួនាទី​ជា​អ្នកភា្ជប់​ដ៏សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការតភ្ជាប់​ជា​បន្ត​នូវ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ហុងកុង​។

តើ​លោក​វាយតម្លៃ​កម្រិត​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ហុងកុង​ដូចម្ដេច ទាំង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ក៏​ដូចជា​ចក្ខុវិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​?

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង ការិយាល័យ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ហុងកុង ក្រុមប្រឹក្សា​ផលិតភាព​ហុងកុង ទាំងអស់​នេះ​បាន​និង​កំពុង​រៀបចំ​បេសកកម្ម​ពាណិជ្ជកម្ម​មក​ទស្សនា​កម្ពុជា ដើម្បី​បង្ហាញ​ស្ថានភាព​ពាណិជ្ជកម្ម និង​វិនិយោគ​ដល់​ទីក្រុង​ហុងកុង​យ៉ាង​ទៀងទាត់​។ ចំណែកឯ​ហុងកុង​ក៏​បាន​អញ្ជើញ​មន្ដ្រី​រដ្ឋាភិបាល​ចូលរួម​ព្រឹត្តិការណ៍​នានា ដូចជា​ «​កិច្ចប្រជុំ​កំពូល​ខ្សែក្រវាត់ និង​ផ្លូវ​» វេទិកា​ហុងកុង វេទិកា​ហិរញ្ញវត្ថុ​អាស៊ី ដើម្បី​តភ្ជាប់​ក្រុមហ៊ុន និង​ទំនាក់ទំនង​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

និយាយ​ជារួម​ប្រជាជន​កម្ពុជា​មើល​ទៅ​គឺ​មាន​ភាពរួសរាយ​រាក់ទាក់ និង​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ភាព​រីកចម្រើន​ជាមួយ​នឹង​សក្ដានុពល​ដ៏ច្រើន ខណៈ​ដែល​ភាគច្រើន​នៃ​កម្លាំង​ពលកម្ម​ស្ថិត​ក្នុង​វ័យ​ ២០ ​ឆ្នាំ​ជាង​។

ពាណិជ្ជកម្ម​ទ្វេភាគី​កំពុង​ស្ថិត​លើ​គន្លង​រីកចម្រើន​។ តើ​អ្វី​ជា​កតា្ត​ជំរុញ​វិស័យ​ពាណិជ្ជកម្ម ហើយ​តើ​ការចូលរួម​របស់​វិស័យ​ឯកជន​កំពុង​រួមចំណែក​ដល់​ភាពជោគជ័យ​នៃ​កំណើន​នេះ​ដូចម្តេច ?

ការបើកចំហ​បរិយាកាស​វិនិយោគ និង​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ​អាមេរិក គឺជា​កត្តា​ជំរុញ​ដ៏សំខាន់​សម្រាប់​វិស័យ​ឯកជន ដែល​មិន​និយាយ​អំពី​ការបន្ធូរបន្ថយ​ក្នុង​ការគ្រប់គ្រង​អត្រា​ប្តូរប្រាក់​បរទេស ក៏​បាន​និង​កំពុង​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ទិសដៅ​មួយ​ក្នុង​ចំណោម​ទិសដៅ​វិនិយោគ​ដែល​ទាក់ទាញ​ខ្លាំង​បំផុត​មួយ​។

តើ​សហគមន៍​ធុរកិច្ច​ហុងកុង​បាន​រួម​ចំណែក​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំនេះ​ដូចម្ដេច​?

ក្រុម​វិនិយោគិន​ហុងកុង​មាន​ប្រវត្តិ​វិនិយោគ​ជា​យូរយារ​ណាស់​មកហើយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​បាន​និង​កំពុង​នាំយក​អ្នកជំនាញ​របស់​យើង​មក​ប្រទេស​កម្ពុជា​។ ក្រុម​វិនិយោគិន ពាណិជ្ជករ​ហុងកុង​បាន​ចូលរួម​ក្នុង​វិស័យ​ជាច្រើន ដូចជា​ផលិតកម្ម ហិរញ្ញវត្ថុ ឡូជីស្ទិក ការអប់រំ សំណង់ ការ​រចនា​ប្លង់ ការអភិវឌ្ឍ​អចលនទ្រព្យ អាហារ និង​ភេសជ្ជៈ ច្បាប់ ឱសថ ព័ត៌មានវិទ្យា ការលក់រាយ ការពិគ្រោះ​យោបល់ ការគ្រប់គ្រង គណនេយ្យ និង​សវនកម្ម​ជាដើម​។

តើ​ពាណិជ្ជករ​កម្ពុជា​អាច​ទទួល​បាន​ពី​ក្រុមហ៊ុន​ហុងកុង​ដូចជា​ការផ្ទេរ​បច្ចេកវិទ្យា​យ៉ាង​ដូចម្ដេច​?

ហុងកុង​គឺជា​ទីក្រុង​មួយ​ដែល​យើង​តែងតែ​ទទួល​បាន​បទពិសោធ​ល្អ​បំផុត នៅពេល​ «​លោក​ខាង​លិច​ជួប​លោក​ខាងកើត​» ​ដែល​ស្រដៀង​គ្នា​ខ្លាំង​នឹង​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​។ ហើយ​ពលរដ្ឋ​ចិន​ក៏​មាន​វត្តមាន​ជា​យូរលង់​មក​ច្រើន​ដែរ​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​ហុងកុង​តែងតែ​មាន​លក្ខណៈ​ដូចគ្នា​គឺ​មាន​បទពិសោធ​ច្រើន​នៅក្នុង​ការសហការ និង​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ពី​បទពិសោធ​ទាំងនោះ​។ លើសពី​នេះ​ទៀត ហុងកុង គឺជា​ច្រក​ចេញ​ចូល​រវាង​ចិន​ដីគោក និង​ទីក្រុង​ហុងកុង ជាពិសេស​និយាយ​អំពី​សេចក្ដីព្រាង​កិច្ចសន្យា ការការពារ​ផ្លូវច្បាប់ និង​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ទៀត​៕