The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សិក្សា​វគ្គ​បណ្តុះបណ្តាល​សហគ្រិនភាព​ស្តង់ដា​ជប៉ុន​នៅ CJCC

សិក្សា​វគ្គ​បណ្តុះបណ្តាល​សហគ្រិនភាព​ស្តង់ដា​ជប៉ុន​នៅ CJCC

Content image - Phnom Penh Post
លោក បណ្ឌិត ឃឹម លាង នាយក​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា - ជប៉ុន (CJCC). រូបថត សហការី

សិក្សា​វគ្គ​បណ្តុះបណ្តាល​សហគ្រិនភាព​ស្តង់ដា​ជប៉ុន​នៅ CJCC

មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា - ជប៉ុន (CJCC) បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច​លូតលាស់​ដ៏ឆាប់​រហ័ស​របស់​កម្ពុជា ហើយ​គិត​ចាប់​តាំងពី​ឆ្នាំ​ ២០០៤ រហូត​ដល់​បច្ចុប្បន្ន CJCC បណ្តុះបណ្តាល​សិក្ខាកាម​បាន​ប្រមាណ ២៥ ០០០ ​នាក់​។

«​តាមរយៈ​សកម្មភាពរ​បស់​យើង​ដែល​មាន​ដូចជា​ការអភិវឌ្ឍ​ធនធាន​មនុស្ស​គឺ​យើង​បាន​បណ្តុះបណ្តាល (​ពលរដ្ឋ​កម្ពុជា​) ​ជាច្រើន​នាក់ ហើយ​ពួកគាត់​មួយ​ចំនួន​បាន​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​វិស័យ​អាជីវកម្ម​»​។

លោក​បណ្ឌិត ឃឹម លាង នាយក មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា - ជប៉ុន (CJCC) បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​ក្រៅពី​ផ្តល់​ការបណ្តុះបណ្តាល​យើង​ក៏​បាន​ធ្វើការ​រួម​គ្នា​ជាមួយ​​ក្រុមហ៊ុន​ផ្សេងៗ​តាមរយៈ​វគ្គ​បណ្តុះបណ្តាល និង​បាន​អញ្ជើញ​​ពួកគាត់​ឱ្យ​មក​ចែករំលែក​បទពិសោធ​អាជីវកម្ម​ជាមួយ​សិក្ខាកាម​របស់​យើង​ដែរ​។ អ្នក​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នៅ​​ទីនេះ​មួយ​ចំនួន​ពួកគេ​បាន​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​»​។

មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា - ជប៉ុន CJCC ផ្តោត​លើ​​ចំណុច​សំខាន់ៗ​ចំនួន​ ៣ គឺ​ការអភិវឌ្ឍ​ធនធាន​មនុស្ស កម្មវិធី​បណ្តុះបណ្តាល​ភាសា​ជប៉ុន និង​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ និង​កម្មវិធីសិក្សា​ដែល​ជា​ផ្នែក​មួយ​នៃ​តួនាទី​របស់​ខ្លួន​នៅក្នុង​ការលើក​កម្ពស់​ទំនាក់ទំទង​ទ្វេភាគី​រវាង​កម្ពុជា-ជប៉ុន​។

អង្គការ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ទទួល​បាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​ដែល​តំណាង​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ​និង មូលនិធិ​ជប៉ុន​ (JF)​។

Content image - Phnom Penh Post
CJCC មាន​បុគ្គលិក​ប្រមាណ​ ៧០ ​នាក់. រូបថត សហការី

លោក បណ្ឌិត ឃឹម លាង ថ្លែង​ថា​៖ «​ចំពោះ​វគ្គ​បណ្តុះបណ្តាល​​អាជីវកម្ម CJCC បាន​បណ្តុះបណ្តាល​សិក្ខាកាម​បាន​ប្រមាណ ២៥ ០០០ ​នាក់​ហើយ​សិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​ភាសា​ជប៉ុន​មាន​ប្រមាណ ១០ ០០០ នាក់​។ ចំពោះ​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌​ និង​កម្មវិធី​សិក្សា​គឺ​យើង​បាន​ទទួល​និស្សិត​ជាច្រើន​នាក់​មកពី​ជប៉ុន​។ ​និស្សិត​ទាំងនោះ​ផ្តោត​លើ​​កម្មវិធី​អប់រំ​ និង​វប្បធម៌​។

