The Phnom Penh Post Search

Search form

សាលា​ឯកជន ​ផ្តល់​ជម្រើស​កម្មវិធី​សិក្សា​ច្រើន

Content image - Phnom Penh Post
លោកគ្រូ​ជនជាតិ​បរទេស​រូប​នេះ​កំពុង​បង្រៀន​មេរៀន​កុំព្យូទ័រ​ដល់​សិស្ស​តូចៗ​របស់​គាត់​។ រូបថត សហការី

សាលា​ឯកជន ​ផ្តល់​ជម្រើស​កម្មវិធី​សិក្សា​ច្រើន

ការសិក្សា​កម្មវិធី​តាម​បែប​អន្តរជាតិ​អាច​ផ្តល់​ឱកាស​សម្រាប់​ជួយ​ត្រៀម​បម្រុង​សិស្ស​ដែល​មាន​បំណង​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​។

ខណៈ​ពេល​ដែល​សាលារៀន​រដ្ឋ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា អនុវត្ត​តាម​កម្មវិធី​សិក្សា​របស់​ជាតិ​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រឹះស្ថាន​អប់រំ​ឯកជន​ភាគច្រើន​ផ្តល់​ជម្រើស​ច្រើន​ជាង​នេះ​ទៅ​ដល់​កុមារៗ​ដែល​មាន​ឪពុកម្តាយ​មាន​ជីវភាព​ធូរធារ​។ ជាមួយ​នឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ឯកជន ដែល​ដើរ​ទន្ទឹម​នឹង​កំណើន​ប្រជាជន វា​ធ្វើឲ្យ​កាន់តែ​មាន​ជម្រើស​ជាច្រើន​សម្រាប់​ឪពុកម្តាយ​នាសម័យ​នេះ​។

ចំនួន​ប្រជាជន​កម្ពុជា​បាន​កើនឡើង​ទ្វេដង​រហូត​ដល់​ ១៦ ​លាន​នាក់​ក្នុង​រយៈពេល ៣ ទសវត្សរ៍​កន្លង​មក​នេះ​។ ទិន្នន័យ​ផ្លូវការ​របស់​ក្រសួង​អប់រំ​បាន​បង្ហាញថា មាន​កុមារ​សិក្សា​នៅ​សាលា​បឋមសិក្សា​ចំនួន​ជាង ២,២ ​លាន​នាក់ ដែល​បាន​ចូលរៀន​នៅក្នុង​សាលា​បឋមសិក្សា​រដ្ឋ​ចំនួន ៧,១៨៩ ​សាលា​។

នៅ​ពេល​ដែល​ចំនួន​សាលារៀន​ឯកជន​បាន​កើនឡើង​យ៉ាង​ខ្លាំង​ប្រភេទ​នៃ​កម្មវិធីសិក្សា​ក៏​កើនឡើង​យ៉ាង​ច្រើន​ផង​ដែរ ឥឡូវ​នេះ​ឪពុកម្តាយ​អាច​ជ្រើសរើស​ដាក់​កូន​របស់​គេ​តាម​ប្រព័ន្ធ​អប់រំ​ណា​មួយ​ក៏​បាន ដែល​ជា​ជំហាន​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​មួយ​សម្រាប់​ឲ្យ​ស៊ាំ​ខ្លួន​កូនសិស្ស​ទៅ​នឹង​ការសិក្សា​របៀប​នៅ​បរទេស​។ កម្មវិធី​សិក្សា​ដែល​មាន​ប្រជាប្រិយភាព​មាន​ដូចជា កម្មវិធីសិក្សា​របៀប​អាមេរិក ចក្រភព​អង់គ្លេស កាណាដា អូស្ត្រាលី សិង្ហបុរី និង​ចិន​។

លោក ឱ វ៉េង សាកលវិទ្យាធិការ និង​ជា​សហស្ថាបនិក​នៃ​សាលាបឋមសិក្សា ហាយ ប្រ៊ីដ (Hi-Bridge) បាន​ចាប់​យក​កម្មវិធីសិក្សា​ចម្រុះ​ដែល​រួមមាន​កម្មវិធីសិក្សា​ជាតិ អន្តរជាតិ និង​វិទ្យាសាស្ត្រ​។

លោក​បាន​ថ្លែង​ថា៖ «​កម្មវិធីសិក្សា​នៃ​ចក្រភព​អង់គ្លេស គឺជា​ស្នួល​កណ្តាល​នៃ​សាលា​របស់​យើង​។ ការប្រើប្រាស់​កម្មវិធីសិក្សា​នៃ​ចក្រភព​អង់គ្លេស​ដោយសារ​តែ​បែបបទ​នេះ​អាច​ជួយ​ឲ្យ​សិស្សានុសិស្ស​បាន​ពិន្ទុ​ច្រើន​នៅ​ក្នុង​មុខវិជ្ជា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​។ សិស្ស​ដែល​ពូកែ​ផ្នែក​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ភាគច្រើន​អាច​មាន​សមត្ថភាព​ក្នុង​ការ​គិតគូរ​បាន​ល្អ​ជាង​»​។

Content image - Phnom Penh Post
អ្នកគ្រូ​បរទេស​កំពុង​បង្រៀន​សិស្ស​កូន​ខ្មែរ​របស់​គាត់​។ រូបថត សហការី

