ជំនាញទន់ និងជំនាញរឹងរួមផ្សំជាមួយគ្នាបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ការអប់រំទាំងអស់។ ជំនាញរឹង សំដៅទៅលើជំនាញបច្ចេកទេស ចំណែកឯជំនាញទន់វិញនៅតែពិបាកឱ្យនិយមន័យជាក់លាក់មួយនៅឡើយ។ តាមពិតទៅ ប៉ុន្តែមិនជាផ្លូវការទេ ជំនាញទន់ទាំងនោះសំដៅទៅលើជំនាញខាងផ្នែកទំនាក់ទំនង។ យើងមិនអាចវាយតម្លៃជំនាញទន់តាមរយៈការប្រឡងមួយ ឬក៏តាមចំណោទខ្លីៗនោះទេ ប៉ុន្តែជំនាញទាំងនោះជួយកំណត់ថាយើងជាមនុស្សបែបណា។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ដើម្បីជួយឱ្យយើងយល់កាន់តែច្បាស់ថាអ្វីខ្លះជាជំនាញទន់នោះ និងពីរបៀបដែលសាលារៀន អន្ដរទ្វីប អាមេរិកាំង កំពុងបង្ហាត់បង្រៀនសិស្សរបស់ខ្លួននូវជំនាញទន់ទាំងអស់នោះព្រោះជំនាញទន់ទាំងអស់នោះបានជួយលើកកម្ពស់កម្ពុជាឱ្យបានល្អប្រសើរលើសមួយកម្រិតទៀត។
មុនពេលដែលយើងអាចជជែកថាហេតុអ្វីបានជាជំនាញទន់មានសារៈសំខាន់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានដាក់និយមន័យរបស់ជំនាញទន់ និងជំនាញរឹងសម្រាប់យើងទាំងអស់គ្នា។ «ជំនាញរឹង គឺជាជំនាញមុខរបរបច្ចេកទេស។ អ្នកចូលរៀននៅមហាវិទ្យាល័យ ហើយអ្នកទទួលបានសញ្ញាបត្រ។ ទាំងនោះហើយដែលជាជំនាញរឹងរបស់អ្នកដែលនិយាយឱ្យចំទៅគឺជាជំនាញដែលអ្នកត្រូវការក្នុងការបំពេញការងាររបស់អ្នក»។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា៖ «ចំណែកឯជំនាញទន់គឺមិនសូវជាអាចមើលឃើញនឹងភ្នែកប៉ុន្មាននោះទេ ហើយក៏មិនត្រូវបានឱ្យនិយមន័យច្បាស់លាស់នោះដែរ។ យើងក៏មិនអាចវាយតម្លៃជំនាញទន់ទាំងនោះបានដែរ ព្រោះជាធម្មតាពួកវាមានមកពីកំណើតដែលជារឿយៗពួកវាកើតចេញពីការហ្វឹកហាត់ និងការអភិវឌ្ឍខ្លួនឯង។ វាគឺជាដំណើរការវែងឆ្ងាយនៅក្នុងខ្សែជីវិតរបស់យើង»។
នៅពេលយើងឃើញនិយមន័យនេះ វាប្រហែលជាការងាយណាស់ក្នុងការមិនឱ្យតម្លៃទៅលើសារៈសំខាន់របស់ជំនាញទន់ ខណៈដែលជំនាញរឹងនឹងចេញផលនៅក្នុងការងារដែលយើងកំពុងតែធ្វើ និងយើងអាចរកប្រាក់ចំណូលពីជំនាញរឹងទាំងអស់នោះ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់ថា៖ «ជំនាញទន់គឺជាជំនាញទំនាក់ទំនង គុណលក្ខណៈផ្ទាល់ខ្លួនជាប្រភេទនៃឥរិយាបថដែលអ្នកត្រូវការនៅពេលអ្នកជួបប្រាស្រ័យជាមួយមនុស្ស ដើម្បីរស់ និងដើម្បីធ្វើការឱ្យបានប្រសើរឡើងនៅឯកន្លែងធ្វើការ ជាពិសេសពួកគេសំដៅទៅលើជំនាញទន់ទាំងនេះថាមានសារៈសំខាន់ណាស់នៅកន្លែងការងារ។ ប្រសិនបើអ្នកអាចមានទំនាក់ទំនងបានល្អនៅកន្លែងការងារអ្នកនឹងអាចបំពេញការងារបានល្អជាងមុនជាមួយនឹងមិត្តរួមការងាររបស់អ្នក អ្នកនឹងអាចធ្វើការងារបានល្អនៅក្នុងក្រុមរបស់អ្នក អ្នកនឹងអាចបំពេញការងារបានល្អជាង អ្នកនឹងមានវិន័យជាងមុនថែមទៀតផង»។
ទាំងនេះគឺជាគុណសម្បតិ្តដែលជួយឱ្យអ្នកអាចទទួលបានការដំឡើងឋានៈ ឡើងប្រាក់ខែ និងទទួលបានភាពជោគជ័យខ្ពស់ជាមួយកម្រិតទៀត ប្រសិនបើអ្នកអាចអភិវឌ្ឍនជំនាញទន់ទាំងនោះបានល្អត្រឹមត្រូវ។
ជាការពិតណាស់ វាមានផលពិបាកមួយនៅក្នុងការបង្រៀនអំពីអ្វីមួយនោះ ដែលយើងមិនអាចវាស់ស្ទង់បាន។ គ្មានរង្វាស់កម្រិតច្បាស់លាស់ វាអាចនឹងពិបាកក្នុងការស្វែងយល់ ឬធ្វើការប៉ាន់ស្មានពីរបៀបដែលសិស្សអភិវឌ្ឍខ្លួនគេ។
នៅសាលារៀន អន្ដរទ្វីប អាមេរិកាំងលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់ថា៖ «ជំនាញទន់គឺមិនអាចបង្រៀនបានទេ ប៉ុន្តែពួកគេត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃកម្មវិធីសិក្សាដែលដំណើរការរៀនសូត្រពីវាត្រូវបានដាក់បញ្ចូលទៅក្នុងមុខវិជ្ជារៀនរបស់សិស្ស។ ការចូលរួមនៅក្នុងថ្នាក់រៀននឹងជួយសិស្សឱ្យមានភាពជឿជាក់ មានភាពជឿជាក់ក្នុងការចូលរួមជាមួយនឹងអ្វីមួយ និងដាក់ខ្លួនពួកគេឱ្យជាប់ទាក់ទងជាមួយនឹងអ្វីមួយ»។
ភាពជឿជាក់ផ្ទាល់ខ្លួន និងជំនឿជាក់ទៅលើសមត្ថភាពរបស់ពួកគេគឺជាមធ្យោបាយមួយនៃការអភិវឌ្ឍនជំនាញទន់។ យើងអាចមើលឃើញលទ្ធផលនៅពេលដែលសិស្សមានអារម្មណ៍ល្អធម្មតាក្នុងការបញ្ចេញនូវគំនិតរបស់ពួកគេ ឬក្នុងការឆ្លើយសំណួរផ្សេងៗ។ ដូចដែលលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងហើយថា ជំនាញទន់ជួយលើកទឹកចិត្តសិស្ស និងបង្កើតនូវថាមពលនៃការចូលរួមដោយសារតែការចូលរួមបន្តិចម្ដងៗនឹងផ្ដល់ដល់សិស្សនូវសមត្ថភាពក្នុងការទាក់ទង។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ថា៖ «កាលពី ១០ ឬ ១៥ ឆ្នាំមុនក្នុងប្រទេសកម្ពុជាប្រព័ន្ធអប់រំគឺពឹងផ្អែកលើគ្រូខ្លាំងណាស់ដោយគ្រូជាអ្នកបង្រៀន ចំណែកឯសិស្សគឺជាអ្នកស្ដាប់។ សិស្សរក្សាភាពស្ងៀមស្ងាត់ រហូតដល់ចំណុចមួយដែលពួកគេមិនមានសេចក្ដីក្លាហានគ្រប់គ្រាន់ក្នុងការលើកដៃ ឬឡើងទៅលើវេទិកា និងធ្វើបទបង្ហាញ។ ដូច្នេះជំនាញទន់ និងលទ្ធភាពក្នុងការបង្ហាញពីខ្លួនពួកគេផ្ទាល់ក៏មិនមានវត្តមាននោះដែរ»។
