ខ្ញុំ​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង ដែល​ដឹងថា​ប្រទេស​ឥណ្ឌូនេស៊ី និង​កម្ពុជា​មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ ប្រកប​ដោយ​ការស្ថាបនា​នៅក្នុង​វិស័យ​ជាច្រើន​។ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវការ​ចាប់​តាំងពី​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព កាលពី​ថ្ងៃទី​ ១៣ ខែ​កុម្ភៈ ឆ្នាំ​ ១៩៥៩ មក​ម្ល៉េះ​។

ប្រទេស​ឥណ្ឌូនេស៊ី​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ដំណើរការ​ផ្សះផ្សា​សន្តិភាព​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​រហូត​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​ ១៩៩១ ហើយ​បន្ទាប់មក​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការស្តារ​សន្តិភាព និង​ស្ថិរភាព​ឡើងវិញ​តាមរយៈ​អ៊ុនតាក់​។

ប្រទេស​ឥណ្ឌូនេស៊ី​ក៏បាន​ស្វាគមន៍​ និង​គាំទ្រ​ដល់​សមាជិកភាព​របស់​កម្ពុជា​នៅក្នុង​សមាគម​អាស៊ាន​ក្នុង​ឆ្នាំ ១៩៩៩ ផង​ដែរ​។ ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​ឥណ្ឌូនេស៊ី និង​កម្ពុជា​បាន​កើន​ឡើង​ជា​លំដាប់ និង​មាន​និន្នាការ​ជា​វិជ្ជមាន​។ ក្នុង​ឆ្នាំ​ ២០១៨ តុល្យភាព​ពាណិជ្ជកម្ម​ទ្វេភាគី​ឈានដល់ ៥៥៨,៦១៩ លាន​ដុល្លារ​អាមេរិក (​ការនាំចេញ​របស់​ឥណ្ឌូនេស៊ី​មាន​តម្លៃ ៥២៥,៥៩៧ ​លាន​ដុល្លារ និង​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​មាន​តម្លៃ ៣៣,០២២ ​ដុល្លារ​)​។

ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់​ក្នុង​រង្វង់​ ៧ ​ភាគរយ​ក្នុង ១ ​ឆ្នាំ​ប្រទេស​កម្ពុជា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​មួយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី និង​ជាទីផ្សារ​ដ៏​មាន​សក្តានុពល​នៅក្នុង​តំបន់​។ ម្យ៉ាងវិញ​ទៀត​វា​ក៏​ដល់ពេល​ដែល​ពាណិជ្ជករ​កម្ពុជា​ត្រូវ​ចាប់ផ្តើម​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ទីផ្សារ​ធំ​បំផុត​មួយ​នៅក្នុង​តំបន់​ផងដែរ​។

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ប្រទេស​ឥណ្ឌូនេស៊ី និង​កម្ពុជា​បាន​បង្កើន​កិច្ចសហប្រតិបត្តិ​ការការពារ​ជាតិ​យ៉ាង​រឹងមាំ និង​បាន​ចែករំលែក​កិច្ចសហប្រតិបត្តិការ​យោធា​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២ ​ផង​ដែរ តាមរយៈ​កិច្ចពិភាក្សា​ផ្នែក​យោធា និង​យោធា​។ ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ផ្តល់ជំនួយ​បណ្តុះបណ្តាល​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ការបង្កើត​កងកម្លាំង​ពិសេស​កម្ពុជា ៩១១ ។

រហូត​មក​ដល់​ពេលនេះ​កងទ័ព​ជាតិ​ឥណ្ឌូនេស៊ី​បាន​ផ្តល់​ការបណ្តុះបណ្តាល​និង​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់​ដល់​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​។ គិត​ចាប់តាំងពី​ឆ្នាំ​ ១៩៩០ មក​ប្រទេស​កម្ពុជា​បាន​បញ្ជូន​មន្ត្រី​យោធា​រាប់ពាន់​នាក់ ទៅ​ទទួល​ការបណ្តុះបណ្តាល​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ ប្រទេស​ទាំង​ ២ ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ដោយ​បាន​បង្កើត​របៀបវារៈ និង​ពង្រីក​វគ្គ​សិក្សា​យោធា​បន្ថែម​ទៀត​ដែល​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​ជាក់ស្តែង​នៃ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិ​ការការពារ​ជាតិ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​ ២០១៧ ។

ចំពោះ​ការភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​គឺ​កំពុងមាន​ការអភិវឌ្ឍ​ទៅមុខ​យ៉ាង​រលូន និង​កាន់តែ​ខ្លាំងក្លា​ថែមទៀត​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ និស្សិត​កម្ពុជា​ដែល​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​កើនឡើង​ជា​លំដាប់​។

