បុណ្យ​ជាតិ​បារាំង ​គឺ​ជា​ពេល​វេលា​ដ៏​មាន​អត្ថន័យ​សម្រាប់​ប្រជាពលរដ្ឋ​បារាំង​។ ទិវា​នេះ​គឺ​ជា​ឱកាស​ជួបជុំ​គ្នា​អបអរ​គុណ​តម្លៃ​របស់​យើង និង​អ្វី​ដែល​ប្រទេស ​បារាំង ​តំណាង​ឱ្យ ហើយ​វា​ក៏​ជា​ពេល​សប្បាយ​រីករាយ​ជាមួយ​មិត្តភក្តិ ​និង​ដៃគូ​ដែល​សកម្ម​ និង​គាំទ្រ​ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ច ព្រម​ទាំង​កិច្ច​សហប្រតិបត្តិការ​វិទ្យាសាស្ត្រ អប់រំ និង​វប្បធម៌​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​យើង​។

នៅ​ប្រទេស ​កម្ពុជា បុណ្យ​ជាតិ​បារាំង ​គឺ​ជា​ពេល​អបអរ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង ២​។ ព្រឹត្តិការណ៍​ជា​ច្រើន​ក្នុង​អំឡុង ​១២ ​ខែ​ចុង​ក្រោយ នេះ​បាន​ពង្រឹង​ចំណង​ផ្សារ​ភ្ជាប់​ដ៏​ល្អ​ឯក​រវាង​កម្ពុជា និង​បារាំង​។

ព្រះ​ករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​ទៅ​ទីក្រុង​ប៉ារីស ដើម្បី​ចូលរួម​ពិធី​អបអរ​ខួប ​២៥ ​ឆ្នាំ ​នៃ​ការ​បង្កើត​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ (ICC Angkor)​។

ពិធី​អបអរ​នេះ​ពិត​ជា​មាន​អត្ថន័យ​យ៉ាង​ក្រៃលែង​ព្រោះ​វា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ផ្លូវ​ដែល​យើង​បាន​ធ្វើ​ដំណើរ​ចាប់​តាំង​ពី​ពេល​បង្កើត ​ICC Angkor​ ភ្លាមៗ​បន្ទាប់​ពី​ការ​ដាក់​រមណីយដ្ឋាន​អង្គរ​នៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​។ ចាប់​ពី​ពេល​នោះ​មក ប្រទេស ​បារាំង ​បាន​ធ្វើ​ជា​សហ​ប្រធាន ​ICC Angkor ជាមួយ​ប្រទេស ​ជប៉ុន ដោយ​ផ្តល់​ការ​គាំទ្រ​ដល់​អាជ្ញាធរ​កម្ពុជា​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​តំបន់​អង្គរ​។ បច្ចុប្បន្ន ICC Angkor ត្រូវ​បាន​ចាត់​ទុក​ជា​ស្ថាប័ន​គំរូ ១ ​នៅ​ក្នុង​ពិភព​លោក​។

យើង​ក៏​មាន​កិត្តិយស​ផង​ដែរ ​ដែល​ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ដំបូង​នៅ​ប្រទេស ​បារាំង ដើម្បី​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​មួយ​រៀបចំ​ឡើង​ដោយ​ឯកឧត្តម ប្រ៊ុយណូ ឡឺមែរ រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​បារាំង​។ កិច្ច​ពិភាក្សា​ទេ្វភាគី​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ផ្លែផ្កា​។

យើង​ក៏​អាច​លើក​ឡើង​ផង​ដែរ​អំពី​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​របស់​គណៈប្រតិភូ​នៃ​សភាជាតិ​បារាំង​នៅ​កម្ពុជា​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​។

ឆ្នាំ​នេះ​យើង​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​សម្ព័ន្ធភាព​បារាំង (Alliance Française)​ នៅ​សៀមរាប ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​សិក្សា​ភាសា​បារាំង​។ យើង​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍ ​«​ផ្សារ​បារាំង​» ​ជា​លើក​ដំបូង​ផង​ដែរ ​នៅ​ក្នុង​ស្ថានទូត​បារាំង ​ដើម្បី​បង្ហាញ​អំពី​ផលិតផល ក្រុមហ៊ុន និង​ភាព​ជា​ដៃគូ​បារាំង​-​កម្ពុជា​។ យើង​ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយសារ​ក្នុង​អំឡុង​តែ ១ ​ថ្ងៃ​ប៉ុណ្ណោះ ​យើង​ទទួល​បាន​អ្នក​ចូល​ទស្សនា ​៨ ០០០ ​នាក់ ដែល​ភាគ​ច្រើន​ ជា​ជនជាតិ​ខ្មែរ​។

ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង ២ មាន​ការ​វិវឌ្ឍដ៏​វិជ្ជមាន​៖ ការ​ផ្លាស់ប្តូរ​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង ២ បាន​កើន​ឡើង​ ៣ ​ដង ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ ហើយ​កម្ពុជា​គឺ​ជា​គោលដៅ​ទី​៥ ​នៃ​ការ​វិនិយោគ​របស់​បារាំង​ក្នុង​តំបន់​អាស៊ាន​។

ធុរជន​បារាំង​ចំនួន ​១៥០ ​នាក់ ​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​អាស៊ាន​បាន​ជ្រើសរើស​ភ្នំពេញ​ជា​លើក​ដំបូង​សម្រាប់​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ខែ​មុន​។​

