លោក Larry Shuen Fai Ng ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន ALLNISON Auditing and Consulting Co., Ltd. (ALLNISON) បានថ្លែងថា ក្រុមហ៊ុនគួរតែធ្វើបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវដើម្បីចៀសវាងបញ្ហាណាមួយនៅពេលគណនេយ្យរបស់ពួកគេត្រូវបានធ្វើសវនកម្មដោយអគ្គនាយកដ្ឋានពន្ធដារ (GDT) ។
លោកថ្លែងថា៖ « អាជីវកម្ម និងក្រុមហ៊ុនជាច្រើនគួរតែធ្វើការត្រួតពិនិត្យ និងធ្វើបញ្ជីគណនេយ្យរបស់ពួកគេឲ្យបានត្រឹមត្រូវដើម្បីជៀសវាងបញ្ហាណាមួយកើតឡើងក្នុងអំឡុងពេលដំណើរការធ្វើសវនកម្ម។ ភាគច្រើនបញ្ហាកើតឡើងដោយសារតែការធ្វើបញ្ជីគណនេយ្យមិនបានល្អ» ។
យោងតាមលោក Ng បានឲ្យដឹងថា ក្រុមហ៊ុនមួយចំនួនតែងតែត្អូញត្អែរអំពីថ្លៃចំណាយសេវាពិគ្រោះយោបល់លើផ្នែកគណនេយ្យខ្ពស់ទៅលើក្រុមហ៊ុនគណនេយ្យ ប៉ុន្តែពួកគេបានមើលរំលងការខិតខំប្រឹងប្រែងរបស់គណនេយ្យករជំនាញ និងអ្នកប្រឹក្សាយោបល់ផ្នែកពន្ធដារក្នុងការអនុវត្តការងាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
លោកពន្យល់ថា នៅកម្ពុជា អ្នកជំនាញគណនេយ្យ និងពន្ធដារត្រូវការរៀបចំបញ្ជិកា និងឯកសារជាច្រើន ត្រូវធ្វើការបកស្រាយ និងវិភាគលើច្បាប់ដែលជាហេតុធ្វើឲ្យចំណាយ ពេលវេលាកាន់តែច្រើន។ ស្រដៀងគ្នាទៅនឹងជំនាញផ្នែកច្បាប់សេវាពិគ្រោះយោបល់ផ្នែកគណនេយ្យ និងពន្ធដារផងដែរក៏គិតថ្លៃសេវាតាមម៉ោង។
កម្ពុជានៅខ្វះអ្នកជំនាញគណនេយ្យ។ លោកបានបញ្ជាក់ថា វាមានសារៈសំខាន់សម្រាប់សមាជិកជំនាញវ័យកេ្មងរបស់លោកដែលត្រូវទទួលបានការតបស្នងស័ក្តិសមតាមជំនាញរបស់ពួកគេ។
លោកបន្តថា៖ « ប្រសិនបើនិស្សិតទើបបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហើយបានចូលរួមក្នុងអាជីពនេះ ប៉ុន្តែមិនទទួលបានប្រាក់ខែដែលពួកគេសមនឹងទទួលបាន ពួកគេអាចចាកចេញពីជំនាញនេះបន្ទាប់ពីធ្វើការបានមួយរយៈ។ នេះជាសញ្ញាអវិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជា។
លោកលើកឡើងថា៖« កម្ពុជាត្រូវការអ្នកជំនាញវ័យក្មេងដែលមានជំនាញខ្ពស់ដើម្បីបង្កើនផលិតភាពទាំងមូលនៃធនធានមនុស្សរបស់ប្រទេសនេះ» ។
