ចាប់តាំងពីពេលដែលខ្ញុំមកបំពេញការងារជាឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាក្នុងខែមិថុនា ឆ្នាំ ២០១៧ មកខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏រឹងមាំ និងជ្រាលជ្រៅរវាងប្រទេសបារាំង និងកម្ពុជា។
តាំងពីពេលនោះមកខ្ញុំបានខិតខំពង្រឹងចំណងទាក់ទងរវាងប្រទេសយើងទាំង ២ ហើយប្រទេសបារាំងស្ថិតនៅក្បែរប្រទេសកម្ពុជាជានិច្ច ដើម្បីជួយឲ្យប្រទេសនេះទទួលបានការអភិវឌ្ឍប្រកបដោយភាពសុខដុម និងបរិយាប័ន្ន។
ការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសយើងទាំង ២ មានលក្ខណៈរឹងមាំដោយមានទំហំជាង ១ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧។
ក្រុមហ៊ុនបារាំងធំៗមានដូចជាក្រុមហ៊ុន Vinci ក្រុមហ៊ុនតូតាល់ ហើយថ្មីៗនេះមានធនាគារ BRED ក្រុមហ៊ុន Pernaud Ricard ក្រុមហ៊ុន Decathlon បានចូលមកវិនិយោគនៅកម្ពុជា ហើយចូលរួមចំណែកដោយផ្ទាល់ក្នុងការរីកលូតលាស់នៃប្រទេសនេះ។
ក្នុងរយៈពេល ២៥ ឆ្នាំ ហិរញ្ញប្បទានជាង ៥០០ លានដុល្លារត្រូវបានផ្តល់ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងគោលដៅលើកស្ទួយការរីកចម្រើនប្រកបដោយគុណភាពរបស់កម្ពុជា។ បច្ចុប្បន្នជាមួយការផ្តល់ហិរញ្ញប្បទានប្រមាណ ១០០ លានដុល្លារអាមេរិកក្នុង ១ ឆ្នាំ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងគាំទ្រវិស័យអាទិភាពជាច្រើន ជាពិសេសវិស័យទឹកស្អាត អគ្គិសនីកសិកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជាក៏មានន័យថាជាការគាំទ្រការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សាដល់និស្សិតកម្ពុជាផងដែរ ហើយនេះគឺជាចំណុចអាទិភាពមួយរបស់យើង។ បារាំងគឺជាប្រទេសគោលដៅធំទី ៣ សម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅបរទេស។
ប៉ុន្តែនិស្សិតកម្ពុជាក៏អាចសិក្សាប្រព័ន្ធអប់រំបែបបារាំងផងដែរនៅប្រទេសកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការផ្នែកឧត្តមសិក្សារវាងប្រទេសយើងទាំង ២។ យើងមានមោទនភាព និងសូមថ្លែងអំណរគុណដល់យុវជនកម្ពុជាដែលបានជ្រើសរើសប្រទេសបារាំងដើម្បីទទួលបានការបណ្តុះបណ្តាល។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌វិញចំណងទាក់ទងរវាងប្រទេសយើងទាំង ២ ក៏មានលក្ខណៈរឹងមាំ និងជ្រាលជ្រៅផងដែរដោយចាក់ប្ញសនៅក្នុងប្រវត្តិសាស្ត្រ។
នៅឆ្នាំនេះ យើងនឹងប្រារព្ធខួប ២៥ ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor)។ គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងបន្ទាប់ពីមានការដាក់បញ្ចូលរមណីយដ្ឋានអង្គរនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្រោមការជួយជ្រោមជ្រែងពីប្រទេសបារាំង។ រហូតដល់បច្ចុប្បន្នប្រទេសបារាំង និងជប៉ុនគឺជាសហប្រធានគណៈកម្មាធិការនេះ។
សព្វថ្ងៃយើងខិតខំថែរក្សាសម្បត្តិបេតិកភណ្ឌទាំងនេះ ដើម្បីទុកអោយប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរបរទេសទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតអាចគយគន់ប្រាសាទបុរាណដ៏ស្រស់សោភាជាយូរអង្វែងតរៀងទៅ។
កិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសយើងទាំង ២ មិនត្រឹមតែផ្តោតលើការអភិរក្សសម្បត្តិបេតិកភណ្ឌទាំងឡាយប៉ុណ្ណោះទេ គឺផ្តោតលើការលើកស្ទួយសិល្បករសហសម័យកម្ពុជាផងដែរតាមរយ:ការរៀបចំពិព័រណ៍ស្នាដៃរបស់ពួកគេនៅវិទ្យាស្ថានបារាំងប្រចាំកម្ពុជា ឬនៅស្ថានទូតបារាំងជាដើម។
ប្រជាជនកម្ពុជាជាច្រើនរួមទាំងសិល្បករទាំងនោះមួយចំនួនទទួលបានការបណ្តុះបណ្តាលនៅប្រទេសបារាំង។ បច្ចុប្បន្នពួកគេគឺជាស្ពានតភ្ជាប់ប្រទេសយើងទាំង ២ ដោយសារពួកគេពាំនាំយកមកជាមួយនូវអ្វីដែលពួកគេបានស្វែងយល់ពីប្រទេសបារាំង។
ទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រជាពលរដ្ឋនៃប្រទេសទាំង ២ បានធ្វើឱ្យទំនាក់ទំនងបារាំង-កម្ពុជាមានលក្ខណពិសេស។ ពួកគេគឺជាសសរទ្រូងនៃទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌នៃប្រទេសយើងទាំង ២។ យើងកំពុងរួមគ្នាបង្កើតភាពជាដៃគូដ៏ពិតប្រាកដមួយរវាងប្រទេសយើងទាំង ២។
ខ្ញុំសូមជូនពរដល់លោកអ្នកគ្រប់គ្នាទទួលបានភាពរីករាយក្នុងឱកាសនៃការប្រារព្ធបុណ្យជាតិបារាំង។ ទិវានេះគឺជាឱកាសមួយផងដែរដើម្បីឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើង ហើយខ្ញុំសូមរំឭកអំពីពាក្យពេចន៍ដ៏ពីរោះនៃបាវចនាជាតិបារាំងគឺ សេរីភាព សមភាព និងភាតរភាព។
ជយោប្រទេសបារាំង ជយោប្រទេសកម្ពុជា!
ដោយសារពេលនេះជារដូវកាលប្រកួត កីឡាបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ី ខ្ញុំសូមបញ្ចប់សារនេះជាមួយកីឡាបាល់ទាត់៖ ខំប្រឹងឡើងក្រុមជម្រើសជាតិបារាំង!