ការសិក្សា​គឺជា​មូលដ្ឋានគ្រឹះ​ដ៏សំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេសមួយ​។ វា​គឺជា​ធាតុ​ដែល​ត្រូវ​ពង្រឹង​ដើម្បី​ការរីកចម្រើន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​នៅក្នុង​សង្គម​។ សាលា​អន្តរជាតិ​កាណាដា​ (CIS) ​ភ្នំពេញ​គឺជា​សាលា​ឈានមុខ​គេ​ដែល​ផ្តល់​ការសិក្សា​គ្រប់​ជ្រុងជ្រោយ​ដល់​សិស្សានុសិស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។

លើស​ពី​នេះ​ទៀត​សាលា​អន្តរជាតិ CIS មាន​តុល្យភាព​ខ្ពស់​ទាំង​លើ​ផ្នែក​រឹង​ និង​ផ្នែក​ទន់​។ ផ្នែក​រឹង​គឺ​សំដៅ​ទៅលើ​គ្រឿង​បរិក្ខារ ឧបករណ៍ និង​សម្ភារ​សម្រាប់​បង្រៀន ចំណែកឯ​ផ្នែក​ទន់​គឺ​សំដៅ​លើ​ទេពកោសល្យ​នៃ​ការបង្រៀន (​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ​) ដែល​ពោរពេញ​ដោយ​ជំនាញ​វិជ្ជាជីវៈ​ និង​ចក្ខុវិស័យ​ខ្ពស់​ក្នុង​ការបណ្តុះបណ្តាល​សិស្ស​។ សាលា​អន្តរជាតិ CIS កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការសាងសង់​អគារ​ទំនើប និង​អគារ​មួយចំនួន​ទៀត​ដើម្បី​ត្រៀម​សម្រាប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ បន្ទាប់ពី​សិស្ស​បញ្ចប់​ការសិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ​។ ចំពោះ​ផ្នែក​ទន់ (​កម្មវិធីសិក្សា​) សម្រាប់​សិស្ស​ថ្នាក់​វិទ្យាល័យ សាលា CIS កំពុង​ដំណើរការ​ដាក់​ពាក្យសុំ​កម្មវិធីសិក្សា​ស្តង់ដា​អន្តរជាតិ International Baccalaureate (IB) ។

លោក Tony George អ្នក​សម្របសម្រួល​កម្មវិធីសិក្សា និង​កម្មវិធី IB បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​បាន​ជួប​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​នានា ហើយ​ពួកគេ​សុទ្ធតែ​ចាប់អារម្មណ៍​ទៅនឹង​កម្មវិធីសិក្សា IB ព្រោះ​វា​ជា​កម្មវិធី​សិក្សា​អន្តរជាតិ​ដែល​អភិវឌ្ឍ​និស្សិត​ និង​បណ្តុះបណ្តាល​សមត្ថភាព​និស្សិត​ក្នុងការ​ទទួល​ខុសត្រូវ​លើ​ឥរិយាបថ និង​សុខុមាលភាព​ផ្ទាល់ខ្លួន​»​។

«​កម្មវិធី​នេះ​បើក​ផ្លូវ​ដល់​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​សម្រាប់​សិស្ស​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​។ ផ្តោតលើ​ការច្នៃប្រឌិត​ និង​សេវាកម្ម​សិក្សា​។ ផ្តល់ឱ្យ​សិស្ស​នូវ​សមត្ថភាព​ក្នុង​ការកំណត់​អត្តសញ្ញាណ ការផ្លាស់ប្តូរ​ដែល​ពួកគេ​ចង់​ធ្វើ​នៅក្នុង​ពិភពលោក​នេះ​»​។

លោក Barry Squires នាយក​សាលា CIS មាន​ប្រសាសន៍​ថា សាលា CIS ចង់​ឲ្យ​សិស្ស​ទទួល​បាន​បទពិសោធ​នៃ​សេវាកម្ម​សិក្សា​នៅ​សាលា​។ គ្រូបង្រៀន​របស់​សាលា CIS នឹង ដាក់​បញ្ហា​ឲ្យ​សិស្ស​ចេះ​គិត​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ស្វែងរក​ដំណោះស្រាយ​។

លោក​បញ្ជាក់ថា នៅពេល​ដែល​សាលា CIS ទទួល​បាន​ភ្លើង​ខៀវ​ពី​ស្ថាប័ន​មូលនិធិ​អប់រំ​អន្តរជាតិ IB ដើម្បី​ប្រើប្រាស់​កម្មវិធីសិក្សា IB ពេល​នោះ​សាលា​នឹងមាន​កម្មវិធីសិក្សា​ដែល​ទទួល​ស្គាល់​ពី​អន្តរជាតិ​ចំនួន​ ២ គឺ​កម្មវិធី Alberta និង IB ។

