The Phnom Penh Post Search

Search form

សៀវភៅ​ជំនួយ​ការ​អប់រំ​សម្រាប់​កុមារ​តូច និង​មត្តេយ្យ​សិក្សា ​ចាប់​ផ្តើម​លេច​មុខ​លើ​ទីផ្សារ

Content image - Phnom Penh Post
រូបភាព និង​គំនូរ​ផ្សេងៗ​នៅ​ក្នុង​សៀវភៅ​អប់រំ​កុមារ​តូច ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន។ រូបភាព សហការី

សៀវភៅ​ជំនួយ​ការ​អប់រំ​សម្រាប់​កុមារ​តូច និង​មត្តេយ្យ​សិក្សា ​ចាប់​ផ្តើម​លេច​មុខ​លើ​ទីផ្សារ

ជាច្រើន​ទសវត្សរ៍​មក​ហើយ​ដែល​ឯកសារ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ចាត់​ទុក​ថា មានការ​ខ្វះខាត​គ្រប់​ភូមិ​សិក្សា ជាពិសេស​ប្រភេទ​សៀវភៅ​ឬ​ឯកសារ​អប់រំ​សម្រាប់​កុមារ​តូច​ក្រោម​អាយុ ៥ ​ឆ្នាំ គឺ​ស្ទើរតែ​ពុំមាន​តែម្តង ហើយ​ស្ថិត​ក្នុងសម័យ​បច្ចេកវិទ្យា​ឌីជីថល​សព្វ​ថ្ងៃនេះ​ទៀតសោត ដែល​អ្វីៗ​ទាំងអស់​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ប្រព័ន្ធ​កុំព្យូទ័រ ឬក៏​ស្មា​ត​ហ្វូ​ន​ក៏ពិតមែនក៏​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​ឃើញ​មាន​លេចចេញ​នូវ​សៀវ​គំនូរ​រូបភាព​ផ្សេងៗ មួយចំនួន​តិច​ត្រូវបាន​គេ​បោះពុម្ព​ផ្សាយ​ជា​បណ្តើរៗ សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ការ​អប់រំ​សិក្សា​កុមារ​កម្រិត​មត្តេយ្យ​សិក្សា​ចុះក្រោម ។

អ្នក​នាង តាន់ ពន្លឹក អាជីវករ​លក់​សៀវភៅ​គ្រប់​ប្រភេទ នៅក្នុង​ផ្សារ​អូ​ប្ញ​ស្សី​តូប​លេខ​៧៦ និង​៥៥ និង​ជា​ម្ចាស់​បណ្តា​គារ​តា​ព្រហ្ម បាន​ថ្លែងថា មុខ​របរ​លក់​សៀវភៅ​នា​ពេល​នេះ​ពិបាក​ជាង​មុន​ឆ្ងាយ​ណាស់ ព្រោះ​ «​អត់​សូវ​មាន​អ្នក​រក​ទិញ​សៀវភៅ​ដូច​កាល​ពី​មុន​ទេ​»​។

ប៉ុន្តែ​អ្នក​នាង​ថា ចេះតែ​បន្ត​ប្រកប​របរ​នេះ​ទៅ​ព្រោះ​ក្រុម​គ្រួសារ​មាន​តែ​មុខ​របរ​នេះ និង​ថែម​ទាំង​បាន​ចុះ​ទុន​ដើម្បី​បោះពុម្ព​សៀវភៅ ៤-៥​ ចំណង​ជើង​សម្រាប់​លក់​ទៀត​ផង «​ដល់​អីចឹង​ទៅ​យើង​នៅ​តែ​តស៊ូ​ក្នុង​មុខ​របរ​នេះ​តទៅទៀត​»​។

