The Phnom Penh Post Search

Search form

សាលា​បឋមសិក្សា​រដ្ឋ​​ បាន​និង​កំពុង​ធ្វើការ​វិវត្ត​គួរ​ឲ្យ​ចាប់​អារម្មណ៍

Content image - Phnom Penh Post
របៀប​សិក្សា​របស់​សិស្សានុសិស្ស​នៅក្នុង​ថ្នាក់រៀន​នៃ​សាលា​កុមារ​មេត្រី​។ មឿន ញាណ

សាលា​បឋមសិក្សា​រដ្ឋ​​ បាន​និង​កំពុង​ធ្វើការ​វិវត្ត​គួរ​ឲ្យ​ចាប់​អារម្មណ៍

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នរណា​ក៏​រីករាយ​សាទរ​ចំពោះ​វិធានការ​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្រោម​ការដឹកនាំ​របស់​លោក​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ដែល​ជា​ឈ្នួន​ដ៏សំខាន់​ក្នុង​ការ​ធ្វើ​កំណែទម្រង់​យ៉ាង​ហ្មត់ចត់​សម្រាប់​សិស្សានុសិស្ស​គ្រប់​សម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (Bac II) និង​បឋមភូមិ ដើម្បី​ឆ្ពោះ​ទៅ​រក​គុណភាព​នៃ​ចំណេះដឹង​ពិតប្រាកដ​ចៀសវាង​សិស្ស​មាន​សញ្ញាបត្រ ប៉ុន្តែ​មិន​មាន​ចំណេះដឹង​សម្រាប់​បញ្ជាក់​ឲ្យ​សញ្ញាបត្រ​ទាំង​នោះ​។

កំណែទម្រង់ ​របស់​ក្រសួង ​គឺ​មិន​ត្រឹម​តែ​កម្រិត​វិទ្យាល័យ​និង​អនុវិទ្យាល័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្ញសគល់​នៃ​កំណែទម្រង់​នេះ​ក៏​កំពុង​ចាប់ផ្តើម​តាំងពី​កម្រិត​មតេយ្យ​សិក្សា និង​បឋមសិក្សា​តាមរយៈ​ការ​បង្កើត​ជា​កម្រង​សាលា​កុមារ​មេត្រី និង​សាលា​ជំនាន់​ថ្មី​ជាដើម​។

តើ​ដូចម្តេច​ទៅ​ជា​សាលា​កុមារ​មេត្រី​? ហើយ​សាលា​នេះ​នៅឯណា និង​ចាប់ផ្តើម​តាំងពី​ពេលណា​?

តាមពិត​ការ​បង្កើត​ជា​សាលា​កុមារ​មេត្រី គឺ​មិនមែន​ការសាងសង់​សាលា​ថ្មី​នោះ​ទេ ហើយ​សាលា​កុមារ​មេត្រី​ក៏​បាន​ចាប់ផ្តើម​ប្ញសគល់​នៅ​ក្នុង​វិស័យ​អប់រំ​កម្ពុជា ចាប់​តាំងពី​ឆ្នាំ​ ២០០៧ មក​ម្ល៉េះ​។ តែ​កាល​នោះ​មាន​ធ្វើ​តែ​នៅ​តាម​សាលា​បឋមសិក្សា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ហើយ​មិន​សូវ​មាន​ការអនុវត្ត​ឲ្យ​បាន​ផុលផុស​ស្រុះ​គ្នា​ច្រើន​ដែរ​។ ទើប​តែ​បន្ទាប់ពី​មាន​វិធានការ​កំណែទម្រង់​នៅក្នុង​ប្រព័ន្ធ​អប់រំ​កម្ពុជា​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទើប​ក្រសួង​អប់រំ​រៀបចំ​កែសម្រួល​ឲ្យ​មាន​ការ​អនុវត្ត​សាលា​កុមារ​មេត្រី ស្ទើរ​តែ​គ្រប់​សាលាបឋមសិក្សា​ទាំងអស់ និង​ថែម​ទាំង​ឲ្យ​មាន​ដល់​កម្រិត​សាលា​អនុវិទ្យាល័យ​ទៀត​ផង​។

