ខណៈ​សភាពាណិជ្ជកម្ម​អាមេរិក​បាន​ប្រារព្ធ​ខួប​ភាព​ជា​ដៃគូ​កម្ពុជា - អាមេរិក​រយៈពេល​ជាង​ ២៣ ​ឆ្នាំ​ក្នុង​ឆ្នាំ​ ២០១៩ នេះ​តាង​នាម​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​កោតសរសើរ​ដល់​សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (AmCham) ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​នឹង​ការផ្តល់​នូវ​ទស្សនៈ វិស័យ​ដ៏មាន​តម្លៃ​ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក​។

កម្ពុជា​ត្រូវ​បាន​ចាត់ទុក​ថា ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន​ជាងគេ​បំផុត​មួយ​នៅក្នុង​ពិភពលោក​។ គិត​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៤ មក​ប្រទេស​របស់​យើង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​រង្វង់​ ៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។

ផ្នែក​មួយ​នៃ​ការរីកចម្រើន​នេះ​ក៏​ជា​ចំណែក​មួយ​របស់​សមាជិក​សភាពាណិជ្ជកម្ម​អាមេរិក​ផង​ដែរ ដែល​បាន​មើលឃើញ​ឱកាស​របស់​ប្រជាពលរដ្ឋ​កម្ពុជា​វ័យក្មេង ស្មារតី​ជា​សហគ្រិន និង​ទីតាំង​យុទ្ធសាស្ត្រ​នៅ​ចំណុច​ផ្លូវ​បំបែក​នៃ​តំបន់​អាស៊ីអាគ្នេយ៍​។

កំណើន​សេដ្ឋកិច្ច​កាលពី​ឆ្នាំ​មុន​គឺ​មាន​ល្បឿន​លឿន​បំផុត​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ទស្សនវិស័យ​សម្រាប់​ឆ្នាំ​ ២០១៩ គឺ​កំពុង​មាន​ដំណើរការ​យ៉ាងរឹងមាំ​។

យើង​កំពុង​សម្លឹង​មើល​ដំណើរការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ និង​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ តាមរយៈ​ការគាំទ្រ​ពី​សភាពាណិជ្ជកម្ម យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​សករាជ​ថ្មី​មួយ​សម្រាប់​ប្រទេស​របស់​យើង​។ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ដែល​ជួយ​កំណត់​គោលនយោបាយ​ពាណិជ្ជកម្ម​សកល​។

ចំពោះ​ការកត់សម្គាល់​ និង​កោតសរសើរ​របស់​ខ្ញុំ​តាមរយៈ​ជំនួយ​របស់ AmCham ខ្ញុំ​បាន​ដឹកនាំ​បេសកកម្ម​ពាណិជ្ជកម្ម​ចំនួន​ ៣ ​លើក​ទៅ​កាន់​សហរដ្ឋអាមេរិក​នឹង​មាន​ផែនការ​ជាច្រើន​ទៀត​សម្រាប់​ពេល​អនាគត​។

ខ្ញុំ​ក៏​បាន​រួម​ដំណើរ​ជាមួយ​សមាជិក AmCham ទៅ​កាន់​ទីក្រុង​បាងកក និង​ប្រទេស​សិង្ហបុរី​ផង​ដែរ​ ដើម្បី​លើកកម្ពស់​ប្រទេស​កម្ពុជា​ជា​គោលដៅ​សម្រាប់​ការនាំចេញ​ និង​ការវិនិយោគ​របស់​សហរដ្ឋអាមេរិក​។

ខ្ញុំ​បាន​មើលឃើញ​ការគាំទ្រ​ជា​បន្តបន្ទាប់​ពី AmCham ដែល​វា​គឺជា​មធ្យោបាយ​ដ៏សំខាន់​នៅក្នុង​ការគូស​បញ្ជាក់​អំពី​ភាព​ទាក់ទាញ​របស់​ប្រទេស​កម្ពុជា​ដែល​ជា​មជ្ឈមណ្ឌល​វិនិយោគ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​។

ឆ្នាំ​ ២០១៩ ​នេះ​គឺជា​ឆ្នាំ​នៃ​ស្ថិរភាព និង​រក្សា​បាន​កំណើន​ដ៏រឹងមាំ​ជាមួយ​នឹង​សក្ដានុពល​ពាណិជ្ជកម្ម​សកល​។

យើង​ទទួល​ស្គាល់​អំពី​សារៈសំខាន់​នៃ​ការបន្ត​ស្ថិត​នៅ​ជួរមុខ​នៃ​តម្រូវការ​អភិវឌ្ឍ​ទីផ្សារ កសិកម្ម ការងារ និង​ការអប់រំ ទាំងនេះ​ជា​មូលហេតុ​ដែល​សភា​ពាណិជ្ជកម្ម​អាមេរិក​តែងតែ​ត្រូវ​បាន​ស្វាគមន៍​ជានិច្ច​ដើម្បី​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការជួយ​ដល់​គោលដៅ​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

ជាថ្មី​ម្តង​ទៀត ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​សភាពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំ​សូម​ជូនពរ​លោក លោកស្រី ឲ្យ​ទទួល​បាន​ជោគជ័យ​ និង​បន្ត​រីកចម្រើន​បន្ថែម​ទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