តាង​នាម​ឲ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​គោរព​អញ្ជើញ​ប្រជាជន​កម្ពុជា​ទាំងអស់​ចូលរួម​ជាមួយ​ជនជាតិ​អាមេរិក​នៅ​គ្រប់​ទីកន្លែង ដើម្បី​អបអរ​ទិវា​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋអាមេរិក​ថ្ងៃទី​ ៤ ខែ​កក្កដា​។ នៅ​ថ្ងៃនេះ​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​មាន​មោទនភាព​ក្នុង​ការអបអរសាទរ​ទិវា​ឯករាជ្យ​លើក​ទី​ ២៤៤ របស់​យើង និង​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំង​ ២​។

សហរដ្ឋអាមេរិក​ និង​ប្រទេស​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​លើក​ដំបូង​កាលពី ៧០ ​ឆ្នាំ​មុន​ក្នុង​ខែ​នេះ​គឺ​ខែ​កក្កដា ឆ្នាំ​ ១៩៥០ នៅពេល​ដែល​ប្រេសិត​អាមេរិក​លោក Donald R. Heath បាន​ថ្វាយ​សារតាំង​ជូន​ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ​។ ពេលនោះ​គឺ​ ៣ ​ឆ្នាំ​មុន​កម្ពុជា​ទទួល​បាន​ឯករាជ្យ​របស់ខ្លួន ហើយ​បន្ទាប់មក​សហរដ្ឋអាមេរិក​បាន​ចូលរួម​វិភាគទាន​ជាច្រើន​ដល់​ការអភិវឌ្ឍ​ដំបូងៗ​របស់​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​សេរីភាព និង​ឯករាជ្យ​។

ឆ្នាំនេះ​គឺជា​ឆ្នាំ​ដ៏ពិសេស​សម្រាប់​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក-កម្ពុជា​។ ដោយ​សហការ​ជាមួយ​មិត្ត​កម្ពុជា​ និង​ដៃគូ​របស់​យើង យើង​រំឭក​ខួប​នៃ​ចំណង​ការទូត​ខួប​លើក​ទី​ ៧០ ដោយ​គូសបញ្ជាក់​ពី​ផ្នែក​នៃ​កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ និង​គុណតម្លៃ​រួមគ្នា​របស់​យើង ហើយ​និង​ទំនាក់ទំនង​យូរលង់​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​អាមេរិក​។

ក្នុង​ខែ​នីមួយៗ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ផ្តោតលើ​វិស័យ​មួយ​នៃ​កិច្ចសហប្រតិបត្តិ​ការប្រកប​ដោយ​ចីរភាព​របស់​យើង ដែល​រួមមាន​កសិកម្ម យុវជន ការអប់រំ ពាណិជ្ជកម្ម សមភាព​យេនឌ័រ បរិស្ថាន លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាដើម​។ ភាព​ជា​ដៃគូ​របស់​យើង​បាន​ផ្តល់​នូវ​លទ្ធផល​វិជ្ជមាន​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​ការស្តារ​ឡើងវិញ​ក្រោយ​មាន​ការវិវាទ​គ្នា ការទទួល​ខុសត្រូវ ការអភិវឌ្ឍ​សេដ្ឋកិច្ច ការធ្វើឲ្យ​ប្រសើរឡើង​ផ្នែក​អាហារូបត្ថម្ភ សមាហរណកម្ម​តំបន់ ការពង្រីក​ពាណិជ្ជកម្ម និង​ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​។ សហរដ្ឋអាមេរិក​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ផងដែរ​។ យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការជួយជ្រោមជ្រែង​របស់​ប្រទេស​កម្ពុជា​ក្នុង​ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​ក្នុងសម័យ​សង្គ្រាម​ឥណ្ឌូចិន និង​ចំពោះ​ការចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​។

ប្រៀប​ដូច​ក្រុមគ្រួសារ និង​អ្នក​ជិតខាង​គ្នា​ដែរ ក្នុង​រយៈពេល​ ៧០ ​ឆ្នាំ​កន្លង​មក​នេះ យើង​បាន​ពុះពារ​ការខ្វែង​គំនិត​គ្នា​ខ្លះ​។ ទោះយ៉ាងណា​ក្តី គ្រឹះ​នៃ​ចំណងមិត្តភាព​រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​នៅតែ​មាន​ជា​បន្ត​៖ គឺ​មាន​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ដែល​នៅតែ​រឹងមាំ អង្គការ​ក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ សិស្ស និស្សិត ក្រុមហ៊ុន​អាជីវកម្ម​ និង​ទេសចរ ដែល​ជំរុញ​ឲ្យ​មាន​ការយល់ដឹង និង​ពង្រឹង​ចំណងមិត្តភាព​ដែល​ធ្វើឲ្យ​យើង​ឆ្លង​ផុត​រាល់​បញ្ហា​ប្រឈម​ទាំងឡាយ ដូចជា​ជំងឺ​រាតត្បាត​សកល​នាពេល​បច្ចុប្បន្ន​ផងដែរ​។

យុត្តិធម៌ និង​សមភាព​គឺជា​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក និង​ប្រជាជាតិ​របស់​យើង​។ ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​នេះ យើង​មាន​មោទនភាព​នឹង​ប្រវត្តិសាស្ត្រ​របស់​យើង ទោះបី​យើង​សូម​ទទួល​ស្គាល់​ថា យើង​មិនមែន​សុទ្ធតែ​បំពេញ​បាន​តាម​ឧត្តមគតិ​នៃ​ការបង្កើត​ប្រទេស​របស់​យើង​ក៏ដោយ​។ តាមរយៈ​ការចូលរួម​ពេញលេញ និង​ដោយ​សេរី​នៃ​សំឡេង​ប្រជាជន​អាមេរិក​ទាំងអស់ យើង​អាច​នាំមក​នូវ​ការផ្លាស់ប្តូរ​ដោយ​សន្តិវិធី ដើម្បី​ក្លាយជា “​សហភាព​ដែល​ល្អឥតខ្ចោះ​ជាង​មុន​” ដែល​ជា​គោលបំណង​របស់​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​។

ដូច​កាលពី​ ៧០ ​ឆ្នាំមុន​ដែរ ពេលនេះ​ប្រជាជន​អាមេរិក​មានការ​ប្តេជ្ញា​ក្នុង​ការធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សេចក្តីសុខ វិបុលសុខ និង​ឯករាជ្យ និង​ជួយ​ប្រជាជន​កម្ពុជា​ទាំងអស់​ឱ្យ​រីករាយ​នឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​។ សូម​អរគុណ​ចំពោះ​ការចូលរួម​ជាមួយ​យើង​ក្នុង​ការអបអរ​ខួប​លើក​ទី ២៤៤ នៃ​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋអាមេរិក និង​ក្នុងការ​សម្លឹង​ទៅរក​ចំណង​មិត្តភាព​ច្រើន​ឆ្នាំ​ទៅមុខ​ទៀត រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​៕