នៅម្តុំខាងលិចផ្សារដើមគនាកណ្តាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានសាលាបឋមសិក្សាបឹងសាឡាង សាលានេះជារបស់រដ្ឋសម្រាប់កុមារៗនៅក្នុងសហគមន៍នេះទៅចូលរៀនដោយមានចាប់ពីថ្នាក់មត្តេយ្យកម្រិតខ្ពស់រហូតដល់កម្រិតបឋមសិក្សាថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ ហើយជាការគួរឲ្យមោទនៈរបស់សិស្ស និងគ្រូនៅទីនោះគឺសាលាបឋមសិក្សាបឹងសាឡាងនេះក៏ស្ថិតក្នុងកម្រងសាលាកុមារមេត្រីដែរ។ ប៉ុន្តែសាលានេះហាក់ពុំសូវមានកេរ្តិ៍ឈ្មោះល្បីល្បាញសុះសាយដូចសាលាធំៗជាច្រើនទៀតនៅក្នុងរាជធានីភ្នំពេញនោះទេ។
ស្ថិតនៅលើទីធ្លារទំហំជិត ២ ហិកតានៃបរិវេណសាលានេះមានអគារ ៤ ខ្នងសម្រាប់ជាថ្នាក់រៀន និង ១ អគារទៀតជាទីចាត់ការ សាលពិព័រណ៍ និងបណ្ណាល័យ ក្រៅពីនោះគឺជាសួនច្បារ សួនសម្រាប់កុមារតូចៗ សួនបន្លែ និងទីធ្លារយ៉ាងធំទូលាយមួយនៅព័ទ្ធជុំវិញដងទង់ជាតិសម្រាប់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូគោរពទង់ជាតិ។
លោក លាង ហៃកែវ នាយករងសាលាបឋមសិក្សាបឹងសាឡាងបានឲ្យដឹងថាសិស្សានុសិស្សសរុបចំនួន ១៧១៨ នាក់ សិស្សស្រីមានចំនួន ៨១៥ នាក់ និងសិស្សទើបចូលរៀននៅថ្នាក់ទី ១ ចំនួន ៣០៩ នាក់ក្នុងនោះស្រី ១៣៣ នាក់។ សិស្សទាំងអស់នោះពួកគាត់សុទ្ធសឹងជាកូនប្រជាសហគមន៍នៅជុំរិញទីនេះ។
ដោយស្ថិតនៅក្នុងបញ្ជីឈ្មោះសាលាកុមារមេត្រី «សាលាមានថ្នាក់រៀនមួយចំនួនធំគឺជាថ្នាក់រៀនសម្រាប់សាលាកុមារមេត្រី» ហើយថ្នាក់ផ្សេងៗទៀតទាំងគ្រូ និងសិស្សក៏កំពុងប្រឡងប្រជែងគ្នាដើម្បីបានជាប់ជាថ្នាក់រៀនសាលាកុមារមេត្រីដែរដោយក្នុងនោះត្រូវគោរពតាមសមាសភាគទាំង ៦ ឲ្យបានខ្ជាប់ខ្ជួន។
នៅពេលដែលភ្នំពេញប៉ុស្តិ៍បានឈានជើងចូលដល់ក្នុងថ្នាក់រៀន ១ កុមារប្រុសស្រីតូចៗមានអាយុរវាង ៩-១២ ឆ្នាំបានក្រោកឈរស្រុះគ្នាត្រង់ខ្លួនឡើងដោយលើកដៃសំពះជម្រាមសួរ និងពោលពាក្យថា៖ «ខ្ញុំសូមជម្រាបសួរលោកពូ!»។ ពួកគាត់នៅតែបន្តឈរ និងលើកដៃសំពះជានិច្ចជាមួយនឹងទឹកមុខងឿងឆ្ងល់ជាខ្លាំង។ ប្រហែលជា ២-៣ នាទីក្រោយ ទើបលោកគ្រូរបស់ពួកគាត់ប្រាប់ឲ្យអង្គុយចុះ ទើបពួកគាត់នាំគ្នាអង្គុយចុះរួចបន្តការអានមេរៀនរបស់ពួកគាត់ជាធម្មតា។
