ខ្ញុំសូមគោរពជម្រាបសួរចំពោះប្រជាជនឥណ្ឌា និងមិត្តភក្តិរបស់ប្រទេសឥណ្ឌាទាំងអស់នៅក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិឥណ្ឌាលើកទី ៧៤។ ថ្ងៃសៅរ៍គឺជាខួបនៃឯករាជភាពរបស់ឥណ្ឌា ដែលជាពេលយើងអបអរចំពោះសមិទ្ធផលយ៉ាងច្រើនដែលយើងទទួលបាន និងការខិតខំប្រឹងប្រែងជម្នះរាល់បញ្ហាប្រឈម ដើម្បីឆ្ពោះទៅរកអនាគតកាន់តែប្រសើរសម្រាប់គ្រប់កិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិរបស់យើងនៅទូទាំងសកលលោក។
ពិភពលោកកំពុងឆ្លងកាត់បញ្ហាដែលមិនធ្លាប់កើតមានពីមុនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនយ៉ាងខ្លាំង ហើយដើម្បីអាចយកជម្នះបញ្ហាទាំងនេះបានមានតែតាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប៉ុណ្ណោះ។
ចំណងមិត្តភាពរវាងកម្ពុជា-ឥណ្ឌាមានលក្ខណៈជាប្រវត្តិសាស្ត្រ និងមានភាពរឹងមាំ។ ទំនាក់ទំនងរវាងប្រទេសទាំង ២ បានជួយពង្រីកដល់វិស័យជាច្រើនក្នុងនោះរួមមានទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ និងសាសនាផងដែរ។ ទំនាក់ទំនងជាប្រពៃណីរវាងឥណ្ឌា និងកម្ពុជាមានទាំងនៅក្នុងផ្នែកតន្ត្រី របាំ ស្ថាបត្យកម្ម ទស្សនវិជ្ជា ភាសា សាសនា និងសូម្បីតែពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
នៅក្នុងសម័យទំនើប ទំនាក់ទំនងមាននៅក្នុងវិស័យជាច្រើនទៀតដូចជា ជំនួយមនុស្សធម៌ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ការកសាងសមត្ថភាព ការបណ្តុះបណ្តាល ពាណិជ្ជកម្ម និងការវិនិយោគ ជំនួយក្នុងគម្រោងអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សមត្ថភាពការពារជាតិ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចសហការនៅលើឆាកអន្តរជាតិ។
ទោះបីជាឆ្នាំនេះបានចាប់ផ្តើមជាមួយនឹងបញ្ហាប្រឈមថ្មីនៃជំងឺរាតត្បាតកូវីដ១៩ក្តីក៏កិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងនៅតែមាន និងមិនថមថយចុះនោះទេ។ ជាការពិតណាស់ មានភាពរអាក់រអួលមួយចំនួននៅក្នុងខែមីនា និងខែមេសាដែលត្រូវឱ្យកម្មវិធី ហើយកាលវិភាគដែលបានគ្រោងទុកជាច្រើនរបស់យើងត្រូវបានពន្យារពេល។ ទោះជាយ៉ាងណាទាំងកម្ពុជា និងឥណ្ឌាបានជម្នះបញ្ហាប្រឈមថ្មីនេះ និងបានរកឃើញវិធីនៃកិច្ចសហប្រតិបត្តិការនៅក្នុងបរិយាកាសថ្មី។
កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានសន្ទនាតាមទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិភាក្សាអំពីការរីករាលដាលនៃវីរុសកូរ៉ូណា និងមធ្យោបាយនៃការចូលរួមក្រោមការផ្លាស់ប្តូរតាមកាលៈទេសៈ។
ប្រទេសទាំង ២ មានពលរដ្ឋរបស់ខ្លួនជាប់នៅក្នុងទឹកដីរបស់ប្រទេសនីមួយៗដោយសារតែការរឹតបន្តឹងការធ្វើដំណើរដែលបានដាក់ចេញដោយប្រទេសនៅក្នុងតំបន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ទោះយ៉ាងណា រដ្ឋាភិបាលឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជាបានជួយសម្រួលឲ្យមានជើងហោះហើរដើម្បីជម្លៀសពលរដ្ឋជាប់គាំងដោយផ្ទាល់ពីប្រទេសកម្ពុជា និងឥណ្ឌា។
