អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​កន្លងមក​ដោយ​ទំហំ​ទ្រព្យសកម្ម​បាន​កើនឡើង​ពី​ប្រមាណ ៣.២១២ ​ប៊ីលាន​រៀល​ស្មើ​នឹង ៨០៩ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០០១ ដល់ ១៦៦.៣៥២ ប៊ីលាន​រៀល​ស្មើ​នឹង ៤១.៤០២ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៨ ដែល​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​ និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​កាន់តែច្រើន​។ ក្នុង​ឆ្នាំ​ ២០១៨ ចំនួន​ប្រជាជន​ពេញវ័យ​ជាង ៥០% បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ក្នុង​នោះ ២០% បាន​បើក​គណនី​ធនាគារ​។ សមិទ្ធផល​ដ៏ធំធេង​នេះ​អាច​សម្រេច​បាន​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​រក​ភាពសុខដុមរមនា និង​វឌ្ឍនភាព​ក្រោម​ដំបូល​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​។

ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព សុវត្ថិភាព និង​ភាពរឹងមាំ យើង​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវខិតខំ​សម្រេច​ឲ្យ​បាន​។ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​បន្ត​ធ្វើ​បច្ចុប្បន្ន​កម្មបទប្បញ្ញត្តិ​ឲ្យ​ស្រប​តាម​ការអនុវត្ត​ជា​អន្តរជាតិ និង​កសាង​សមត្ថភាព​ត្រួតពិនិត្យ​របស់​មន្ត្រី​ធនាគារ​ជាតិ​នៃ​កម្ពុជា​តាមរយៈ​ការបណ្តុះ​បណ្តាល​ជាប្រចាំ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ប៉ុន្តែ​កិច្ចការ​ទាំងនេះ​នៅ​ពុំទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​។ ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​ដែល​មាន​ភាព​ធន់​ទាមទារ​នូវ​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ និង​ការត្រួតពិនិត្យ​រឹងមាំ​ជាមួយ​និង​យន្តការ​ការពារ អតិថិជន រួម​ទាំង​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ ក្នុង​ន័យ​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្កើត​ផ្នែក​គាំពារ​អតិថិជន​ដោយ​ស្ថិត​នៅ​ក្រោម​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ ដើម្បី​ពង្រឹង​បន្ថែម​ការដាក់​ឲ្យ​អនុវត្តតាម​បទប្បញ្ញត្តិ និង​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការការពារ​អតិថិជន​សម្រាប់​វិស័យ​ទាំងមូល​។

ថ្មីៗ​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​ដាក់​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​អនុវត្ត​ប្រកាស​ស្តីពី​ការដោះស្រាយ​បណ្តឹង​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​​ហតឡាញ​សម្រាប់​សាធារណជន​សាកសួរ​ព័ត៌មាន​ និង​ចម្ងល់​ផ្សេងៗ​ជាមួយ​គ្នា​នេះ​ក្រុម​ការងារ​ក៏​បញ្ជ្រាប​ការអប់រំ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សេវាហិរញ្ញវត្ថុ​ផង​ដែរ​។

ទន្ទឹម​នឹង​ការរីកចម្រើន​យ៉ាង​លឿន​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​ ២០១៦ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក៏​បាន​អនុវត្ត​យុទ្ធនាការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដែល​មាន​ឈ្មោះ​ថា “​តោះ​! និយាយ​ពី​លុយ​” ដោយ​ផ្តោត​លើ​ប្រជាជន​ពេញវ័យ​ដែល​មាន​អាយុ ១៥ ​ឆ្នាំ​ដល់ ៦៥ ​ឆ្នាំ​។ ក្នុង​យុទ្ធនាការ​នេះ​វីដេអូឃ្លីប និ​ឯកសារ​ផ្សេងៗ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវ​បាន​ផលិតឡើង​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​អំពី​ការប្រើប្រាស់​សេវា និង​ផលិតផល​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​។ ជាមួយ​គ្នា​នេះ​ដែរ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​បង្កើត​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ខ្លីៗ និង​ចែកជូន​ដល់​កុមារ​ពី​ថ្នាក់​ទី​ ៣ ដល់​ថ្នាក់​ទី​ ៦ នៅ​តំបន់​ជនបទ​ព្រម​ទាំង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ដល់​អាជ្ញាធរ​មូលដ្ឋាន​នៅ​គ្រប់​ខេត្ត​នៃ​ប្រទេស​កម្ពុជា​។ ​បន្ថែម​ពីនេះ​ដោយ​មាន​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក៏​បាន​បង្កើត​សកម្មភាព​ថ្មីៗ​ជាច្រើន​ទៀត​សម្រាប់​កុមារ និង​ប្រជាជន​ពេញវ័យ​ដូចជា​ការបង្កើត​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​តាមរយៈ​អនឡាញ និង​ទូរស័ព្ទ​។

ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​និង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ការរៀបចំ​បញ្ចូល​មុខវិជ្ជា​ហិរញ្ញវត្ថុ​ទៅក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​ចាប់ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ១២​។ ធនាគារជាតិ​នៃ​កម្ពុជា​សង្ឃឹម​ថា​កិច្ចការ​ទាំងនេះ​នឹង​រួមចំណែក​ធ្វើឲ្យ​កុមារ​កម្ពុជា​យើង​មាន​ការយល់ដឹង​ក្នុង​ការគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​បាន​កាន់តែ​ប្រសើរ ដែល​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​បំណិន​ជីវិត​។

ដោយ​យល់ឃើញ​អំពី​តួនាទី​ដ៏សំខាន់​របស់​ស្ត្រី​នៅក្នុង​ការគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​នាពេល​ដ៏ខ្លី​ខាងមុខ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​នឹង​សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី ដើម្បី​រួមចំណែក​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ត្រី និង​ជាពិសេស​សម្រាប់​សមាគម​សហគ្រិន​ស្ត្រី និង​បណ្តាញ​សមាគម​ស្ត្រី​ផ្សេងៗ​ផងដែរ​។

ការលើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​កិច្ចការ​រយៈពេល​វែង ហើយ​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ បញ្ញត្តិករ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​មួយ​ចំនួន​បាន​កំណត់​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ចូលរួម​ជា​វិភាគទាន​សម្រាប់​រួមចំណែក​ដល់​ការពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ ដោយឡែក​សម្រាប់​ប្រទេស​យើង ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​នឹង​មាន​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ជាច្រើន​ទៀត​ចូលរួម និង​សហការ​ក្នុង​ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ព្រម​ទាំង​លើក​ទឹកចិត្ត​ឲ្យ​មាន​កម្មវិធី​ និង​សកម្មភាព​ខ្លាំងក្លា​ថែម​ទៀត​ចំពោះ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។

ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដូច​បាន​រៀបរាប់​ខាង​លើ កម្មវិធី​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​កម្ពុជា​នៅ​ថ្ងៃ​នេះ​គឺជា​ការបោះ​ជំហាន​ថ្មី​មួយ​ទៀត​របស់​យើង​ដើម្បី​លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​គ្រប់ភាគី​ពាក់ព័ន្ធ និង​សាធារណជន​ទូទៅ​ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នេះ​។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​យើង​ទាំងអស់​គ្នា​ពិតជា​នឹង​បន្ត​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​យើង ហើយ​និង​អាច​រួមចំណែក​បន្ថែម​ទៀត​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។

ឆ្លៀតឱកាស​នេះ​ខ្ញុំ​សូម​ស្នើសុំ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​ចូលរួម​សហការ​អនុវត្ត​កម្មវិធី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នេះ​។ ខ្ញុំ​ក៏​សូម​ជម្រាប​ថា “​ការលើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នេះ​គឺ​សម្រាប់​យើង​ទាំងអស់​គ្នា និង​សម្រាប់​ផលប្រយោជន៍​យើង​ទាំងអស់​គ្នា​” ដែល​កិច្ចការ​នេះ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​៕