L''attrait គឺជាអគារខុនដូលំនៅឋានដ៏ទំនើប និងមានគុណភាពខ្ពស់បំផុតរចនាឡើងតាមស្តង់ដាជប៉ុន និងបំពាក់ដោយគ្រឿងបរិក្ខារប្រណីតស្របតាមស្តង់ដាអន្តរជាតិ និងបច្ចេកវិទ្យាជប៉ុន។
គម្រោងអគារខុនដូនេះជារបស់ក្រុមហ៊ុន L''attrait Property Development Inc ដែលមានមូលដ្ឋានដើមនៅប្រទេសជប៉ុន។ នេះបើយោងតាមលោក មុត ចាន់ដារិទ្ធ ប្រធានគ្រប់គ្រងគម្រោងអគារខុនដូនេះដែលបានឲ្យកាសែតភ្នំពេញ ប៉ុស្តិ៍ដឹងកាលពីសប្តាហ៍មុន។
តើអគារខុនដូនេះត្រូវបានសាងសង់ឡើងចាប់តាំងពីពេលណា ហើយគ្រោងនឹងបញ្ចប់នៅពេលណា?
យើងបានចាប់ផ្តើមសាងសង់អគារខុនដូនេះចាប់តាំងពីចុងឆ្នាំ ២០១៧ ហើយរហូតមកដល់ពេលនេះយើងសាងសង់បានប្រមាណ ៣០% ហើយ។ បច្ចុប្បន្នយើងសាងសង់ដល់ជាន់ទី ៤ ដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី ៣ ឆ្នាំ ២០២០ ខាងមុខ។
តើលោកអាចប្រាប់បានទេថា តើក្រុមហ៊ុនមានការផ្តល់ជូនអ្វីជាពិសេសដល់អតិថិជនដែលចាប់អារម្មណ៍ទិញខុនដូនេះដែរឬទេ?
បាទពិតណាស់គឺយើងមានការផ្តល់ជូនពិសេសដល់អតិថិជនរបស់យើងចាប់តាំងពីថ្ងៃទី ១៦ ខែកុម្ភៈរហូតដល់ថ្ងៃចូលឆ្នាំខ្មែរ (១៤ ខែមេសា) ឆ្នាំ ២០១៩។ យើងផ្តល់ជូនការបញ្ចុះតម្លៃតាមប្រភេទបន្ទប់ ហើយបន្ទប់ខ្លះអាចបញ្ចុះតម្លៃរហូតដល់ ១ ម៉ឺនដុល្លារ។
តើអ្វីជាលក្ខណពិសេសរបស់អគារខុនដូ L''attrait?
លក្ខណពិសេសរបស់យើងគឺផ្តោតសំខាន់ទៅលើគុណភាព។ ដូចយើងដឹងស្រាប់ហើយថា ជប៉ុនគិតលើបញ្ហាគុណភាពជាចម្បង។
រហូតមកដល់ពេលនេះ តើលក់បានប៉ុន្មានយូនីតហើយៗតើអ្នកណាជាអតិថិជនចម្បង?
រហូតមកដល់ពេលនេះយើងលក់បានប្រមាណ ៨០ ភាគរយហើយនៃយូនីតសរុបទាំងអស់ចំនួន ១៤៩ យូនីត។ ៩០% នៃអថិជនរបស់យើងគឺជាជនបរទេសហើយអតិថិជនខ្មែរមានត្រឹមតែ ១០% ប៉ុណ្ណោះ។
តើលោកអាចបញ្ជាក់លម្អិតបន្តិចបានទេអំពីស្ថាបត្យកម្ម និងការរចនាម៉ូដអគារខុនដូនេះ?
ចំពោះគំនិត និងផែនការមេគឺមកពីអ្នកជំនាញជប៉ុនហើយអ្នកសាងសង់គឺក្រុមហ៊ុន CMED ដែលជាក្រុមហ៊ុនខ្មែរប៉ុន្តែវិស្វករភាគច្រើនគឺជាជនបរទេស។ ចំពោះកញ្ចក់វិញគឺមានកម្រាស់ ២ ជាន់ដែលជួយកាត់បន្ថយកម្តៅ និងសំឡេងរំខានពីខាងក្រៅ។ យើងក៏នឹងដំឡើងជណ្តើរយន្តម៉ាក Hitachi ចំនួន ៣ ប្រអប់ផងដែរ ដើម្បីបង្កភាពងាយស្រួលដល់អ្នករស់នៅក្នុងអគារខុនដូនេះ។
តើក្នុងយូនីតនីមួយៗមានទំហំប៉ុន្មាន?
អគារខុនដូនេះមាន ២៦ ជាន់ស្ថិតនៅលើផ្ទៃដីសាងសង់សរុបចំនួន ៩,៣៦០ ម៉ែត្រការ៉េ។
ចំពោះបន្ទប់ប្រភេទស្ទូឌីយោមានទំហំចាប់ពី ២៧ ដល់ ៣៦ ម៉ែត្រការ៉េ។ ប្រភេទបន្ទប់គេងមួយមានទំហំចាប់ពី ៤០ ទៅ ៥២ ម៉ែត្រការ៉េ និងប្រភេទបន្ទប់គេង ២ មានទំហំចាប់ពី ៦៨ ដល់ ៧៦ ម៉ែត្រការ៉េ និងប្រភេទផេនហៅស៍ មានទំហំចាប់ពី ១៤៣ ដល់ ១៥៣ ម៉ែត្រការ៉េ។
ហេតុអ្វីបានជាអតិថិជនសម្រេចចិត្តទិញខុនដូនេះ?
ក្រុមហ៊ុនរបស់យើងជាក្រុមហ៊ុនដ៏គួរជឿទុកចិត្ត។ អគារខុនដូនេះមានទីតាំងស្ថិតនៅក្នុងតំបន់លំនៅឋានដ៏ល្អប្រណីតចំកណ្តាលសង្កាត់បឹងកេងកង ១។ យើងផ្តោតសំខាន់លើការរចនា និងគុណភាពហើយងាយស្រួលក្នុងការថែទាំ។ លើសពីនេះទៀតមានបំពាក់ដោយគ្រឿងសង្ហារិម និងគ្រឿងអេឡិចត្រូនិកគ្រប់គ្រាន់ និងប្រណីត។ របៀបនៃការបង់ប្រាក់មានភាពទាក់ទាញ ហើយអតិថិជនក៏អាចទទួលកម្ចីទិញរហូតដល់ ៥០% ផងដែរ។ សម្រាប់ព័ត៌មានលម្អិតអតិថិជនអាចទាក់ទងមកក្រុមហ៊ុនយើងបានគ្រប់ពេលវេលា៕