នៅក្នុង​ឱកាស​ដ៏វិសេសវិសាល​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​ ៧០ ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ តាង​នាម​ឲ្យ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ខ្ញុំ​សូម​សម្តែង​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​បំផុត​ជូន​ចំពោះ​ជនរួមជាតិ​ចិន ដែល​កំពុង​សិក្សា​កំពុង​ធ្វើការ និង​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​កម្ពុជា​របស់​យើង​នៅ​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​ប្តេជ្ញាចិត្ត​លើកកម្ពស់​ចំណងមិត្តភាព​រវាង​ចិន-កម្ពុជា​។

ក្នុង​រយៈពេល​ ៧០ ​ឆ្នាំ​កន្លង​មក​នេះ​ប្រទេស​ចិន​បាន​ចៀស​ផុតពី​ភាពក្រីក្រ ឆ្ពោះ​ទៅ​រក​ភាពរុងរឿង និង​រឹងមាំ​។ ការអភិវឌ្ឍ​ចេញពី​ភាពក្រីក្រ និង​ភាពទទេ​សោះ​រហូត​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ ២ ​នៅក្នុង​ពិភពលោក សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​មិន​ត្រឹម​តែ​មាន​ការរីកចម្រើន​នៅក្នុង​បរិមាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រមទាំង​រចនាសម្ព័ន្ធ និង​ការលើកកម្ពស់​គុណភាព​របស់​វា​ផង​ដែរ​។

វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​ចិន​មាន​ការរីកចម្រើន​យ៉ាង​ឆាប់​រហ័ស ហើយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដែល​ជំរុញ​ដោយ​ការច្នៃប្រឌិត កំពុង​ត្រូវបាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​នឹង​សមិទ្ធផល​ដ៏គួរ​ឱ្យ​កត់សម្គាល់​ជាច្រើន​ដូចជា​ការធ្វើ​ដំណើរ​ទៅ​ទីអវកាស ការរុករក​នៅ​សមុទ្រ​ជ្រៅៗ ការអភិវឌ្ឍ​កុំព្យូទ័រ​ល្បឿន​លឿន និង​បច្ចេកវិទ្យា big data ជាដើម​។

ជីវភាព​រស់នៅ​របស់​ប្រជាជន​បាន​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង ខណៈ​ដែល​ប្រជាជន​ចិន​ជាង ៧០០ ​លាន​នាក់​បាន​រួច​ផុតពី​ភាពក្រីក្រ​គិត​ចាប់​តាំងពី​ការធ្វើ​កំណែទម្រង់ និង​ការបើកចំហ​ត្រូវបាន​ធ្វើឡើង​កាលពី​ជាង​ ៤០ ​ឆ្នាំ​មុន ហើយ​បច្ចុប្បន្ន​ប្រជាជន​យើង​ដែលមាន​ប្រាក់​ចំណូល​មធ្យម​រហូតដល់​ ៤០០ ​លាន​នាក់​ពោល​គឺ​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។

ការអប់រំ សេវាកម្ម​វេជ្ជសាស្ត្រ និង​គម្រោង​ទ្រទ្រង់​ជីវភាព​រស់នៅ​ជាច្រើន​ទៀត​កំពុង​ត្រូវបាន​អនុវត្ត​ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កំពុង​ប្រសើរឡើង​។ ទន្ទឹមនឹង​នេះដែរ ប្រទេស​ចិន​បាន​ក្លាយ​ជា​ក្បាលម៉ាស៊ីន​ដ៏សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ជាមួយ​នឹង​អត្រា​រួមចំណែក​ជាង​​ ៣០ ​ភាគរយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​។

ក្នុង​រយៈពេល ៧០ ​ឆ្នាំ​កន្លង​មក​នេះ​ប្រទេស​ចិន​បាន​បញ្ចូល​កម្លាំង​ជំរុញ​ថ្មី​ទៅក្នុង​សន្តិភាព​ពិភពលោក និង ការអភិវឌ្ឍ និង​ពង្រឹង​មុខមាត់​របស់​ខ្លួន​ក្នុង​នាម​ជា​មហាអំណាច​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​។

ប្រទេស​ចិន​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ សន្តិភាព លើក​កម្ពស់​សន្តិភាព និង​ការអភិវឌ្ឍ​មនុស្សជាតិ និង​ជំរុញ​ការបង្កើត​ឲ្យ​មាន​យុត្តិធម៌ និង​សមធម៌ និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​។

