ជាគោលការណ៍​សេដ្ឋកិច្ច​ត្រូវ​បាន​ការទទួលស្គាល់​ពី​សំណាក់​មហាជន​ទូទៅ​ថា «​អាជីវកម្ម​ខ្នាត​តូចៗ គឺជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​មួយ​»​។ ទិន្នន័យ​ស្ថិតិ​ទាំងឡាយ​បាន​គាំទ្រ​គោលការណ៍​មួយ​នេះ ហើយ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បង្កើត​អាជីវកម្ម​តូចៗ​ឡើង ដោយ​ការបង្កើត​ច្បាប់​ជា​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ធុន​តូច ការធ្វើ​សម្បទាន​ផ្នែក​ប្រាក់កាស​ការ​ស្រាវជ្រាវ​ដោយ​មាន​ការបង់ប្រាក់ និង​អ្វី​ដែល​សំខាន់​បំផុត គឺ​ការអត់ឱន​ពន្ធ​។

អាជីវកម្ម​ធុន​តូច គឺជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏ធំ​មួយ​ទាក់ទិន​នឹង​ការបង្កើត​ការងារ ការផ្តល់ប្រាក់​ទៅ​កាន់​សហគមន៍​នៅក្នុង​តំបន់​វិញ ភាព​ច្នៃប្រឌិត និង ក្លាយ​ជា​កោសិកា​សាងសង់​សាជីវកម្ម​ធំៗ​បំផុត​នៅ​ក្នុង​ពិភពលោក​។ នៅ​សហរដ្ឋ​អាមេរិក អាជីវកម្ម​ធុន​តូច​តំណាង​ឲ្យ​ជាង ៩៩ ​ភាគរយ​នៃ​ក្រុមហ៊ុន​ដែល​ផ្តល់​ការងារ និង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្តល់​ការងារ​ថ្មីៗ​ចំនួន​ ៦៤ ​ភាគរយ​រួម​ទាំង​ ៤៤ ​ភាគរយ​នៃ​ការបង់​ប្រាក់​ខែ​ឯកជន​ដែរ​។ ជាង​ពាក់​កណ្តាល​នៃ​អ្នក​ធ្វើការ​នៅ​សហរដ្ឋអាមេរិក​មាន​អាជីវកម្ម​ធុន​តូច​ផ្ទាល់​ខ្លួន ឬ​ធ្វើការ​ឲ្យ​អាជីវកម្ម​ធុន​តូច​ណា​មួយ​។

អាជីវកម្ម​ធុន​តូច​បាន​ដើរតួ​រឹតតែ​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ នៅ​ប្រទេស​ឥណ្ឌូនេស៊ី សហគ្រាស​ធុន​តូច និង​មធ្យម​បាន​រួម​ចំណែក​ជាង​ ៦០ ​ភាគរយ​នៅ​ក្នុង​ផលិតផល​ដុល​ក្នុង​ស្រុក​សរុប និង​ ៩៦ ​ភាគរយ​ទៅ​កាន់​ការផ្តល់​ការងារ​ដោយ​ផ្ទាល់​។ នៅ​ប្រទេស​សិង្ហបុរី​វិញ សហគ្រាស​ធុន​តូច និង​មធ្យម​ចូលរួម​ជាង​ ៥០ ​ភាគរយ​ទៅ​លើ​តម្លៃ​បន្ថែម​នៃ​សហគ្រាស​សរុប និង​ ៧០ ​ភាគរយ​ក្នុង​ការ​ផ្តល់​ការងារ​។

នៅ​ប្រទេស​ម៉ាឡេស៊ី ឯណោះ​វិញ សហគ្រាស​ធុន​តូច និង​មធ្យម​ចូលរួម​ចំណែក​ជាង​ ៣០ ​ភាគរយ​ទៅ​កាន់​ផលិតផល​ដុល​ក្នុង​ស្រុក​សរុប និង​ផ្តល់​ការងារ​ដល់​កម្លាំង​ពលកម្ម​ជាង ៥០​ ​ភាគរយ​។

