យើងតែងតែធ្វើឲ្យប្រាកដថាសុខភាពរាងកាយរបស់យើងគឺនៅតែស្ថិតក្នុងស្ថានភាពល្អប្រសិនបើសុខភាពយើងមិនល្អយើងនឹងទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើយ៉ាងណាឲ្យយើងមានអារម្មណ៍ប្រសើរឡើងវិញ។ ប្រសិនបើយើងមានសម្ពាធខ្លាំងពីការងារនោះវិស្សមកាលនឹងជួយឲ្យមានភាពប្រសើរឡើង។ ប្រសិនបើសុខភាពសេដ្ឋកិច្ចរបស់យើងមិនល្អដំបូងយើងត្រូវដឹងពីវាសិនហើយបន្ទាប់មកតើយើងត្រូវដោះស្រាយវាដូចម្តេច?
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺបានអភិវឌ្ឍយ៉ាងឆាប់រហ័សជាមួយកំណើនជាង ៥ ភាគរយប្រចាំឆ្នាំ។ នៅពេលដែលសេដ្ឋកិច្ចរីកចម្រើនប្រជាពលរដ្ឋដែលមានចំណូលកម្រិតមធ្យមក៏កើនឡើងផងដែរ។ កំណើននេះបានធ្វើឲ្យមានការផ្លាស់ប្តូរបែបបទរស់នៅរបស់ពួកគេ។ កំណើនប្រាក់ចំណូលរបស់គ្រួសារនីមួយៗធ្វើឲ្យអតិថិជនមានកំណើនតម្រូវការសេវាឥណទានផ្សេងៗ។
ស្ថាប័នហិរញ្ញវត្ថុធ្វើការសម្រេចចិត្តក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជន និងអត្រាការប្រាក់លើកម្ចីនោះគឺពឹងផ្អែកលើការវាយតម្លៃឥណទានលើបុគ្គលដែលស្នើសុំកម្ចី ហើយប្រវត្តិនៃការប្រើប្រាស់ឥណទានក៏ជាកត្តាមួយដែលត្រូវបានយកមកពិចារណាផងដែរ។ កត្តានេះនឹងកំណត់ពីលទ្ធភាពក្នុងការប្រើប្រាស់ឥណទានរបស់បុគ្គលម្នាក់ៗ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) បាននិយាយថា៖ “ប្រវត្តិឥណទានសំដៅទៅដល់កំណត់ត្រានៃការប្រើប្រាស់ឥណទានរបស់បុគ្គលម្នាក់ៗដែលរួមបញ្ចូលទាំងឥណទានដែលកំពុងប្រើប្រាស់ និងឥណទានដែលបានប្រើប្រាស់ពីមុនទម្លាប់នៃការបង់សងឥណទាន និង ស្ថានភាពនៃគណនីឥណទាននីមួយៗ។ លោកបន្តថា “ព័ត៌មានទាំងនេះត្រូវបានកត់ត្រាទុកនៅក្នុងរបាយការណ៍ឥណទានដែលជារបាយការណ៍កត់ត្រាពីប្រវត្តិនៃការប្រើប្រាស់ឥណទានរបស់បុគ្គលម្នាក់ៗ ដែលមានជាមួយធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុចម្បងៗផ្សេងទៀត”។
តើធ្វើដូចម្តេចដើម្បីឲ្យបុគ្គលម្នាក់ៗមានប្រវត្តិឥណទានល្អ? លោក សុធារ័ត្ន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា “ដើម្បីជួយឲ្យបុគ្គលនីមួយៗរក្សាបាននូវប្រវត្តិឥណទានល្អក្នុងរបាយការណ៍ឥណទានរបស់ពួកគេ ស៊ីប៊ីស៊ី បាននិងកំពុងធ្វើការងារជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិសេសលើការផ្សព្វផ្សាយអប់រំដល់សាធារណជនឲ្យយល់ដឹងពីរបាយការណ៍ឥណទាន និងសារសំខាន់នៃរបាយការណ៍នេះសម្រាប់ពួកគេ។” បន្ថែមទៅលើការផ្សព្វផ្សាយអប់រំនេះ ស៊ីប៊ីស៊ី ក៏បានដាក់ឲ្យប្រើប្រាស់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនៅចុងឆ្នាំ ២០១៨ “ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ សាធារណជនក្នុងការស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួនរបស់ពួកគេដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងធនាគារអេស៊ីលីដា ភីអិលស៊ី។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាធារណជនមិនចាំបាច់ស្នើសុំរបាយការណ៍ឥណទាននៅការិយាល័យរបស់ស៊ីប៊ីស៊ីដោយផ្ទាល់នោះទេ ពួកគេអាចស្នើសុំនៅតាមសាខាមួយចំនួនរបស់គ្រឹះស្ថានទាំង ២ នេះបាន។”
ការរក្សាបានប្រវត្តិឥណទានល្អពិតជាមានសារប្រយោជន៍យ៉ាងខ្លាំង ហើយអត្ថប្រយោជន៍នេះនឹងផ្តល់ផ្លែផ្កាច្រើនពេញមួយជីវិត។ ដូចដែលលោក អឿ សុធារ័ត្ន បានបញ្ជាក់ថា៖ “គ្រប់ពេលដែលអ្នកស្នើសុំឥណទាននៅស្ថាប័នហិរញ្ញវត្ថុណាមួយមានន័យថា អ្នកបានចាប់ផ្តើមបង្កើតរបាយការណ៍ឥណទានផ្ទាល់ខ្លួនរបស់អ្នក។ តាមរយៈរបាយការណ៍នេះស្ថាប័នហិរញ្ញវត្ថុអាចដឹងពីអាកប្បកិរិយាក្នុងការប្រើប្រាស់កម្ចី និងកម្រិតហានិភ័យរបស់អ្នក។ ទម្លាប់នៃការបង់សងត្រឡប់ទាន់ពេលវេលានឹងបង្ហាញពីប្រវត្តិឥណទានល្អ និងអាចទុកចិត្តបានដែលនឹងបង្កើតឱកាសឲ្យអ្នកអាចទទួលបានកម្ចីលឿនជាងមុនជាមួយនឹងលក្ខខណ្ឌប្រកួតប្រជែងដោយរួមបញ្ចូលទាំងអត្រាការប្រាក់ផងដែរ៕