ភ្នំពេញៈ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសកម្ពុជា ជាពិសេស ហ្វេសប៊ុកបានកើនឡើងយ៉ាងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំកន្លងមក។
និន្នាការនេះត្រូវបានគេមើលឃើញកើតមានចាប់តាំងពីការបោះឆ្នោតថា្នក់ជាតិឆ្នាំ ២០១៣ ដែលប្រព័ន្ធផ្សព្វផ្សាយទំនើបថ្មីនេះបានបង្ហាញពីផលប៉ះពាល់ខ្លាំងលើឆាកនយោបាយ និងកិច្ចការសង្គមនៅក្នុងប្រទេសកម្ពុជា។
មិនតែប៉ុណ្ណោះវាក៏កំពុងតែពេញនិយម និងបានទាញប្រជាប្រិយខ្លួនកើនលើសស្ថាប័នសារព័ត៌មាននៅកម្ពុជាដែលបានក្លាយជាប្រភពព័ត៌មានចម្បង សម្រាប់ពលរដ្ឋកម្ពុជាជាលើកដំបូងបំផុតនៅឆ្នាំនេះដោយសារពួកគេជឿលើភាពឯករាជ្យរបស់វា និងសេរីភាពបញ្ចេញមតិ។
យោងតាមរបាយការណ៍សិក្សាប្រចាំឆ្នាំមួយដែលផ្តោតទៅលើការប្រើប្រាស់ទូរស័ព្ទដៃនៅកម្ពុជាដែលចេញផ្សាយកាលពីចុងឆ្នាំ ២០១៦ ដោយមូលនិធិអាស៊ី (The Asia Foundation) និងវិទ្យាស្ថានបើកទូលាយ (Open Institutes) បានបង្ហាញថាប្រភពព័ត៌មានគោលនៃប្រជាជនកម្ពុជាគឺចេញពីហ្វេសប៊ុក និងអ៊ីនធឺណិតដែលមានចំនួន ៣០ ភាគរយ បន្ទាប់មកគឺទូរទស្សន៍មាន ២៩ ភាគរយការនិយាយប្រាប់តគ្នាមាន ២៣ ភាគរយ និងវិទ្យុ ១៥ ភាគរយ។
និន្នាការនេះបានមកដល់ទន្ទឹមនឹងការកើនឡើងគួរឲ្យកត់សម្គាល់នៃអ្នកដែលមានទូរស័ព្ទស្មាតហ្វូនដោយ ៤៨ ភាគរយនៃប្រជាជនកម្ពុជាមានទូរស័ព្ទវៃឆ្លាត ឬស្មាតហ្វូន (Smart phone) មួយគ្រឿងនៅឆ្នាំនេះកើនឡើងទ្វេដងធៀបនឹង ៣ ឆ្នាំមុន ខណៈ ៧៦ ភាគរយនៃទូរស័ព្ទទាំងនោះអាចឲ្យអ្នកប្រើប្រាស់មើលអក្សរខ្មែរបាន។
នៅពេលដែលឥទ្ធិពលរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះរីកកាន់តែធំ វារឹតតែសំខាន់ទៅទៀតដែលស្ថាប័នសារព័ត៌មានគួរតែ និងអាចប្រើប្រាស់វាឲ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ពួកវាអនុញ្ញាតឲ្យស្ថាប័នសារព័ត៌មានប្រមូលព័ត៌មានតាមបែបថ្មីអាចចែកចាយព័ត៌មានទៅកាន់អ្នកអានរបស់ខ្លួនបានលឿនរហ័ស និងជុំវិញពិភពលោកព្រមទាំងបង្កើតជាវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាន និងការយល់ឃើញផ្សេងៗ។
ជាបន្តបន្ទាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះជាពិសេសហ្វេសប៊ុកនេះបាននិងកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាដែលមួយផ្នែកជួយសម្រួលកាន់តែងាយស្រួលដល់ស្ថាប័នសារព័ត៌មាននានាដូចជាការផ្សាយផ្ទាល់ (Lives) និងកម្មវិធី Instant Articles ដែលជួយឲ្យអត្ថបទ និងវីដេអូបង្ហាញចេញបានយ៉ាងលឿនបំផុតដល់អ្នកប្រើប្រាស់ និងប្រព័ន្ធប្រតិបត្តិការផ្សេងៗទៀតសម្រាប់សារព័ត៌មាននៅលើអ៊ីនធឺណិត។
អំឡុងនៃយុទ្ធនាការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី ៤ កន្លងទៅទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំគណបក្សប្រឆាំងរួមទាំងស្ថាប័នសារព័ត៌មានជាច្រើនបានប្រើប្រាស់ទំព័រហ្វេសប៊ុកខ្លួនធ្វើការផ្សាយផ្ទាល់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតបានភ្លាមៗដែលក្រុមអ្នកសង្កេតការណ៍បានចាត់ទុកថាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបោះឆ្នោតនេះ និងសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ។
នេះគឺជាការវិវត្តថ្មីមួយទៀតនៃវិស័យព័ត៌មាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជា កម្ពុជាដែលស្ថិតក្នុងពិភពលោកបច្ចេកវិទ្យាកំពុងរីកចម្រើនខ្លាំងបែបនេះ។ ក្រុមអ្នកជំនាញក៏យល់ឃើញដែរថាការក្តោបក្តាប់យ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលទៅលើទូរទស្សន៍ និងវិទ្យុ និងកំណើនអ្នកគាំទ្របក្សប្រឆាំងបានជំរុញឲ្យពួកគេងាកចេញពីការទទួលបានព័ត៌មានពីទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។