យើងត្រូវត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលអនាគត។ ការធ្វើសមាហរណកម្មជាមួយអន្តរជាតិជាអ្វីដែលអ្នក ជំនាញវ័យក្មេងរបស់យើងត្រូវការ ហើយវាចាំបាច់សម្រាប់ការអភិវឌ្ឍខ្លួនរបស់ពួកគេ។ កម្ពុជាក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញមួយប្រាកដជានឹងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោកក៏បានរំឭកដល់ក្រុមហ៊ុនទាំងនោះថាសម្រាប់ការពង្រីកសមត្ថភាពរបស់ពួកគេដើម្បីបង្កើន និងរកប្រាក់ចំណូលកាន់តែច្រើន បញ្ជីគណនេយ្យត្រឹមត្រូវ និងការគោរពតាមបទប្បញ្ញត្តិពន្ធដារគឺជាកត្តាដ៏សំខាន់មួយ។
លោកថ្លែងថា ពួកគេគួរតែគោរពតាមបទប្បញ្ញត្តិពន្ធដារទាំងអស់ និងរក្សាកំណត់ត្រាគណនេយ្យឲ្យបានត្រឹមត្រូវ។ មានទស្សនៈមួយចំនួនគិតថា ការធ្វើបែបនេះនឹងបង្កើននូវការចំណាយជាច្រើន ប៉ុន្តែអ្វីដែលត្រូវបានមើលរំលងនោះគឺអត្ថប្រយោជន៍រយៈពេលវែងដែលនឹងជួយកាត់បន្ថយការពិន័យ និងទោសទណ្ឌ។ តាមរយៈការគោរពតាមបទប្បញ្ញត្តិក្រុមហ៊ុននឹងអាចប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុមួយដែលត្រឹមត្រូវសម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួន ហើយក៏អាចធ្វើសមាហរណកម្មក៏ដូចជាត្រៀមខ្លួនរួចជាស្រេចចំពោះការបង្កើតទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុនអន្តរជាតិធំៗច្រើនទៀត» ។
ថ្លែងអំពីការផ្លាស់ប្តូរបទប្បញ្ញត្តិពន្ធដារលោក Ng បញ្ជាក់ថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងរៀបចំផែនការក្នុងការដាក់ឲ្យប្រើប្រាស់ច្បាប់វិនិយោគថ្មីមួយ ហើយលោកសង្ឃឹមថាច្បាប់នេះនឹងត្រូវបានអនុវត្តត្រឹមចុងឆ្នាំនេះ។ លោកបន្ថែមថា៖ « នៅពេលច្បាប់ថ្មីនេះត្រូវបានអនុវត្តនឹងមានការអនុគ្រោះពន្ធបន្ថែមទៀតសម្រាប់វិនិយោគិន។ នោះនឹងបង្កើតបរិយាកាសអាជីវកម្មកាន់តែប្រសើរហើយនឹងអាចទាក់ទាញការវិនិយោគបរទេសកាន់តែច្រើនមកកម្ពុជា»។
ក្រៅពីតួនាទីរបស់លោកនៅក្រុមហ៊ុន ALLNISON លោក Ng ក៏ជាដៃគូពាណិជ្ជកម្មមួយរូបនៅក្នុងក្រុមហ៊ុន Reanda LLKG (Cambodia) Co., Ltd.ផងដែរ។
Reanda LLKG(Cambodia) Co., Ltd. គឺជាក្រុមហ៊ុនគណនេយ្យអន្តរជាតិលំដាប់កំពូលដែលបំពេញនូវតម្រូវការរបស់វិនិយោគិនអន្តរជាតិ ជាពិសេសក្រុមហ៊ុនបោះផ្សាយមូលបត្រនៅទីផ្សារមូលប័ត្រ។ ក្រុមហ៊ុនទាំង ២ នេះគឺជាក្រុមហ៊ុនគណនេយ្យដែលផ្តល់សេវាផ្នែកគណនេយ្យ និងប្រឹក្សាយោបល់ផ្នែកពន្ធដារសវនកម្ម និងសេវាត្រួតពិនិត្យបញ្ជីឲ្យបានត្រឹមត្រូវ៕