នៅក្រោមបេសកកម្ម Vande Bharat ប្រទេសឥណ្ឌាបានជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសកម្ពុជាតាមជើងហោះហើរចំនួន ២ ដោយមួយជារបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌា Air India និងមួយទៀតជាយន្តហោះឯកជន។ ដូចគ្នានេះដែរប្រទេសកម្ពុជាក៏បានជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសឥណ្ឌាតាមរយៈជើងហោះហើរ (charter flight) ហើយអ្នកនៅសល់បានត្រឡប់មកប្រទេសកម្ពុជាវិញតាមរយៈជើងហោះហើរពិសេស Air India។
ជើងហោះហើរនេះក៏បានដឹកជនជាតិខ្មែរមួយចំនួនដែលជាប់គាំងនៅទីក្រុង Male ដែលត្រូវបានជម្លៀសចេញតាមជើងហោះហើរពិសេសរបស់ Air India ចេញពីទីក្រុង Male មកកាន់ទីក្រុងញូវដែលី។ ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាសម្រាប់ការជួយដល់ដំណើរការជម្លៀសនេះ។ ខ្ញុំក៏សូមអរគុណ និងកោតសរសើរចំពោះក្រសួងសុខាភិបាលដែលបានពង្រីកកិច្ចសហប្រតិបត្តិការក្នុងការជម្លៀសប្រជាជនឥណ្ឌាដែលមានជំងឺធ្ងន់ធ្ងរ។
យើងក៏បានមើលឃើញផងដែរថា ការនាំចេញ និងនាំចូលទំនិញក្នុងកំឡុងពេលនេះមិនមានការរំខានច្រើនឡើយ ហើយឥណ្ឌាបានធានាថា រាល់ការនាំចូលឱសថចាំបាច់ពីកម្ពុជានឹងមិនរងផលប៉ះពាល់។ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាមានការកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពាណិជ្ជកម្មសរុបរវាងប្រទេសទាំង ២ ក្នុងឆ្នាំ ២០១៧ មាន ១៦៨,០២ លានដុល្លារអាមេរិកដែលកើនឡើង ៣៥ ភាគរយក្នុងឆ្នាំ ២០១៨ រហូតដល់ ២២៧,២៣ លានដុល្លារអាមេរិក និងកើនឡើង ១០,១៩ ភាគរយក្នុងឆ្នាំ ២០១៩ ដល់ ២៥០,៤១ លានដុល្លារ។
ដោយសារតែការថយចុះតម្រូវការ និងការរំខានដល់សេដ្ឋកិច្ច យើងគិតថាពាណិជ្ជកម្មនឹងធ្លាក់ចុះនៅក្នុងឆ្នាំនេះ ប៉ុន្តែយើងមានសុទិដ្ឋិនិយមថា ស្ថានភាពនេះនឹងប្រសើរឡើងវិញនៅឆ្នាំក្រោយ។
យើងរីករាយដែលក្រសួងពាណិជ្ជកម្មកម្ពុជាបានព្រមព្រៀងជាមួយលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមការងារចម្រុះស្តីពីពាណិជ្ជកម្មទ្វេភាគី។ យើងក៏ពិចារណាអំពីបំណងប្រាថ្នារបស់កម្ពុជាក្នុងការចាប់ផ្តើមការចរចាទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងឥណ្ឌា។
ទោះបីជំងឺរាតត្បាតនៅតែបន្តក្តី ក៏ឥណ្ឌាមិនបញ្ឈប់សូម្បីតែជាបណ្ដោះអាសន្នចំពោះការងារជួសជុល និងអភិរក្សប្រាសាទតាព្រហ្ម។
យើងក៏បានបន្តគម្រោងសហប្រតិបត្តិការផ្សេងទៀតដូចជាការបន្តធ្វើជាប្រធាន ក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៌ (ICCR) និងទស្សនវិជ្ជានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ការបង្រៀនយូហ្គា និងលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ និងគ្មានភាពតានតឹង ការចែកចាយថ្នាំពេទ្យ ម៉ាស់ និងសម្ភារសុខាភិបាលផ្សេងទៀតដើម្បីការពារជំងឺកូវីដ១៩។ យើងក៏បានបន្តការគាំទ្រ និងការផ្តល់មូលនិធិដល់គម្រោង Quick Impact Projects ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន។
