ហុងកុង ​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​លំដាប់​ទី ​១០ ជា​ទីផ្សារ​នាំចេញ​ធំជាង​គេ​លំដាប់​ទី ​១៤ និង​ជា​ប្រភព​នាំចូល​ធំ​ជាង​គេ​លំដាប់​ទី ​៦ របស់​ប្រទេស ​កម្ពុជា នៅ​ក្នុង​ឆ្នាំ ២០១៨ ។ ១១ ​ភាគរយ ​នៃ​ពាណិជ្ជកម្ម​​សរុប​រវាង​កម្ពុជា ​និង​ចិន​ដី​គោក ​គឺ​ត្រូវ​ឆ្លង​កាត់​តាម​ហុងកុង​។

ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ហុងកុង ​និង​កម្ពុជា​កំពុង​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​ចាប់​តាំង​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន-ហុងកុង និង​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​វិនិយោគ​រវាង អាស៊ាន​ និង​ហុងកុង​។

កិច្ច​ព្រមព្រៀង​ទាំង ២ ​​នេះ​បាន​បង្កើត​​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ សម្រាប់​ពាណិជ្ជករ​ទាំង ២ ភាគី ​ដើម្បី​ពិចារណា​លើ​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​សេវាកម្ម​ជំនាញ​។

ម្យ៉ាង​វិញ​ទៀត យើង​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​នោះ​ទេ ដោយ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ត្រឹម​តែ ​៣ ​ម៉ោង​ប៉ុណ្ណោះ រវាង​ទីក្រុង​ហុងកុង ​និង​រាជធានី​ភ្នំពេញ ដែល​ប្រតិបត្តិការ​ហោះ​ហើយ​ជា​រៀងរាល់​ថ្ងៃ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ​២ ​គឺ​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Dragon និង Lanmei Airlines។

ការ​នៅ​ជិត​គ្នា​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ​កម្ពុជា ​កំពុង​រីក​ចម្រើន គឺ​បាន​ទាក់ទាញ​អ្នក​ជំនាញ​វ័យ​ក្មេង និង​សហគ្រិន​មក​ពី​ហុងកុង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ទេពកោសល្យ​របស់​មនុស្ស ​គឺ​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​បំផុត​មួយ​របស់​ហុងកុង​។

យើង​ជឿជាក់​ថា ​ការ​ផ្លាស់ប្តូរ​ទស្សនៈ​​រវាង​អ្នក​ដែល​មាន​ទេព​កោសល្យ​រវាង​ភាគី​ទាំង ២ នឹង​ជំរុញ​ឱ្យ​មាន​លទ្ធផល​នៃ​ការ​ច្នៃ​ប្រឌិត​កាន់​តែ​ប្រសើរ ហើយ​ចំណង​ទាក់ទង​រវាង​ប្រជាជន​ និង​ប្រជាន​ក៏​កាន់​តែ​រឹងមាំ​ផង​ដែរ​។

ជាមួយ​នឹង​កំណើន​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូច​ជា​ស្ពាន​ហុងកុង​-ហ្សូហៃ​-ម៉ាកាវ និង​រថភ្លើង​ល្បឿន​លឿន ហុងកុង​ផ្តល់​នូវ​ច្រក​ចេញ​ចូល​ដែល​មាន​សុវត្ថិភាព​បំផុត​ទៅ​កាន់​ចិន​ដី​គោក​។​

យោង​តាម​គោលការណ៍ ​«​ប្រទេស​មួយ​ប្រព័ន្ធ ​២​» ​ហុងកុង​ក៏​មាន​ប្រព័ន្ធ​ច្បាប់ លំហូរ​មូលធន ព័ត៌មាន ប្រជាជន សេវាកម្ម អាជីវកម្ម និង​សេវាកម្ម​វិជ្ជាជីវៈ​ដែល​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ផង​ដែរ។

យោង​តាម​លក្ខណ​សម្បត្តិ​ទាំង​នេះ ហុងកុង ​គឺ​ជា​ទីតាំង​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន​កម្ពុជា ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​ជាមួយ​នឹង​គោល​បំណង​ចាប់​យក​ទីផ្សារ​ចិន​ និង​ពិភព​លោក​។

យើង​ស្វាគមន៍​ការ​វិនិយោគ​បន្ថែម​ពី​ប្រទេស ​កម្ពុជា​។

ទាំង​ហុងកុង​ និង​កម្ពុជា ​ត្រូវ​រួមគ្នា​កសាង​អនាគត​មួយ​ដ៏​ភ្លឺស្វាង ប្រកប​ដោយ​មិត្តភាព​ និង​សុច្ឆន្ទៈ​៕ ​

(​សារ​ពី​ការិយាល័យ​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​ហុងកុង​ប្រចាំ​ទីក្រុង​បាងកក​)