លោក Lee Shueng Yuen នាយក​ប្រតិបត្តិ​ការិយាល័យ​ពាណិជ្ជកម្ម ​និង​សេដ្ឋកិច្ច​ហុងកុង (HKETO) មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក បាន​គូស​បញ្ជាក់​ពី​របៀប​ដែល​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​សំខាន់ៗ​បាន​រួម​ចំណែក​ដល់​សេដ្ឋកិច្ច​កម្ពុជា​។

១) តើ HKETO ទទួល​បាន​ជោគជ័យ​យ៉ាង​ដូចម្តេច ក្នុង​ការ​ពន្លឿន​ពាណិជ្ជកម្ម ​និង​ការវិនិយោគ​មក​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​?

ការិយាល័យ​​ HKETO នៅ​ទីក្រុង​បាងកក​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែកុម្ភៈ ​ឆ្នាំ ២០១៩​។ វា​គឺ​ជា​ការិយាល័យ​ថ្មី​បំផុត និង​ទី​១៣ នៅ​បរទេស ដែល​តំណាង​ឱ្យ​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។ បេសកកម្ម​របស់​យើង​ ​គឺ​ដើម្បី​សម្រួល​ដល់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ហុងកុង ​និង​កម្ពុជា និង​ប្រទេស​ចំនួន​បី​ទៀត ដែល​នៅ​ក្បែរ​នោះ​គឺ​មាន​ប្រទេស​ថៃ មីយ៉ាន់ម៉ា និង​បង់ក្លាដេស ដើម្បី​នាំ​យក​កិច្ច​សហប្រតិបត្តិការ​របស់​ហុងកុង​ជាមួយ​ប្រទេស​ទាំង​នេះ​ឲ្យ​ទៅ​ដល់​កម្ពស់ ​និង​ទិសដៅ​ថ្មី​។​

នៅ​ឆ្នាំ ២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ហុងកុង និង​កម្ពុជា​សម្រេច​បាន ១,២ ពាន់​លាន​ដុល្លារ​អាមេរិក​។ បើ​ធៀប​នឹង​ឆ្នាំ ​២០១៦ មាន​ការ​កើន​ឡើង ៤,៣ ភាគរយ​។ ទាក់ទង​នឹង​បញ្ហា​នេះ យើង​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា សម្រាប់​ការ​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ហុងកុង ផ្តល់​ដោយ​កម្ពុជា​។

ដោយឡែក​ហុងកុង និង​កម្ពុជា បាន​​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា កាល​ពី ខែ​មិថុនា ​ឆ្នាំ ២០១៩ ដើម្បី​ជំរុញ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែម​រវាង​ភាគី​ទាំង ​២​។

២) តើ​សហគ្រិន​ហុងកុង​មាន​ទស្សនៈ​បែបណា ​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​?

យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ហុងកុង ​គឺ​ជា​អ្នក​វិនិយោគ​បរទេស​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ឆ្នាំ ​២០១៩ ហុងកុង​ជា​វិនិយោគិន​បរទេស​ធំ​ទី​២ របស់​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​វិនិយោគ ៩១៣ លាន​ដុល្លារ​អាមេរិក​។ សហគ្រិន​ហុងកុង​ទាំង​នោះ បាន​វិនិយោគ​លើ​វិស័យ​អាជីវកម្ម​ផ្សេងៗ​គ្នា​នៅ​កម្ពុជា រួម​មាន វាយនភណ្ឌ ​និង​សម្លៀក​បំពាក់ សណ្ឋាគារ សំណង់ លក់រាយ និង​វិស័យ​ដឹក​ជញ្ជូន​។ ​

៣) តើ​កម្ពុជា​អាច​ពឹង​ផ្អែក​លើ​ហុងកុង​ដូចម្តេច ខណៈ​ហុងកុង​ត្រូវ​បាន​គេ​ស្គាល់​​ថា ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​និង​ហិរញ្ញវត្ថុ​ពិភព​លោក ដែល​ជា​ច្រក​សម្រាប់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​​?

