រហូត​មក​ដល់​ចុង​ខែ​មករា ​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​អ្នក​ជំនាញ​បាន​ធ្វើការ​ជួសជុល​ស្ពាន​ជ្រោយ​ចង្វារ​ឡើងវិញ សម្រេច​ការងារ​របស់​ខ្លួន​បាន​ប្រមាណ ១១,៥១ ​ភាគរយ នៃ​គម្រោង​ទាំង​មូល ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល ២៤ ​ខែ ដោយ​ចាប់​ផ្តើម​ពី​ចុងខែ​ កញ្ញា ឆ្នាំ​ ២០១៧ និង​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ។

គម្រោង​ជួសជុល​ស្ពាន​ជ្រោយចង្វារ ​ឡើង​វិញ​នេះ ត្រូវ​ចំណាយ​ទឹក​ប្រាក់​ចំនួន ៣០ ​លាន​ដុល្លារ ដោយ​ស្ថិត​ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)។

កាលពី​រសៀល​ថ្ងៃ​អង្គារ ​នា​ដើម​សប្តាហ៍​នេះ លោក SANTOSHI Adachi, Supervisor នៃ​ក្រុមហ៊ុន Central (Consultant Services for The Project for Rehabilitation of the Chroy Changvar Bridge, Japanese Grant Aid Project) និង​ជា​អ្នក​គ្រប់គ្រង​ការដ្ឋាន​ជួសជុល​ស្ពាន​នេះ បាន​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ថា មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ការដ្ឋាន​ជួសជុល​ស្ពាន​ប្រវត្តិសាស្ត្រ​មួយ​នេះ ហើយ​រាល់​ការងារ​ទាំង​អស់​នោះ គឺ​«ត្រូវ​ការ​បច្ចេក​ទេស​ត្រឹមត្រូវ​ខ្ពស់​ណាស់ រួម​ជាមួយ​នឹង​សម្ភារ​ឧបករណ៍​ទំនើប​ផងដែរ»។

លោក Adachi បន្តថា អ្នក​ដែល​មិន​ដឹង​អំពី​ទំហំ​នៃ​ការងារ​នេះ​គេ​តែងតែ​ចោទ​សួរ​ថា «ចុះ​គ្រាន់​តែ​ជួស​ជុល​ស្ពាន​សោះ ហេតុអ្វី​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ជាង ២០ ខែ?»។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ជំនាញ និង​កម្មករ​ដែល​បំពេញ​ការងារ​នេះ​ផ្ទាល់​គឺ​ «បារម្ភ​ពី​ពេល​វេលា​ខ្លី​ទៅ​វិញ​ទេ»។

ការដ្ឋានជួសជុលស្ពានជ្រោយចង្វារ ដែលបានចាប់ផ្តើមកាលពីចុងឆ្នាំ២០១៧ រហូតមកទល់ពេលនេះសម្រេចបាន ១២%ហើយ។ រូបថត មឿន ញាណ

លោក ប៉ាល់ ឧត្តុង្គ (PAL Oudong Civil Engineer) វិស្វករ​សំណង់​ស៊ីវិល នៃ​ក្រុមហ៊ុន Central បាន​ឲ្យ​ដឹងថា បើ​និយាយ​ពី​កម្លាំង​ពលកម្ម​សរុប​នៅ​ក្នុង​ការដ្ឋាន​មួយ​នេះ​គឺ​មាន​មនុស្ស​​សរុប​ជាង ២៣០ ​នាក់ ក្នុង​នោះ​មាន​កម្មករ ប្រចាំការ​នៅ​ការដ្ឋាន​ចំនួន​ជាង ១៣០ ​នាក់ រួម​ទាំង​ក្រុម​អ្នក​ជំនាញ​ជនជាតិ​ជប៉ុន​ជាង ១០ ​នាក់ និង​ក្រៅ​ពី​នោះ​ជា​បុគ្គលិក​ធ្វើ​ការ​នៅ​តាម​ការិយាល័យ និង​ផ្នែក​ពាក់ព័ន្ធ​នានា។

«សម្ភារ​ជួសជុល និង​ឧបករណ៍​ដែល​បម្រើការ និង​សម្រាប់​ផ្គត់ផ្គង់​ការដ្ឋាន​ជួស​ជុល​ស្ពាន​នេះ គឺជា​របស់​ថ្មី​ទើប​ចេញពី​រោងចក្រ ដោយ​នាំ​ចូល​មក​ពី​ប្រទេស​ជប៉ុន​ទាំងអស់» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ឧត្តុង្គ។ «មាន​គ្រឿងចក្រ​មួយ​ចំនួន ដូចជា​ម៉ាស៊ីនស្ទូច និង​ម៉ាស៊ីន (កោស និង​បាញ់​ថ្នាំ​គឺជា​បច្ចេកវិទ្យា​ថ្មី​ដែល​ទើប​តែ​ចេញ​ប្រើ​នៅ​ប្រទេស​ ជប៉ុន​ ហើយ​យើង​ក៏​មាន​ប្រើ​នៅ​ទីនេះ​ដែរ»។