ដោយឡែក​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា អាជីវកម្ម​ខ្នាត​តូច គឺជា​យុថ្កា​នៃ​សេដ្ឋកិច្ច​ហើយ​មួយ​ចំនួន​បាន​វិវត្ត​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ធំ​បំផុត​នៅ​កម្ពុជា​។ មុន​ឆ្នាំ​ ២០១៦ ជំនួញ​ខ្នាត​តូច​ភាគច្រើន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាពមិន​មាន​ប្រសិទ្ធភាព​នៃ​របប​ពន្ធ​ប៉ាន់ស្មាន ដោយ​ចំណាយ​ប្រាក់​ពន្ធ​ប្រចាំ​ខែ​តិចតួច និង​មិន​ដូច​ដែល​ត្រូវ​បាន​បង់​ដោយ​សហគ្រាស​មធ្យម និង​ធំ​ដែរ​។

លោក Anthony Galliano ជា​ប្រធាន​ក្រុម​អគ្គនាយក Group CEO of Cambodian Investment Management Group​។

ច្បាប់​ស្តីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​ ២០១៦ បាន​លុប​ចោល​របប​ប៉ាន់​ស្មាន​នេះ និង​បាន​បង្កើត​ប្រភេទ​អ្នក​បង់​ពន្ធ​ចំនួន​ ៣ ​ប្រភេទ​ក្រោម​របប​ពិត ឬ​ស្វ័យការពារ​ដែល​មាន​ដូចជា​ខ្នាតតូច មធ្យម និង​ធំ​។ ការផ្លាស់ប្តូរ​ដ៏ធំធេង​នេះ​បាន​បន្ថែម​អ្នក​បង់ពន្ធ​ខ្នាត​តូច ហើយ​អ្នក​បង់ពន្ធ​គ្រប់​ខ្នាត​ទាំងអស់​ត្រូវ​បាន​ចែង​ដោយ​ការកំណត់​ចំណូល​ពី​ ២៥០ ​លាន​រៀល (​ប្រហែល ៦២,៥០០ ​ដុល្លារ​អាមេរិក​) ដល់​ ៧០០ ​លាន​រៀល (​ប្រហែល​ ១៧៥,០០០ ​ដុល្លារ​អាមេរិក​)​។

ឆន្ទៈ​នៅ​ពី​ក្រោយ​ការដាក់​បញ្ចូល​ប្រភេទ​បង់​ពន្ធ​ខ្នាត​តូច គឺ​បង្កើត​ការប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ បង្កើន​ប្រាក់​ចំណូល​តាមរយៈ​ការបង់ពន្ធ​របស់​ជាតិ និង​លើក​ទឹក​ចិត្ត​ដល់​អាជីវកម្ម​តូចៗ​ឲ្យ​ចុះបញ្ជី និង​គោរព​តាម​បទបញ្ជា​ពន្ធដារ​។ ដើម្បី​រួម​បញ្ចូល​អ្នក​បង់ពន្ធ និង​អាជីវកម្ម​ខ្នាត​តូច​ដែល​មិន​បាន​ចុះបញ្ជី​ដែល​ធ្លាប់តែ​នៅ​របប​ប៉ាន់ស្មាន​ឲ្យ​ដំណើរការ​ក្នុង​របប​ទូទាត់​ពន្ធ​ដោយ​ខ្លួនឯង​បាន អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) បាន​ផ្តល់​ការលើក​ទឹក​ចិត្ត​ពន្ធ​ពិសេស​ដល់​អ្នក​បង់ពន្ធ​តូចៗ ដើម្បី​បន្ថយ​ផលវិបាក​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ការចុះ​ឈ្មោះ និង​ការ​អនុលោម​។

