យើង​ទាំង​អស់​គ្នា​សូម​ចូលរួម​អបអរ​សាទរ​ក្នុង​ឱកាស​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី​៣៩ នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រាក់​រៀល​ឡើង​វិញ​។ បច្ចុប្បន្ន​ប្រាក់​រៀល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​នៅ​តាម​តំបន់​ជនបទ​ហើយ​កំពុង​បញ្ជ្រាប​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ទី​ប្រជុំជន​ និង​តំបន់​ទេសចរណ៍​នានា​ ជា​តំបន់​ដែល​ប្រាក់​ដុល្លារ​គ្រប​ដណ្តប់​ខ្លាំង​។

ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា ប្រាក់​ដុល្លារ​បាន​ក្លាយ​​ជា​រូបិយប័ណ្ណ​ដ៏​ពេញ​និយម​នៅ​ក្នុង​អំឡុង​ពេល​ដែល​អាជ្ញាធរ​បណ្តោះ​អាសន្ន​នៃ​អង្គការ​សហ​ប្រជាជាតិ ចូល​មក​ក្នុង​ប្រទេស ​កម្ពុជា ​ក្នុង​ទសវត្យរ៍​ឆ្នាំ ​១៩៩០ ហើយ​គិត​ចាប់​តាំង​ពី​ពេល​នោះ​មក រូបិយប័ណ្ណ​មួយ​នេះ​នៅតែ​ជា​រូបិយប័ណ្ណ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ដែល​តំណាង​ឱ្យ​ប្រហែល​ ៩០ ​ភាគរយ​នៃ​ទ្រព្យ​សកម្ម​របស់​​ធនាគារ​ពាណិជ្ជ គិត​ត្រឹម​ដំណាច់​ឆ្នាំ ​២០១៨​។​

ការ​ចរាចរ​រួម​គ្នា​ដ៏​រលូន​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ដែល​ជា​រូបិយប័ណ្ណ​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ជា​អន្តរជាតិ​ និង​ប្រាក់​ រៀល​បាន​ជួយ​គាំទ្រ​ដល់​ការ​វិនិយោគ​យ៉ាង​ធំធេង​នៅ​ក្នុង​ប្រទេស ​កម្ពុជា និង​បាន​នាំ​ប្រទេស​មួយ​នេះ​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​ឥត​ឈប់ឈរ ប្រកប​ដោយ​និរន្តរភាព​ដែល​បាន​វិវឌ្ឍ​ខ្លួន​ពី​ប្រទេស​​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត​នៅ​ក្នុង​ពិភព​លោក រហូត​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ដូច​សព្វ​ថ្ងៃ​នេះ​។​

ទីផ្សារ​រូបិយវត្ថុ​សេរី​នេះ​បាន​ធ្វើ​ឲ្យ​អត្រា​ប្តូរ​ប្រាក់​រវាង​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​មាន​ស្ថិរភាព​យ៉ាង​រឹងមាំ​គឺ ប្រែប្រួល​តែ​ក្នុង​​រង្វង់ ​១,៥ ​ភាគរយ​ប៉ុណ្ណោះ ក្នុង​រយៈពេល ​១០ ​ឆ្នាំ​កន្លង​មក​នេះ​។ វា​ជា​សមិទ្ធផល​ដ៏​ធំធេង​នឹង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ស្ថិរភាព​រូបិយវត្ថុ និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​។​

ទាំង​នេះ ​គឺ​ជា​សមិទ្ធផល​ដ៏​ជោគជ័យ​ដែល​ជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​មន្ត្រី​របស់​ធនាគារ​ជាតិ​ នៃ​ កម្ពុជា​។​

យុទ្ធសាស្ត្រ​របស់​ធនាគារ​ជាតិ​ នៃ​ កម្ពុជា​ត្រូវ​បាន​រៀបចំ​យ៉ាង​លម្អិត​នៅ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ ​២០១៦-២០២៥ ដែល​ត្រូវ​បាន​អនុវត្ត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​។​

