ជូន​ចំពោះ​អ្នកអាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍

ខណៈ​ដែល​ប្រទេស​សិង្ហបុរី​រំឭក​ខួប​លើក​ទី​ ៥៣ ​ទិវា​បុណ្យជាតិ​សិង្ហបុរី យើង​ខ្ញុំ​សូម​គោរព និង​សូម​កោតសរសើរ​ចំពោះ​ចំណង មិត្តភាព និង​ការគាំទ្រ​ពី​ដៃគូ និង​មិត្តភក្តិ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​ហើយ​បើ​គ្មាន​ការចូលរួម​ពី​ពួកគេ​ទេ​សិង្ហបុរី​ក៏​មិន​អាច​សម្រេច​បាន​ដូច​ពេល​នេះ​ដែរ​។

អាស៊ាន

ជាពិសេស​គឺ​ប្រទេស​សិង្ហបុរី​ទទួល​បាន​អត្ថប្រយោជន៍​ពី​សន្តិភាព និង​ស្ថិរភាព​ដែល​អាស៊ាន​បាន​ផ្តល់​ឲ្យ​ដល់​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន និង​នៅក្នុង​តំបន់​ទាំងមូល​។

ក្នុង​នាម​ជា​ប្រទេស​ដែល​ជឿជាក់​យ៉ាង​មុតមាំ​ទៅ​លើ​អាស៊ាន​ក្នុង​ឆ្នាំ​ ២០១៨ នេះ​គឺមាន​សារៈសំខាន់​ខ្លាំង​ណាស់ ហើយ​វា​មិនមែន​ពិសេស​ត្រឹមតែ​ជា​ប្រធាន​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​កត់សម្គាល់​នៃ​ដំណើរ​រយៈពេល​ ៥០ ​ឆ្នាំ​លើក​ដំបូង​របស់​អាស៊ាន​ផង​ដែរ​។

តាមរយៈ​ភាព​រឹងមាំ និង​ការច្នៃប្រឌិត ប្រទេស​សិង្ហបុរី​ក្នុង​នាម​ជា​ប្រធាន អាស៊ាន​ឆ្នាំ​ ២០១៨ នេះ​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋ​ជា​សមាជិក​អាស៊ាន (AMS) និង​ដៃគូ​សន្ទនា​ដទៃ​ទៀត​ដើម្បី​ចាប់ផ្តើម​គម្រោង​ជាច្រើន​ដែល​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ភាព​ច្នៃប្រឌិត​កាន់​តែ​ស៊ីជម្រៅ​ និង​ពង្រឹង​ភាពរឹងមាំ​រួម​របស់​យើង​ដើម្បី​ឆ្លើយតប​ចំពោះ​ការគំរាម​កំហែង​ និង​បញ្ហា​ប្រឈម​ឆ្លង​ដែន​។

គំនិត​ផ្តួចផ្តើម​ដ៏សំខាន់​មួយ​គឺ​ការបង្កើត​គម្រោង​បណ្ដាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន ( ASCN ) ដែល​បាន​មើលឃើញ​ថា​រដ្ឋ​សមាជិក អាស៊ាន (AMS) និង​ដៃគូ​សន្ទនា​បាន​សហការ​គ្នា​យ៉ាងជិត​ស្និទ្ធ​ដើម្បី​កាត់បន្ថយ​ការបង្អាក់​ដល់​បច្ចេកវិទ្យា​ថ្មីៗ​ ខណៈ​ដែល​មាន​​ការបង្កើន​ការច្នៃប្រឌិត​ឆ្លាតវៃ​ដើម្បី​ផ្លាស់ប្តូរ​ថា តើ​ទីក្រុង និង​ប្រជាជន​របស់​យើង​ត្រូវ​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​ប្រឈម​នាពេល​អនាគត​បែប​ណា​។ (​សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីអំពី​គម្រោង ASCN សូម​អាន​អត្ថបទ​ខាង​ក្រោម​)

ទំនាក់​ទំនង​ទ្វេភាគី សិង្ហបុរី - កម្ពុជា

ចំពោះ​ទំនាក់ទំនង​ទ្វេភាគី ប្រទេស​កម្ពុជា​គឺជា​មិត្ត​ដ៏យូរអង្វែង​របស់​សិង្ហបុរី​ហើយ​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​ទទួល​ស្គាល់​ឯករាជ្យ​របស់​ប្រទេស​សិង្ហបុរី​នៅ​ឆ្នាំ​ ១៩៦៥ ​ផង​ដែរ​។ ទំនាក់ទំនង​ទ្វេភាគី​នេះ​ត្រូវ​បាន​កំណត់​ដោយ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជា​ទៀងទាត់​ទាំង​ផ្នែក​នយោបាយ ពាណិជ្ជកម្ម និង​សង្គម​។

