ក្នុង​ឆ្នាំ​នេះ​ប្រទេស​សិង្ហបុរី​នឹង​ប្រារព្ធ​ពិធី​រំឭក​ខួប​ទី​ ២០០ ​ឆ្នាំ​នៃ​ការកកើត​ដែនដី​របស់​ខ្លួន​។ ២០០ ​ឆ្នាំ​ក្រោយពី​ការមក​ដល់​ដែន​កោះ​មួយ​នេះ​របស់​លោក Sir Thomas Stamford Raffles ប្រទេស​សិង្ហបុរី​បាន​វិវឌ្ឍ​ខ្លួន​ទៅ​ជា​ទីក្រុង​លំដាប់​ពិភពលោក​ដ៏អស្ចារ្យ​។

ធនធាន​ធម្មជាតិ​តែមួយគត់​របស់​រដ្ឋ​នេះ​គឺ​ប្រជាជន​របស់​ខ្លួន ហើយ​រដ្ឋាភិបាល​ចាប់​តាំងពី​ដើម​មក​បាន​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​យុទ្ធសាស្ត្រ​ក្នុង​ការទាក់ទាញ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​។

បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​សិង្ហបុរី​មាន​លក្ខណៈ​ឈានមុខ​គេ​នៅលើ​ពិភពលោក​។ ប្រទេស​នេះ​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុង​ការប្រឡង​អន្តរជាតិ​ (Programme for International Student Assessment) របស់ OECD សម្រាប់​សិស្ស​អាយុ​ ១៥ ​ឆ្នាំ​ទូទាំង​ពិភពលោក​លើ​ផ្នែក​គណិតវិទ្យា អំណាន និង​វិទ្យាសាស្ត្រ​។ បន្ថែម​ពី​នេះ​ទៅ​ទៀត សិស្ស​សិង្ហបុរី​ក៏ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​នៅក្នុង​ការស្ទង់មតិ​ជា​សកល​របស់ OECD លើ​សមត្ថភាព​ដោះស្រាយ​បញ្ហា​ផង​ដែរ​។

ដូចគ្នា​នេះ​ដែរ​យុវជន​ខ្មែរ​គឺជា​ធនធាន​ដ៏សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​។ អាស្រ័យ​ហេតុនេះ​ហើយ​ដែល​ស្ថាប័ន Singapore Institute of Management (SIM) បាន​បង្កើត​សាលារៀន​អន្តរជាតិ​សិង្ហបុរី (SCIA) ​នេះ​ឡើង​នៅ​ប្រទេស​កម្ពុជា​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។

សិស្សកំពុងធ្វើការពិសោធន៍នៅមន្ទីរពិសោធន៍វិទ្យាសាស្ត្ររបស់សាលា SCIA ។

សាលា​អន្តរជាតិ SCIA មិន​ត្រឹមតែ​ជា​សាលា​ដែល​បាន​ចុះឈ្មោះ និង​ទទួល​ស្គាល់​ដោយ Cambridge Assessment International Education ប៉ុណ្ណោះ​ទេ ថ្មីៗ​នេះ​សាលា​ក៏ត្រូវ​បាន​តែងតាំង​ជា​មជ្ឈមណ្ឌល​ប្រឡង​ក្រៅ​ប្រទេស​ដែល​អាច​ដំណើរការ​ប្រឡង​ថ្នាក់​បឋមសិក្សា​អន្តរជាតិ​សិង្ហបុរី (iPSLE) ដោយ​ក្រុមប្រឹក្សា​ប្រឡង និង​វាយតម្លៃ​សិង្ហបុរី (SEAB) ផង​ដែរ​។

ដើម្បី​បន្ត​ភាពជោគជ័យ​របស់​ប្រទេស​សិង្ហបុរី​ក្នុង​ការអប់រំ និង​បណ្តុះបណ្តាល​ជំនាញ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ពេលអនាគត​ដល់​ពលរដ្ឋ​វ័យក្មេង សាលារៀន​ផ្តោត​ចំបង​ទៅលើ​ការអប់រំ​ពេញលេញ​ដល់​សិស្សានុសិស្ស​នៅ​ប្រទេស​កម្ពុជា​។ សមិទ្ធផល​មួយ​ចំនួន​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​រួមមាន​ការគាំទ្រ និង​ជំរុញ​ឲ្យ​សិស្ស​បង្កើត​គំនិត​ថ្មីៗ ភាព​ច្នៃប្រឌិត​ខ្ពស់ និង​ទទួល​បាន​ពានរង្វាន់​។