ពួកគេ​បាន​ចុះ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​ និង​វិទ្យាល័យ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​។ ចំពោះ​វគ្គ​បណ្តុះបណ្តាល​អាជីវកម្ម​យើង​មាន​ប្រធានបទ​ជាច្រើន​ដូចជា​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ភាព​ជា​អ្នកដឹកនាំ និង​សហគ្រិនភាព​ជាដើម​ដែល​ជា​វគ្គ​សិក្សា​សំខាន់​នៅ​មជ្ឈមណ្ឌល CJCC»​។

លោក​បាន​បន្ថែម​ថា​លើស​ពី​នេះ​ទៀត​មជ្ឈមណ្ឌល​ CJCC ក៏​​ផ្តល់​ជូន​ទីកន្លែង​សម្រាប់​ការពិភាក្សា​ និង​ចែករំលែក​បទពិសោធ​​ ដើម្បី​ចាប់ផ្តើម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs) ​ផង​ដែរ​។

លោក​បណ្ឌិត​ថ្លែង​ថា​៖ «​ចាប់តាំងពី​បង្កើត​មជ្ឈមណ្ឌល​នេះ​មក CJCC មានការ​រីកចម្រើន​ជា​លំដាប់​ដែល​ជា​កម្លាំង​ចលករ​មួយ​ដ៏សំខាន់​ជួយ​ជំរុញ​ដល់​កំណើន​សហគ្រិនភាព​ និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​តាម​តាមរយៈ​ការអភិវឌ្ឍ​ធនធាន​​មនុស្ស​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់​ស្រប​តាម​ស្តង់ដា​ទីផ្សារ​»​។

លោក​បន្ថែម​ថា​វគ្គ​បណ្តុះបណ្តាល​សហគ្រិន​រួម​មាន​ការគ្រប់គ្រង​បែប​ស្តង់ដា​ជប៉ុន​ក្នុង​នោះ​មាន​ដូចជា​ភាព​ជា​អ្នកដឹកនាំ ការគ្រប់គ្រង​ពេលវេលា ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ និង​សាជីវកម្ម​ដែល​ទាំងអស់​នេះ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​សេដ្ឋកិច្ច​កម្ពុជា​ដែល​កំពុង​រីកលូតលាស់​។

Content image - Phnom Penh Post
CJCC មាន​អាសយដ្ឋាន​នៅ​បរិវេណ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​. រូបថត សហការី

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​ផលិតកម្ម​គឺ​យើង​នៅ​ខ្វះខាត​អ្នក​ជំនាញ​។

ដូច្នេះ​ដើម្បី​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ជាដំបូង​គឺ​យើង​ត្រូវ​មាន​​ធនធាន​មនុស្ស​រឹងមាំ​ជាពិសេស​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​វិស័យ​សហគ្រិន​»​។

លោក​បណ្ឌិត​ ឃឹម លាង ​បាន​បន្ថែម​ថា​៖ «​នៅ​កម្ពុជា​យើង​មាន​​សហគ្រាស​ធុន​តូច​ និង​មធ្យម (SMEs) ប៉ុន្តែ​ជាទូទៅ​ប្រតិបត្តិការ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ ហើយ​ពួកគេ​មិន​មាន​រចនា​សម្ព័ន្ធ​អាជីវកម្ម​ត្រឹមត្រូវ​នោះ​ទេ​។ ដូច្នេះ​ហើយ​ទើប​មជ្ឈមណ្ឌល​ CJCC បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​ធនធាន​​មនុស្ស​ជាពិសេស​សហគ្រិនភាព​។ សិក្ខាកាម​មួយ​ចំនួន​បាន​បង្កើត​ស្ថាប័ន​បណ្តុះបណ្តាល​ស្រដៀង​គ្នា​ទៅ​នឹង​មជ្ឈមណ្ឌល CJCC នេះ​ដែរ​»​។

