ជម្រាបសួរ!
ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចែករំលែកសារជូនពរជាមួយប្រជាជនកម្ពុជាក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះចៅអធិរាជជប៉ុន។
កាលពីឆ្នាំមុនព្រះករុណា ព្រះចៅអធិរាជ ណារូហ៊ីតូ បានឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៩ ហើយរជ្ជកាលថ្មី «រេវ៉ា» ក៏បានចាប់ផ្តើមផងដែរ។ ខ្ញុំសូមសម្តែងថ្លែងនូវអំណរព្រះគុណថ្វាយចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានយាងព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុនដើម្បីព្រះរាជវត្តមានក្នុងព្រះរាជពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុនដែលបានប្រារព្ធឡើងកាលពីខែតុលា ឆ្នាំ ២០១៩ កន្លងទៅ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជាដែលបានផ្ញើសារអបអរសាទរយ៉ាងសន្ធឹកសន្ធាប់តាមរយៈសារលិខិត និងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនថ្វាយចំពោះព្រះករុណា ព្រះចៅអធិរាជជប៉ុន និងប្រជាជនជប៉ុនផងដែរ។
បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាកាលពីចុងខែកញ្ញាឆ្នាំមុន ខ្ញុំបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា ហើយនេះគឺបានបង្ហាញពីមិត្តភាព និងទំនុកចិត្តដ៏រឹងមាំរវាងប្រជាជនជប៉ុន និងកម្ពុជាដែលរីកលូតលាស់ តាមរយៈកិច្ចសហប្រតិបត្តិការនានាអស់រយៈពេលជាយូរមកហើយ។
ខ្ញុំក៏មានសេចក្តីរីករាយឥតឧបមាដែលថ្មីៗនេះបានឃើញទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំង ២ ត្រូវបានពង្រឹងបន្ថែមទៀតដោយការកើនឡើងនៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនលើវិស័យផលិតកម្ម សេវាកម្ម ហិរញ្ញប្បទាន ការធានារ៉ាប់រង និងអចលនទ្រព្យជាដើម។ ទំហំពាណិជ្ជកម្មក៏មានការកើនឡើងពី ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ ទៅ ២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។
ខ្ញុំក៏មានមោទនភាពដែលប្រទេស ជប៉ុន បាននិងកំពុងចូលរួមគាំទ្រដល់កម្ពុជា ក្នុងការកសាងសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍនានា ដោយឈរលើលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០។ ថ្មីៗនេះប្រទេសជប៉ុនក៏កំពុងធ្វើការដើម្បីរកដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមនានាដែលបណ្តាលមកពីការអភិវឌ្ឍថ្មីៗ និងនគរូបនីយកម្មយ៉ាងឆាប់រហ័សផងដែរ តួយ៉ាងដូចជា តម្រូវការកែលម្អប្រព័ន្ធបង្ហូរទឹកកខ្វក់ ការរៀបចំទុកដាក់សំរាម ការកកស្ទះចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។ ប្រទេសជប៉ុនក៏បាននិងកំពុងជួបប្រទះនូវបញ្ហាទាំងនេះតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ដូច្នេះពិតជារីករាយដែលអាចចែក រំលែកបទពិសោធរបស់ខ្លួនជាមួយប្រជាជនកម្ពុជាដើម្បីដោះស្រាយនូវបញ្ហាកំពុងប្រឈម។
ដោយឡែក ដោយសារការចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ និង រាជធានីភ្នំពេញកាលពីឆ្នាំ ២០១៦ ជាហេតុនាំឲ្យចំនួនភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើងគួរឲ្យកត់សម្គាល់ពីចំនួន ៥ ពាន់នាក់ក្នុងឆ្នាំ ២០១៣ ទៅ ២២ ពាន់នាក់ក្នុងឆ្នាំ ២០១៨ ខណៈតួលេខនៃចំនួនភ្ញៀវទេសចរជប៉ុនប្រមាណជា ២០០ ពាន់នាក់ បានមកលេងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។
ខ្ញុំមានបំណងចង់ជំរុញការផ្លាស់ប្តូរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង ២ ដើម្បីយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ។ ខ្ញុំជឿជាក់ថា កម្មវិធីផ្លាស់ប្តូររយៈពេលខ្លី “JENESYS” អាហារូបករណ៍រដ្ឋាភិបាលជប៉ុន “MEXT” និងកាកេហាស៊ីនឹងផ្តល់ឱកាសសម្រាប់យុវជនជប៉ុន និងកម្ពុជាដើម្បីកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់ប្រទេសយើងទាំង ២ នាពេលអនាគត។
ឆ្នាំនេះប្រទេស ជប៉ុន នឹងជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក តូក្យូ ២០២០។ ដូច្នេះយើងនឹងនាំយកនូវបរិយាកាស និងដួងព្រលឹងនៃព្រឹត្តិការណ៍នៃការប្រកួតកីឡាដ៏ធំបំផុតរបស់ពិភពលោកនោះជូនដល់ប្រជាជនកម្ពុជាក្នុងព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំរបស់យើងគឺ «មហោស្រពគីហ្សូណា» ដែលមានការសម្តែងនានានៃវប្បធម៌របស់ប្រទេសទាំង ២ និងសកម្មភាពជាច្រើនដែលអ្នកទស្សនាអាចចូលរួមសាកល្បងជាមួយគ្នា។ មហោស្រពគីហ្សូណាឆ្នាំនេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកុម្ភៈក្រោមប្រធានបទ «អានុភាពនៃកីឡា» ដូច្នេះនឹងមានកម្មវិធីកីឡាជាច្រើនផងដែរ។
ក្នុងឱកាសថ្ងៃបុណ្យជាតិនៃប្រទេស ជប៉ុន ខ្ញុំសូមប្រសិទ្ធពរ ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះករុណា ព្រះចៅអធិរាជ និងព្រះអធិរាជិនីនៃប្រទេសជប៉ុនព្រមទាំងប្រជាជនកម្ពុជា និងជប៉ុនសូមមាន ព្រះរាជសុខភាពល្អ ព្រះរាជសុភមង្គល ព្រះរាជវិបុលភាព និងសូមឲ្យមិត្តភាពជប៉ុន និងកម្ពុជាកាន់តែរីកចម្រើន៕