នេះ​គឺជា​ពេលវេលា​ដែល​ត្រូវ​ជំរុញ​របៀបវារៈ​ប្រាក់រៀល​របស់​រដ្ឋាភិបាល ខណៈ​សូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​ឆ្លុះបញ្ចាំង​ថា ទីផ្សារ​បច្ចុប្បន្ន​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​រជ្ជកាល​រូបិយប័ណ្ណ​ជាតិ​។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ចរាចរ​រូបិយវត្ថុ​​ចំនួន​ ២ ​គឺ​ប្រាក់រៀល​ និង​ប្រាក់​ដុល្លារ​អាមេរិក ដែល​កំពុង​ដំណើរការ​ស្រប​គ្នា ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម និង​ពាណិជ្ជកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​​កម្ពុជា​ដែល​មាន​រយៈពេល​ជិត​ ៣ ​ទសវត្សរ៍​កន្លង​មក​នេះ​។

ប៉ុន្តែ​សេដ្ឋកិច្ច​ដែល​គ្របដណ្តប់​ដោយ​ឥទ្ធិពល​​ប្រាក់​ដុល្លារ​មួយ​នេះ អាច​រាំងស្ទះ​ដល់​ប្រសិទ្ធភាព​នៃ​ការដាក់​ចេញ​នូវ​គោលនយោបាយ​រូបិយវត្ថុ​របស់​កម្ពុជា​ឲ្យ​បាន​ទូលំទូលាយ​ ខណៈ​ជោគវាសនា​ប្រាក់​ដុល្លារ​អាមេរិក​គឺ​ពឹង​ផ្អែកលើ​ធនាក​គារ​កណ្តាល​អាមេរិក​។

ធនាគារ​ និង​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ប្រទេស​កម្ពុជា​ពេល​នេះ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការទម្លាក់​ឥទ្ធិពល​ប្រាក់​ដុល្លារ ពីព្រោះ​ស្ថិរភាព​ប្រាក់រៀល​រឹងមាំ​គឺ​អាច​ទប់ស្កាត់​ភាព​រង្គោះរង្គើ​សេដ្ឋកិច្ច​បាន​។

អគ្គនាយក​ធនាគារ​អេស៊ីលីដា លោក​បណ្ឌិត​ អ៊ិន ចាន់នី បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​លក្ខខណ្ឌ​ទីផ្សារ​គឺ​មាន​សារៈសំខាន់​ណាស់​។

លោក នាក់ សមសែន ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន Nuppun Research and Consulting​។ photo supplied

មាន​គោលនយោបាយ​រូបិយវត្ថុ​ល្អ​មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​គឺ​បង្ហាញ​ថា​ប្រាក់រៀល​មាន​ស្ថិរភាព​បើ​ធៀប​នឹង​រូបិយប័ណ្ណ​ដទៃ​នៅក្នុង​តំបន់​ដោយ​ប្រាក់រៀល​មិន​មាន​ការប្រែប្រួល​ខ្លាំង​ហើយ​អតិផរណា​​ក៏​មាន​កម្រិត​ទាប​ទាំងនេះ​គឺជា​ចំនុច​សំខាន់​»​។

សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ដ៏​គួរឱ្យ​កត់សម្គាល់​​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មក​នេះ​ដោយ​កើនឡើង​ក្នុង​រង្វង់​ ៧ ​ភាគរយ​ហើយ​អត្រា​អតិផរណា​មាន​ចំនួន ៣,២ ភាគរយ (​ឆ្នាំ ២០១៨) ខណៈ​​ឱនភាព​គណនីចរន្ត​មាន​ប្រមាណ​ ១០ ​ភាគរយ និង​ប្រាក់​បម្រុង​បរទេស​មាន​ចំនួន​ ១១ ​ពាន់​លាន​ដុល្លារ ចំណែកឯ​អត្រា​ប្តូរ​ប្រាក់​រៀល​គឺ​មាន​ស្ថេរភាព​ដោយ​ក្នុង​មួយ​ដុល្លារ​ស្មើ ៤០៥០ រៀល​។

ទាំងនេះ​គឺជា​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​​សេដ្ឋកិច្ច​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ប្រាក់រៀល​ដើម្បី​ក្លាយ​ជា​រូបិយវត្ថុ​តែ​មួយ​គត់ ដោយសារ​តែ​បច្ចុប្បន្ន​ប្រាក់រៀល​កំពុង​ស្ថិត​នៅក្នុង​លំដាប់​ទី​ ២ ​បន្ទាប់ពី​ប្រាក់​ដុល្លារ​។

ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​កំពុង​ព្យាយាម​លើ​កម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ដើម្បី​កសាង​ទំនុកចិត្ត​បន្ថែម​លើ​ប្រាក់រៀល​។