ក្នុង​រយៈពេល ​២៥ ​ឆ្នាំ ជំនួយ​ជាង ​៥៩៤ ​លាន​ដុល្លារ​អាមេរិក ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ​​ដើម្បី​គាំទ្រ​ដល់​ការ​រីក​លូតលាស់​ប្រកប​ដោយ​បរិយាប័ន្ន​នៅ​កម្ពុជា​។ ឆ្នាំ​នេះ​ផង​ដែរ គម្រោង​សំខាន់ៗ​ជា​ច្រើន​ត្រូវ​បាន​អនុវត្ត​ដោយ​ទីភ្នាក់ងារ AFD ជាមួយ​អាជ្ញាធរ​កម្ពុជា និង​ដៃគូ​ផ្តល់​ជំនួយ​ផ្សេង​ទៀត​នៅ​ក្នុង​វិស័យ​អាទិភាព​ដូចជា ការ​គ្រប់គ្រង​ទឹក និង​កាក​សំណល់ កសិកម្ម ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ថាមពល​។ ​នៅ​ក្នុង​ពិភព​មួយ​ដែល​កំពុង​ជួប​នឹង​បញ្ហា​ប្រឈម ​និង​ការ​គំរាមកំហែង​ជា​សកល​យ៉ាង​ច្រើន បារាំង​ និង​កម្ពុជា ​គឺ​ជា​ដៃគូ​នឹង​គ្នា​។

ឆ្នាំ​នេះ​ប្រទេស ​បារាំង ​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​ក្រុម​ប្រទេស ​G7 ​ហើយ​បាន​ប្រកាស​ដាក់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព​ជា​អាទិភាព​របស់​ខ្លួន​។ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​វិសមភាព​ក្នុង​វិស័យ​សុខាភិបាល ប្រទេស ​បារាំង ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​នៃ​មូលនិធិ​សកល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ របេង និង​គ្រុនចាញ់ ​នៅ​ថ្ងៃទី ​១០ ខែ តុលា ខាង​មុខ​។ បារាំង​ជា​ប្រទេស​ផ្តល់​ជំនួយ​ធំ​ទី២ ​ដល់​មូលនិធិ​សកល ហើយ​ប្រទេស ​កម្ពុជា ​ទទួល​បាន​លទ្ធផល​យ៉ាង​​ល្អ​ប្រសើរ​ក្នុង​ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ របេង និង​គ្រុនចាញ់​។ យើង​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ទាំង​នេះ ហើយ​សន្និសីទ​ខាង​លើ​នឹង​ជា​ឱកាស​ដ៏​សំខាន់​មួយ​ដើម្បី​គូស​បញ្ជាក់​ពី​ជោគជ័យ​របស់​មូលនិធិ​សកល និង​របស់​កម្ពុជា​។

នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ វេទិកា​អន្តរជាតិ​ទីក្រុង​ប៉ារីស​លើក​ទី​២ ​ស្តីពី​សន្តិភាព ​និង​អភិបាលកិច្ច ​នឹង​ត្រូវ​បាន​រៀបចំឡើង​។ លោក​​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ចង់​ឱ្យ​វេទិកា​នេះ​ក្លាយ​ទៅ​ជា​ជំនួប​មួយ​សម្រាប់​ពិភាក្សា​ពី​គម្រោង​ជាក់លាក់​ និង​មាន​លក្ខណ:​បង្កើត​ថ្មី​ដែល​អាច​ជួយ​កែលម្អ​ពិភព​លោក​ឱ្យ​កាន់​តែ​ប្រសើរ​។

កាល​ពី​ឆ្នាំ​មុន ប្រមុខរដ្ឋ​ និង​ប្រមុខ​រដ្ឋាភិបាល​ចំនួន ​៦៥ ​រូប អ្នក​អនុវត្ត​គម្រោង​ចំនួន ​១២១ ​នាក់ និង​តួអង្គ​សង្គម​ស៊ីវិល ​៦ ០០០ ​នាក់ ​បាន​ចូលរួម​ក្នុង​វេទិកា​នេះ​។ យើង​សូម​អំពាវនាវ​ដល់​អ្នក​អនុវត្ត​គម្រោង​ទាំង​អស់​នៅ​កម្ពុជា​អញ្ជើញ​មក​ទីក្រុង​ប៉ារីស ដើម្បី​ចូលរួម​ក្នុង​ឱកាស​ដ៏​កម្រ​នេះ​។

មុន​នឹង​បញ្ចប់ ខ្ញុំ​សូម​បញ្ជាក់​ថា ​ជា​ទម្លាប់​យើង​​រៀបចំ​បុណ្យ​ជាតិ​បារាំង​ដោយ​មាន​ការ​រាំ​កម្សាន្ត​។ ដូច្នេះ​នឹង​មាន​ពិធី​រាំ​កម្សាន្ត​នៅ​ថ្ងៃទី ​១៣ ខែ ​កក្កដា នៅ​ភ្នំពេញ និង​នៅ​ថ្ងៃទី ​១៤​ កក្កដា នៅ​សៀមរាប​។

សូម​ចូល​មើល​ទំព័រ​អ៊ីធឺណិត ឬ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​បារាំង ​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម និង​ទិញ​សំបុត្រ​ចូលរួម​។​

សូម​អញ្ជើញ​មក​កម្សាន្ត​រីករាយ​ជាមួយ​យើង​ខ្ញុំ​ទាំង​អស់​គ្នា!