ក្នុង​ចំណោម​សៀវភៅ​ដែល​ក្រុម​គ្រួសារ​អ្នក​ស្រឡាញ់​សៀវភៅ​រូប​នេះ​បាន​បោះពុម្ព​លក់ ក៏មាន​សៀវភៅ​ចំនួន​៣​ចំណង​ជើង សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ការ​ចាប់​ផ្តើម​ការសិក្សា​រៀន​សូត្រ​របស់​កុមារ​តូច​ក្រោម​អាយុ៥​ឆ្នាំ ផងដែរ​។ ដូចជា សៀវភៅ​រៀន​ស្រះ​, សៀវភៅ​រៀន​ព្យញ្ជនៈ, និង​សៀវភៅ​រៀន​លេខ ដោយ​បោះពុម្ព​ជា​ព័ណ៌​ធម្មជាតិ មាន​លាយ​ឡំ​ដោយ​រូបភាព រូបគំនូរ មនុស្ស សត្វ រុក្ខជាតិ សម្ភារៈ​ប្រើ​ប្រាស់​ផ្សេងៗ និង​ម្ហូប​អាហារ​ជាដើម​នោះ វា​«​អាចជា​គ្រឿង​ចំណាប់​អារម្មណ៍​សម្រាប់​​កុមារ​តូចៗ នៅ​ពេល​ដែល​ពួក​គាត់​បើក​សៀវភៅ​នេះ​មើល​» នេះ​បើតាម​ការ​អះ​អាង​របស់​អ្នកនាង ពន្លឹក​។ សៀវភៅ ៣ ចំណង ជើង​សម្រាប់​កុមារ​តូចៗ​នេះ​បាន​បោះពុម្ព​កាលពី​ឆ្នាំ​ ២០១៧ និង​មាន​លក់​នៅតាម​បណ្ណាគារ​ជាច្រើន​នៅ​ក្រុង​ភ្នំពេញ តម្លៃ​មួយ​ក្បាល ១​ដុល្លារ​។

លោក ហុក សុធិ (HOK Sothi) នាយក​អង្គការ Sipar ដែល​ជា​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​ឯករាជ្យ​ផ្តោត​លើ​ឯកសារ និង​សៀវភៅ​អប់រំ​មួយ​ចំនួន បាន​ថ្លែងថា ក្រោម​កិច្ចសហការ​ផ្នែក​បច្ចេកទេស​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ​របស់​លោក​បាន​ចង​ក្រង និង​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​សម្រាប់​ជា​ជំនួយស្មារតី​ដល់​សិស្សា​នុសិស្ស​ជាច្រើន​ប្រភេទ ហើយ​​ក្នុង​រយៈពេល​២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏មាន​ទាំង​សៀវភៅ​សម្រាប់​កុមារ​តូច​ខ្លះ​ដែរ​។

Content image - Phnom Penh Post
រូប​ភាព និង​គំនូរ​ផ្សេងៗ​នៅ​ក្នុង​សៀវភៅ​សម្រាប់​ជា​ជំនួយ​ដល់​ការ​អប់រំ​កុមារ​តូច ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន។ រូបភាព សហការី

​លោក សុធិ បន្តថា សៀវភៅ​រូបភាព​អំពី ដង​ខ្លួន​មនុស្ស មុខ​របរ អំពី​សត្វ ធម្មជាតិ និង​រូបភាព​ជុំវិញ​ខ្លួន​ជាដើម ដោយ​សៀវភៅ​ទាំង​នោះ​បោះពុម្ព​ដោយ​ពណ៌​ធម្មជាតិ និង​សម្រាប់​កុមារ​ចាប់ពី​អាយុ ៣​ឆ្នាំ​ឡើង​។ គ្រប់ៗ​ចំណង​ជើង​សៀវភៅ​របស់​អង្គការ Sipar «​មាន​បង្កប់​ទៅ​ដោយ​ខ្លឹមសារ​គរុកោសល្យ​សម្រាប់​ការ​អប់រំ​ច្រើន ហើយក៏​ទាមទារ​ឲ្យ​ ឪពុក-ម្តាយ អាណា​ព្យាបាល ឬ​បងៗ​ជួយ​សហការ​ដើម្បី​បើក​សៀវភៅ​នោះ​មើល បង្ហាត់​បង្ហាញ​ដល់​កុមារ​តូចៗ ដោយ​ដាក់ពួកគេ​នៅ​លើ​កៅអី ឬ​ លើ​ភ្លៅ រួច​បើក​សៀវភៅ​ឲ្យ​កុមារ​នោះ​មើល​មួយ​ទំព័រ​ម្តងៗ​ដើម្បី​បង្ហាញ​ពី​រូបភាព ប្រាប់​ពី​ឈ្មោះ អក្សរ និង​ប្រកប​អក្សរ​តិចៗ​ដើម្បី​ឲ្យ​កុមារ​តូចៗ​រៀន​កត់​ចំណាំ​បន្តិច​ម្តង​»​។

