មជ្ឈមណ្ឌល​អប់រំ​កុមារ​តូច​ឈ្មោះ​ថា “Little Kingdoms School” ឬ «សាលារៀន លីតថល ឃីង​ឌឹម​» ដែល​ប្រសូត​ឡើង​តាម​រយៈ​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូ​ខេសិន (MJQE) គ្រោង​នឹង​បើក​ទ្វារ​ទទួល​សិស្ស​ចាប់ពី​អាយុ ២​ឆ្នាំ ដល់​៥​ឆ្នាំ នៅ​ក្នុង​ខែ​មីនា ខាង​មុខ​នេះ​។ តើ​នៅ​សាលារៀន លីតថល ឃីង​ឌឹម មាន​អ្វីខ្លះ​ដែល​ថ្មី​ប្លែក​សម្រាប់​កូនៗ របស់​មហា​ជន​រស់នៅ​រាជធានី​ភ្នំពេញ​?

លោក ឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូ​ខេសិន បាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​វិស័យ​អប់រំ គឺ «​រហូត​ដល់​ខ្វះ​កន្លែង​ឱ្យ​សិស្ស​ចូលរៀន​» តាម​រយៈ​សាលា​ល្បីៗ​របស់​ខ្លួន​ចំនួន​៣ គឺ Aii, AiiLC និង AIS កន្លង​មក ហើយ​ក៏​ស្រប​ទៅ​នឹង​ទស្សន​វិស័យ​របស់​ក្រុមហ៊ុន​ផង​នោះទើប «យើង​ចាប់​ផ្តើម​បង្កើត​ជា​សាលា​មួយ​ទៀត គឺ “Little Kingdoms School” ដែល​ជា​សាលា​ទារកដ្ឋាន និង​ក្រោម​មត្តេយ្យ​សិក្សា​ពេញ​លក្ខណៈ​»​។

នៅ​អំឡុង​ដើម​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូ​ខេសិន កំពុង​ ​ត្រៀម​បើក​ទ្វារ​ដំណើរ​ការ​សាខា​សាលា​ថ្មី​ដែល​ជា​តម្រូវ​ការ​ខ្ពស់​នោះ គឺ​សាលា​ទារកដ្ឋាន និង​ក្រោម​មត្តេយ្យ​សិក្សា (Early Childhood Learning Program) គឺជា​កម្មវិធី​បណ្តុះ​បណ្តាល​សម្រាប់​កុមារ​ពី​អាយុ២​ឆ្នាំ រហូត​ដល់​អាយុ៥​ឆ្នាំ​។

តាម​គម្រោង​របស់ MJQE ចាប់ពី​ឆ្នាំ​ ២០១៨-២០២៤ នឹង​បើក​សាលា Little Kingdoms School ឱ្យ​បាន ៩​ សាលា នៅ​ទីក្រុង​ភ្នំពេញ និង​សម្រាប់​សាលា Aii, AiiLC និង AIS ក៏​នឹង​ពង្រីក​សាខា​បន្ថែម ១៤​សាខា​ទៀត​ផង​ដែរ​។

ដោយ​ក្នុង​ឆ្នាំ​ ២០១៨ នេះ គឺ​នឹង​ចាប់​ផ្តើម​៤​សាលា គឺ​នៅ​សាខា​ទួលគោក សាខា​ច្បារ​អំពៅ សាខា​ម៉ៅសេទុង និង​សាខា​ចោមចៅ​/​ម៉ៃដា​។ លោក​ឧកញ៉ា ម៉េងលី បន្ត​ថា ទាំង​នេះ​គឺ «ដើម្បី​បំពេញ​តម្រូវ​ការ​របស់​មហាជន​លោក​ទាមទារ​ឱ្យ​មាន​ជា​ពិសេស​នៅ​តាម​​តំបន់​ដែល​ពិបាក​ធ្វើ​ដំណើរ​មក និង​ឆ្លងកាត់​»​។

