The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​ SCIA បំប៉ន​សិស្ស​នូវ​ជំនាញ​ទន់​សម្រាប់​ទីផ្សារ​ការងារ​នាពេល​អនាគត

សាលា​ SCIA បំប៉ន​សិស្ស​នូវ​ជំនាញ​ទន់​សម្រាប់​ទីផ្សារ​ការងារ​នាពេល​អនាគត

Content image - Phnom Penh Post
លោក Chu កំពុងបង្រៀនអំពីទំនាក់ទំនងអន្តរជាតិដែលជាវគ្គសិក្សាមួយក្នុងចំណោមវគ្គសិក្សានានាដែលមាននៅក្នុងកម្មវិធី SCIA-University of London International Foundation

សាលា​ SCIA បំប៉ន​សិស្ស​នូវ​ជំនាញ​ទន់​សម្រាប់​ទីផ្សារ​ការងារ​នាពេល​អនាគត

សាលា​អន្តរជាតិ​សិង្ហបុរី SCIA បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ពាក្យស្លោក​ «​បំប៉ន​សិស្ស​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​កម្លាំង​ការងារ​ពេល​អនាគត​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​»​។

ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ​គ្រូបង្រៀន​នៅ​សាលា​ SCIA បាន​ខិតខំ​បង្រៀន​នៅក្នុង​កម្រិត​ផ្សេងៗ​គ្នា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​បាន​កែច្នៃ​រចនាប័ទ្ម​សិក្សា​បែប​ចាស់​ទៅ​ជា​ការបង្រៀន​បែប​សម័យ​ទំនើប​ដែល​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​អាច​ចាប់​យក​ជំនាញ​ច្រើន​មុខ​មុនពេល​ពួកគេ​ចេញ​ទៅ​ធ្វើ​ការងារ​។

ក្រៅពី​កម្មវិធី​សិក្សា​ដែល​មាន​លក្ខណ​ពិសេស លោកគ្រូ​អ្នកគ្រូ​ដែល​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​បាន​បង្រៀន​ដល់​សិស្សានុសិស្ស​នូវ​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​រាប់​ចាប់​តាំងពី​ជំនាញ​ភាពជា​អ្នក​ដឹកនាំ​រហូត​ដល់​ជំនាញ​ជា​សហគ្រិន​វ័យក្មេង​នៅ​សាលា SCIA ក្នុង​រាជធានី​ភ្នំពេញ​។ ការផ្លាស់ប្តូរ​គឺ​ត្រូវការ​យ៉ាង​ឆាប់រហ័ស​ហើយ SCIA កំពុង​ធ្វើ​វា​នៅក្នុង​ថ្នាក់រៀន​។

ការផ្លាស់ប្តូរ​គឺ​តែងតែ​កើតឡើង​នៅ​កន្លែង​ធ្វើការ​ ខណៈ​អាជីវកម្ម​មាន​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៅ​ក្រោម​រលក​នៃ​បច្ចេកវិទ្យា​ថ្មីៗ​អភិវឌ្ឍ​ទៅមុខ​មិនចេះ​ឈប់ឈរ​ដែល​នាំ​មក​នូវ​ឥទ្ធិពល​ដ៏ខ្លាំងក្លា​ទៅលើ​ការងារ និង​កម្លាំង​ពលកម្ម​ដែល​មាន​ស្រាប់​។ ជំនាញ​ថ្មីៗ​ជាច្រើន​ដែល​អាច​បង្កើន​គុណភាព​ជីវិត និង​បង្កើន​ផលិតភាព​ចាំបាច់​គឺ​ត្រូវ​ចូលមក​ជំនួស​ប្រព័ន្ធ​អេកូឡូស៊ី ការងារ​បែប​ប្រពៃណី​នៅពេល​ដែល​និយោជក និង​និយោជិត​អាច​ត្រូវ​បង្ខំចិត្ត​កែប្រែ​របៀប​ធ្វើការ​ដើម្បី​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា​ដែល​កំពុង​ជឿនលឿន​នេះ​។ ហេតុដូច្នេះ​ទស្សនវិស័យ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​ប្រព័ន្ធ​អប់រំ និង​ធនធាន​មនុស្ស​គឺ​ត្រូវបាន​គេ​មើលឃើញ​តាម​ទស្សនវិស័យ​ផ្សេងៗ​គ្នា​។

