ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា (MBCC) លោក Teh Sing ដែល​បានមក​កាន់​ទីក្រុង​ភ្នំពេញ​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ​នោះ​បាន​មើលឃើញ​ការប្រែប្រួល​របស់​កម្ពុជា​ក្រោយ​ភាពវឹកវរ​នៅក្នុង​ប្រទេស​រហូត​បាន​ក្លាយជា​ប្រទេស​ដែលមាន​កំណើន​សេដ្ឋកិច្ច​ដ៏រឹងមាំ​មួយ​នៅក្នុង​តំបន់​អាស៊ាន​។ នៅក្នុង​បទសម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្ត៍ អ្នកជំនួញ​ជើងចាស់​រូបនេះ​បាន​ចែករំលែក​ដំណើរ​ដ៏វែងឆ្ងាយ​អំពី​ការរួមចំណែក​របស់​ម៉ាឡេស៊ី​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​។

តើ MBCC បាន​ចូលរួម​ចំណែក​ដូចម្តេច​ខ្លះ​ក្នុង​ការអភិវឌ្ឍ​វិស័យ​ធុរកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា?

MBCC ប្រតិបត្តិការ​ជា​សមាគម​ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​។ គោលបំណង​ចម្បង​របស់​យើង​គឺ​លើក​កម្ពស់ និង​លើកទឹកចិត្ត​ដល់​ធុរកិច្ច​ម៉ាឡេស៊ី​ឲ្យ​បង្កើត និង​រក្សា​អាជីវកម្ម ការគ្រប់គ្រង និង​ការអនុវត្ត​វិជ្ជាជីវៈ​ឲ្យ​មាន​ស្តង់ដា​ខ្ពស់បំផុត ដើម្បី​លើក​កម្ពស់​មុខមាត់​ប្រទេស​ម៉ាឡេស៊ី​។

លើស​ពីនេះ យើង​ផ្តល់​នូវ​វេទិកា​សម្រាប់​ការប្រជុំ ការពិភាក្សា​ប្រចាំខែ​សំរាប់​ធុរកិច្ច​ម៉ាឡេស៊ី និង​បុគ្គលិក​រដ្ឋាភិបាល​នៅ​កម្ពុជា​។ MBCC នៅតែ​បន្ត​លើកទឹកចិត្ត​ដល់​ការវិនិយោគ​របស់​ម៉ាឡេស៊ី​នៅ​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​ធុរកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

តើ​ស្ថានភាព​អាជីវកម្ម​បាន​ផ្លាស់ប្តូរ​យ៉ាង​ដូចម្តេច​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី MBCC បង្កើតឡើង​? ​សូម​លោក​រៀបរាប់​អំពី​ប្រវត្តិ​ខ្លះៗ​។

ទិដ្ឋភាព​អាជីវកម្ម​បាន​រីកចម្រើន​ជា​លំដាប់​គិត​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣​។ ឧទារណ៍​ ១ គឺ​អាជីវកម្ម ផលិត​ស្រាបៀរ​។ នៅ​ឆ្នាំ​ ១៩៩៣ ក្រុមហ៊ុន Cambrew Limited គឺជា​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដែល​ដំណើរការ​ក្រុមហ៊ុន​ផលិតស្រាបៀរ​តែ​ ១ ​គត់​នៅ​កម្ពុជា​។ សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ច្រើនជាង​ ៦ ​រួចហើយ​។ ឧទាណ៍​ ១ ​ទៀត​គឺ​ឧស្សាហកម្ម​ធនាគារ​។ នៅក្នុង​ឆ្នាំ​ ១៩៩៣ ធនាគារពាណិជ្ជ​មាន​តិចជាង​ ១០ ប៉ុន្តែ​សព្វថ្ងៃ​ធនាគារពាណិជ្ជ​មាន​ចំនួន​ ៥១​។

តាម​ការប៉ាន់ស្មាន បច្ចុប្បន្ន​ក្រុមហ៊ុន​ម៉ាឡេស៊ី​ទាំង​ធំ និង​តូច​ប្រមាណ​ ៨០០ ​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ដោយ​មាន​ការគាំទ្រ​ពី​ពលរដ្ឋ​ម៉ាឡេស៊ី​ប្រមាណ​ ៣ ០០០ ​នាក់​ដែល​រស់នៅ​ទីនេះ​។

តើ​អ្វី​ដែល​ជំរុញ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ទាំងនោះ​ឲ្យ​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​?

វា​បាន​ចាប់ផ្តើម​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​របស់​យើង​គឺ​លោក Tun Mahathir Mohamad ដែល​បាន​ណែនាំ​គោលនយោបាយ​វិបុលភាព​អ្នកជិតខាង​ (Prosper thy neighbours policy) នៅពេល​ដែល​លោក​បាន​ដឹកនាំ​វិនិយោគិន​ម៉ាឡេស៊ី​ ១ ​ក្រុម​ដំបូង​គេ​មកកាន់​ប្រទេស​កម្ពុជា​។ បន្ថែម​ជាមួយនឹង​គោលនយោបាយ​គាំទ្រ​អាជីវកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា អាជីវកម្ម​ថ្មីៗ​របស់​ម៉ាឡេស៊ី​ជាច្រើន​ក៏ត្រូវ​បាន​ទាក់ទាញ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​។

យុវជន​ម៉ាឡេស៊ី​ជំនាន់​ថ្មី​កំពុង​ចូល​ទៅក្នុង​យុគអាជីវកម្ម​ថ្មី​រាប់​ចាប់ពី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ឌីជីថល​រហូត​ដល់​សេវាកម្ម​វិជ្ជាជីវៈ​។ តើ​លោក​មើលឃើញ​និន្នាការ​ដែល​កំពុង​កើនឡើង​នេះ​យ៉ាង​ដូចម្តេច​?