លោក​លើកឡើង​ថា​បញ្ហា​ប្រឈម​ដែល CJCC ជួបប្រទះ​គឺ​ការ​​ទាក់ទាញ​សិក្ខាកាម​ឲ្យ​មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​របស់​ខ្លួន​ពីព្រោះ​ថា​បច្ចុប្បន្ន​មាន​ស្ថាប័ន​បណ្តុះបណ្តាល​ជាច្រើន​ត្រូវ​បាន​បង្កើតឡើង​ដូច្នេះ​សិក្ខាកាម​ពួកគាត់​មាន​ជម្រើស​ច្រើន​។

ក្រៅពី​វគ្គ​បណ្ដុះបណ្ដាល​ទាំងនេះ CJCC ក៏​ព្យាយាម​ធ្វើឲ្យ​មាន​​ទំនាក់ទំនង​រវាង​ពាណិជ្ជករ​កម្ពុជា​ និង​ជប៉ុន​ផងដែរ ​ខណៈ​ដែល​វិនិយោគិន​មកពី​ជប៉ុន​ស្វែងរក​ឱកាស​អាជីវកម្ម​នៅ​កម្ពុជា​កាន់តែ​កើនឡើង​។

លោក​បន្ត​ថា​៖ «​យើង​ក៏​បាន​បង្កើត​សមាគម​ពាណិជ្ជកម្ម និង​​វិនិយោគ​កម្ពុជា-ជប៉ុន (CJBI) ផងដែរ​។ សមាគម​នេះ​បង្កើត​​ឡើង​ក្នុង​គោលបំណង​ចង់​ឲ្យ​ពាណិជ្ជករ​កម្ពុជា​ និង​ជប៉ុន​បាន​រៀន​​សូត្រ​ពី​គ្នា និង​ដើម្បី​បង្កើន​សមត្ថភាព​អាជីវកម្ម​តាមរយៈ​បណ្តាញ​»​។

ដើម្បី​លើក​កម្ពស់​វប្បធម៌ និង​ភាសា​ជប៉ុន​មជ្ឈមណ្ឌល CJCC បាន​រៀបចំ​ព្រឹត្តិការណ៍​ចំនួន​ ២ ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​នោះ​មាន​មហោស្រព​គីហ្សូណា​ (Kizuna) ​និង​ពិធីបុណ្យ​តាណាបាតា​ (Tanabata)​។

Content image - Phnom Penh Post
CJCC ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ទំនាក់ទំនង​កម្ពុជា-ជប៉ុន​. រូបថត សហការី

មហោស្រព​គីហ្សូណា​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​ប្រចាំ​ឆ្នាំ​គោលបំណង​គឺ​បង្ហាញ​អំពី​វប្បធម៌ និង​ប្រពៃណី​បែប​បុរាណ និង​សម័យ​របស់​ជប៉ុន​ និង​កម្ពុជា​ហើយ​ក៏​ដើម្បី​លើក​កម្ពស់​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​ផង​ដែរ​។

ចំពោះ​មហោស្រព​គីហ្សូណា​នៅក្នុង​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ២១ ដល់​ ២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ក្រោម​ប្រធានបទ «​បទពិសោធ​រួម​គ្នា​»​។

ខណៈ​ពិធីបុណ្យ​តាណាបាតា​ (Tanabata) ​ភាគច្រើន​គឺ​ផ្តោត​​លើ​វប្បធម៌​ជប៉ុន​មាន​ដូចជា​ការបង្ហាញ​ក្បាច់គុន ការ៉ាតេ ការរៀបចំ​ផ្កា ការតាំង​បង្ហាញ​នឹង​ភ្លក់​ម្ហូប​ជប៉ុន​នឹង​ការ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ជប៉ុន Yukata ជាដើម​។

មជ្ឈមណ្ឌល CJCC មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មាន​បុគ្គលិក​សរុប​ប្រមាណ​ ៧០ ​នាក់​ក្នុង​នោះ​ក៏​មាន​បុគ្គលិក​ជា​ជនជាតិ​ជប៉ុន​ចំនួន​ ៧ ​នាក់​ផង​ដែរ​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជប៉ុន​ជាង​ ៣០០ ​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​មាន​ពលរដ្ឋ​ជប៉ុន​ប្រមាណ​ ២០០០ ​នាក់​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