អភិបាល​នៃ​ធនាគារ​ជាតិ​ នៃ​ កម្ពុជា​នៅ​ក្នុង​តួនាទី​ដឹកនាំ​នយោបាយ​រូបិយវត្ថុ​ដ៏​ប៉ិនប្រសប់​របស់​លោក បាន​ដឹកនាំ​យុទ្ធសាស្ត្រ​នាំមុខ​ដោយ​ទីផ្សារ​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សាធារណជន​ឲ្យ​ប្រើប្រាស់​ប្រាក់​រៀល​កាន់​តែ​ទូលំទូលាយ ​ជា​ពិសេស​បាន​អនុវត្ត​សកម្មភាព​ប្រកបដោយ​និរន្តរភាព​ជា​ច្រើន រួម​ទាំង​ការ​បង្កើត​នូវ​ប្រតិបត្តិការ​ផ្តល់​សន្ទនីយភាព​ដោយ​មាន​ការ​ធានា​ជា​ប្រាក់​រៀល (LPCO) ថែម​ទៀត​ផង​។​

ប្រាក់​រៀល ​គឺ​ជា​មធ្យោបាយ​ដ៏​ចម្បង​នៃ​ការ​ទូទាត់​នៅ​តាម​ធនាគារ​ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​ទូទាត់​រូបិយប័ណ្ណ​អន្តរជាតិ​​ទាំង​អស់​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​ និង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស ​កម្ពុជា​។​

យុទ្ធសាស្ត្រ​នាំ​មុខ​ដោយ​ទីផ្សារ​ និង​សកម្មភាព​ដែល​កំណត់​គោលដៅ​បាន​សម​ស្រប នាំ​ឱ្យ​ការ​ប្រើប្រាស់​ប្រាក់​រៀល​កើន​ឡើង​ដែល​កំណត់​លក្ខខណ្ឌ​ជាមួយ​នឹង​ការ​ធានា​ដល់​កំណើន​សេដ្ឋកិច្ច អតិផរណា​មាន​កម្រិត​ទាប​ និង​អត្រា​ប្តូរ​ប្រាក់​ពី​ប្រាក់​រៀល​ទៅ​ប្រាក់​ដុល្លារ​មាន​ស្ថិរភាព​។​

ក្នុង​នាម​ខ្ញុំ​ជា​អគ្គនាយក​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី និង​ជា​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា ខ្ញុំ​ជឿជាក់​ និង​ទុក​ចិត្ត​យ៉ាង​មុតមាំ​ថា​ វា​ជា​ពេលវេលា​ដ៏​សមស្រប​បំផុត​ដែល​ប្រាក់​រៀល​របស់​​យើង​ត្រូវ​ដើរ​តួ​ឲ្យ​បាន​ពេញ​លេញ​ក្នុង​នាម​ជា​រូបិយវត្ថុ​ជាតិ នៅ​ក្នុង​គ្រប់​មធ្យោបាយ​នៃ​ការ​ទូទាត់​ និង​ដំណោះស្រាយ​ទាំង​អស់​។​

យើង​គាំទ្រ​ចំពោះ​ការ​ផ្តួចផ្តើម​ដ៏​មាន​តម្លៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​ជាតិ​ នៃ​ កម្ពុជា​សម្រាប់​តួនាទី​ដ៏​សកម្ម​របស់​ប្រាក់​រៀល ដែល​ជា​មធ្យោបាយ​នៃ​ការ​ទូទាត់​ដ៏​សំខាន់​ដោយ​ផ្អែក​លើ​វិធីសាស្ត្រ​ទីផ្សារ​។ សមាជិក​ទាំង​អស់​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​សូម​គាំទ្រ​យុទ្ធសាស្ត្រ​ដែល​នាំមុខ​ដោយ​ទីផ្សារ​យូរ​អង្វែង​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​ធនាគារ​ជាតិ​ នៃ​ កម្ពុជា​ដើម្បី​លើក​កម្ពស់​ប្រាក់​រៀល​។​

យើង​តែងតែ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​គាំទ្រ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចំពោះ​យុទ្ធសាស្ត្រ​នាំមុខ​ដោយ​ទីផ្សារ​យូរ​អង្វែង ដើម្បី​លើក​កម្ពស់​ប្រាក់​រៀល​ជាមួយ​នឹង​ការ​យល់ដឹង​យ៉ាង​ស៊ី​ជម្រៅ​អំពី​ទីផ្សារ​ និង​ជំនាញ​ដ៏​ពិត​ប្រាកដ​របស់​យើង​ដែល​ធ្វើ​ការ​ជាមួយ​សាធារណជន​ដោយ​ផ្ទាល់​ជា​រៀងរាល់​ថ្ងៃ​៕