ទាំងអស់​នេះ​គឺ​បាន​ឆ្លុះបញ្ចាំង​នៅក្នុង​ករណី​មួយចំនួន ដូចជា​គំនិត​ផ្តួចផ្តើម​គោលការណ៍​ទាំង​ ៥ នៃ​ការរួមរស់​ដោយ​សន្តិភាព​រួមគ្នា​ជាមួយ​ប្រទេស​ជិតខាង​ជួយ​ដោះស្រាយ​បញ្ហា​អន្តរជាតិ និង​ក្នុង​តំបន់​ដូចជា​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ បញ្ហា​អាហ្វហ្គានីស្ថាន បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ជំរុញ​ការស្ថាបនា​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ​ក៏​ដូចជា​សហគមន៍​ជោគវាសនា​រួម​សម្រាប់​មនុស្សជាតិ​។

ដោយ​ត្រូវបាន​ទទួល​ស្គាល់ និង​កោតសរសើរ​កាន់តែ​ច្រើន គំនិត​ផ្តួចផ្តើម​របស់​ចិន និង​យុទ្ធសាស្ត្រ​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ប្រព័ន្ធ​អភិបាលកិច្ច​អន្តរជាតិ​។

ក្នុង​រយៈពេល ៧០ ​ឆ្នាំ​កន្លងមក​នេះ​ចំណង​មិត្តភាព​រវាង​ចិន-កម្ពុជា​បាន​ជម្នះ​រាល់​ឧបសគ្គ និង​បញ្ហា​អន្ដរជាតិ​នានា​ដែល​បាន​ធ្វើឲ្យ​ចំណង​មិត្តភាព​នេះ​កាន់តែ​រឹងមាំ និង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​គួរឱ្យ​កត់សម្គាល់​។

ប្រទេស​ទាំង​ ២ ​មាន​ជំហរ​ស្របគ្នា​ខ្ពស់​ក្នុង​ការ​ប្រឆាំង​នឹង​ការជ្រៀតជ្រែក​ពី​បរទេស និង​បន្ត​មាគ៌ា​នៃ​ការអភិវឌ្ឍ​ស្របតាម​លក្ខខណ្ឌ​ជាតិ​។

យើង​ចែករំលែក​គោលដៅ​តែមួយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ផលប្រយោជន៍​រួម​ក្នុង​ការការពារ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ការកសាង​គំរូ​ថ្មី​នៃ​ទំនាក់ទំនង​អន្តរជាតិ​។

ប្រទេស​ចិន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ប្រកាន់ខ្ជាប់​គោលការណ៍​ចិន​តែមួយ​ដោយ​មិន​ងាករេ​។

យើង​រីករាយ​ក្នុង​ការធ្វើការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​សំខាន់ៗ​ដែល​បាន​សម្រេច​ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​យើង ដូចជា​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់ និង​ផ្លូវ និង​យុទ្ធសាស្ត្រ​ចតុកោណ ដោយ​រួមគ្នា​កសាង​សហគមន៍​ជោគ​វាសនា​រួម​ជាមួយ​យុទ្ធសាស្ត្រ​ដ៏មាន​សារៈសំខាន់ និង​នាំមក​នូវ​អត្ថប្រយោជន៍​ជាក់ស្តែង​បន្ថែម​ទៀត​ដល់​ប្រទេស​ និង​ប្រជាជន​ទាំង​ ២​។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​គឺជា​កាសែត​ភាសា​អង់គ្លេស​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អ្នកអាន​ជាច្រើន​។

ហើយ​ខ្ញុំ​ក៏​ចង់​ឆ្លៀត​យក​ឱកាស​នេះ​ថ្លែង​អំណរគុណ​ដល់​មិត្ត​អ្នកអាន​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ និង​គាំទ្រ​ដល់​ទំនាក់ទំនង​រវាង​ចិន-កម្ពុជា​។

ខ្ញុំ​រំពឹង​ថា​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នឹង​ដើរតួនាទី​កាន់តែ​ធំ​នៅក្នុង​ការធ្វើឲ្យ​ចំណង​មិត្តភាព​ទ្វេភាគី​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រជាជន​ចិន និង​កម្ពុជា​៕