ការលើក​ទឹក​ចិត្ត​សំខាន់ៗ​មាន​ដូចជា​ការលើកលែង​ចំពោះ​ការបង់ពន្ធ​កាត់​ទុក លើកលែង​តែ​ពន្ធ​លើ​ចលនទ្រព្យ និង​អចលនទ្រព្យ ការបង់​ពន្ធ​ដោយ​ផ្អែកលើ​កំណើន​ប្រាក់​ចំណេញ​ជា​ជាង​ពន្ធ​លើ​ប្រាក់​ចំណេញ​ ២០ ​ភាគរយ​តែ​ម្តង ទម្រង់​បែបបទ​ពន្ធ​តែ​ ១ ​ទំព័រ​សាមញ្ញ​ជា​ជាង​ ៤ ​ទំព័រ​ដែល​ត្រូវ​បាន​ទាមទារ​ពី​អ្នក​បង់ពន្ធ​ខ្នាត​មធ្យម និង​ធំ តម្លៃ​ពន្ធ​ប៉ាតង់​គឺ ១០០ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ជា​ជាង ៣០០ ​ដុល្លារ និង​ឥណទាន​ ៨០ ​ភាគរយ លើ​ការបង់ VAT ដើម្បី​ទូទាត់​ទិន្នផល​ VAT មាន​ន័យ​ថា អ្នក​បង់ពន្ធ​ខ្នាត​តូច​ប្រមូល VAT១០ ​ភាគរយ និង​បង់​ត្រឹម​តែ​ ២ ​ភាគរយ​ដោយ​រក្សាទុក​ ៨ ​ភាគរយ​។

ទោះ​ជា​យ៉ាងណា​ចាប់​តាំងពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​នៅតែ​មាន​ភាពច្របូក​ច្របល់ និង​ភាពលំបាក​លំបិន​សម្រាប់​អ្នក​បង់ពន្ធ​តូចតាច​។ ដំបូង​មាន​ភាព​មិន​ប្រាកដប្រជា​ថា តើ​អ្នក​បង់ពន្ធ​ខ្នាត តូច​អាច​ទាមទារ​ពន្ធ​តម្លៃបន្ថែម (VAT) ដូច​អ្នក​បង់ពន្ធ​ផ្សេង​ទៀត​ដែរ​ឬ​ទេ​? អ្នក​បង់​ពន្ធ​មធ្យម និង​ធំ​មួយ​ចំនួន​បាន​បដិសេធ​មិន​បង់ VAT ធៀប​នឹង​អ្នក​បង់​ពន្ធ​តូចតាច ហើយ​ក៏​មាន​ការ​យល់ច្រឡំ​ផង​ដែរ​ថា តើ​អ្នក​បង់ពន្ធ​ខ្នាត​តូច​នឹង​ទទួល​បាន​វិញ្ញាបនបត្រ VAT ហើយ​នៅ​ក្រោម​ប្រព័ន្ធ​ពន្ធដារ​សព្វថ្ងៃ​ពួកគេ​ប្រហែល​ជា​មិន​បាន​ទទួល​នោះ​ទេ រីឯ​ព័ត៌មាន​ចេញ​ពី​បណ្តាញ​សាខា​អំពី​បញ្ហា​នេះ គឺ​មិន​មាន​ភាពប្រាកដប្រជា​នោះ​ឡើយ​។

លើសពី​នេះ​ទៅ​ទៀត​កាលពី​មុន​អ្នក​បង់ពន្ធ​ខ្នាត​តូច​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់ប្រាក់​ចំនួន​ ១០០ ​ដុល្លារ​អាមេរិក​ទៅ​កាន់​នាយកដ្ឋាន​ពាណិជ្ជកម្ម ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ ហើយ​ក្រោយ​មក​ការអនុវត្ត​នេះ​ត្រូវ​បាន​លុបចោល ដូច្នេះ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​អំឡុងពេល​នោះ​បាន​ខាត​ការចំណាយ​មួយ​តង់​ទៀត​។