មជ្ឈមណ្ឌល​វប្បធម៌​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា Pusat Budaya Indonesia Nusantara (PUSBUDI) នៅឯ​ស្ថានទូត​មាន​គោលបំណង​លើក​កម្ពស់​វប្បធម៌​ឥណ្ឌូនេស៊ី លើក​កម្ពស់​ចំណងមិត្តភាព និង​បង្កើន​ការយល់ដឹង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​តាមរយៈ​សិល្បៈ ភាសា និង​វប្បធម៌​។ ចាប់​តាំងពី​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៧ រហូត​មក​ដល់​ពេលនេះ​ពលរដ្ឋ​កម្ពុជា​ចំនួន​ ៨៦៥ ​នាក់ ចូលរួម​ក្នុង​កម្មវិធី Pusbudi ហើយ​ភាគច្រើន​នៃ​ពួកគេ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​បន្ទាប់ពី​បញ្ចប់​ការសិក្សា ពួកគេ​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​អ្នកខ្លះ​ជា​មន្ត្រី​រដ្ឋាភិបាល អ្នកខ្លះ​ជា​មន្ត្រី ប៉ូលីស បុគ្គលិក​អប់រំ (​សាស្ត្រាចារ្យ​) អ្នកស្រាវជ្រាវ ផ្នែក​វេជ្ជសាស្ត្រ ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ផ្នែក​ជំនួញ​ជាដើម​។

ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ៦០ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ឥណ្ឌូនេស៊ី​ និង​កម្ពុជា ស្ថានទូត​ឥណ្ឌូនេស៊ី​ក្នុង​រាជធានី​ភ្នំពេញ​បាន​រៀបចំ​សកម្មភាព​រួមគ្នា​យ៉ាង​សកម្ម​ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ដូចជា ការប្រកួត​បាល់ទាត់​ហ្វូតសាល​មិត្តភាព​នៅ​ថ្ងៃទី​ ២៦ ខែ​មករា ការសម្តែង​សិល្បៈ​វប្បធម៌​រួមគ្នា​នៅ​ថ្ងៃ​ទី​ ១៣ ខែ​កុម្ភៈ វេទិកា​ធុរកិច្ច​កម្ពុជា-ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី​ ២៦ ខែ​មីនា ការប្រកួត​វាយ​កូន​ហ្គោល​មិត្តភាព​នៅ​ថ្ងៃទី​ ៣០ ខែ​មិថុនា ពិធី​សម្ពោធ​វិមាន​មិត្តភាព​ឥណ្ឌូនេស៊ី-កម្ពុជា​នៅ​ខេត្ត​កំពង់ធំ ថ្ងៃទី​ ១៣ ខែ​កក្កដា និង​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា ឥណ្ឌូនេស៊ី​នៅ​សៀមរាប​ថ្ងៃទី​ ១៩-២១ កក្កដា​។

នៅក្នុង​ឱកាស​ដ៏វិសេសវិសាល និង​រីករាយ​នេះ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ ថ្ងៃកំណើត​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ជាមួយ​នឹង​ក្តីសង្ឃឹម​កាន់តែ​ច្រើន​ក៏​ដូចជា​ការលើកទឹកចិត្ត​ដល់​ប្រជាជន​ឥណ្ឌូនេស៊ី​ប្រមាណ ៤០០០ ​នាក់​ដែល​កំពុង​រស់នៅ​តាម​ទីក្រុង និង​បណ្តា​ខេត្ត​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​នោះ​ពួកគាត់​មួយចំនួន​ជា​និស្សិត ពាណិជ្ជករ អ្នកជំនាញ គ្រូបង្រៀន និង​ឪពុកម្តាយ​ដែល​ពួកគាត់​បាន​ខិតខំ​បំពេញការងារ​យ៉ាងខ្លាំង​ដើម្បី​ពង្រឹង សមត្ថភាព និង​ជំនាញ​របស់​ពួកគេ​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ក្នុង​ការ​លើកកម្ពស់​អនាគត​ឲ្យ​កាន់តែ​ភ្លឺស្វាង​ក៏ដូចជា​សម្រាប់​ប្រទេសជាតិ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ និង​ដើម្បី​រក្សា​ចំណង​មិត្តភាព​ក៏​ដូចជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​បង្ក​នូវ​បរិយាកាស​វិជ្ជមាន​ដល់​ប្រទេស​ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ​៕

(​ប្រទេស​ឥណ្ឌូនេស៊ី​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​របស់​ខ្លួន​នៅ ​ថ្ងៃទី​ ១៧ ខែ​សីហា​)