ជា​គរុកោសល្យ​នៃ​ការ​អប់រំ​សិក្សា​រៀន​សូត្រ គឺ​កុមារ​តូច​ត្រូវ​ចាប់​ផ្តើម​ «រៀន​សូត្រ​ពី​ការមើល អំពី​បុរេ​នៃ​រូបភាព បុរេ​នៃ​អំណាន និង​បុរេ​នៃ​សំណេរ​ជាដើម» នេះ​បើតាម​សម្តី​របស់​លោក សុ​ធិ​។ បន្ទាប់​មក​ «​ការងារ​សំខាន់​នៅ​កម្រិត​មត្តេយ្យ​សិក្សា គឺ​ពុំ​មែន​ឲ្យ​កុមារ​តូចៗ​នោះ​ចាប់​ផ្តើម​ដោយ​ការ​រៀន​អក្សរ ឬ​លេខ នោះ​ទេ គឺ​នៅ​តែ​ផ្តោត​លើ​ការលេង កម្សាន្ត សប្បាយ មើល ស្តាប់​... ប៉ុន្តែ​បង្កប់​ទៅ​ដោយ​ខ្លឹម​សារ​អប់រំ​តិចៗ​»​។

«​លុះ​ដល់​គេ​(​កុមារ​តូច​)​មាន​ទម្លាប់​ឃើញ​សៀវភៅ អក្សរ រូបភាព ហើយ​គេ​ក៏​ចាប់​ផ្តើម​មាន​ការ​ចំណាំ​តិចៗ រហូត​ដល់​ពេល​គេ​ចូលរៀន​(​នៅ​ថ្នាក់​បឋម​សិក្សា​) ពួកគេ​នឹង​ឆាប់​ចាប់បាន​មេរៀន​ជាង​កុមារ​ដែល​ពុំ​បាន​ចូល​រៀន​នៅ​កម្រិត​ក្រោម​មត្តេយ្យ និង​មត្តេយ្យ​សិក្សា​» នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សុធិ។

លោក​បាន​ឲ្យ​ដឹង​ថា នា​អំឡុង​ពេល ​២-៣​ ឆ្នាំ ចុង​ក្រោយ​នេះ​ប្រហែល​មាន​មាតា​បិតា និង​អាណា​ព្យាបាល​ច្រើន​បាន​ចាប់ផ្តើម​ទិញ​សៀវភៅ​សម្រាប់​កុមារ​តូច ព្រោះ​សៀវភៅ​ខ្លះ​របស់ Sipar ត្រូវបាន​លក់​អស់ ក្រោយពី​ការដាក់​ផ្សព្វផ្សាយ​នៅ​តាម​បណ្ណាល័យ​របស់​អង្គការ Sipar ជាង ៣០០ ​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ចំណង​ជើង​សៀវភៅ​មួយ​ចំនួន​ត្រូវបាន​លក់​អស់​នៅលើ​ទីផ្សារ ហើយ​អង្គការ​នេះ​ក៏​បាន​បោះពុម្ព​ជា​លើក​ទី​២ បន្ថែម​តាម​តម្រូវការ​៕

អត្ថបទគួរចាប់អារម្មណ៍