Content image - Phnom Penh Post
សិស្សានិសិស្សនៅស្ថានីយ៏សត្វវិទ្យាក្នុងថ្ងៃOpen House ជាកន្លែងដែលពួកគេទទួលបានបទពិសោធន៏អាជីពការងារផ្សេងៗគ្នា

ក្រៅពី​ការអភិវឌ្ឍ​ជំនាញ​រឹង​ដើម្បី​បំពេញ​តាម​តម្រូវការ​ជាច្រើន​នាពេល​បច្ចុប្បន្ន​នេះ​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​ក៏ត្រូវ​ការជំនាញ​ទន់​ជា​ចាំបាច់​ដែរ​។ សមត្ថភាព​ទេពកោសល្យ​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ប្រកប​ដោយ​ប្រសិទ្ធភាព ការគិត​ស៊ីជម្រៅ​ការដោះស្រាយ​បញ្ហា និង​ការធ្វើ​ការងារ​ជា​ក្រុម គឺជា​ជំនាញ​ទន់​ដែល​មាន​តម្រូវការ​ខ្ពស់​ពី​និយោជក​នៅក្នុង​ឧស្សាហកម្ម​នៃ​យុគសម័យ​នេះ​។

លោក Anselm Chu នាយក​គ្រប់គ្រង​សាលា​អន្តរជាតិ SCIA បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា «​ពិភពលោក​កំពុង​ផ្តោត​ទៅ​លើ​ជំនាញ​នៅក្នុង​សតវត្សរ៍​ទី​ ២១ ​នេះ​។ យើង​លែង​នៅក្នុង​ដំណើរការ​បដិវត្តន៍​តាម​បែប​ប្រពៃណី​ទៀត​ហើយ​។ ​បច្ចុប្បន្ន​គឺ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​ ៤.០ ខណៈ​ក្រុមហ៊ុន​នានា​បាន​ប្រកាស​អំពី​បណ្តាញ 5G (​បណ្តាញ​ទូរគមនាគមន៍​ជំនាន់​ទី​ ៥)»​។

គាត់​យល់ស្រប​ថា យោង​តាម​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​ ២០១៦ ​ស្តីពី​ «​អនាគត​ការងារ​ និង​ជំនាញ​» ​បាន​ព្រមាន​អំពី​ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំងក្លា​នេះ​។ របាយការណ៍​នោះ​បាន​ឱ្យ​ដឹង​ថា​៖ «​យោងតាម​ការប៉ាន់​ប្រមាណ​ក្មេង​ប្រមាណ​ ៦៥ ​ភាគរយ​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​បឋមសិក្សា​សព្វថ្ងៃនេះ​ពួកគេ​នឹង​ធ្វើការ​នៅក្នុង​ប្រភេទ​ការងារ​ថ្មី​ទាំង​ស្រុង​ដែល​មិន​ទាន់​មាន​នៅ​ឡើយ​»​។

ប៉ុន្តែ​តើ​ស្ថាប័ន​អប់រំ​នៅ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចហើយ​ឬ​នៅ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ថ្មី​នេះ​?

Content image - Phnom Penh Post
សិស្ស​ថ្នាក់​បឋមសិក្សា​របស់​សាលា SCIA កំពុង​សម្តែង​សិល្បៈ​ក្បាច់គុន​ចិន Wushu ក្នុង​ទិវា​កីឡា

ខណៈ​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​ត្រូវ​បាន​គេ​មើលថា​មាន​ភាពប្រសើរ​ឡើង​នា​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​ ប៉ុន្តែ​យើង​នៅ​ត្រូវការ​គ្រូបង្រៀន​ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ទីផ្សារការងារ​ដែល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នេះ​។ លោក Chu បាន​បន្ថែម​ថា​៖ «​ឧស្សាហកម្ម​គឺ​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ដែល​ធ្វើឲ្យ​មាន​គម្លាត​ជំនាញ​។ ​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​នៅ​ទូទាំង​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ​ដូច្នេះ​ក្រុមហ៊ុន​នានា​ចាំបាច់​ត្រូវ​វិនិយោគ​ដើម្បី​បណ្តុះបណ្តាល​ពួកគេ​។ [​យើង​] ត្រូវការ​ជំនាញ​ច្រើន​បន្ថែមទៀត​។ ជាទូទៅ​គ្រប់​ប្រទេស​គឺ​ប្រឈម​នឹង​បញ្ហា​នេះ [​មិន​អាច​ផ្តល់​ជំនាញ​ដល់​និស្សិត​ដែល​ឧស្សាហកម្ម​ត្រូវការ​]​។ ដូច្នេះ​ហើយ​សាលារៀន​ត្រូវ​សម្លឹង​មើល​បរិបទ​ឲ្យ​បាន​ធំ​ទូលាយ​មិន​គ្រាន់​តែ​សំដៅលើ​ចំណាត់ថ្នាក់ និង​ការប្រឡង​នោះ​ទេ​»​។

