ពិព័រណ៍​រូបភាព​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ ២០ ​ឆ្នាំ ​នៃ​ការប្រគល់​ម៉ាកាវ​មក​ប្រទេស​ ចិន ​វិញ​បាន​មក​បង្ហាញជូន​មិត្តភក្តិ​ទាំងអស់​ដែល​មាន​វត្តមាន​នៅទីនេះ​។ ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​តំណាង​ឲ្យ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​អំណរគុណ​ដល់​មិត្ត​កម្ពុជា​ទាំងឡាយ ដែល​តែងតែ​យកចិត្ត​ទុកដាក់ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ប្រទេស​ចិន​ក៏​សូម​អបអរសាទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ខួប​អនុស្សាវរីយ៍​ ២០ ​ឆ្នាំ​នៃ​ការប្រគល់​ម៉ាកាវ​មក​ប្រទេស​ចិន​វិញ​។

នា​ថ្ងៃទី​ ២០ ខែ ​ធ្នូ ឆ្នាំ​ ១៩៩៩ រដ្ឋាភិបាល​ចិន​បាន​ចាប់ផ្តើម​អនុវត្ត​អធិបតេយ្យភាព​សាជាថ្មី​ក្នុង​ទឹកដី​ម៉ាកាវ​តំបន់​រដ្ឋបាល​ពិសេស ម៉ាកាវ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ស្ថាពរ ហើយ​ក៏​បាន​ឈាន​ចូលដល់​យុគសម័យ​ថ្មី​ប្រវត្តិសាស្ត្រ​របស់​ស្វ័យគ្រប់គ្រង​កម្រិត​ខ្ពស់​នៃ​គោលនយោបាយ​ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» និង​គោលនយោបាយ​ «​ម៉ាកាវ​គ្រប់គ្រង​ដោយ​ចិន​ម៉ាកាវ​»​។

ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​កន្លង​មក​នេះ​ គោលនយោបាយ​​ «​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» និង​ច្បាប់​មូលដ្ឋានគ្រឹះ​ទទួល​បាន​ការអនុវត្ត​យ៉ាង​គ្រប់​ជ្រុងជ្រោយ កំណើន​សេដ្ឋកិច្ច​មាន​សម្ទុះ​កើនឡើង សង្គម​មាន​ស្ថិរភាព និង​វិបុលភាព និង​មាន​ភាពរីកចម្រើន​ខ្លាំង​លើ​គ្រប់​វិស័យ​គួរ​ឲ្យ​កត់សម្គាល់​នេះ​បាន​បង្ហាញ​ពី​ភាពជោគជ័យ​ក្នុង​ការអនុវត្ត​គោលនយោបាយ​ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​ដែល​ជា​លក្ខណពិសេស​នៃ​ម៉ាកាវ​ទៅ​កាន់​ពិភពលោក​។

ចក្ខុវិស័យ​នា​ថ្ងៃ​អនាគត តាមរយៈ​ការបញ្ចូល​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ស៊ីជម្រៅ ម៉ាកាវ​នា​ថ្ងៃ​អនាគត​នឹង​រឹតតែ​ត្រចះត្រចង់ និង​លេចធ្លោ ហើយ «​ផ្កាឈូក​ដ៏ស្រស់​ផូរផង់​» ​របស់​ប្រទេស​ ចិន​ នឹង​សាយ​ក្លិនពិដោរ​ដ៏ឈ្ងុយ​ឈ្ងប់​គ្រប់ទិសទី និង​លាស់​ស្លឹក​ខៀវខ្ចី​បែកមែក​សាខា​។

ឆ្លៀត​ក្នុងឱកាស​នៃ​ខួប​អនុស្សាវរីយ៍​ ២០ ​ឆ្នាំ​នៃ​ការប្រគល់​ម៉ាកាវ​មក​ប្រទេស​ចិន​វិញ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​សហការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​រួមគ្នា​ប្រារព្ធ​ពិព័រណ៍​រូបភាព​នេះ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​សមិទ្ធផល​ដ៏ច្រើន​អនេក​ដែល​ទទួល​បាន​ក្នុង​ជីវភាព​រស់នៅ សេដ្ឋកិច្ច សង្គម និង​កិច្ចទំនាក់ទំនង​ជាមួយ​ក្រៅ​តំបន់​ជាដើម​របស់​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ដែល​ក្រោយពី​បាន​ប្រគល់​មក​ប្រទេស​ចិន​វិញ ជូន​ដល់​មិត្ត​អ្នកអាន​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ជ្រាប ហើយ​ក៏​ជា​យាន​មួយ​ជួយ​ដល់​អ្នក​ទាំងអស់​គ្នា​ក្នុង​ការស្វែងយល់​អំពី​ម៉ាកាវ និង​ប្រទេស​ចិន​ថែម​មួយកម្រិត​ទៀត​ក៏​សូម​ស្វាគមន៍​ដល់​អ្នក​ទាំងអស់​គ្នា​អញ្ជើញ​មក​កម្សាន្ត​ទេសចរណ៍​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ ដើម្បី​យល់ដឹង​អំពី​ការអនុវត្ត​ប្រកប​ដោយ​ភាពជោគជ័យ​នៃ​គោលនយោបាយ «​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» ​ក្នុង​ម៉ាកាវ ស្វែងយល់​កាន់តែ​ច្បាស់​អំពី​ភាព​ទាក់ទាញ​នៃ​ «​ដែនដី​ផ្កាឈូក​ដ៏អស្ចារ្យ​» ​មួយ​នេះ​។

សូម​ជូនពរ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​រឹតតែ​ត្រចះត្រចង់​នា​ថ្ងៃ​អនាគត!

សូម​ជូនពរ​មិត្តភាព​រវាង​ចិន និង​កម្ពុជា​ដែល​ប្រៀប​ដូច​បងប្អូន ស្ថិតស្ថេរ​អមតៈ​យូរអង្វែង​!