គោល​បំណង​នៃ​ការ​បើក Little Kingdoms School ក៏​ស្រប​ទៅ​នឹង​ផែនការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នា​បច្ចុប្បន្ន​នេះ​ដែល​កំពុង​ជំរុញ​ឱ្យ​បង្កើន​ការ​អប់រំ​សម្រាប់​កុមារ​តូចៗ​ផង​ដែរ​។

ដោយ​មាន​ជំនាញ​ជា​គ្រូពេទ្យ​ផង​នោះ លោក​ឧកញ៉ា គួច ម៉េងលី បាន​ថ្លែង​ថា ក្រុម​គ្រូ​ពេទ្យ​គេ​តែង​តែ​ជំរុញ​ឱ្យ​កុមារ​ចាប់​ផ្តើម​សិក្សា​ពី​អាយុ​ពី ២-៣​ឆ្នាំ​ឡើង​ទៅ ពីព្រោះ​តាម​ការ​សិក្សា​របស់​ក្រុម​វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ថា កុមារ​ដែល​បាន​ចូលរៀន​នៅ​វ័យ​២-៣​ឆ្នាំ​នេះ​ភាគ​ច្រើន«​ធ្វើ​ឱ្យ​កុមារ​ហ្នឹង រៀន​ពូកែ​ជាង វៃឆ្លាត​ជាង ចាប់បាន​ច្រើន​ជាង និង​​ជោគជ័យ​ជាង​នៅ​ពេល​អនាគត​»​។

សាលា​ក្រោម​មេត្តេយ្យ​សិក្សា និង​ទារកដ្ឋានបែប​នេះ គឺ «​យើង​បើក​ជា​សាលា​តូចៗ និង​ មាន​ចំនួន​បន្ទប់​តិច គឺ​មួយ​សាខា​ប្រហែល ​៨-១០ ​ថ្នាក់​ហើយ​ក្នុង​មួយ​ថ្នាក់​មិន​អាច​ដាក់​ពួក​គាត់​​ឱ្យ​លើស​ពី​១៥​នាក់​ទេ ព្រោះ​ដើម្បី​ងាយ​ស្រួល​ថែទាំ​ពួក​គាត់ ដែលជា​វ័យ​កំពុង​រីក​លូត​លាស់​ផ្នែក​រាងកាយ និង​បញ្ញា​ស្មារតី​ផង​ដែរ​។ ម្យ៉ាង​ទៀត​ក៏​ដើម្បី​ងាយ​ស្រួល​បងរ្កា​ហានិភ័យ​ផ្សេងៗ​ផង​ដែរ​»។ នេះ​បើតាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា គួច ម៉េងលី​។

នៅ​ក្នុង​សាលា Little Kingdoms School គឺ​មិន​មែន​មាន​តែ​ថ្នាក់​រៀន និង​គ្រូ​បង្រៀន​នោះ​ទេ គឺ​មាន​ទាំង​ផ្នែក​ថែទាំ​សុខភាព ផ្នែក​អាហារ​ដ្ឋាន កន្លែង​ហាត់​ប្រាណ និង​លេង​កីឡា​ផ្សេងៗ អាង​ហែល​ទឹក ផ្នែក​ដឹក​ជញ្ជូន និង​កម្មវិធី​ទស្សន​កិច្ច​សិក្សា​ជាដើម​។

និយាយ​រួម​ទៅ​គេ​ឱ្យ​តម្លៃ​សាលារៀន គ្រឹះស្ថាន​សិក្សា សាកល​វិទ្យាល័យ និង​មជ្ឈមណ្ឌល​អប់រំ​កុមារ​តូច​ជា​ដើម​នោះ គឺ «​ជា​កន្លែង​រស់នៅ កន្លែង​លូត​លាស់ កន្លែង​ព័ត៌មានវិទ្យា និង​កន្លែង​ធ្វើ​អាជីវកម្ម វា​ជា Eco-system មួយ​ដែល​ពោរ​ពេញ​ដោយ​សក្តានុពល​»​។