នាពេលបច្ចុប្បន្ននេះអ្វីៗបានប្រែប្រួលហើយនៅក្នុងប្រទេសកម្ពុជា ហើយក៏ព្រោះតែនៅក្នុងសាលារៀនផ្សេងៗដូចជា សាលារៀន អន្ដរទ្វីប អាមេរិកាំងជាដើម របៀបថ្មីត្រូវបានអភិវឌ្ឍនឡើងជាមួយនឹងការផ្ដល់អទិភាពទៅលើការបណ្ដុះបណ្ដាលនូវជំនាញទន់។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យជាឧទាហរណ៍មួយពីរបៀបដែល សាលារៀន អន្ដរទ្វីប អាមេរិកាំងបានបង្ហាត់បង្រៀននូវចំណេះដឹងផ្នែកជំនាញទន់ទៅឱ្យសិស្សរបស់ខ្លួនគឺ «គ្រូនឹងឱ្យសិស្សក្រោកឈរ ជជែក ប្រាស្រ័យទាក់ទងគ្នាជាមួយសិស្សផ្សេងៗទៀត ដូច្នេះដំណើរការនោះគឺជាជំនាញរឹង ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាអ្នកមានសមត្ថភាពក្នុងការធ្វើធម្មតានូវការប្រាស្រ័យទាក់ទងគ្នា និងមានអារម្មណ៍ស៊ាំជាមួយនឹងវា នោះហើយគឺជាជំនាញទន់មួយ។ វាពិតជាពិបាកក្នុងការវាស់ស្ទង់ហើយវាមិនអាចមើលឃើញច្បាស់ទៀតផង។ ជំនាញទន់គឺជាអ្វីមួយដែលអ្នកទទួលបានពីដំណើរការនៃការប្រាស្រ័យទាក់ទងគ្នាទាំងនោះ»។
នៅក្នុងន័យថាវាគឺជាពេលវេលាដ៏ល្អបំផុតដើម្បីចាប់ផ្ដើមរៀនជំនាញទន់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្ដល់ជាអនុសាស្ត្រថា៖ «ជាធម្មតាគួរតែចាប់ផ្ដើមរៀនឱ្យបានកាន់តែឆាប់កាន់តែល្អ វាមិនដែលលឿនពេកនោះទេដើម្បីដាក់បញ្ចូលក្នុងចិត្តរបស់កុមារជាមួយនឹងគោលការណ៍អស់ទាំងនេះ»។
ដូច្នោះការទទួលបាននូវជំនាញទន់គឺជាដំណើរការពេញមួយជីវិត។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ថា៖ «បើអ្នកកាន់តែឱ្យសិស្សបានរៀនពីជំនាញនេះបានកាន់តែឆាប់ អ្នកនឹងមានសិស្សច្រើនឡើងៗចូលរួមបានកាន់ល្អប្រសើរ»។
នៅសាលារៀន អន្ដរទ្វីប អាមេរិកាំងការបង្រៀននូវជំនាញទន់គឺមិនត្រឹមតែនៅក្នុងថ្នាក់រៀននោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃកម្មវិធីសិក្សាទាំងមូលតែម្ដង ដែលអាចជួយលើកកម្ពស់ការបំពេញកិច្ចការរបស់សិស្ស ជួយពង្រឹងភាពជឿជាក់របស់សិស្ស និងដែលសំខាន់ចុងក្រោយនោះវានឹងជួយបង្កើនគុណភាពជីវិតរបស់ពួកគេ។