ហុងកុង​ផ្តល់​នូវ​គុណប្រយោជន៍​ពិសេស​សម្រាប់​ក្រុមហ៊ុន​កម្ពុជា ព្រោះ​ថា​វា​ជា​ច្រកចូល​ប្រទេស​ចិន ដែល​មាន​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​បំផុត​។ វា​មាន​អត្ថប្រយោជន៍​តែ​មួយ ​គឺ​គោលការណ៍ ​“​ប្រទេស​មួយ​ប្រព័ន្ធ ​២” នៅ​ហុងកុង​។ តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​យើង​ជាមួយ​ប្រទេស​ចិន ក្រុមហ៊ុន​នៅ​ហុងកុង​រួម​ទាំង​ក្រុមហ៊ុន​កម្ពុជា​ផង​ដែរ ប្រសិន​បើ​ពួក​គេ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ហុងកុង ពួក​គេ​រីករាយ​នឹង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​កាន់​តែ​ច្រើន និង​ងាយ​ស្រួល​។

៤) ជំងឺ​កូវីដ ១៩ នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​សកល​។ តើ​ការ​ផ្ទុះ​ឡើង​ជំងឺ​នេះ មាន​ឥទ្ធិពល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ហុងកុង ​និង​កម្ពុជា​ឬទេ​?

នៅ​ពេល​មាន​ជំងឺ​រាត​ត្បាត​កូវីដ ​១៩ ​បាន​បង្ក​ឱ្យ​មាន​ការ​លំបាក​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ទល់​មុខ​គ្នា ប៉ុន្តែ​វា​មិន​មាន​ឧបសគ្គ​សម្រាប់​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​រវាង​ហុងកុង ​និង​កម្ពុជា​ទេ​។

ឧទាហរណ៍ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ​និង​ហុងកុង​នៃ​ប្រទេស​ចិន (HKC) នៅ​ថ្ងៃទី ២៨ ខែ សីហា ​ឆ្នាំ ២០២០ បាន​បើក​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​សម្រាប់​ពិគ្រោះ​យោបល់​សម្រាប់​កិច្ច​ប្រជុំ ​(Fourth Asean Economic Minister-HKC Consultations) លើក​ទី៤ និង​បាន​ព្រមព្រៀង​លើក​កម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ហុងកុង​នៃ​ប្រទេសចិន​ ​និង​អាស៊ាន រួម​មាន​ទាំង​ប្រទេស​កម្ពុជា ​ដែរ​, តាមរយៈ​ការ​ប្រើប្រាស់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី Asean-HKC Free Trade Agreement និង​កិច្ច​ព្រមព្រៀង​​ Asean-HKC Investment agreement។​

៥) តើ​ហុងកុង​អាច​រួម​ចំណែក​អ្វីខ្លះ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឧទាហរណ៍​ការ​ធ្វើ​ផែនការ​ទីក្រុង និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​?

សហគ្រាស​ និង​អ្នក​ជំនាញ​ហុងកុង បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​តាមរយៈ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ ដែល​ផ្តល់​នូវ​ឱកាស​ជា​ច្រើន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក និង​ការ​សហការ​គ្នា​។ ដោយ​ផ្អែក​ទៅ​លើ​គុណសម្បត្តិ​ពិសេស​ជា​ច្រើន ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ និង​មាន​អ្នក​ជំនាញ​ច្រើន​ដែល​ប្រតិបត្តិការ​ក្រោម​ស្តង់ដារ​អន្តរជាតិ​ ទីក្រុង​ហុងកុង​ គឺ​ជា​ទីតាំង​ដ៏​ល្អ​បំផុត ដើម្បី​ក្លាយ​ជា​វេទិកា​ផ្តល់​នូវ​សេវាកម្ម​ជំនាញ ក៏​ដូចជា​ជួយ​សម្រួល​ដល់​លំហូរ​មូលធន និង​គម្រោង​ហិរញ្ញប្បទាន​៕