ជំនាញ​នៅក្នុង​សតវត្សរ៍​ទី​ ២១ ​នេះ​គឺ​គ្មាន​អ្វី​ស្មុគស្មាញ​ទេ​គឺ​វា​ត្រឡប់​ទៅ​កម្រិត​មូលដ្ឋាន​វិញ​។ សាលា​អាច​ផ្តល់​នូវ​វេទិកា​សម្រាប់​ទំនាក់ទំនង ការសហការ និង​ការកសាង​សមត្ថភាព​។ លោក Chu បាន​ពន្យល់​ថា​៖ «​ទំនាក់ទំនង​គឺ​មាន​សារៈសំខាន់​ណាស់​។ ប្រសិន​បើ​អ្នក​មិន​អាច​ទាក់ទង​គេ​បាន​ទេ​នោះ​គ្មាន​នរណាម្នាក់​អាច​យល់​ពី​អ្នក​បាន​ឡើយ​។ សម្រាប់​កិច្ចសហការ​គម្រោង​ការងារ​ជា​ក្រុម និង​សកម្មភាព​កម្មវិធីសិក្សា​រួមផ្សំ (CCAs) ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​ចេះ​សហការ​គ្នា​។ ​មាន​ន័យ​ថា​សិក្សា​លើស​ពី​នៅ​ថ្នាក់រៀន​។ ​ហើយ​ចំណុច​ទី​បី​គឺ​សមត្ថភាព​។ គ្រូបង្រៀន​ និង​អ្នកផ្តល់​ការអប់រំ​ទាំងអស់​ត្រូវ​តែ​ដឹងថា​តើ​សមត្ថភាព​អ្វី​ដែល​ចាំបាច់​ដើម្បី​ត្រៀម​សម្រាប់​ពេល​អនាគត​»​។

លោក Chu បាន​សរុប​ថា​៖ «​ជាមួយ​កម្មវិធី​សិក្សា​ជំនាញ STEM (​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​) សាលា​អន្តរជាតិ SCIA បាន​រួម​បញ្ចូល​ភាព​ជា​អ្នកដឹកនាំ និង​សហគ្រិន​ភាព​ជា​ចាំបាច់​នៅក្នុង​កម្មវិធីសិក្សា​របស់​ខ្លួន​។ អ្នកត្រូវការ​ទាំង​ជំនាញ​ភាព​ជា​អ្នកដឹកនាំ និង​ផ្នត់​គំនិត​ជា​សហគ្រិន​ដើម្បី​ដោះស្រាយ​ជាមួយ​ស្ថានភាព និង​បញ្ហា​ប្រឈម​នានា​។ សាលារៀន​មិន​អាច​ផ្អែក​តែ​ទៅ​លើ​សៀវភៅ​ និង​ការដាក់​ពិន្ទុ​លើ​ការសិក្សា​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​សម្លឹង​មើល​រូបភាព​ធំ​ជាង​នេះ​គឺ​ការអភិវឌ្ឍ​ជារួម​ដល់​សិស្សានុសិស្ស ឬ​នៅ​សាលា​អន្តរជាតិ SCIA គំរូ​រៀនសូត្រ​តាមបែប​ការសិក្សា​រួមគ្នា​​ (HELM) ដែល​រួមបញ្ចូល​ក្នុង​កម្មវិធីសិក្សា​ដែល​ជួយ​អភិវឌ្ឍ​ទាំង​ជំនាញ​ទន់ និង​ជំនាញ​រឹង​ដល់​សិស្សានុសិស្ស​របស់​ខ្លួន​»៕

អត្ថបទគួរចាប់អារម្មណ៍