ក្នុងឆ្នាំនេះយើងបានផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន ១៥ ដែលកំពុងដំណើរការនៅតាមក្រោមមន្ទីរ និងក្រសួងផ្សេងៗនៃប្រទេសកម្ពុជា។ នៅក្រោមកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចរបស់ឥណ្ឌា បន្ថែមពីលើវគ្គបណ្តុះបណ្តាលដែលត្រូវបានផ្តល់ជូនដៃគូផ្សេងទៀត យើងបានរៀបចំវគ្គបណ្តុះបណ្តាលតាមតម្រូវការពិសេសសម្រាប់មន្ត្រី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង មន្ត្រីក្រសួងយុត្តិធម៌។
ការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចសហប្រតិបត្តិការការពារជាតិ ជាពិសេសការដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាព គឺអាចមើលឃើញតាមរយៈការបណ្តុះបណ្តាល និងកម្មវិធីកសាងសមត្ថភាពផ្សេងៗរបស់យើង ហើយកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយចំនួន ១,៥ លានដុល្លារអាមេរិកសម្រាប់ជួយទិញ ឧបករណ៍ដោះមីននៅកម្ពុជា។ យើងធ្លាប់ប្រគល់សុនខហិតក្លិនផ្ទុះចំនួន ១៥ ក្បាល ហើយយើងក៏កំពុងពិចារណាលើការស្នើសុំបន្ថែមទៀត។ ក្នុងដំណើរទស្សនកិច្ចសុច្ឆន្ទៈជាទៀងទាត់នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២ គ្រឿងគឺនាវា Kiltan និង Sahyadri បានមកកាន់ប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០១៩។
ប្រទេសឥណ្ឌាក៏ប្តេជ្ញាធ្វើឱ្យមានការតភ្ជាប់កាន់តែប្រសើរជាមួយតំបន់អាស៊ាន។ កិច្ចប្រជុំកំពូលតាមអនឡាញ និងពិព័រណ៍ដែលរៀបចំឡើងដោយ CII ស្តីពី «Indo ASEAN Oceanic Business Meet and Expo» បានប្រមូលផ្តុំរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធដទៃទៀតមកពីឥណ្ឌា អាស៊ាន និងប្រទេសមកពីតំបន់អូសេអានី ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយដើម្បីកែលម្អរូបវន្ត ចំណេះដឹង និងការតភ្ជាប់ឌីជីថលនៅក្នុងតំបន់។
ឥណ្ឌាក៏មានកម្មវិធីសុខភាព និងការកសាងសមត្ថភាពជាច្រើនទៀតស្ទើរតែជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់។ ប្រទេសកម្ពុជាបានចូលរួមនៅក្នុងវេទិកាទាំងនេះហើយខ្ញុំមានទំនុកចិត្តថា ការចែករំលែកបទពិសោធនៅលើវេទិកាទាំងនេះនឹងជួយគ្នាទៅវិញទៅមក រៀបចំយុទ្ធសាស្ត្រ ដើម្បីជម្នះឧបសគ្គបច្ចុប្បន្ន និងកសាងអនាគតដ៏ល្អប្រសើរសម្រាប់យើងទាំងអស់គ្នា។
ខ្ញុំជឿជាក់ថា ប្រជាជនឥណ្ឌា និងកម្ពុជាមានអនាគតដ៏ភ្លឺស្វាង ហើយប្រទេសទាំង ២ មានសក្តានុពលដ៏ច្រើនសម្រាប់បង្កើនផលិតភាព។ ខ្ញុំសូមជូនពរឱ្យចំណងមិត្តភាពរវាងប្រទេសយើងទាំង ២ កាន់តែរឹងមាំ។ នៅទីបញ្ចប់ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