កាលពី ២៨ ឆ្នាំមុន នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ១៩៩០ ការបង្រួបបង្រួមជាតិរបស់ប្រទេស អាល្លឺម៉ង់ បានចាប់ផ្តើមឡើង ក្រោយពីការដួលរលំទៅនៃជញ្ជាំងទីក្រុង ប៊ែរឡាំង ដែលជញ្ជាំងនេះក្នុងពេលដ៏យូរមួយបានបែងចែកប្រទេស អាល្លឺម៉ង់ ជា ២ ដែលធ្វើឲ្យពួកយើងមានការឈឺចាប់យ៉ាងខ្លាំង។

នៅក្នុងថ្ងៃនេះដែរ ជាការពិតយើងមើលឃើញថា ក្នុងពិភពលោកនេះ មានជញ្ជាំងថ្មីៗកំពុងកើតមានឡើង ដែលធ្វើឲ្យសង្គមមានការបែងចែកដ៏ស៊ីជម្រៅ។

យោងតាមរយៈប្រវត្តិសាស្ត្ររបស់ពួកយើង ជញ្ជាំងគ្រប់ប្រភេទមិនថា សង់ពីស៊ីម៉ងត៍ ឬក៏ជញ្ជាំងក្នុងចិត្តនោះទេ តែវាមិនមែនជាដំណោះស្រាយឡើយ ពោលគឺមានតែការឈរនៅលើស្មារតីនៃការសន្ទនា និងការបើកចំហប៉ុណ្ណោះ ទើបអាចបង្កើតឲ្យមានវឌ្ឍនភាព ការរីកលូតលាស់ និងភាពរុងរឿងបាន។

ក្នុងន័យនេះទាំងកម្ពុជា និងអាល្លឺម៉ង់ សុទ្ធតែមានរឿងរ៉ាវដែលពួកយើងបានរៀនសូត្រពីប្រវត្តិសាស្ត្ររបស់ពួកយើង ហើយប្រទេសទាំង ២ នាពេលបច្ចុប្បន្នក៏មានការទទួលខុសត្រូវក្នុងថ្នាក់អន្តរជាតិ និងបានប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

តាមរយៈសេដ្ឋកិច្ច ដែលជាឧទាហរណ៍ជាក់ស្តែងមួយយើងបានមើលឃើញថា ការបើកចំហពិតជាមានប្រសិទ្ធភាព។ កាលពីឆ្នាំទៅ ការផ្លាស់ប្តូរទំនិញ និងសេវាកម្មរវាងប្រទេស កម្ពុជា និងអាល្លឺម៉ង់ បានកើនឡើងដល់ទៅ ២ ពាន់លានដុល្លារ ដែលនេះជាតួលេខខ្ពស់បំផុត មិនធ្លាប់មានពីមុនមក។

ក្នុងវិស័យទេសចរណ៍វិញនាពេលឥឡូវនេះ មានជនជាតិអាល្លឺម៉ង់ ដល់ទៅ ១០០ ០០០ នាក់ បានមកលេងនៅប្រទេស កម្ពុជា។

ដើម្បីជួយសម្រួលឲ្យប្រជាជនកម្ពុជាទាំងអស់អាចទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច អាល្លឺម៉ង់ ក៏បានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជនបទ សុខភាពសាធារណៈ វិមជ្ឈការ និងការលើកកម្ពស់ ស្តង់ដារការងារ។

ពួកយើងក៏បានរួមចំណែកក្នុងដំណើរការកសាងសន្តិភាព និងផ្សះផ្សាជាតិ តាមរយៈការផ្តល់ ជំនួយទៅកាន់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សកម្មភាព ដោះមីន និងគ្រាប់មិនទាន់ផ្ទុះរួមទាំងជំនួយទៅកាន់អង្គការសង្គមស៊ីវិល។

ការផ្លាស់ប្តូរទំនិញ សេវាកម្មគំនិត ធនធានវប្បធម៌ និងព័ត៌មានបានជួយឲ្យ ប្រទេសយើងទាំង ២ ដើរបានឆ្ងាយ ហើយពួកយើងមិនគួរមានការភ័យខ្លាចដោយសារតែការបែងចែកថ្មី និងការកកើតឡើងនៃជញ្ជាំងថ្មីឡើយ។ ពួកយើងត្រូវតែពង្រឹងមិត្តភាពរវាង ប្រទេសទាំង ២ និងប្រជាជនទាំង ២ ឲ្យកាន់តែស៊ីជម្រៅ និងរឹងមាំជាងមុន។

ក្នុងនាមខ្ញុំជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកពាក់ព័ន្ធដែលបានចូលរួមចំណែករហូតមកទល់ពេលបច្ចុប្បន្ននេះ។ ផ្អែកលើគោលការណ៍ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ ប្រទេស អាល្លឺម៉ង់ រួមទាំងដៃគូអឺរ៉ុបផ្សេងទៀត ប្តេជ្ញានិងនៅតែបន្តគាំទ្រកម្ពុជាលើផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងភាពរុងរឿង៕