លោក វ៉េង បាន​បន្ត​ទៀត​ថា​សាលា​បឋមសិក្សា​ហាយ ប្រ៊ីដ មាន​កម្មវិធី​សិក្សា​តាម​លំនាំ​ចក្រភព​អង់គ្លេស គឺជា​លក្ខណៈ​មួយ​គួរ​ឲ្យ​ទាក់ទាញ​សិស្ស និង​ឪពុកម្តាយ​របស់​ពួកគេ​ក៏​ចូលចិត្ត​។

លោក​បន្ត​ថា៖ «​សាលា​បឋមសិក្សា​ហាយ ប្រ៊ីដ បាន​ផ្តល់​នូវ​កម្មវិធី​ជា​ភាសា​ចិន​ចំនួន​ ៣ ​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ផង​ដែរ​»​។ ឪពុកម្តាយ​ជាច្រើន​បាន​មើល​ឃើញ​នូវ​សក្តានុពល​នៃ​ការបង្កើន​ការវិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​ដូច្នេះ​ពួកគេ​ចង់​ឲ្យ​កូនៗ​របស់​ពួកគេ​រៀន​ភាសា​ចិន ឲ្យ​បាន​ច្រើន​។ សម្រាប់​កម្មវិធីសិក្សា​ដែល​បង្រៀន​ជា​ភាសា​ខ្មែរ​គឺ​ត្រូវ​អនុវត្ត​តាម​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ​។

សាលា Cambridge International School ដែល​ជា​សាលា​ឯកជន​មួយ​ទៀត​នោះ​ក៏​អនុវត្ត​តាម​កម្មវិធីសិក្សា​របស់​ចក្រភព​អង់គ្លេស​ដែរ​គឺ​កម្មវិធី​សិក្សា​ប្រភេទ IPC​។

លោក ប៊ូរ ផាណ្ណារឹទ្ធ អនុប្រធាន​សាលា Cambridge International School បាន​មាន​ប្រសាសន៍​ថា​អត្ថប្រយោជន៍​ចម្បង​នៃ​ប្រព័ន្ធ​អង់គ្លេស គឺ​ផ្តល់​មូលដ្ឋានគ្រឹះ​ភាសា​អង់គ្លេស​ដ៏ល្អ​ប្រសើរ​ដល់​សិស្ស​។ សាលា​នេះ​ក៏​បាន​ផ្តល់​ថ្នាក់​ភាសា​ចិន ផង​ដែរ​។

លោក​បាន​បន្ត​ថា៖ «​តាមរយៈ​នេះ​ការណែនាំ​សិស្សានុសិស្ស​ឲ្យ​ចេះ​ភាសា​អង់គ្លេស តាំងពី​តូចៗ​អាច​ថា សិស្ស​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ និង​អាច​ប្រើ​ក្នុង​ការ​ទំនាក់ទំនង​ឲ្យ​បាន​យ៉ាង​រលូន ហើយ​វា​ក៏​ផ្តល់​ឱកាស​សម្រាប់​អ្នក​ចង់​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​ដែរ​»​។

Content image - Phnom Penh Post
សិស្ស​តូចៗ​នៅ​សាលា​ឯកជន​មួយ​កំពុង​រៀន​មុខវិជ្ជា STEM​។ រូបថត សហការី

នៅឯ​សាលា Harrods International Academy លោកគ្រូ​អ្នកគ្រូ​នៅ​ទី​នោះ​ប្រើប្រាស់​ភាសា​អង់គ្លេស​ជាទូទៅ​នៅ​ក្នុង​បរិវេណ​សាលា​ទាំង​មូល ហើយ​សាលា​នេះ​យក​តាម​លំនាំ​កម្មវិធី​សិក្សា​របស់​ប្រទេស​អង់គ្លេស និង​ប្រទេស សិង្ហបុរី​។

អ្នកស្រី Melissa Close នាយក​សាលា Harrods បាន​ថ្លែង​ថា៖ «​កម្មវិធី​សិក្សា​របស់​យើង​អាច​ជួយ​ឲ្យ​សិស្ស​អភិវឌ្ឍ​ខ្លួន និង​ផ្នត់​គំនិត​ជា​លក្ខណៈ​អន្តរជាតិ ហើយ​ពួកគេ​បាន​បំពាក់​ក្នុង​ខ្លួន​គេ​នូវ​ចំណេះដឹង និង​បទពិសោធ​ដើម្បី​បាន​ត្រៀមខ្លួន​ប្រែក្លាយ​ជា​ប្រជាជន​នៃ​សម័យ​សកលភាវូនីយកម្ម​រួច​ជា​ស្រេច​»​។

សាលា​ផ្តល់​ឱកាស​ដល់ «​ពួកយើង​ (​គ្រូ និង​សិស្ស​) ​អាច​ប្រើប្រាស់ ២ ​ភាសា​បាន យើង​ក៏​មាន​កម្មវិធី​ជា​ភាសា​ខ្មែរ​យ៉ាង​ត្រឹមត្រូវ​ស្រប​តាម​កម្មវិធី​សិក្សា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​ប្រទេស​កម្ពុជា​» នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកស្រី Melissa៕

ណុប សុវណ្ណ

អត្ថបទគួរចាប់អារម្មណ៍