ប្រាកដ​ណាស់​គឺ​ការរីកចម្រើន​កាន់តែ​ខ្លាំង​។

ប្រជាជន​ម៉ាឡេស៊ី​ជាច្រើន​កំពុងកាន់​មុខតំណែង​កំពូលៗ​នៅក្នុង​ក្រុមហ៊ុន​នៅ​កម្ពុជា និង​ក្រុមហ៊ុន​អន្តរជាតិ ជាពិសេស​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​? តើ​ប្រជាជន​ម៉ាឡេស៊ី​កំពុង​នាំចេញ​ជំនាញ​វិជ្ជាជីវៈ​របស់​ពួកគេ​ឬ​?

ទាក់ទង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ធនាគារ​កម្ពុជា​សាធារណៈ គឺជា​ធនាគារ​ម៉ាឡេស៊ី​ដំបូង​គេ​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៩២ ហើយ​ធនាគារ​នេះ​ចាប់ផ្តើម​ដោយមាន​សាខា​តែ​ ១ ​ប៉ុណ្ណោះ ប៉ុន្តែ​សព្វថ្ងៃ​ធនាគារ​នេះ​មាន​ ៣១ ​សាខា ដែល​ដឹកនាំ​ដោយ​ប្រជាជន​កម្ពុជា​។ នេះ​គឺជា​ឧទាហរណ៍​ដ៏ល្អ​មួយ​នៃ​ការនាំចេញ​ជំនាញ​វិជ្ជាជីវៈ​របស់​ម៉ាឡេស៊ី​។

តើ​លោក​អាច​ចែករំលែក​អំពី​ការវិវឌ្ឍ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ម៉ាឡេស៊ី ជាពិសេស​នៅក្នុង​កម្រិត​វិស័យ​ឯកជន​បាន​ដែរ​ឬទេ​?

ម៉ាឡេស៊ី​គឺជា​អ្នកវិនិយោគ​ធំជាងគេ​នៅទីនេះ​អស់​រយៈពេល​ជាង​ ១ ​ទសវត្សរ៍ រហូត​ដល់​ចិន​ចូលមក​ជំនួស​តំណែង​នេះ​។ ធុរកិច្ច​ម៉ាឡេស៊ី​ត្រូវបាន​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​សហគមន៍​ធុរកិច្ច​កម្ពុជា​នៅទីនេះ​។ ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏ល្អ​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​រីកចម្រើន​ល្អប្រសើរ​ឡើង​ជា​លំដាប់ ហើយ​បច្ចុប្បន្ន​យើង​មាន​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ដ៏សកម្ម (​ឯកឧត្តម Eldeen Husaini) ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​នេះ​។

ទាក់ទង​បញ្ហា​យកពន្ធ​ត្រួតគ្នា គឺ​កំពុង​ស្ថិត​នៅលើ​តុ​ចរចា​។ តើ​នៅពេលណា​ដែល​លោក​គិតថា​វា​នឹង​សម្រេច ហើយ​តើ​វា​មាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​សហគមន៍​ធុរកិច្ច​ម៉ាឡេស៊ី​?

ពិតណាស់​គឺ​វា​មាន​សារៈសំខាន់​ណាស់ និង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​សហគមន៍​ធុរកិច្ច​ម៉ាឡេស៊ី​របស់​យើង​នៅទីនេះ​។ ទោះយ៉ាងណា​ជាមួយនឹង​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ខែមីនា ឆ្នាំ​ ២០២០ ខ្ញុំ​មិនអាច​ប៉ាន់ស្មាន​បានទេ​ថា​វា​នឹង​សម្រេច​ពេលណា​។

ជា​ចុងក្រោយ តើ​លោក​មាន​ដំបូន្មាន​អ្វី​សម្រាប់​សហគ្រិន​ម៉ាឡេស៊ី​ផ្សេងទៀត ភ្ជាប់​ជាមួយ​នឹង​ទិវា​បុណ្យជាតិ​ម៉ាឡេស៊ី​ខួប​លើក​ទី​ ៦៣?

ដោយ​បាន​មកកាន់​ទីនេះ​ចាប់តាំងពី​ឆ្នាំ​ ១៩៩២ ដំបូន្មាន​របស់ខ្ញុំ​គឺ​ឲ្យ​ពួកគេ​មក​ទីនេះ​ក្នុង​រយៈពេល​វែង មិនមែន​មក​ក្នុង​រយៈពេល​ខ្លី​នោះទេ ហើយ​ពិតណាស់​អ្នកនឹង​ទទួល​បាន​ជោគជ័យ​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​៕