The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សារលិខិត ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​ (​ទិវា​ប្រាក់​រៀល ឆ្នាំ ​២០១៩)

សារលិខិត ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​ (​ទិវា​ប្រាក់​រៀល ឆ្នាំ ​២០១៩)

Content image - Phnom Penh Post
ឯកឧត្ដម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។ សហការី

សារលិខិត ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​ (​ទិវា​ប្រាក់​រៀល ឆ្នាំ ​២០១៩)

ថ្ងៃ​នេះ​ធនាគារ​ជាតិ​នៃ​កម្ពុជា​មាន​​សោមន្ស​រីករាយ​អបអរសាទរ​ខួប​​លើក​​ទី​៣៩ ​នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ (២០ មីនា ១៩៨០-២០ មីនា ២០១៩)​។ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​បាន​បង្ហាញ​ពី​ការ​ស្តារ​ឡើង​វិញ​នូវ​អធិបតេយ្យ​ជាតិ និង​ជា​ជោគជ័យ​មួយ​របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស ​កម្ពុជា ​ត្រូវ​បាន​រំដោះ​ចេញ​ពី​របប ប៉ុល ពត នៅ​ថ្ងៃ​ទី ​៧ ខែ មករា ឆ្នាំ ​១៩៧៩ និង​​ការ​បង្កើត​ធនាគារ​ជាតិ​នៃ​កម្ពុជា​ឡើង​វិញ នៅ​ថ្ងៃ​ទី​ ១០ ខែ តុលា ឆ្នាំ ​១៩៧៩​។​

ប្រាក់​រៀល​ត្រូវ​បាន​ដាក់​ឱ្យ​ចរាចរ​ឡើង​វិញ បន្ទាប់​ពី​អវត្តមាន​ពី​ទីផ្សារ​ក្នុង​អំឡុង​របប ប៉ុល ពត ដែល​បាន​បំផ្លាញ​រាល់​មូលដ្ឋាន​នៃ​សេដ្ឋកិច្ច​ដែល​​​​ក្នុង​នោះ​រួមមាន​ការ​លុប​បំបាត់​ចោល​ទាំង​ស្រុង​នូវ​ប្រព័ន្ធ​ធនាគារ ​និង​ហិរញ្ញវត្ថុ និង​ប្រាក់​រៀល​។

បន្ទាប់​​​ពី​ថ្ងៃ​មហា​ជ័យជម្នះ ៧ មករា ១៩៧៩ ប្រជាជន​បាន​ធ្វើ​ការ​ដោះដូរ​​ទំនិញ​ដោយ​ប្រើប្រាស់​មាស គ្រឿង​​អលង្ការ ឬ​ទំនិញ​ផ្សេងៗ​។ ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​តម្លៃ​ទីផ្សារ​ត្រូវ​បាន​កំណត់​ជា​ចម្បង​ដោយ​​​មាស និង​អង្ករ ខណៈដែល​រូបិយប័ណ្ណ​របស់​ប្រទេស​ជិត​ខាង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ទូទាត់​​នៅ​តំបន់​មួយ​ចំនួន​តាម​បណ្តា​ខេត្ត​ជិត​ព្រំដែន​។

ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់ រៀល​ឡើង​វិញ​បាន​ទទួល​ការ​គាំទ្រ​ និង​អបអរសាទរ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​។ ការ​ដាក់​ឱ្យ​ចរាចរ​ឡើង​វិញ​នៃ​ប្រាក់​រៀល​នេះ​ទទួល​បាន​ជោគជ័យ ដោយសារ​ប្រជាជន​ចង់​ឃើញ ​និង​ចង់​ប៉ះ​ក្រដាស​ប្រាក់​ថ្មី ដែល​​អាច​ឱ្យ​ពួក​គេ​ទុកចិត្ត​លើ​រូបិយវត្ថុ​ជាតិ​។

ដោយសារ​សង្គ្រាម​ស៊ីវិល​បាន​អូស​បន្លាយ​រហូត​មក​ដល់​ជិត​ចុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ជំនឿ​ទុក​ចិត្ត​របស់​សាធារណ​ជន​មក​លើ​ប្រាក់​រៀល​នៅ​មាន​កម្រិត​​ទាប​ និង​ផុយ​ស្រួយ​។

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ​១៩៩០ អាជ្ញាធរ​បណ្តោះ​អាសន្ន​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា (​អ៊ុនតាក់​) បាន​​ចូល​មក​កម្ពុជា​ដើម្បី​​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​។ ក្នុង​អំឡុង​បេសកកម្ម​របស់​អ៊ុនតាក់​នេះ ប្រាក់​ដុល្លារ​អាមេរិក​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ត្រូវ​បាន​​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ដែល​នាំ​ឱ្យ​មាន​ដុល្លា​រូបនីយកម្ម​កើត​មាន​ឡើង​។ បច្ចុប្បន្ន​ដុល្លារ​រូបនីយកម្ម​​ត្រូវ​បាន​ជំរុញ​បន្ថែម​​ដោយ​ការ ហូរចូល​នៃ​រូបិយប័ណ្ណ​បរទេស​តាមរយៈ​វិនិយោគ​ផ្ទាល់​បរទេស ចំណូល​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជំនួយ​បរទេស និង​ពាណិជ្ជកម្ម​អន្ដរជាតិ​។

កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់​បាន​ដាក់​​កំហិត​ដល់​ការ​អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ និង​បង្កើត​ជា​បញ្ហា​​ប្រឈម​សម្រាប់​ការ​លើក​កម្ពស់​​​ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​។ ក្នុង​រយៈ​ពេល ៣៩ ​ឆ្នាំ​កន្លង​មក​រាជរដ្ឋាភិបាល​​​​ក៏​ដូចជា​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ជា​ប្រចាំ​ក្នុង​ការ​ស្ដារ ​និង​កសាង​ជំនឿ​ទុក​ចិត្ត​របស់​សាធារណជន​មក​លើ​ប្រាក់​រៀល និង​ក្នុង​ការ​​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ដើម្បី​ដើរ​តួនាទី​ពេញលេញ​ជា​មធ្យោបាយ​ទូទាត់ កំណត់​តម្លៃ និង​សន្សំ នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​។

កន្លង​មក​រាជរដ្ឋាភិបាល ​​និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ពុំ​បាន​​អនុវត្ត​វិធានការ​រដ្ឋបាល​​ដើម្បី​បង្ខំ​ឱ្យ​ប្រើប្រាស់​ប្រាក់​រៀល​ទេ​តែ​បាន​អនុវត្ត​គោល​នយោបាយ ​និង​វិធានការ​ទីផ្សារ​​សន្សឹមៗ​តាម​ស្ថានភាព​ជាក់ស្តែង​។

រហូត​មក​ដល់​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ប្រើប្រាស់​គោល​នយោបាយ​​មួយ​ចំនួន​​រួម​មាន​៖

i/- ការ​រក្សា​ស្ថិរភាព​តម្លៃ​ប្រាក់​រៀល

ii/- ការ​ទូទាត់​ថ្លៃ​ប្រើប្រាស់​ទឹក​ និង​អគ្គិសនី និង​ការ​បង់​ពន្ធ​ត្រូវ​ធ្វើ​ឡើង​ជា​ប្រាក់​រៀល​ទាំងស្រុង

iii/- ការ​កំណត់​តម្លៃ​ទំនិញ​និង​សេវា​នៅ​លើ​ទីផ្សារ​ជា​ប្រាក់​រៀល

iv/- ការ​អភិវឌ្ឍ​ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស (FAST) ដែល​អាច​ធ្វើ​ឱ្យ​ការ​ទូទាត់​ជា​ប្រាក់​រៀល​មាន​កម្រៃ​ទាប​ជាង​​មុន និង​អនុញ្ញាតឱ្យ​អតិថិជន​ទទួល​បាន​មូលនិធិ​ភ្លាមៗ

v/- ការ​អភិវឌ្ឍ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ប្រទេស​ជា​រូបិយវត្ថុ​ក្នុង​ស្រុក

vi/-​ការ​ផ្ដល់​សន្ទនីយភាព​ជា​ប្រាក់​រៀល​តាមរយៈ​ការ​ដាក់​ឱ្យ​ដេញ​ថ្លៃ​នូវ​ប្រតិបត្តិការ​ផ្ដល់​សន្ទនីយភាព​ដោយ​មាន​ការ​ធានា (LPCO) ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ

vii/- ការ​តម្រូវ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​ឥណទាន​ជា​ប្រាក់​រៀល​យ៉ាង​តិច ១០% នៃ​សំពៀត​ឥណទាន​សរុប​ត្រឹម​ចុង​ឆ្នាំ ​២០១៩

viii/- ការ​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ បោះផ្សាយ​សញ្ញាប័ណ្ណ​សាជីវកម្ម​ជា​ប្រាក់​រៀល​។ ជា​លទ្ធផល តាមរយៈ​គោល​នយោបាយ​ទាំង​នេះ អត្រា​ការ​ប្រាក់​បញ្ញើ​ជា​ប្រាក់​រៀល​បាន​កើន​ឡើង​ដល់ ៦,៣% ខណៈ​គម្លាត​រវាង​កម្ចី​ជា​​ប្រាក់​រៀល ​និង​កម្ចី​ជា​ប្រាក់​ដុល្លារ​​អាមេរិក នៅ​ខែ ​កុម្ភៈ ឆ្នាំ ​២០១៩ បាន​ថយចុះ​ជា​លំដាប់​ដល់ ២,០៤% (៦,៩៤% នៅ​ខែ កុម្ភៈ ឆ្នាំ ​២០១៨) ហើយ​ប្រាក់​រៀល​នៅ​ក្នុង​ចរាចរណ៍​បាន​​កើន​ឡើង ១៤,៩១% នៅ​ខែ កុម្ភៈ ឆ្នាំ ​២០១៩ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន​។​

ពួក​យើង​ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​ប្រារព្ធ​ទិវា​ប្រាក់រៀល​ខួប​លើក​​ទី​៣៩ នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​។ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​លើក​កម្ពស់​ការ​ប្រើប្រាស់​​ប្រាក់​រៀល​នៅ​ក្នុង​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​​ប្រុងប្រយ័ត្ន​ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ទាំង​អស់​គ្នា​ជា​មួយ​នឹង​ភាគី​ពាក់ព័ន្ធ នឹង​ជួយ​លើក​កម្ពស់​រូបិយវត្ថុ​ក្នុង​ស្រុក​ជា​លំដាប់​ជា​ពិសេស​ពង្រឹង​ប្រាក់​រៀល​ជា​និមិត្តរូប​នៃ​អធិបតេយ្យ​ជាតិ ហើយ​ដែល​អំណោយផល​ដល់​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​ជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​ភាព​ធន់​របស់​សេដ្ឋកិច្ច​កម្ពុជា​។

សូម​អរគុណ​!​

អត្ថបទគួរចាប់អារម្មណ៍