ខណៈពេលដែលសិស្សស្រីម្នាក់កំពុងឈរអានមេរៀនអំពី «សំបុត្រឯកជន» នោះ សិស្សឯទៀតផ្ចង់អារម្មណ៍ស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយប្រហែលជាលបអានខ្សឹបៗជានិច្ចផង ដើម្បីត្រៀមខ្លួនឡើងអានបន្តនៅពេលដែលលោកគ្រូរបស់ពួកគាត់ចុចចំឈ្មោះឲ្យក្រោកឈរអានបន្ត។ ដូចទម្លាប់សព្វមួយដងលោកគ្រូ ឈុំ សុជា ឲ្យសិស្សស្រីដែលកំពុងឈរអាននោះឲ្យឈប់អានហើយអង្គុយចុះរួចហើយលោកគ្រូរូបនេះក៏ចង្អុលទៅរកសិស្សប្រុសម្នាក់ទៀតឲ្យឡើងឈរហើយអានបន្តមែន។
នៅក្នុងថ្នាក់រៀនជាន់ក្រោមជាប់ផ្ទាល់ដីនេះមានបង្អួចធំៗម្ខាង ២ សម្រាប់ខ្យល់ និងពន្លឺចេញចូលដោយបរិបូរណ៍ និងអាចចោលភ្នែកទៅខាងក្រៅមើលឃើញដើមចេក និងរុក្ខជាតិផ្សេងៗពណ៌ខៀវស្រងាត់នៅក្បែរនោះ ចំណែកនៅតាមជញ្ជាំងមានតាំងលម្អដោយរូបគំនូរពណ៌ធម្មជាតិផ្សេងៗគ្នាទំនងជាគូរដោយស្នាដៃកុមារនៅក្នុងថ្នាក់នេះតែម្តងមានបដាពាក្យស្លោកមានផ្ទាំងគំនូរផូស្ទ័របោះពុម្ពបង្ហាញពីព្យញ្ជនៈ និងស្រៈនៃអក្សរសាស្ត្រខ្មែរ តារាងលេខនព្វន្តនៃក្បួនគណិតវិទ្យា និងមានទូតាំងសម្ភារសិក្សា មានដាក់របស់របរហត្ថកម្ម និងកញ្ចប់មានស្លាកសញ្ញាថ្នាំពេទ្យ ១ កញ្ចប់ (FirstAdd) ផងដែរ។
ងាកទៅមើលនៅក្បែរជញ្ជាំងខាងមុខ មានតុគ្រូ តារាងបញ្ជីឈ្មោះ និងចំណាត់ថ្នាក់ប្រចាំខែ និងមានព្យួរក្តារខៀនធំៗ ២ ព្យួរនៅលើជញ្ជាំងនោះ ដែលស្ថិតនៅពីក្រោមព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចតា សម្តេចយាយ មានរំលេចអក្សរឆ្លាក់ធំៗ ២ បន្ទាត់នៅខាងលើ «ព្រះរាជាណាចក្រកម្ពុជា - ជាតិ សាសនា ព្រះមហាក្សត្រ»។
លោក យឹម ចំរើន នាយកសាលាបឋមសិក្សាបឹងសាឡាង និងមានអាជីពជាគ្រូបង្រៀនចាប់តាំងពីឆ្នាំ ១៩៨៤ មកទល់បច្ចុប្បន្ននេះបានធ្វើការកត់សម្គាល់ថា៖ «កម្មវិធីអប់រំកម្រិតបឋមសិក្សានាពេលបច្ចុប្បន្នមានវិវត្តជឿនលឿនច្រើន។ របៀបបង្រៀនក៏កែប្រែច្រើនដែរដូចជាការបង្រៀនត្រូវឲ្យសិស្សានុសិស្សមានសកម្មភាពច្រើន ស្វែងយល់ច្រើន ការអនុវត្តច្រើន ហើយលោកគ្រូ-អ្នកគ្រូនៅចាំជួយតម្រង់ ឬកែតម្រូវសិស្សជាដើម»។
