វិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ដែលត្រូវបានគេរំពឹងទុកថា នឹងជាចលករជំរុញសេដ្ឋកិច្ចនាពេលអនាគតរបស់ប្រទេស កម្ពុជា ត្រូវការកម្លាំងពលកម្មជំនាញបន្ថែមទៀតដើម្បីបំពេញតម្រូវការចង់បានរបស់ទីផ្សារកំពុងលូតលាស់។
«ផែនការមេនៃបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានកម្ពុជាប្រចាំឆ្នាំ ២០២០» បានបង្ហាញយ៉ាងច្បាស់នូវគោលបំណងរបស់រដ្ឋាភិបាលក្នុងការរំកិលឆ្ពោះទៅរកឌីជីថលនីយកម្ម។
ផែនការណ៍មេនេះ សំដៅកសាងឡើងនូវ «កម្ពុជា ឲ្យទៅជាប្រជាជាតិប្រកបដោយបញ្ញវន្ត និងសមស្របសម្រាប់ក្រុមបញ្ញាជន សង្គមបញ្ញវន្ត និងរដ្ឋាភិបាលបញ្ញវន្ត តាមរយៈ ICT»។
ក៏ប៉ុន្តែ ទន្ទឹមនឹងនោះ កម្ពុជា នៅមានការខ្វះខាតកម្លាំងពលកម្មជំនាញសម្រាប់ជំរុញវិស័យ ICT ដែលនៅទីបំផុតនឹងក្លាយទៅជាគ្រឿងម៉ាស៊ីនសម្រាប់កំណើនឧស្សាហកម្ម។
លោក Eddie Lee ជាអនុប្រធានសមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (Cambodia Fintech Association) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «កម្ពុជាត្រូវការបណ្តុំបុគ្គលិកជំនាញដ៏ច្រើនដើម្បីជំរុញការចាប់ផ្តើម។ តែមិនមានបុគ្គលិកជំនាញច្រើននៅពេលឥឡូវនេះ ដូចជា អ្នកសរសេរកម្មវិធីកុំព្យូទ័រ អ្នកអភិវឌ្ឍគេហទំព័រ ឬអ្នកសរសេរកម្មវិធីទូរស័ព្ទចល័ត»។
លោកបន្ថែមថា៖ «មានតម្រូវការយ៉ាងខ្ពស់សម្រាប់កម្លាំងពលកម្មប្រកបទៅដោយទេពកោសល្យនៅ ក្នុងទីផ្សារឌីជីថល ហើយប្រសិនជាក្នុងស្រុកមានកម្លាំងពលកម្មជំនាញច្រើន ក្រុមហ៊ុនបរទេសបន្ថែមទៀតនឹងចូលមកបើកបណ្តាហាងនៅប្រទេសកម្ពុជា ហើយកត្តានេះនឹងបង្កើតការងារជាច្រើន។ ប្រសិនជាមិនមានកម្លាំងពលកម្មជំនាញទេ នោះពិតជាពិបាកណាស់ក្នុងការនាំ យកក្រុមហ៊ុនបរទេសធំៗ មកកាន់ប្រទេស កម្ពុជា»។
កង្វះខាតនៃបណ្តាអ្នកជំនាញវិជ្ជាជីវៈ អាចនឹងជាឧបសគ្គមួយសម្រាប់គោលបំណងរបស់ប្រទេស កម្ពុជា ដើម្បីក្លាយខ្លួនជាសេដ្ឋកិច្ចឌីជីថលមួយនៅត្រឹមឆ្នាំ ២០២៣ ហើយថែមទាំងអាចពន្យឹតកំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែលូតលាស់ក្នុងអត្រាជាមធ្យម ៧ ភាគរយនោះថែមទៀតផង។
ចាប់តាំងពីសន្តិសុខតាមប្រព័ន្ធអុីនធឺណិត ពាណិជ្ជកម្មអេឡិចត្រូនិក ខ្លោដ (Cloud) ខួរក្បាលសិប្បនិម្មិត រហូតមកដល់ប្រព័ន្ធទូទាត់អេឡិចត្រូនិក គឺសុទ្ធតែត្រូវការបុគ្គលិកដែលមានទេពកោសល្យ និងវិជ្ជាជីវៈពិតប្រាកដ ខណៈដែលប្រជាជាតិកំពុងតែរំកិលខ្លូនឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។
ថ្លែងនៅក្នុងព្រឹត្តការណ៍មួយកាលពីពេលថ្មីៗនេះ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា «កម្ពុជាត្រូវតែត្រៀមខ្លួនរួចរាល់ដើម្បីចាប់យកជំនាញថ្មីៗនៅក្នុងបច្ចេកវិទ្យា ដើម្បីតទល់នឹងបញ្ហាប្រឈមនៅពេល អនាគត»។
លោកបានមានប្រសាសន៍ថា៖ «នៅក្នុងពិភពឌីជីថល ចំណេះដឹងកំពុងតែផ្លាស់ប្តូរយ៉ាងលឿន ហើយយើងត្រូវការបង្កើតជំនាន់ថ្មីមួយនៃប្រជាជនកម្ពុជា»។
(លោករដ្ឋមន្ត្រីកំពុងថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ទៅឲ្យបណ្ដាជយលាភីនៃកម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ SmartEduc (SmartEduc University Student Development Program) ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១ ខែ ធ្នូ)។
របាយការណ៍មួយដែលមានចំណងជើងថា «ទស្សនវិស័យការងារកម្ពុជា» ចេញដោយទីភ្នាក់ងារជាតិមុខរបររបស់ក្រសួងការងារបានឲ្យដឹងថា ជំនាញវិជ្ជាជីវៈព័តមានវិទ្យាកំពុងតែមានភាពសំខាន់ឡើងៗ នៅក្នុងទីផ្សារការងារដោយសារតែការងើបឡើងខ្ពស់នៃឌីជីថល នីយកម្ម។
របាយការណ៍នេះសរសេរថា៖ «បណ្តាជំនាញព័ត៌មានវិទ្យា មានតម្រូវការនៅទូទាំងទីផ្សារការងារ។ ជាពិសេស ជំនាញព័ត៌មានវិទ្យា មិនត្រឹមតែត្រូវបានគេត្រូវការក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ប៉ុណ្ណោះនោះទេ គឺថែមទាំងនៅក្នុងសេវាកម្មហិរញ្ញវត្ថុ និងធុរកិច្ច ឧស្សាហកម្មរោងចក្រ ព្រមទាំងសេវាម្មពាណិជ្ជកម្ម និងសារធារណៈថែមទៀតផង»។
របាយការណ៍បន្ថែមទៀតថា៖ «អ្នកបច្ចេកទេសគាំទ្រអ្នកប្រើប្រាស់ ICT អ្នកអភិវឌ្ឍប្រព័ន្ធ និងកម្មវិធីកុំព្យូទ័រ អ្នកវិភាគប្រព័ន្ធ និងស្ថាបត្យករព័ត៌មានវិទ្យា អ្នករចនាក្រាហ្វិក និងពហុមេឌា អ្នកបច្ចេកទេសប្រតិបត្តិការ ICT គឺជាការងារមួយចំនួនដែលកំពុងតែមានតម្រូវការខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែ ដើម្បីបំពេញការងារនេះបាន យើងត្រូវតែមានចំណេះដឹង និងបទពិសោធច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រព័ន្ធ និងកម្មវិធីកុំព្យូទ័រ»៕