សាលារៀន​នីមួយៗ ​គឺ​អាស្រ័យ​លើ​ការ​គ្រប់គ្រង គុណវុឌ្ឍិ និង​ទេពកោសល្យ​របស់​គ្រូ​បង្រៀន​មាន​គុណ​ភាព​ប៉ុនណា និង​បរិកាស​របស់​សាលារៀន​មាន​អំណោយ​ផល​យ៉ាង​ណា​សម្រាប់​សិស្សា​នុសិស្ស​។

លោក ឡាយ សុភា ជាអនុប្រធាន មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ បាន​ថ្លែង​ឲ្យ​ដឹង​ថា ថ្នាក់​រៀន​ត្រូវ​បាន​ «​រៀបចំ​តាម​ស្តង់ដារ​អាមេរិកាំង ជា​មួយ​នឹង​បរិស្ថាន​ថែទាំ​ស្អាត និង​ធានា​សុវត្ថិភាព​ដល់​សិស្សា​នុសិស្ស​តូចៗ​»​។

លោកបាន​បន្តថា ការ​បង្រៀន​ជា​ភាសា​អង់គ្លេស​«​ដើម្បី​ធានា​ថា​ប្អូនៗ​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ​នៅ​ពេល​អនាគត​»​។

លោក​បន្ថែម​ថា គ្រូ​បង្រៀន​មាន​គុណ​ភាព ជំនាញ និង​បទ​ពិសោធ​ជាមួយ​នឹង​បច្ចេកទេស​ចម្រុះ និង ​ការ​ច្នៃ​ប្រឌិត ដើម្បី​ធានា​ថា​សិស្ស​អាច​រៀន​បាន​ល្អ​បំផុត។ «​យើង​នឹង​មាន​គ្រូ​បង្រៀន ជន​ជាតិ​ខ្មែរ និង​បរទេស (​ភាគ​ច្រើន​ហ្វីលីពីន​)»​។

លោក​ឧកញ៉ា គួច ម៉េងលី បាន​រំឭក​ថា នៅ​ប្រទេស​កម្ពុជា កាលពី​ ២ ទសវត្សរ៍​មុន​គេ​ផ្តោត​ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ ទសវត្សរ៍​ថ្មី​នេះ​គេ​ផ្តោត​លើ​វិស័យ​អប់រំ និង​ទសវត្សរ៍​បន្ត​ទៀត​គេ​នឹង​ផ្តោត​ទៅ​លើ​វិស័យ​សុខាភិបាល និង​វិស័យ​ផ្សេងៗ​បន្ត​ទៀត​។

លោក​បន្ថែម​ថា​ ៖ «​ឆ្នាំ​ ២០១៨-២០២៨ កំណើន​នៃ​វិស័យ​អប់រំ​​នឹង​កើន​ឡើង​ហួស​ពី​ការ​គិត​ទុក ប៉ុន្តែ​​ពុំទាន់​បំពេញ​បាន​នូវ​តម្រូវ​ការ​នៅ​ឡើយ​ទេ​» ព្រោះ​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

«​វិស័យ​អប់រំ​នៅ​កម្ពុជា កំពុង​មាន​ការ​អភិវឌ្ឍ និង​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​ភាព​វិជ្ជមាន​ដើម្បី​គុណភាព គឺ​យើង​មិន​ប្រកួត​ប្រជែង​យក​ឈ្នះ​ចាញ់​ក្នុង​ការ​ធ្វើ​ជំនួញ​នោះ​ទេ​»​។ ទាំង​សាលា​ឯកជន​រួម​ទាំង​សាលា​រដ្ឋ វិស័យ​ឯកជន និង​សាលា​អន្តរជាតិ ពួក​គេ​កំពុង​ដណ្តើម​យក​ការ​គាំទ្រ​តាម​រយៈ​គុណ​ភាព​ជា​ចម្បង​៕