ក្នុង​ឆ្នាំ​កន្លង​ទៅ ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សិង្ហបុរី​បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ខែ​តុលា​ឆ្នាំ​ ២០១៧ ស្របពេល​ដែល​ឯកឧត្តម​បណ្ឌិត Ayabac Ibrahim រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍ និង​ព័ត៌មាន​ក៏​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​សៀមរាប​ក្នុង​ខែវិច្ឆិកា​/​ធ្នូ ក្នុង​ឆ្នាំ​ ២០១៧ ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន​លើក​ទី​ ១៧​។

ចំពោះ​ប្រទេស​កម្ពុជា​វិញ យើង​បាន​ស្វាគមន៍​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន ដែល​បាន​អញ្ចើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣២ កាលពី​ខែ​មេសា ឆ្នាំ​ ២០១៨​។ យើង​ក៏​បាន​ស្វាគមន៍​ផង​ដែរ​សមាជិក​ ២ ​រូប​ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធ «Lee Kuan Yew Exchange Fellows» ទៅកាន់​ប្រទេស​សិង្ហបុរី គឺ​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការរង​កងទ័ព​ជើងគោក​លោក ហ៊ុន ម៉ាណែត (​មិថុនា ២០១៨) និង​សមាជិក​រដ្ឋសភា​ឯកឧត្តម ហ៊ុន ម៉ានី (​មករា​ឆ្នាំ​ ២០១៨)​។

ហើយ​កាលពី​ដើម​សប្តាហ៍​នេះ​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ឯកឧត្តម​បណ្ឌិត ហង់ ជួនណារ៉ុន បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​សិង្ហបុរី​ផង​ដែរ​។

យើង​កំពុង​ទន្ទឹង​រង់ចាំ​ស្វាគមន៍​សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន សម្រាប់​កិច្ចប្រជុំ​កំពូល អាស៊ាន​លើក​ទី​ ៣៣ និង​កិច្ចប្រជុំ ​កំពូល​ពាក់ព័ន្ធ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ និង​ក៏​ទន្ទឹងរង់ចាំ​ឯកឧត្តម​ ប្រាក់ សុខុន នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​គាត់​។

យើង​នឹង​បន្ត​ឃើញ​ចំនួន​ពាណិជ្ជកម្ម និង​ប្រតិភូ​របស់​សិង្ហបុរី​មកកាន់​ប្រទេស​កម្ពុជា​កើនឡើង​ដើម្បី​ស្វែងយល់​អំពី​ឱកាស​សហការគ្នា និង​ដើម្បី​ផលប្រយោជន៍​ទៅវិញ​ទៅមក​ជាមួយ​ដៃគូ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែល​បាន​ឈាន​ដល់​ចំណុច​ជោគជ័យ​ជាច្រើន​។

នេះ​គឺជា​ ភ័ស្តុតាង​ដ៏រឹងមាំ​មួយ​ដែល​បាន​បង្ហាញ​អំពី​ទំនុក​ចិត្ត​របស់​ពួកគេ​ទៅលើ​សក្ដានុពល​សេដ្ឋកិច្ច និង អនាគត​របស់​ប្រទេស​កម្ពុជា​ក៏​ដូចជា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។ ចំពោះ​ផ្នែក​សង្គម​វិញ​មាន​ក្រុម​ការងារ​ជាច្រើន​ដែល​រាប់​ចាប់ពី​ក្រុមគ្រូពេទ្យ​ និង​សិស្ស​និស្សិត​រហូត​ដល់​អង្គការ​ស្ម័គ្រចិត្ត​នានា​បាន​បន្ត​បង្កើន​ការចូលរួម​កិច្ចការ​សហគមន៍​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។

ទំនាក់ទំនង​សេដ្ឋកិច្ច

ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​យើង​គឺ​រីកលូតលាស់​រឹងមាំ​។ ប្រទេស​សិង្ហបុរី​គឺជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​ទាំង​ ៥ របស់​ប្រទេស​កម្ពុជា​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​ ៣ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​សរុប​ក្នុង​ឆ្នាំ​ ២០១៧​។ មាន​ក្រុមហ៊ុន​សិង្ហបុរី​ជាច្រើន​ទៀត​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។