ដំបូង​សាខា​មួយ​ចំនួន​តម្រូវ​ឲ្យ​អ្នក​បង់ពន្ធ​ខ្នាត​តូច បង់ពន្ធ​ភ្លាមៗ​នៅពេល​ដែល​ការទូទាត់​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ប័ណ្ណ​ប៉ាតង់ ទោះបី​ជា​មិន​ទាន់​បាន​ទទួល​ប័ណ្ណ​ក៏ដោយ ហើយ​ក្រុមហ៊ុន​ភាគច្រើន​គឺ​មិន​ទាន់​ទទួល​បាន​បណ្ណ​ទេ​នៅពេល​ដែល​ពន្ធដារ​ទាមទារ​បង់ពន្ធ​ភ្លាមៗ​។ ទីបំផុត​ការអនុវត្ត​នេះ​ត្រូវ​បាន​គេ​ធ្វើ​បទដ្ឋាន​នៅ​ចុង​ឆ្នាំ​មុន​នៅពេល​ដែល​សាខា​ទាំងអស់​បាន​ស្នើសុំ​ឲ្យ​អ្នក​បង់ពន្ធ​តូច​ចាប់ផ្តើម​បង់ប្រាក់​ប៉ាតង់​ភ្លាមៗ ដែល​ជា​ដំណើរការ​ខុសប្លែក​ពី​អ្នក​បង់ពន្ធ​ខ្នាត​មធ្យម និង​ធំ​ដែល​បង់ពន្ធ​លើ​វិក្កយបត្រ​របស់​ប័ណ្ណ​ប៉ាតង់​។

ខណៈ​ពេល​ដែល​បញ្ហា​ភាគច្រើន​ត្រូវ​បាន​លុប​បំបាត់​ចោល បញ្ហា​ដែល​លេចធ្លោ​ជាងគេ និង​ទាក់​ចិត្ត​ជាង​គេ​នៅតែ​មាន​គឺ​ដំណើរការ​ចុះ​បញ្ជី​។ ខណៈពេល​ដែល​មិន​មាន​បញ្ជី​សកម្មភាព​ដែល​ហាមឃាត់​អ្នក​បង់ពន្ធ​តូចតាច​មិន​ឲ្យ​ធ្វើ​អ្វី​មួយ ស្ទើរតែ​រាល់​សាខា​ពន្ធដារ​ទាំង​អស់​មិន​អនុញ្ញាត​ឲ្យ​មាន​មុខ​ជំនួញ «​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​» នៅក្នុង​ដែន​សមត្ថកិច្ច​បង់ពន្ធ ខ្នាតតូច​នោះ​ទេ​។

សកម្មភាព​ផ្សេង​ទៀត​ត្រូវ​បាន​ច្រានចោល​ផង​ដែរ​ដូចជា អាជីវកម្ម​ថតរូប អ្នកបកប្រែ និង​សកម្មភាព​សេវាកម្ម​អាជីវកម្ម​ខ្នាត​តូច​ផ្សេង​ទៀត​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៀត​នោះ​គឺថា​ក្រុមហ៊ុន​ថ្មី​សន្លាង ដែល​មិន​មាន​ប្រវត្តិ​នៃ​ការទទួល​បាន​ប្រាក់​ចំណេញ​សោះ​នោះ​ត្រូវ​បាន​ស្នើសុំ​ឲ្យ​ចុះ​បញ្ជី​ភ្លាមៗ​ក្នុង​នាម​ជា​អាជីវកម្ម​ខ្នាត​មធ្យម​ដោយហេតុ​ថា សាខា​នេះ​ជឿជាក់​ថា​អាជីវកម្ម​នេះ​នឹង​ផ្តល់​ផល​លើស​ពី​ចំនួន ​១៧៥ ​ពាន់​ដុល្លារ​អាមេរិក​។

