កាសែត VIENTIANE (Vientiane Times/ANN) ៖ ប្រទេស​អូស្ត្រាលី និង​សហភាព​អឺរ៉ុប​បញ្ជាក់​ជំហរ​ជាថ្មី​លើ​ការប្តេជ្ញា​របស់​ខ្លួន​ក្នុង​ការជួយ​ដល់​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​ឡាវ តាមរយៈ​កម្មវិធី​សិក្សា Basic Education Quality and Access in Laos Programme ហៅ​កាត់ BEQUAL​។

ក្រោម​កម្មវិធី​ដែល​មាន​ទំហំ​ទឹកប្រាក់​ជំនួយ​ ៦៤ ​លាន​ដុល្លារ​អាមេរិក រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​កំពុង​ចាប់​ដៃគូ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រទេស​ឡាវ​ព្រម​ទាំង​សហភាព​អឺរ៉ុប ដើម្បី​ជួយ​ដល់​កុមារ​ពិសេស​កុមារ​ដែល​ងាយ​នឹងរង​គ្រោះ​ដើម្បី​ពង្រឹង​គុណភាព​វិស័យ​អប់រំ​ថ្នាក់​បឋមសិក្សា កាត់បន្ថយ​អត្រា​អនក្ខរកម្ម​យល់ដឹង​ពី​គណិតវិទ្យា និង​ជំនាញ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ផ្សេងៗ​ទៀត​។

ការប្តេជ្ញា​នេះ​ត្រូវ​បាន​លើកឡើង​កាលពី​សប្តាហ៍​មុន​នៅ​ពេល​ដែល​អគ្គនាយករង​ផ្នែក​បេសកកម្ម​របស់​ប្រទេស​អូស្ត្រាលី​គឺ​លោក Andreas Zurbrugg និង​នាយក​ផ្នែក​សហប្រតិបត្តិការ​របស់​សហភាព​អឺរ៉ុប​គឺ​លោក Bryan Fornari បាន​ចុះ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត Luang Namtha និង Oudomxay ដើម្បី​ធ្វើការ​ពិនិត្យ​តាមដាន និង​លើក​កម្ពស់​កម្មវិធី​អប់រំ​នៅ​ទី​នោះ​ផង​ដែរ​។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​អស់​លោក​ទៅ​កាន់​ខេត្ត​ទាំង​ ២ ​នេះ​ចាប់ពី​ថ្ងៃទី​ ២៣ ដល់​ថ្ងៃទី​ ២៦ ខែ​មេសា ឆ្នាំ​ ២០១៨ កន្លង​មក​មន្ត្រី​បរទេស​ទាំង​ ២ ​រូប​នេះ​បាន​ទទួល​ការស្វាគមន៍​អម​ដំណើរ​ដោយ​មន្ត្រី​រដ្ឋាភិបាល​មក​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ផ្នែក​គម្រោង និង​វិនិយោគ​ផង​ដែរ​។

គណៈប្រតិភូ​ទាំងអស់​បាន​ពិភាក្សា​គ្នា​អំពី​ដំណើរការ​លូតលាស់​ក្នុង​វិស័យ​អប់រំ ព្រម​ទាំង​ឧបសគ្គ​ពាក់ព័ន្ធ​នានា​ផង​ដែរ​។

លោក Zurbrugg បាន​ថ្លែង​ថា៖ «​ប្រទេស​អូស្ត្រាលី​មាន​ក្តី​សោមនស្ស​ក្រៃលែង​ក្នុង​ឱកាស​ចាប់ដៃ​គូ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រទេស​ឡាវ ដើម្បី​ជួយ​ដល់​វិស័យ​អប់រំ​កម្រិត​បឋមសិក្សា​ក្នុង​ខេត្ត​ធំៗ​ទាំង​ ២ ​នេះ​»​។

«​ការវិនិយោគ​លើ​កុមារ​ងាយ​រងគ្រោះ​ដែល​រួមមាន​ទាំង​កុមារា​ពិការ​ផង​នោះ​នឹង​ជួយ​ឲ្យ​ប្រទេស​ឡាវ​អាច​សម្រេច​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​បាន​ដោយ​ជោគជ័យ​»​។