លោក ឧត្តុង្គ បាន​បន្ត​ថា ស្ពាន​ជ្រោយ​ចង្វារ​មាន​ប្រវែង​សរុប ៩៧១ ​​ម៉ែត្រ​ដោយ​ចែក​ចេញ​ជា ៣ ផ្នែក​សំខាន់ៗ​ផ្សេង​គ្នា។ ក្នុង​នោះ​ផ្នែក​ទី ១ គម្រោង​ជួសជុល​ចុង​ស្ពាន និង​ផ្លូវ​ថ្នល់ ទាំង​សង​ខាង​មាន​ប្រវែង ២៥៨ ​ម៉ែត្រ, និង​ផ្នែក​ទី​ ២ ជា​គម្រោង​ជួសជុល​គល់​ស្ពាន​ប្រវែង ១៦៨ ​ម៉ែត្រ។ ចំណែក​ឯ​ផ្នែក​ដ៏​សំខាន់​នោះ គឺ​តួ​ស្ពាន​មាន​ប្រវែង ៥៤៥ ម៉ែត្រ។

ការដ្ឋានជួសជុលស្ពានជ្រោយចង្វារ ដែលបានចាប់ផ្តើមកាលពីចុងឆ្នាំ២០១៧ រហូតមកទល់ពេលនេះសម្រេចបាន ១២%ហើយ។ រូបថត មឿន ញាណ

«នៅ​ផ្នែក​ចុងស្ពាន និង​ត​ភ្ជាប់​ផ្លូវថ្នល់​នោះ គឺ​យើង​រៀបចំ​សាជា​ថ្មី​ទាំង​ស្រុង គឺ​រួម​ទាំង​គ្រឹះ​ផ្លូវថ្នល់ និង​គ្រឹះ​ចុង​ស្ពាន ក៏ត្រូវ​ខួង​ដាក់​ជា​គ្រឹះ​ថ្មី» និង​បច្ចេកវិទ្យា​ថ្មី​ដែរ នេះ​បើតាម​ប្រសាសន៍​របស់​លោក ឧត្តុង្គ។ «ការ​ជួសជុល​បែប​នេះ​គឺ​ប្រើ​រយៈពេល​យូរ​មែន ប៉ុន្តែ​គុណភាព​របស់​ស្ពាន​គឺ​រឹងមាំ​ល្អ​ណាស់ គឺ​ដូច​ធ្វើ​ថ្មី​អ៊ីចឹង»។

គួររំឭកថា ក្នុង​ប្រវត្តិ​របស់វា​ជាង​កន្លះ​សតវត្សរ៍​មក​នេះ​ស្ពាន​ជ្រោយ​ចង្វារ​បាន​ធ្វើ​ការ​ជួសជុល​ជា​លើក​ទី ២ ហើយ។ ស្ពាន​ជ្រោយ​ចង្វារ​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ​ ១៩៦៦ នា​សម័យ​សង្គម​រាស្ត្រ​និយម។ ក្រោយ​មក​ស្ពាន​នេះ​ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​ដាក់​មីន​បំផ្ទុះ​កាត់​ផ្តាច់​នៅ​ចំណុច​ពាក់​កណ្តាល​ស្ពាន កាល​ពី​សម័យ​សង្គ្រាម​ឆ្នាំ​ ១៩៧៣។ ចាប់​ពី​ពេល​នោះ​មក​ស្ពាន​នេះ​បាន​ផ្អាក​ដំណើរ​រហូត​ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០។

រហូត​មានការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​អ៊ុនតាក់ (UNTAC) នៅ​ឆ្នាំ​ ១៩៩២ ទើប​រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា និង​បច្ចេកទេស​ក្នុង​លក្ខខណ្ឌ​ជំនួយ​ឥត​សំណង​ ដើម្បី​ធ្វើ​ការ​ជួយ​ជួសជុល​ត​ភ្ជាប់​ស្ពាន​នេះ​ឡើង​វិញ​ចាប់​ពី​ឆ្នាំ​ ១៩៩២ និង​ត្រូវ​បាន​បើក​សម្ភោធ​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​ឆ្នាំ​ ១៩៩៥៕

ការដ្ឋានជួសជុលស្ពានជ្រោយចង្វារ ដែលបានចាប់ផ្តើមកាលពីចុងឆ្នាំ២០១៧ រហូតមកទល់ពេលនេះសម្រេចបាន ១២%ហើយ។ រូបថត មឿន ញាណ