ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ប្រជាជនម៉ាឡេស៊ី ពីព្រោះជាថ្ងៃប្រាព្ធទិវាបុណ្យជាតិគម្រប់ខួបលើកទី ៦២ របស់យើង។ ខ្ញុំសូមអបអរសាទរ និងជូនពរដល់ពលរដ្ឋម៉ាឡេស៊ីនៅគ្រប់ទិសទី!
ប្រទេសម៉ាឡេស៊ីប្រហែលមិនអាចមានវត្តមានរហូតមកដល់សព្វថ្ងៃនេះទេ ប្រសិនបើគ្មានការលះបង់ពីបុព្វបុរសដែលជាស្ថាបនិករបស់យើង។ ដូច្នេះសូមកុំឲ្យយើងភ្លេច និងត្រូវធ្វើឲ្យប្រាកដប្រជាជាមួយនឹងអ្វីដែលពួកគាត់ខិតខំបន្សល់ទុកសម្រាប់ពួកយើង។
ការលះបង់របស់ពួកគាត់បានធានាថាយើងអាចរៀបចំផ្លូវដើរផ្ទាល់ខ្លួន ដោយឯកភាព វិបុលភាព និងការអភិវឌ្ឍដែលគ្មានការជ្រៀតជ្រែកពីខាងក្រៅ។ យើងមិនអាចអរគុណពួកគាត់គ្រប់គ្រាន់នោះទេ។ ដូច្នេះយើងជំពាក់វីរបុរសរបស់យើង ដើម្បីធានាថាសេរីភាព ស្ថិរភាព និងវឌ្ឍនភាពនៅតែបន្តមានជានិច្ច។ នេះគឺជាការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់ប្រជាជនម៉ាឡេស៊ីគ្រប់រូប។
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះប្រទេសម៉ាឡេស៊ីបានអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យតាមរយៈការខិតខំប្រឹងប្រែង និងលះបង់របស់ប្រជាជនម៉ាឡេស៊ីទាំងក្នុង និងក្រៅប្រទេស។ ប្រជាជនម៉ាឡេស៊ីដែលកំពុងប្រកបអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាបានធ្វើជាគំរូដ៏ល្អ និងបញ្ជាក់ពីភាពវិជ្ជមានចំពោះប្រទេសដ៏ជាទីស្រឡាញ់របស់ខ្លួន ដោយបង្ហាញអំពីការឧស្សាហ៍ព្យាយាម ភាពស្មោះត្រង់ និងអាកប្បកិរិយាប្រកបដោយសុជីវធម៌។
ទោះយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាអាចយល់ស្របថាសមិទ្ធផលរបស់យើងមិនគួរបញ្ចប់ត្រឹមនេះទេ។ គន្លងនៃវឌ្ឍនភាពរបស់យើងនឹងត្រូវរីកចម្រើនបន្ថែមទៀត ដោយការបង្កើនប្រសិទ្ធភាពផលិតកម្ម កម្រិតការប្រើប្រាស់ធនធានហើយអ្វីដែលសំខាន់បំផុតនោះគឺការលុបបំបាត់អំពើពុករលួយ។
ដូច្នេះនៅពេលដែលប្រទេសរបស់យើងស្វាគមន៍យុគអភិបាលកិច្ចថ្មី ប្រធានបទសម្រាប់ការប្រារព្ធ ទិវាបុណ្យជាតិនៅក្នុងឆ្នាំនេះគឺ Sayangi Malaysiaku: Malaysia Bersih (ស្រឡាញ់ប្រទេសម៉ាឡេស៊ីរបស់ខ្ញុំ, ប្រទេសម៉ាឡេស៊ីដ៏ស្អាតស្អំ) គឺមានអត្ថន័យដ៏វិសេសវិសាលបំផុត។
ស្របនឹងបញ្ហានេះក្នុងនាមជាឯកអគ្គរាជទូតនៃប្រទេសរបស់យើង ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋម៉ាឡេស៊ីទាំងអស់នៅទីនេះ ធានាឲ្យបាននូវរូបភាពដ៏ល្អ និងភាពស្មោះត្រង់ក្នុងកម្រិតមួយដ៏ខ្ពស់បំផុតទៅតាមវិស័យរៀងៗខ្លួន។