«​សាលា​របស់​យើង​តែងតែ​ផ្តោតលើ​បរិបទ​ប្រទេស​កម្ពុជា​ក្នុង​ការផ្តល់​ការបណ្តុះបណ្តាល និង​អប់រំ​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ក្លាយ​ជា​អ្នកដឹកនាំ​នាពេល​អនាគត​»​។

លោក​បន្ថែមថា​៖ «​ក្នុងនាម​យើង​ជា​សាលា​អន្តរជាតិ សិស្ស​ក៏​មាន​ចម្រុះ​ជាតិ​សាសន៍​ដែរ ដូច្នេះ​យើង​មាន​កម្មវិធីសិក្សា​ ២ ​ភាសា​នៅក្រោម​កម្មវិធី​សិក្សា Alberta គឺ​ភាសា​បារាំង​ និង​ចិន​»​។ លោក Squires ពន្យល់ថា​កម្មវិធីសិក្សា​ ២ ​ភាសា​នេះ​ផ្តល់ឱ្យ​សិស្ស​នូវ​ឱកាស​មួយ​ដើម្បី​រៀន​ភាសា​កំណើត​របស់​ពួកគេ​។ ក្រៅពី​ថ្នាក់​ភាសា​បារាំង​ និង​ភាសា​ចិន សិស្ស​ដែល​បាន​ចុះឈ្មោះ​ចូលរៀន​កម្មវិធី​ទាំងនេះ​ក៏​អាច​រៀន​អំពី​ការសិក្សា​សង្គម និង​វិទ្យាសាស្ត្រ​ជា​ភាសា​កំណើត​របស់​ពួកគេ​ផងដែរ​។

លោក Squires មានប្រសាសន៍​ថា​៖ «​យើង​រក្សា​ទំហំ​ថ្នាក់រៀន​របស់​យើង​ឱ្យមាន​ទំហំ​តូច​ល្មម សម្រាប់​សិស្ស​ចន្លោះ​ពី ១៦ ទៅ ២១ នាក់​សម្រាប់​ថ្នាក់​មួយ​។ ធ្វើ​ដូចនេះ​គឺ​អនុញ្ញាត​ឱ្យ​គ្រូ​អាច​តាមដាន​សិស្ស​ម្នាក់ៗ​បាន​ល្អិតល្អន់​។ សិស្ស​នៅ​សាលា CIS ក៏​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​រួមចំណែក​ដល់​សង្គម​តាមរយៈ​កម្មវិធី​សេវាកម្ម​សហគមន៍​ផងដែរ​»​។

លោក Squires និង​លោក George មាន​មោទនភាព​ចំពោះ​កម្មវិធីសិក្សា​នេះ ពីព្រោះ​វា​ជា​គំនិត​ផ្តួចផ្តើម​ដ៏ល្អ​សម្រាប់​សិស្ស​ដែល​ពួកគេ​អាច​កត់សម្គាល់​បញ្ហា​សង្គម ចេះ​ស្វែងរក​ដំណោះស្រាយ ចេះ​រៀបចំ​ផែនការ និង​សម្រេចចិត្ត​ដោយ​ខ្លួនឯង​។

លោក George មានប្រសាសន៍​ថា​សិស្ស​បាន​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ រដ្ឋាភិបាល​ជាច្រើន​សម្រាប់​សេវាកម្ម​សហគមន៍​របស់​ពួកគេ ហើយ​ត្រូវបាន​កោតសរសើរ​ចំពោះ​ការគិត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ក្នុង​ការបង្កើត​ដំណោះស្រាយ ដើម្បី​កសាង​សង្គម​មួយ​ប្រកបដោយ​សុខុមាលភាព និង​ភាព​រីករាយ​នៅក្នុង​ប្រទេស​កម្ពុជា​។

IB គឺជា​មូលដ្ឋានគ្រឹះ​អប់រំ​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​។ វា​ផ្តល់នូវ​កម្មវិធី​អប់រំ​ចំនួន​ ៤ គឺ​កម្មវិធី IB Diploma Program កម្មវិធី IB Career-related Programme សម្រាប់​សិស្ស​ដែល​មាន​អាយុ​ពី ១៦ ដល់ ១៩ ឆ្នាំ​, កម្មវិធី IB Middle Years Program សម្រាប់​សិស្ស​ដែលមាន​អាយុ​ពី ១១ ដល់ ១៦ ឆ្នាំ និង​កម្មវិធី IB Primary Years Programme សម្រាប់​កុមារ​អាយុ​ចាប់ពី​ ៣ ដល់​ ១២ ​ឆ្នាំ​។

ដើម្បី​បង្រៀន​កម្មវិធី​ទាំងនេះ​បាន​សាលារៀន​ត្រូវ​ទទួល​ការអនុញ្ញាត​ពី​កម្មវិធី International Baccalaureate ជាមុន​សិន​៕