លោក Fornari ថ្លែង​ថា៖ «​គុណភាព​របស់​គ្រូបង្រៀន​គឺជា​កត្តា​មួយ​ដ៏សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ការសិក្សា​របស់​សិស្ស​ទទួល​បាន​ជោគជ័យ​។ យើង​មាន​ក្តី​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ចាប់​ដៃគូ​សហការ​ជាមួយ​ប្រទេស​អូស្ត្រាលី និង​ក្រសួង​អប់រំ យុវជន និង​កីឡា​តាមរយៈ​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​សមត្ថភាព​ដល់​គ្រូបង្រៀន និង​ការបណ្តុះបណ្តាល​ដល់​សិស្សានុសិស្ស​ជនជាតិ​ភាគតិច​ដែល​នឹង​ក្លាយ​ជា​គ្រូបង្រៀន​តាម​តំបន់​ដាច់ស្រយាល​»​។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​រួមមាន​នូវ​ការធ្វើ​ដំណើរ​ទៅ​កាន់​សាកលវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន (TTC) ក្នុង​ខេត្ត Luang Namtha ដែល​ប្រទេស​អូស្ត្រាលី និង​សហភាព​អឺរ៉ុប​បាន​ផ្តល់​អាហារូបករណ៍​ចំនួន​ ១០២ ​កន្លែង​សម្រាប់​គ្រូបង្រៀន​មកពី​ភូមិ​ដាច់ស្រយាល រួមមាន​ទាំង​គ្រូបង្រៀន​ភេទ​ស្រី​ចំនួន​ ៥៦ ​នាក់ និង​ការបណ្តុះបណ្តាល​លើ​ការ​បង្រៀន​សម្រាប់​សាស្ត្រាចារ្យ​ផងដែរ​។

គ្រូបង្រៀន​តំបន់​ដាច់ស្រយាល​ចំនួន ៦៤ ​នាក់​នឹង​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​នេះ​ហើយ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ភូមិកំណើត​របស់​ពួកគេ​វិញ​ក្នុង​ខែ​កញ្ញា​នាពេល​ខាង​មុខ​នេះ​។

លោក Zurbrugg និង​លោក Fornari បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​ចង្ក្រាន​បាយ​ថ្មី និង​បន្ទប់ទឹក​នៅ​សាកលវិទ្យាល័យ TTC នេះ​។

នៅ​ខេត្ត Luang Namtha គណៈប្រតិភូ​ទាំងអស់​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​សាលា​បឋមសិក្សា និង​សហគមន៍​ដែល​បាន​បញ្ជូន​កូនៗ​មក​រៀន​នៅ​សាលា​នេះ ដើម្បី​នឹង​ដាក់​ចេញ​នូវ​កម្មវិធី​សិក្សា​សាកល្បង​ព្រម​ទាំង​គ្រូបង្រៀន​ដែល​នឹង​បញ្ចប់​ការបណ្តុះបណ្តាល​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​នៅ​ស្រុក Sing​។

ពួកគេ​ក៏​បាន​ចុះ​ពិនិត្យ​បណ្ណាល័យ​ជាតិ Luang Namtha National Library ផង​ដែរ​ដែល​កំពុង​ដាក់​ចេញ​នូវ​ការអនុវត្ត​លើ​ការ​ចងក្រង​ឯកសារ​ទាក់ទង​នឹង​រឿងរ៉ាវ​ក្នុង​តំបន់​ចាប់ពី​សហគមន៍ Lenten និង Yao ផង​ដែរ ដើម្បី​បង្កើត​នូវ​បណ្ណាល័យ​ឌីជីថល​ជា​លក្ខណៈ​វីដេអូ និង​មាន​សំឡេង​ព្រម​ទាំង​ឯកសារ​បោះពុម្ព និង​សម្ភារ​ឯកសារ​សិក្សា​អនឡាញ​ដើម្បី​ជួយ​ដល់​ការពង្រឹង​អក្ខរកម្ម​ផងដែរ​។

ក្នុង​អំឡុង​ពេល​ចុះ​ទស្សនកិច្ច​ខេត្ត Oudomxay លោក Zurbrugg បាន​ប្រកាស​អំពី​ជំនួយ​ដែល​ត្រូវ​បាន​ពន្យារ​សុពលភាព​ជាថ្មី​ជាមួយ​នឹង​ទឹកប្រាក់ ១ ​លាន​ដុល្លារ​អូស្ត្រាលី​សម្រាប់​កម្មវិធី​សុខភាព​ពិភពលោក ដើម្បី​ជួយ​ដល់​សហគមន៍​ដែល​ងាយ​រងគ្រោះ​នៅក្នុង​ប្រទេស​ឡាវ ហើយ​ជួយ​ដល់​ការផ្តល់​អាហារ​នៅ​តាម​សាលា និង​បង្កើន​ការយល់​ដឹង​របស់​ពួកគេ​ឲ្យ​កាន់​តែ​ល្អប្រសើរ​ចំពោះ​បញ្ហា​នៃ​ការផ្លាស់ប្តូរ​អាកាសធាតុ​។

គណៈប្រតិភូ​ទាំងអស់​ក៏​បាន​ចុះ​ទស្សនកិច្ច​នៅក្នុង​ស្រុក Namor ស្រុក Beng និង​ស្រុក Houn ផង​ដែរ ដើម្បី​ឃ្លាំមើល​អំពី​សកម្មភាព​ផ្សេងៗ​តាម​សាលារៀន​ក្នុង​ការ​ពង្រឹង​គុណភាព​នៃ​ការរៀន​នៅក្នុង​ថ្នាក់ និង​ការបង្រៀន ការលើកកម្ពស់​ការអាន និង​ការអនុវត្ត​នូវ​របៀបរបប​រក្សា​អនាម័យ​ផង​ដែរ​៕

News Desk