លោក ចាន់ សុភា អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​យុវជន និង​ជា​ប្រធាន​នាយកដ្ឋាន​បឋមសិក្សា​បាន​ពន្យល់​ថា ដើម្បី​ក្លាយ​ជា​សាលា​កុមារ​មេត្រី គឺ​សាលា​នីមួយ​ត្រូវ​គោរព​តាម​គោលការណ៍​តម្រូវ​ឲ្យ​មាន​ ៦ ​សមាសភាគ​នេះ​ជា​ចាំបាច់​ដូចជា ទី​ ១ ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​កុមារ​ (​ដល់​អាយុ​សិក្សា​) ​ទាំងអស់​បាន​ចូលរៀន​គ្រប់ៗ​គ្នា​។ ទី​ ២- ​ត្រូវ​ពង្រឹង​គុណភាព​រៀន និង​បង្រៀន គឺ​ «​​ធ្វើ​យ៉ាងណា​ឲ្យ​ពួកគាត់​ (​កុមារ​) ​រៀន​ឲ្យ​ចេះ​»​។

Content image - Phnom Penh Post
លោក ចាន់ សុភា អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​យុវជន និង​ជា​ប្រធាន​នាយកដ្ឋាន​បឋមសិក្សា​។ ហុង មិនា

យោង​តាម​សេចក្តី​ប្រកាស​ពត៌មាន​តាម​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា កុមារ​បាន​ចូលរៀន​នៅ​បឋមសិក្សា​កាន់តែ​មាន​ចំនួន​ច្រើន ជាក់ស្តែង​អត្រា​ពិត​នៃ​ការសិក្សា​បាន​កើន​ពី​ ៩៤,៨០ ​ភាគរយ​ទៅ​ដល់​ ៩៧ ​ភាគរយ និង​គ្មាន​គម្លាត​យេនឌ័រ​ទេ​។

ទី​ ៣- ​ការ​ការពារ​សិទ្ធិ​កុមារ និង​រៀបចំ​បរិស្ថាន​សាលា​ឲ្យ​ស្អាត​។ «​គឺ​យើង​បង្រៀន​ពួកគាត់​ដោយ​អត់​មាន​ការ​វាយដំ ការដាក់ទណ្ឌកម្ម ការបង្ខិតបង្ខំ ស្តីបន្ទោស ឬ​ជេរ​ទេ​»​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សុភា​។ «​ចំណែក​បរិស្ថាន​ក្នុង​សាលា​នោះ​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ គឺ​យើង​ត្រូវ​រៀបចំ​ឲ្យ​បរិយាកាស​នៅក្នុង​សាលា​របស់​យើង​ឲ្យ​ជា​ទីកន្លែង​ល្អ​ប្រសើរ​កុំ​ឲ្យ​ពួកគាត់​ (​សិស្ស​) ​ខ្លាច​សាលា​គឺ​ឲ្យ​ពួកគាត់​ចូលចិត្ត​សាលា ដើម្បី​ឲ្យ​កុមារ​គ្រប់​គ្នា​ពួកគាត់​ចង់​មក​ចូល​រៀន​ជានិច្ច​»​។

ទី​ ៤- ​ការគោរព​យេនឌ័រ គឺ​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ទាំង​សិស្ស​ប្រុស និង​សិស្សស្រី​ឲ្យ​ទទួល​បាន​ការអប់រំ​ស្មើៗ​គ្នា ហើយ​ក៏​អត់​មាន​ការ​បែងចែក​វណ្ណៈ​អ្នកមាន ឬ​អ្នកក្រីក្រ​អ្វី​ទាំងអស់​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ពួកគាត់​មាន​សិទ្ធិ​ស្មើ​គ្នា​។