ថ្មីៗនេះក្រសួងអប់រំក៏បានធ្វើការអភិវឌ្ឍកម្មវិធីសិក្សារបស់យើងឲ្យសមស្របជាមួយនឹងប្រទេសនៅក្នុងតំបន់ (អាស៊ាន) និងប្រទេសជឿនលឿន «ដើម្បីប្រយោជន៍ឲ្យសិស្សានុសិស្សរបស់យើងពួកគាត់មានសមត្ថភាពចំណេះដឹងប្រហាក់ប្រហែលកូនសិស្សនៃប្រទេសជិតខាងដែរ»។
លោកបន្តថាថ្មីៗ (១-២ ឆ្នាំ) នេះក្រសួងអប់រំ «ទើបបានបង្កើតជាសៀវភៅសិក្សាភាសាអង់គ្លេសថ្មីមួយរបស់ជាតិសម្រាប់កម្រិតបឋមសិក្សានៅកម្ពុជា ហើយនៅក្នុងកាលវិភាគប្រចាំសប្តាហ៍ក៏មានម៉ោងសម្រាប់សិក្សារៀនសូត្រភាសាអង់គ្លេសដែរ។ ដូចជានៅសាលារបស់ពួកខ្ញុំ (សាលាបឋមសិក្សាបឹងសាឡាង) យើងមានកម្មវិធីរៀនភាសាអង់គ្លេសចំនួន ៣ ម៉ោងក្នុង ១ សប្តាហ៍គឺជារៀងរាល់ថ្ងៃព្រហស្បតិ៍» ចំណែកនៅសាលាផ្សេងៗអាចខុសវេនគ្នា គឺទៅតាមលទ្ធភាពគ្រូនៅតាមសាលារបស់គេ។
«សព្វថ្ងៃនេះលោកគ្រូអ្នកគ្រូវ័យចំណាស់ៗគឺលោកមានកម្រិតក្នុងការបង្រៀនភាសាអង់គ្លេស រីឯសិស្សានុសិស្ស (តូចៗ) របស់យើងពួកគេចេះភាសាអង់គ្លេសច្រើនជាងលោកគ្រូ-អ្នកគ្រូទៅវិញទេ ព្រោះគ្រូសម័យមុន (គ្រូចាស់ៗ) យើងអត់បានរៀនភាសាអង់គ្លេសទេ»។
លោក ចំរើន បានបន្ថែមថា ២-៣ ឆ្នាំចុងក្រោយនេះគឺ «បន្ទាប់ពីមានការកែទម្រង់រឹតបន្តឹងសម័យប្រឡងសញ្ញាបត្រទុតិយភូមិ និងការប្រឡងផ្សេងៗទៀតនោះបានធ្វើឲ្យសិស្សានុសិស្សគ្រប់ភូមិសិក្សា រួមទាំងមាតាបិតារបស់សិស្សក៏មានការភ្ញាក់រឭកយ៉ាងផុលផុសងាកមកឲ្យតម្លៃក្នុងការសិក្សារៀនសូត្ររបស់សិស្ស រីឯលោកគ្រូអ្នកគ្រូក៏ត្រូវបានគេគោរពឲ្យតម្លៃជាងមុនជាបណ្តើរផងដែរ ហើយពួកយើងក៏សប្បាយចិត្តក្នុងការខំប្រឹងបង្ហាត់បង្រៀនដែរ»។
លោកបញ្ជាក់ថាការប្រឡងជាប់ និងប្រឡងជាប់បាននិទ្ទេសល្អនៅពេលបញ្ចប់ថ្នាក់ទី ១២ នោះ «គឺពុំមែនអាចបានជោគជ័យសម្រាប់តែអ្នកខំប្រឹងសិក្សាតែនៅថ្នាក់ទី ១២ នោះទេ ដូច្នេះសិស្សានុសិស្សទាំងអស់ត្រូវតែប្រឹងប្រែងរៀនសូត្រនៅគ្រប់កម្រិត គ្រប់ថ្នាក់ទាំងអស់»៕