បងប្អូនជនរួមជាតិជាទីរាប់អាន ប្រសិនបើអ្វីៗដែលយើងធ្វើគឺស្ថិតនៅក្នុងស្មារតី ដើម្បីភាពរុងរឿង និងឧត្តមភាពរបស់ប្រទេសម៉ាឡេស៊ីដ៏ជាទីស្រឡាញ់របស់យើង ប្រសិនបើយើងធ្វើអ្វីដើម្បីលុបបំបាត់ភាពក្រីក្រក៏ដូចជាដើម្បីអនុវត្តកាតព្វកិច្ចរបស់យើងសម្រាប់ប្រទេសជាតិ នោះយើងនឹងទទួលបាននូវសមិទ្ធផលកាន់តែធំ និងជំរុញប្រទេសដ៏អស្ចារ្យរបស់យើងឲ្យកាន់តែធ្វើដំណើរឆ្ពោះទៅមុខ។
ក្នុងនាមជាជាតិសាសន៍មួយ និងប្រជាជាតិមួយ សូមឲ្យពាក្យ «ស្រឡាញ់ប្រទេសម៉ាឡេស៊ីរបស់ខ្ញុំ, ប្រទេសម៉ាឡេស៊ីដ៏ស្អាតស្អំ» ដក់ជាប់នៅក្នុងដួងចិត្ត និងគំនិតរបស់យើងទាំងអស់គ្នា។
យើងគួរតែមានទំនុកចិត្តបែបនេះជាមួយនឹងការលះបង់ និងកិច្ចខិតខំប្រឹងប្រែង នោះយើងនឹងទទួលបាននូវធនធានចាំបាច់ និងសមត្ថភាពក្នុងការធ្វើ ហើយការផ្លាស់ប្តូរដ៏ធំនឹងកើតឡើង។ បន្ទាប់មកការតាំងចិត្តរបស់យើងនឹងប្តូរទៅជាសមិទ្ធផលដ៏អស្ទារ្យ។
ខណៈដែលយើងប្រារព្វទិវាបុណ្យជាតិដ៏រីករាយនេះ ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្តកម្ពុជា ជាបងប្អូនអាស៊ានរបស់យើង ដែលយើងបានរក្សានូវទំនាក់ទំនងដ៏ល្អបំផុត។
ប្រជាជនរបស់យើងមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ និងមានអត្ថន័យនៅក្នុងនយោបាយ សេដ្ឋកិច្ច សាសនា និងវប្បធម៌ តាំងតែពីមុនការបង្កើតទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី-កម្ពុជាចាប់ពីឆ្នាំ ១៩៥៧ មកម្ល៉េះ។ វិនិយោគិនម៉ាឡេស៊ីស្ថិតក្នុងចំណោមវិនិយោគិនដំបូងគេដែលបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយយើងបានរួមសុខទុក្ខជាមួយគ្នា។
បច្ចុប្បន្នប្រទេសម៉ាឡេស៊ីគឺជាវិនិយោគិនធំលំដាប់ទី ៤ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំជឿជាក់ថាតាមរយៈចំណងមិត្តភាពដ៏រឹងមាំរបស់យើង ប្រទេសម៉ាឡេស៊ីអាចនឹងឈានដល់លំដាប់ទី ១ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ដូច្នេះចូរយើងបន្តខិតខំធ្វើ ដំណើរឆ្ពោះទៅមុខរួមគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។
ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមជូនពរជនរួមជាតិជាទីស្រឡាញ់របស់ខ្ញុំ សូមជួបតែសេចក្តីសុខ និងរីកចម្រើនគ្រប់ភារកិច្ច។ យើងទាំងអស់គ្នាគឺជាកូនប្រុសស្រីរបស់ប្រទេសម៉ាឡេស៊ី។ នេះគឺជាចំណងរួបរួមដ៏រឹងមាំរបស់យើង។ សូមឲ្យយើងទាំងអស់គ្នាចងចាំជានិច្ចថា សាមគ្គីភាពគឺជាកម្លាំងមូលដ្ឋានដ៏សំខាន់របស់យើងក្នុងនាមជាប្រជាជន និងជាប្រជាជាតិមួយ។
សូមឱ្យយើងបន្តធ្វើការជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងភាពស្មោះត្រង់គឺជាភក្តីភាពដែលមិនអាចបំបែកបំបាក់បាន សម្រាប់ភាពរុងរឿងនៃប្រជាជាតិដ៏ជាទីស្រឡាញ់របស់យើង៕