ទី​ ៥- ​ការ​ចូលរួម​ពី​គ្រួសារ និង​សហគមន៍ «​នេះ​គឺជា​រឿង​ដែល​យើង​ទាំងអស់​គ្នា​ (​មាតាបិតា​អាណាព្យាបាល​) ​ត្រូវ​ស្វែងយល់​ដូច្នេះ​ហើយ​បាន​ជា​យើង​បង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សា​កុមារ​នៅ​តាម​មូលដ្ឋាន ហើយ​នៅពេល​ដែល​សាលា ឬ​សហគមន៍​មាន​ការ​ប្រជុំ​ធ្វើការ​សម្រេច​អ្វី​មួយ​នោះ​ក្រុមប្រឹក្សា​កុមារ​នោះ​ក៏​ពួកគាត់​ត្រូវ​មាន​វត្តមាន​ចូលរួម និង​មានមតិ​យោបល់​ផង​ដែរ​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សុភា​។ «​ប៉ុន្តែ​កុមារ​ (​សិស្សានុសិស្ស​) ​ក៏​ត្រូវ​គោរព​សិទ្ធិ​មនុស្ស​ចាស់​ផង​ដែរ ឧទាហរណ៍​តាម​ទម្លាប់​ប្រពៃណី​របស់​ខ្មែរ​យើង​តែ​កាលណា​អ្នក​មាន​វ័យចាស់​ជាង​និយាយ​អ្វី​គឺ​យើង​ជា​ក្មេង​ពុំ​ត្រូវ​និយាយ​កាត់​ពួកគាត់​ទេ គឺ​យើង​ត្រូវ​រង់ចាំ​ឲ្យ​ចាស់ទុំ​គាត់​និយាយ​ចប់​សិន បាន​ក្មេង​និយាយ​តាម​ក្រោយ​»​។

រីឯ​ទី ​៦- ​ការគាំទ្រ​ជា​ប្រព័ន្ធ​ពី​ថ្នាក់ជាតិ​នោះ​គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា តែងតែ​ធ្វើការ​ចែករំលែក​ធនធាន​មនុស្ស​រួម​ទាំង​ថវិកា​ទៅ​តាម​តម្រូវការ​របស់​សាលា​នីមួយៗ​ឲ្យ​បាន​សមស្រប​។

Content image - Phnom Penh Post
សិស្សានុសិស្ស​កំពុង​សិក្សា​នៅក្នុង​ថ្នាក់រៀន​សាលា​ជំនាន់​ថ្មី​មួយ​។ ផា លីណា

លោក សុភា បាន​ឲ្យ​ដឹង​ថា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​សាលាបឋមសិក្សា​ (​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៦) ​សរុប​ចំនួន ៧១៨៩ ​សាលា​ក្នុង​នោះ​មាន​សាលា​ប្រមាណ​ ៨០០ ​សាលា​ដែល​គាត់​ជា​សាលា​បឋមសិក្សា​មិនទាន់​គ្រប់​កម្រិត​ទេ ព្រោះ​គាត់​ពុំ​ទាន់​មាន​គ្រប់​ថ្នាក់រៀន​ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៦ នៅ​ឡើយ​។

នៅឯ​ទីជនបទ​តាម​បណ្តា​ខេត្ត​ក្រុង​ចំនួន​ ១២ ​នៃ​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អង្ករ​ចំនួន​ ២០០០ ​តោន​ក្នុង​មួយ​ឆ្នាំ និង​ទឹកប្រាក់​មួយ​ចំនួន​ទៀត​ទៅ​ឲ្យ​អង្គការ​ស្បៀងអាហារ​ពិភពលោក​ (FAO) ដើម្បី​ចូលរួម​សហការ​គ្នា​បង្កើត​កម្មវិធី​មួយ «​គឺ​ការផ្តល់​អាហារសម្រន់​ ១ ​ពេល​ (​ព្រឹក​) ដល់​សិស្ស​នៅ​សាលា​បឋមសិក្សា​គ្រប់​កម្រិត​ទាំងអស់​ (​ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៦) ​។ ហើយ​ពួកគាត់​ទទួល​បាន​អាហារ​មួយ​ពេល​ដូចៗ​គ្នា​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សុភា​។

បន្ថែម​លើស​ពី​នោះ​គឺ​នៅ​មាន​កូនសិស្ស​ក្រីក្រ​ពី​ថ្នាក់​ទី​ ៤ ដល់​ទី​ ៩ ចំនួន​ជាង ៩០០០០​ ​នាក់​ដោយ​ពួកគាត់​ម្នាក់ៗ​ទទួល​បាន​អាហារូបករណ៍​ជា​ទឹកប្រាក់​ប្រមាណ ៦០ ​ដុល្លារ​អាមេរិក​ (​ឬ ២៤០០០០ ​រៀល​) ក្នុង​មួយ​ឆ្នាំ​។ សូម​បញ្ជាក់​ថា សិស្សានុសិស្ស​នៅ​កម្រិត​បឋមសិក្សា​ទាំងអស់​មាន​ចំនួន​សរុប ២,២ ​លាន​នាក់​ក្នុង​នោះ​គម្លាត​យ៉េនឌ័រ​មាន​ចំនួន​តិច​បំផុត​៕

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។