The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ថិរភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ ទាក់ទាញ​វិនិយោគិន​សិង្ហបុរី​កាន់តែ​ច្រើន​

ស្ថិរភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ ទាក់ទាញ​វិនិយោគិន​សិង្ហបុរី​កាន់តែ​ច្រើន​

Content image - Phnom Penh Post
មន្ត្រី​សេវាកម្ម​ការបរទេស​សិង្ហបុរី និង​សមភាគី​កម្ពុជា​នៅក្នុង​ពិធី​ស្វាគមន៍​មួយ​កាលពី​ខែ​មីនា​ក្នុង​ឆ្នាំ​នេះ ។

ស្ថិរភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ ទាក់ទាញ​វិនិយោគិន​សិង្ហបុរី​កាន់តែ​ច្រើន​

សេដ្ឋកិច្ច​ដ៏មាន​ស្ថិរភាព និង​ការយល់ដឹង​កាន់តែ​ច្បាស់​អំពី​គោលនយោបាយ​វិនិយោគ​ប្រកប​ដោយ​ភាពរស់រវើក​របស់​កម្ពុជា​បាន​បន្ត​ទាក់ទាញ​វិនិយោគិន​សិង្ហបុរី​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​។

កំណើនថេរ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ​របស់​កម្ពុជា នយោបាយ​មាន​ស្ថិរភាព​មាន​ភាពងាយស្រួល​ក្នុង​ការធ្វើ​អាជីវកម្ម និង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រទេស​សិង្ហបុរី​ទាំងនេះ​គឺជា​កត្តា​បន្ថែម​មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​អាជីវកម្ម​មកពី​ប្រទេស​ដី​កោះ​មួយ​នេះ​។

«​ពីមុន​ប្រជាជន​សិង្ហបុរី​ហាក់​មិន​បាន​ដឹង​ព័ត៌មាន​ច្រើន​អំពី​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ព័ត៌មាន​ដែល​កាន់តែ​មាន​វិសាលភាព​ធំ​ទូលាយ ពួកគេ​អាច​អាន និង​ស្វែងយល់​អំពី​ប្រទេស​នេះ​បាន​យ៉ាង​ងាយស្រួល​»​។

«​នៅក្នុង​រយៈពេល​ ៦ ​ខែ​ចុង​ក្រោយ​នេះ​មាន​បេសកកម្ម​ពាណិជ្ជកម្ម​ជាច្រើន​ពី​សិង្ហបុរី​បាន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ទីផ្សារ​តាមរយៈ​រដ្ឋាភិបាល​ ឬ​សហព័ន្ធ​ធុរកិច្ច​»​។

លោក Andrew Tay អនុប្រធាន (​កិច្ចការ​ធុរកិច្ច​) ​នៃ​ក្លិប Singapore Club Cambodia បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​បច្ចុប្បន្ន​មាន​ការចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ហើយ​ប្រជាជន​សិង្ហបុរី​កាន់តែ​ច្រើន​ចាប់ផ្តើម​ស្វែងយល់​ថា ប្រទេស​កម្ពុជា​មាន​អត្ថប្រយោជន៍​ជាច្រើន ដើម្បី​ផ្តល់​ដល់​វិនិយោគិន​។ វា​មាន​ភាពងាយស្រួល​ក្នុង​ការវិនិយោគ និង​ងាយស្រួល​ក្នុង​ការផ្ញើ (​ប្រាក់ចំណេញ​) មិន​តឹងរ៉ឹង​ដូច​ប្រទេស​ដទៃ​»​។

ប្រទេស​សិង្ហបុរី​ត្រូវ​បាន​គេ​ឲ្យ​ដឹងថា​ជា​អ្នកវិនិយោគ​ដ៏សំខាន់​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ទុនវិនិយោគ​ចំនួន ១,២ ​ពាន់​លាន​ដុល្លារ​ក្នុង ឆ្នាំ​ ២០១៧​។ ខណៈ​នៅក្នុង​ឆ្នាំ​ដដែល ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​បាន​កើនឡើង​ដល់​ ៣ ​ពាន់​លាន​ដុល្លារ​។

សហគ្រិន​សិង្ហបុរី​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​គ្រប់​ផ្នែក​នៅក្នុង​ប្រទេស​កម្ពុជា​រាប់​ចាប់​តាំងពី​មន្ទីរពេទ្យ សណ្ឋាគារ ហាងកាហ្វេ សាលារៀន​ និង​ការធ្វើ​ជំនួញ​ជាច្រើន​ទៀត​។

ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ​ ១៩៦៥ ហើយ​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​បាន​ទទួល​ស្គាល់​អធិបតេយ្យភាព​របស់​ប្រទេស​សិង្ហបុរី​បន្ទាប់ពី​បាន​បំបែក​ខ្លួន​ចេញពី​ប្រទេស​ម៉ាឡេស៊ី​។

កាលពី​ ២ ​ឆ្នាំ​មុន​សិង្ហបុរី និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចៀស​ការយកពន្ធ​ ២ ​ដង​។

ពិពណ៌នា​អំពី​ពេលវេលា​ដ៏រីករាយ​នេះ​លោក Tay ថ្លែង​ថា​ប្រទេស​កម្ពុជា​បន្ត​ធ្វើ​ឱ្យ​វិនិយោគិន​អន្តរជាតិ​មាន​ការចាប់​អារម្មណ៍ ដោយសារ​តែ​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ដោយ​បច្ចុប្បន្ន​កម្ពុជា​គឺជា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន​បំផុត​មួយ​នៅក្នុង​តំបន់​។

«​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​កំពុង​កើនឡើង ហើយ​វិស័យ​សំណង់​ក៏​កំពុង​រីកចម្រើន​ផង​ដែរ​។ ច្បាស់​ណាស់​នឹង​មាន​ឧបសគ្គ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ធានា​ដល់​វិនិយោគិន​ថា​មាន​សុវត្ថិភាព​សម្រាប់​វិនិយោគិន​។ កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ការកសាង​ស្ពាន ផ្លូវថ្នល់ និង​ការផ្គត់ផ្គង់​អគ្គិសនី​»​។

លោក Tay ក៏​ជា​នាយក​ប្រតិបត្តិ​សណ្ឋាគារ Himawari Hotel Apartments ផងដែរ​នោះ​បាន​បន្តថា មាន​ការវិនិយោគ​ពី​វិនិយោគិន​ក្នុង​ស្រុក​ជាច្រើន​។ ឧកញ៉ា​ក្នុង​ស្រុក​ក៏​កំពុង​វិនិយោគ​នៅក្នុង​ឧស្សាហកម្ម​ផ្ទាល់​ខ្លួន​ដែល​បាន​ចាក់​បញ្ចូល​ប្រាក់​ទៅក្នុង​សេដ្ឋកិច្ច​ប្រទេស ហើយ​នេះ​ក៏​ជា​ការរួមចំណែក​ដល់​កំណើន GDP ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