កំណើន​នេះ​វា​បាន​ជំរុញ​ឱ្យ​ប្រទេស​សិង្ហបុរី​ក្លាយ​ជា​វិនិយោគិន​បរទេស​ធំ​ជាង​គេ​លំដាប់​ទី​ ២ ​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០១៧ ជាមួយ​នឹង​ទំហំ​ទឹកប្រាក់​ជាង​ ២៥០ ​លាន​ដុល្លារ​នៅក្នុង​ការវិនិយោគ​លើ​ទ្រព្យសកម្ម​ថេរ​ដែល​ត្រូវបាន​អនុម័ត​។ ជារួម​ការវិនិយោគ​លើ​ទ្រព្យសកម្ម​ថេរ​របស់​សិង្ហបុរី​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ចំនួន​ ១,២ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៧​។

កម្មវិធី​សហប្រតិបត្តិការ​សិង្ហបុរី

ប្រទេស​សិង្ហបុរី​ក៏​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​លើ​កម្មវិធី​កសាង​សមត្ថភាព​ និង​ការចែករំលែក​បទពិសោធ​អភិវឌ្ឍន៍​។ កម្មវិធី​ទាំងនេះ​ជា​ចម្បង​ត្រូវ​បាន​ធ្វើ​តាមរយៈ​កម្មវិធី​សហប្រតិបត្តិការ​សិង្ហបុរី (SCP) ចាប់​តាំងពី​ឆ្នាំ​ ១៩៩២ ​មក​។ រួមមាន​វគ្គ​សិក្សា និង​សិក្ខាសាលា​ជា​ទៀងទាត់​ដូចជា​វគ្គ​បណ្តុះបណ្តាល រដ្ឋបាល​សាធារណៈ ការអភិវឌ្ឍ​សេដ្ឋកិច្ច ការសម្រប​សម្រួល​ពាណិជ្ជកម្ម ការគ្រប់គ្រង​គ្រោះមហន្តរាយ សុវត្ថិភាព​អាកាសចរណ៍ ការសរសេរ​សំណើ​គម្រោង និង​វគ្គ​ភាសា​អង់គ្លេស​ជាដើម​។

រហូត​មក​ដល់​ពេល​នេះ​ មាន​មន្ត្រី​កម្ពុជា​ជាង​ ៨៥០០ ​នាក់​បាន​ចូលរួម​វគ្គ​ហ្វឹកហ្វឺន​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កម្ពុជា-សិង្ហបុរី (CSTC) នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ធ្វើឲ្យ​ចំនួន​មន្ត្រី​សរុប​ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​ក្រោម​កម្មវិធី​សហប្រតិបត្តិការ​សិង្ហបុរី SCP កើន​ដល់​ជាង ១៣ ៥០០ ​នាក់​។

យើង​កំពុង​ស្វែង​យល់ និង​បង្កើន​ការចែករំលែក​បទពិសោធ​ការអភិវឌ្ឍ តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព CSTC របស់​យើង​ទៅ​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-សិង្ហបុរី (CSCC) ថ្មី​។ មជ្ឈមណ្ឌល CSCC សម្លឹង​ទៅ​រក​ការពង្រីក​ជំនួយ​បច្ចេកទេស​របស់​យើង​ដល់​កម្ពុជា​នឹង​ផ្តល់​នូវ​វិធីសាស្ត្រ​ថ្មី​សម្រាប់​ការកសាង​សមត្ថភាព​ដែល​វា​មាន​លើស​ពី​ការបង្រៀន​នៅ​សាលា​។

ប្រទេស​សិង្ហបុរី​សង្ឃឹម​ថា​នឹង​អាច​ចែករំលែក​បទពិសោធរ​បស់​យើង ហើយ​ជាមួយ​គ្នា​ក៏​នឹង​រៀន​ពី​បទពិសោធ​របស់​កម្ពុជា​ផង​ដែរ​។

នៅក្នុង​ឱកាស​ដ៏រីករាយ​នេះ​ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ​អរគុណ​ដល់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ចំពោះ​ចំណង​មិត្តភាព​ដ៏យូរអង្វែង​ និង​កក់ក្តៅ​ដែល​បាន​បង្ហាញ​ដល់​ប្រទេស​សិង្ហបុរី​។ ខ្ញុំ​សូម​ជូនពរ​ដល់​ប្រជាជន​កម្ពុជា និង​សិង្ហបុរី​ក៏​ដូចជា​មិត្តភក្តិ​របស់​សិង្ហបុរី​ទាំងអស់ សូម​ជួប​តែ​សុខភាព​ល្អ វិបុល​សុខ និង ជោគជ័យ​គ្រប់​ភារកិច្ច​៕