The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហេដ្ឋារចនាសម្ព័ន្ធ​ និង​សេវា​សុខភាព​ជនបទ ​ត្រូវ​បាន​លើកកម្ពស់

ហេដ្ឋារចនាសម្ព័ន្ធ​ និង​សេវា​សុខភាព​ជនបទ ​ត្រូវ​បាន​លើកកម្ពស់

Content image - Phnom Penh Post
ការផ្សារភ្ជាប់​ប្រជាជន​ទៅ​នឹង​ទីផ្សារ​៖ ផ្លូវ​ចម្ងាយ​ ២០០០ ​គីឡូម៉ែត្រ​ដែល​បាន​សាងសង់​ដោយ​ជំនួយ​ពី​អាល្លឺម៉ង់​។ រូបថត © KfW

ហេដ្ឋារចនាសម្ព័ន្ធ​ និង​សេវា​សុខភាព​ជនបទ ​ត្រូវ​បាន​លើកកម្ពស់

លោក​ ឡាយ ប៊ុន ​គឺជា​បុរស​ពោះម៉ាយ​ម្នាក់​ដែល​រស់នៅ​ភូមិ​ដាច់ស្រយាល​មួយ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។ គាត់​បាន​បាត់បង់​ប្រពន្ធ​របស់​គាត់​ដោយសារ​តែ​ពស់​ចឹក អំឡុង​ពេល​ដែល​ប្រពន្ធ​របស់គាត់​សម្រាលកូន​។ ផ្លូវលំ​ដែល​តភ្ជាប់​ផ្ទះ​របស់គាត់​ទៅ​ផ្លូវធំ​ស្ថិត​ក្នុង​ស្ថានភាព​មិនល្អ និង​លិច​ទឹក​នៅ​រដូវវស្សា​។

«​ពួកយើង​មិន​អាច​ធ្វើដំណើរ​តាមផ្លូវ​ដើម្បី​នាំ​ប្រពន្ធ​ខ្ញុំ​ទៅកាន់​មណ្ឌល​សុខភាព​។ មិត្តភក្តិ​របស់ខ្ញុំ​បាន​ជួយ​ដឹក​ប្រពន្ធ​ខ្ញុំ​ក្នុង​អង្រឹង​ឆ្លងកាត់​ទឹក​លិច​នៅពេល​ដែល​នាង​ស្លាប់​។ ប្រសិន​បើ​ផ្លូវ​មាន​សភាព​ដូច​ថ្ងៃនេះ ខ្ញុំ​ប្រាកដ​ថា ខ្ញុំ​នឹង​អាច​សង្គ្រោះ​ភរិយា​របស់​ខ្ញុំ​បាន​ជាក់​ជាមិនខាន​”​។

ផ្លូវ​នេះ​ត្រូវបាន​សាងសង់​ឡើងវិញ​នៅលើ​ច្រាំង​ខ្ពស់ៗ និង​ត្រូវបាន​កែលម្អ​ឲ្យ​ប្រសើរ​ឡើង​តាមរយៈ​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ដែល​ជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​រវាង​កម្ពុជា-អាល្លឺម៉ង់​។ លោកស្រី​ ព្រំ សុហ្វីយ៉ា ជា​គិលានុបដ្ឋាយិកា​ដែល​បាន​ចុះ​បញ្ចី​ និង​មានការ​អនុវត្ត​បម្រើ​ការងារ​ឯកជន​តាម​សហគមន៍​ក្នុង​គម្រោង​រហូត​មក​បាន​ថ្លែងថា​៖ «​ចាប់តាំងពី​ការកែលម្អ​ផ្លូវ​យើង​ឃើញ​ថា គ្មាន​មរណភាព​មាតា និង​ការស្លាប់​ដោយសារ​ពស់​ខាំ​ទៀត​ទេ​»​។

ស្ថិតិ​ថ្មីៗ​នៃ​ការទទួល​បាន​សេវា​សុខភាព​ឃើញ​ថា​មានការ​កើនឡើង​ដែល​នៅ​ក្នុងនោះ​មាន​អត្រា​ចាក់​វ៉ាក់សាំង​កុមារ​កើនឡើង​រហូតដល់ ១០០ ​ភាគរយ​។

ការកែលម្អ​ផ្លូវថ្នល់​ដើម្បី​អាច​ធ្វើ​ដំណើរ​បាន​ពេញ​មួយ​ឆ្នាំ​នាំ​ឱ្យ​មាន​ការចុះឈ្មោះ​ចូលរៀន​នៅ​សាលា​វិទ្យាល័យ​។ មេភូមិ​បាន​រាយការណ៍​ថា​មុនពេល​ការសាងសង់​ផ្លូវ​ឪពុកម្តាយ​ទាំងឡាយ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុងការ​បញ្ជូន​កូនស្រី​របស់​ពួកគាត់​ទៅ​អនុវិទ្យាល័យ​ដោយសារ​ពួកគេ​មិនអាច​ធ្វើដំណើរ​ត្រឡប់មកផ្ទះ​វិញ​នៅ​រដូវវស្សា​។ មេភូមិ​នៃ​ឃុំ​ដែល​ស្ថិតនៅ​ក្នុង​គម្រោង​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​និយាយថា ការចុះឈ្មោះ​របស់​ក្មេងស្រី​អាយុ​ ១២-១៧ ​ឆ្នាំ​នៅ​អនុវិទ្យាល័យ​មាន​ការកើនឡើង​ ៥០ ​ភាគរយ​។

កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​កំពុង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ផ្នែក​ទីផ្សារ​សាលារៀន​មណ្ឌល​សុខភាព និង​សេវាកម្ម​សាធារណៈ​ទូទាំង​ប្រទេស​ពេញ​មួយឆ្នាំ​ដែល​ជួយ​ប្រជាជន​ឱ្យ​ចៀស​ផុតពី​ភាពក្រីក្រ​។ រហូត​មក​ដល់​បច្ចុប្បន្ន​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ផ្តល់​ហិរញ្ញប្បទាន​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ KfW របស់​ប្រទេស​អាល្លឺម៉ង់​ដែល​បាន​សាងសង់​ផ្លូវ​ជាង​ ២ ០០០ ​គីឡូម៉ែត្រ ស្ពាន​ចំនួន​ជាង​ ៧០ សាលារៀន​ចំនួន​ ៥០ និង​ ១១ ទីផ្សារ​។

តាមរយៈ​នេះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អាល្លឺម៉ង់-កម្ពុជា​ បាន​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​គ្រួសារ​ជនបទ​ជាង​មួយ​លាន​នាក់​មាន​ភាពប្រសើរ​ឡើង​។ ប្រាក់ចំណូល​ជា​មធ្យម​សម្រាប់​មនុស្សម្នាក់​បាន​កើនឡើង​ជាង​ ៥០ ​ភាគរយ​នៅក្នុង​តំបន់​ដែល​ស្ថិតនៅក្នុង​គម្រោង ដោយសារ​ថ្លៃ​ដឹកជញ្ជូន​មាន​ការធ្លាក់ចុះ​ទីផ្សារ​កាន់តែ​អំណោយផល​ដល់​កសិករ​។

ស្ថិតនៅក្នុង​គម្រោង​បាន​រាយការណ៍​ថា​មុនពេល​ស្តារ​ផ្លូវថ្នល់​ពី​មុន​មាន​តែ​ឈ្មួញ​ម្នាក់​ប៉ុណ្ណោះ​ដែល​ទិញ​ស្រូវ​ពី​ពួកគាត់​ជាប្រចាំ​ និង​អោយ​តម្លៃ​ទាប​។ ឥឡូវនេះ​មាន​ឈ្មួញ​លក់​ស្រូវ​ចំនួន​ ១០ ​នាក់​ដែល​ឧស្សាហ៍​មក​ទិញ​ស្រូវ​ពី​កសិករ​ដែល​នាំឱ្យ​តម្លៃ​ស្រូវ​កើនឡើង​ពី ៥០ ទៅ ៧០ ភាគរយ​។

លោកស្រី​ សុខ ​សុផល ​អាជីវករ​លក់​ស្រូវ​ខ្នាត​មធ្យម​បាន​ប្រាប់​ឲ្យ​ដឹងថា​ផលិតកម្ម​ស្រូវ​ធ្លាប់មាន​ឧបសគ្គ​ដោយសារ​ការវិនិយោគ​មានកំណត់​។ ចាប់តាំងពី​ការធ្វើ​ផ្លូវ​រួចរាល់​ហើយ គាត់​អាច​រកទិញ​ស្រូវ​បាន​ច្រើនជាង​មុន​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​ផលិតកម្ម​ស្រូវ​មានការ​កើនឡើង​ស្ទើរតែ​ទ្វេដង​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ​។ ភាពប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​ផ្លូវថ្នល់​នេះ អាចជួយ​ឱ្យ​យុវជន​ទៅ​ធ្វើការ​តាម​រោងចក្រ​ដែល​នៅ​ជុំវិញ​នោះ​។ ប្រាក់ចំណូល​បន្ថែម​នៃ​គ្រួសារ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទិញ​ម៉ាស៊ីន​ភ្ជួរ​រាស់​ជី​បន្ថែមទៀត និង​គ្រាប់ពូជ​ដែល​មាន​គុណភាព​ល្អ​»​។

បន្ទាប់ពី​ការស្ថាបនា​ផ្លូវ លោកស្រី​ ព្រំសុហ្វីយ៉ា​ ​និង​ស្វាមី​របស់គាត់​ឈ្មោះ សាវុធ ​ចាប់ផ្តើម​ដាំ​អំពៅ​។ គាត់​បញ្ជាក់​ថា​៖ «​ឥឡូវ​យើង​លក់​អំពៅ​នៅ​ផ្សារ​ធំ​មួយ​នៅ​រមាស​។ គម្រោង​បន្ទាប់​របស់ខ្ញុំ​គឺ​ដាំ​ក្រូច ស្វាយ និង​ដូង​»​។

ភាពអំណោយ​ផល​នៃ​ទីផ្សា​ក៏​ធ្វើឱ្យ​លោកស្រី​ ជុន ​លាង ​និង​ស្វាមី​របស់គាត់ លោក ចាន់ណា ចាប់ផ្តើម​ធ្វើ​ចម្ការ​ផ្សិត​តូច​មួយ​លើដី​របស់​ពួកគាត់​។ លោក ចាន់ណា ​បាន​បណ្តុះបណ្តាល​ក្រុមគ្រួសារ​ដើម្បី​ឱ្យជួយ​ក្នុង​ការដាំ​ផ្សិត​ហើយ​ពួកគេ​បាន​ប្រមូលផល​ដំណាំ​ដំបូង​នៅក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧៕

អត្ថបទគួរចាប់អារម្មណ៍