កាលពី​ពេល​ថ្មីៗ​នេះ​នៅក្នុង​ការប្រកួតប្រជែង​ការច្នៃប្រឌិត​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​ (CASTIC) ​លើក​ទី​ ៣៤ សិស្ស​វិទ្យាល័យ​របស់​សាលា​អន្តរជាតិ SCIA ចំនួន​ ២ ​រូប​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​នោះ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​ ៣ នៅក្នុង​ការប្រកួត​ផ្នែក​គម្រោង​អន្តរជាតិ​។

គម្រោង​វិទ្យាសាស្ត្រ​របស់​ពួកគេ​គឺ​ “Recirculating Aquatic System of Agriculture (RASA)” ជា​ប្រព័ន្ធ​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព​ដែល​អាច​បង្កើន​ផលិតភាព​កសិកម្ម និង​កាត់បន្ថយ​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​។

ការសិក្សាផ្អែកលើការអនុវត្តជាក់ស្តែងនៅសាលា SCIA គឺចាប់ផ្តើមតាំងពីថ្នាក់មត្តេយ្យ ។

ការតំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ក្នុង​ការប្រកួតប្រជែង​នេះ​គឺជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ភាពជោគជ័យ​នៃ​កម្មវិធីសិក្សា STEM (​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​) របស់​សាលា​អន្តរជាតិ SCIA ហើយ​ក៏​ជា​ឱកាស​មួយ​សម្រាប់​សិស្ស​បង្ហាញ​សមត្ថភាព​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។

ក្រៅពី​មុខវិជ្ជា STEM សាលា​ក៏​ផ្តល់​ជូន​នូវ​មុខវិជ្ជា​ផ្សេង​ទៀត​ដូចជា​សហគ្រិនភាព និង​ភាពជា​អ្នកដឹកនាំ​ផងដែរ​ដើម្បី​បង្កើន​សក្តានុពលភាព​ និង​កសាង​ភាពក្លាហាន​។ សាលារៀន​ដែល​លើក​ទឹកចិត្ត​ដល់​ការសិក្សា​ផ្នែក​សហគ្រិនភាព និង​ភាពជា​អ្នកដឹកនាំ​អាច​នឹង​បណ្តុះ​បាន​អ្នកដឹកនាំ​ប្រកប​ដោយ​ទស្សនវិស័យ និង​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃប្រឌិត​ដែល​សមស្រប​ទៅនឹង​បរិបទ​សង្គម និង​ពិភពលោក​ដែល​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នេះ​។

លោក Anselm Chu នាយក​គ្រប់គ្រង និង​ជា​នាយក​សាលា SCIA មាន​ប្រសាសន៍​ថា​៖ «​សាលា SCIA បេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការអប់រំ និង​បណ្តុះបណ្តាល​អ្នកដឹកនាំ​នាពេល​អនាគត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សាលា SCIA ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​អាកប្បកិរិយា​ល្អ និង​ស្មារតី​មោះមុត​ដល់​សិស្ស​ទាំងអស់​។ យើង​ចង់​ក្លាយ​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ដល់​សិស្សានុសិស្ស​ឲ្យ​ដើរ​ទៅ​រក​មាគ៌ា​នៃ​ការសិក្សា​រៀនសូត្រ​ពេញ​មួយជីវិត ដើម្បី​ឲ្យ​ពួកគាត់​ត្រៀម​ខ្លួន​រួចជាស្រេច​សម្រាប់​ពេលអនាគត​»​។

ក្រៅពី​កម្មវិធីសិក្សា​តាំងពី​កម្រិត​មត្តេយ្យ​ដល់​ថ្នាក់​ទី​ ១២ សាលា​ក៏បាន​ចាប់ផ្តើម​បើក​វគ្គ​សិក្សា​ថ្នាក់មូលដ្ឋាន​គ្រឹះ​សម្រាប់​ឧត្តមសិក្សា ដូចជា កម្មវិធី​មូលដ្ឋានគ្រឹះ​អន្តរជាតិ (International Foundation Programme) ពី University of London (UOL) ប្រទេស​អង់គ្លេស និង​កម្មវិធី​មូលដ្ឋានគ្រឹះ​ផ្នែក​គ្រប់គ្រង នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ (Foundation Studies Centre)​។ នៅពេល​អនាគត​ដ៏ខ្លី​ខាងមុខ​នេះ​សាលា​អន្តរជាតិ SCIA ក៏​នឹង​ផ្តល់ជូន​នូវ​កម្មវិធី​កម្រិត​ឧត្តមសិក្សា និង​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ​ទៀត​៕