ធនាគារកណ្តាល​បាន​ចាត់​វិធានការ​ជាច្រើន ដើម្បី​លើក​កម្ពស់​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ដូចជា​តម្រូវ​ឲ្យ​ធនាគារពាណិជ្ជ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​មាន​ឥណទាន​ជា​រូបិយវត្ថុ​ជាតិ​យ៉ាងតិច​ ១០ ​ភាគរយ​នៃ​សំពៀត​ឥណទាន​សរុប​របស់​ខ្លួន​យ៉ាងយូរ​ត្រឹម​ដំណាច់​ឆ្នាំ ២០១៩ ហើយ​ការទូទាត់​ផ្សេងៗ​ដូចជា​ការបង់ពន្ធ​ និង​បង់​វិកយបត្រ​ផ្សេងៗ​ត្រូវ​ទូទាត់​ជា​ប្រាក់រៀល​។ ចំពោះ​ការធ្វើ​អាជីវកម្ម​ និង​ទំនិញ​តាំង​លក់​នៅ​តាម​ផ្សារ​ទំនើប​ត្រូវ​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់រៀល​ផង​ដែរ​។

លោក​បណ្ឌិត​ ចាន់នី ​បន្ថែម​ថា​៖ «​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​រូបិយវត្ថុ​ផ្ទាល់ខ្លួន ពីព្រោះ​វា​ជា​អធិបតេយ្យ​ជាតិ និង​ជា​អត្តសញ្ញាណ​របស់​យើង ហើយ​វា​ក៏​ជា​មោទនភាព​ជាតិ​ផង​ដែរ​»​។

កំណើន​ដ៏រឹងមាំ​អស់​រយៈពេល​ ៣ ​ទសវត្សរ៍​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ស្ថិរភាព​នៅក្នុង​តំបន់​អាស៊ាន​ជាមួយ​គ្នា​នេះ​ប្រាក់រៀល​ក៏​មាន​ស្ថិរភាព​ដែរ​។ photo by heng chivoan

ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏ដោយ​វា​មិន​ងាយស្រួល​នោះ​ទេ​ពីព្រោះ​ប្រាក់​ដុល្លារ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ហើយ​។

បច្ចុប្បន្ន​ប្រតិបត្តិការ​ជាច្រើន​នៅ​តែ​ធ្វើ​ឡើង​ដោយ​ប្រាក់​ដុល្លារ​នៅ​ឡើយ ហើយ​ប្រមាណ​ ៩០ ​ភាគរយ​នៃ​ឥណទាន​កម្ចី​របស់​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​គឺជា​ប្រាក់​ដុល្លារ ខណៈ​ប្រាក់​ឈ្នួល​នៅក្នុង​វិស័យ​ឯកជន​ក៏​ត្រូវ​បាន​ទូទាត់​ជា​ប្រាក់​ដុល្លារ​។ ជា​ឧទាហរណ៍​​ប្រាក់ខែ​របស់​កម្មករ​កម្មការិនី​កាត់ដេរ​ប្រមាណ​ ៧០ ​ម៉ឺន​នាក់​ក៏​ជា​ប្រាក់​ដុល្លារ​ផង​ដែរ​។

ប្រាក់​ដុល្លារ​នៅ​តែ​ជា​រូបិយប័ណ្ណ​ដែល​ពេញនិយម​បំផុត​ក្នុង​វិស័យ​អចលនទ្រព្យ (​ទិញ​/​លក់​) ហើយ​សូម្បីតែ​ការលក់​ទំនិញ​រាយ​តាម​ដង​ផ្លូវ​ ឬ​តាម​កន្លែង​ផ្សេងៗ ប្រាក់​ដុល្លារ​នៅ​តែ​មាន​ប្រជាប្រិយភាព​។

លោក​បណ្ឌិត​ ចាន់នី ​ថ្លែង​ថា​៖ «​បញ្ហា​ប្រឈម​គឺថា​ជាង​ ៨០ ​ភាគរយ​នៃ​ចរាចរ​សាច់ប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​ប្រាក់​ដុល្លារ​អាមេរិក​ហើយ​យើង​មិនមែន​ជា​ប្រទេស​តែមួយ​ដែល​ប្រឈម​នឹង​បញ្ហា​នេះ​ទេ គឺ​មាន​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក៏​ដូច​យើង​ដែរ [​ប្រព័ន្ធ​រូបិយប័ណ្ណ​ ២]»​។

លោក​បន្ថែម​ថា​៖ «​គួរតែ​មាន​វិធីសាស្ត្រ​ខាង​ចិត្តសាស្ត្រ​ និង​វិធីសាស្ត្រ​ទីផ្សារ​ដែល​រដ្ឋាភិបាល​​កម្ពុជា​កំពុង​ធ្វើ​នឹង​ទទួល​បាន​ជោគជ័យ​ដែល​មិនមែន​ជា​ការចេញ​ច្បាប់​ដើម្បី​បង្ខំ​។ ខ្ញុំ​គិត​ថា​វិស័យ​ធុរកិច្ច​សំខាន់ៗ​នឹង​ទទួល​យក​ប្រាក់រៀល​ជា​បណ្តើរៗ​។ រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​កត់សម្គាល់​ឃើញ​ថា ការគាំទ្រ​ប្រាក់​រៀល​ខ្មែរ​ពី​សាធារណជន​កើនឡើង​»​។

ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៧ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ចេញ​សាច់ប្រាក់​ប្រមាណ​ពីរពាន់​ពាន់​លាន​រៀល (៤៨៨ លាន​ដុល្លារ​) ទៅក្នុង​សេដ្ឋកិច្ច​ពោល​គឺ​កើនឡើង​ចំនួន​ ១៨ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៦ ដែល​វា​ជា​សញ្ញា​បញ្ជាក់​ថា​តម្រូវការ​ប្រាក់រៀល​កំពុង​កើនឡើង​។

ទន្ទឹម​នឹង​នេះ​ដែរ​លោក នាក់ សមសែន ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន Nuppun Research and Consulting ឲ្យ​ដឹងថា​ការប្រើប្រាស់​ប្រាក់រៀល​មាន​ការកើនឡើង​នៅក្នុង​ទីផ្សារ​ជាពិសេស​នៅ​តាម​ទីក្រុង​។

លោក​ថ្លែង​ថា​៖ «​កាលពី​មុន​នៅ​តាម​ផ្សារ​ទំនើប​ ឬ​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ គេ​ដាក់​ស្លាក​តម្លៃ​ទំនិញ​ជា​ប្រាក់​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​ដាក់​ទាំង​ ២ ​គឺ​ទាំង​ប្រាក់​ដុល្លារ និង​ប្រាក់រៀល​ហើយ​នៅ​កន្លែង​ខ្លះ​គឺ​គេ​ដាក់​ស្លាក​តម្លៃ​ជា​ប្រាក់រៀល​តែ​មួយ​ប៉ុណ្ណោះ​»​។

រូបិយប័ណ្ណ​ក្នុង​ស្រុក​ទទួល​បាន​ការគាំទ្រ​ខ្លាំង​នៅ​តាម​ជនបទ​។ photo by post staff

លោក​បន្ត​ថា​៖ «​ការប្រើប្រាស់​ប្រាក់រៀល​ក៏​បង្ហាញ​មោទនភាព​ជាតិ​ផង​ដែរ​។ នេះ​ជា​ពេលវេលា​ដ៏សមស្រប​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​លើកកម្ពស់​ប្រាក់រៀល ប៉ុន្តែ​រាជរដ្ឋាភិបាល​ត្រូវ​ធ្វើ​ជា​បណ្តើរៗ​ដោយសារ​តែ​ប្រាក់រៀល​ត្រូវ​បាន​លុបបំបាត់ចោល​ទាំង​ស្រុង​នៅក្នុង​របប​ប៉ុលពត ហើយ​ប្រាក់រៀល​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ​នៅពេល​ដែល​ប្រទេស​កម្ពុជា​ផ្លាស់ប្តូរ​ពី​សេដ្ឋកិច្ច​ផែនការ​ទៅ​រក​សេដ្ឋកិច្ច​ទីផ្សារសេរី​»​។

លោក​បន្ត​ថា​ប្រសិន​នៅ​កម្ពុជា​គេ​ប្រើ​តែ​ប្រាក់រៀល​នោះ​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​មាន​ជម្រើស​ច្រើន​ជាង​មុន​ដើម្បី​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​ជាមួយ​គោលនយោបាយ​សារពើពន្ធ​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

លោក​បញ្ជាក់​ថា​៖ «​ដោយសារ​តែ​សេដ្ឋកិច្ច​បច្ចុប្បន្ន​មាន​ទំនោរ​លើ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​ទើប​ធ្វើឲ្យ​ជម្រើស​នៃ​ការអនុវត្តន៍​គោលនយោបាយ​រូបិយវត្ថុ​នៅ​មាន​កម្រិត​ខ្លាំង​។

លោក​ សមសែន ​បន្ថែម​ថា​៖ «​សម្រាប់​ពេល​នេះ​ជំហាន​បន្ទាប់​រដ្ឋាភិបាល​អាច​ជំរុញ​ឲ្យ​មាន​ការគិត​ និង​គណនា​ថ្លៃ​ផ្សេងៗ​ចេញ​ជា​ប្រាក់រៀល​។ ឥឡូវ​នេះ​មនុស្ស​ភាគច្រើន​គិត​ចេញ​ជា​ប្រាក់​ដុល្លារ​អាមេរិក​។ រដ្ឋាភិបាល​អាច​សាក​ជំរុញ​លើក​ទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឲ្យ​ផ្តល់​ប្រាក់ខែ​ដល់​បុគ្គលិក​របស់​ពួកគេ​ជា​ប្រាក់រៀល​»៕