កាលពី​មុន​អ្នក​បង់ពន្ធ​ខ្នាត​តូច​អាច​បង់លុយ​ភ្លាមៗ​សម្រាប់​ប័ណ្ណ​ប៉ាតង់​ហើយ​ទទួល​បាន​លេខ​សម្គាល់​ពន្ធ ប៉ុន្តែ​ឥឡូវ​នេះ​សាខា​ភាគច្រើន​ទាមទារ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ទីកន្លែង ដែល​ពន្យារពេល​ដំណើរការ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ហើយ​ជា​អកុសល លទ្ធផល​នៃ​ដំណើរការ​នេះ​ភាគច្រើន​គឺ​តម្រូវ​ឲ្យ​មាន​អាជីវកម្ម​ចុះ​ឈ្មោះ​ជា​អាជីវកម្ម​ធុន​មធ្យម​។ ខណៈ​ពេល​ដែល​អ្នក​បង់​ពន្ធ​មធ្យម និង​អ្នក​បង់ពន្ធ​ធំ​ត្រូវ​បាន​គេ​បញ្ជូន​ប័ណ្ណ​ប៉ាតង់​ទៅ​កាន់​អាសយដ្ឋាន​អាជីវកម្ម​ដែល​បាន​ចុះ​បញ្ជី​ផ្ទាល់​។ ដោយឡែក​អ្នក​បង់ពន្ធ​តូចតាច​ត្រូវ​តែ​ពិនិត្យ​មើល ថា​តើ​ប៉ាតង់​នេះ​ត្រូវ​បាន​គេ​ចេញ​ឲ្យ​ឬ​នៅ​? ហើយ​ត្រូវ​មាន​ការទាក់ទង​ការិយាល័យ​សាខា​ពន្ធ​ជា​ញឹកញាប់​ដោយសារ​តែ​មិន​មាន​ប្រព័ន្ធ​ដឹកជញ្ជូន​ទៅ​ដល់​កន្លែង​ផ្ទាល់​។

ចុង​បញ្ចប់​វា​គឺជា​ដំណើរការ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ប្រកាស​នីយប័ត្រ​តក្កកម្ម​ (​ប៉ាតង់​) ដែល​ដំណើរការ​នេះ​អាច​មាន​ការតស៊ូ​មតិ​ទៅ​លើ​ថា តើ​ក្រុមហ៊ុន​ខ្នាតតូច​ត្រូវ​មាន​គុណសម្បត្តិ បែប​ណា​ខ្លះ​ក្នុង​នាម​ជា​អ្នក​បង់ពន្ធ​ខ្នាត​តូច បើ​ទោះបី​ជា​អ្វីៗ​សមស្រប​ទៅ​នឹង​តម្រូវការ​នៃ​ច្បាប់​ក៏ដោយ​។

កំណើន​សេដ្ឋកិច្ច​នាពេល​អនាគត​របស់​ប្រទេស​កម្ពុជា និង​ការ​បន្ត​កើនឡើង​នៃ​ការប្រមូល​ពន្ធ​ប្រចាំ​ឆ្នាំ​អាច​នឹង​អាស្រ័យ​លើ​កំណើន និង​វិបុលភាព​នៃ​អាជីវកម្ម​ខ្នាត​តូច​។ អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​ការ​អនុលោម​តាម​បទបញ្ជា និង​ការអនុវត្ត​ច្បាប់​យ៉ាង​វិជ្ជមាន​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​។

ការគាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច​តាមរយៈ​ដំណើរការ​ចុះ​បញ្ជី​ពន្ធ និង​ដំណើរការ​រដ្ឋបាល​សាមញ្ញ និង​ការលើក​ទឹកចិត្ត​ពន្ធ​បន្ថែម​ទៀត​នៅ​ឆាក​អន្តរជាតិ​អាច​នឹង​ក្លាយ​ជា​គោលដៅ​ដែល​ត្រូវ​តែ​សម្រេច​ឲ្យ​បាន ដើម្បី​បន្ត​ភាព​ជោគជ័យ​ក្នុង​លក្ខខណ្ឌ​ពន្ធ​ឲ្យ​លើស​ពី​ ៥ ​ឆ្នាំ​ខាង​មុខ​នេះ​៕