ការចុះផ្សាយរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីខែមុនដែលបានដកស្រង់សម្តី លោក មឿន ឈានណារិទ្ធ នាយកនៃវិទ្យាស្ថានសិក្សាប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បានបរិយាយពីកំណើននៃប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ជាប្រជាធិបតេយ្យនីយកម្ម» នៃព័ត៌មានព្រមទាំងលើកឡើងទៀតថាប្រជាជនកាន់តែច្រើនអាចសម្តែងនូវការរិះគន់របស់ខ្លួនចំពោះបញ្ហាសង្គមនានាជាភាសាខ្មែរនៅលើអនឡាញបាន។
យោងតាមទិន្នន័យពីក្រុមហ៊ុនភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម We Are Social របស់ប្រទេសសិង្ហបុរីបានបង្ហាញថាគិតត្រឹមដើមឆ្នាំ ២០១៧ នេះចំនួនអ្នកមានលទ្ធភាពអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត មានជាង ៧ លាននាក់ក្នុងចំណោមប្រជាជនកម្ពុជាសរុបជិត ១៦ លាននាក់ហើយចំនួនអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមានប្រមាណ ៥ លាននាក់ ខណៈអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមទូរស័ព្ទដៃប្រហែល ៤,៥ លាននាក់។

ជារួមខណៈពេលដែលប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល និងមានតម្លៃថោកក៏ដូចជាកំពុងរីកសាយភាយដល់តំបន់ជនបទកម្ពុជា ស្ថាប័នសារព័ត៌មានកម្ពុជាស្ទើរតែទាំងអស់កំពុងប្រើប្រាស់ និងពឹងផ្អែកជាចាំបាច់លើបណ្តាញសង្គមនេះដើម្បីឲ្យមានអ្នកចូលអាន ឬទស្សនាឲ្យបានកាន់តែច្រើនឡើងលើគេហទំព័ររបស់ខ្លួន។
ការដើររំលងស្ថាប័នព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសហ្វេសប៊ុកដែលកំពុងពង្រីកវិសាលភាពខ្លួនក្នុងប្រទេសកម្ពុជានោះក៏កំពុងធ្វើឲ្យស្ថាប័នសារព័ត៌មានក្នុងប្រទេសនេះជួបការប្រឈមជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោកមួយនេះដែរ ជាពិសេសលើការទាញយកចំណែកទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម។
ក្រុមហ៊ុនហ្វេសប៊ុកកាលពីខែមុនបានរាយការណ៍ពីកំណើនប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួនចំនួន ៣,០៦ ពាន់លានដុល្លារពីប្រាក់ចំណូលចំនួន ៨,០៣ ពាន់លានដុល្លារដោយកើនឡើង ៧៦ ភាគរយ ខណៈពេលដែលចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះកើនឡើងដល់ជិត ២ ពាន់លាននាក់នៅទូទាំងពិភពលោក។
ដោយឡែកនៅកម្ពុជាយោងតាមទិន្នន័យធ្វើការស្រាវជ្រាវរបស់ក្រុមហ៊ុន Indochina Research កាលពីឆ្នាំ ២០១៦ បានបង្ហាញថានៅត្រឹមត្រីមាសដំបូង ថវិកាចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមកាសែត និងទស្សនាវដ្ដីធ្លាក់ចុះយ៉ាងខ្លាំង ខណៈការចំណាយលើទូរទស្សន៍ កើនឡើង។
ទោះបីតំណាងមកពីក្រុមហ៊ុនស្រាវជ្រាវមិនអាចបង្ហាញពីមូលហេតុនៃការធ្លាក់ចុះនេះក៏ដោយ ក៏អ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះចាត់ទុកថាការកើនឡើងចំនួនប្រព័ន្ធសារព័ត៌មានឌីជីថលក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះកំពុងទាញយកថវិកាផ្សព្វផ្សាយពាណិជ្ជកម្មនេះមួយផ្នែកពីវិស័យបោះពុម្ពដែលធ្លាប់ទទួលបាន។
បើតាមទិន្នន័យបានពីក្រុមហ៊ុន Indochina Research តម្លៃនៃការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ចាប់ពីខែមករាដល់ខែមីនាបានកើនឡើងដល់ ៣២ លានដុល្លារអាមេរិកគឺកើនឡើង ២៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៥ ខណៈកញ្ចប់ថវិកាផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមកាសែត និងទស្សនាវដ្ដីធ្លាក់ចុះ ២៦ ភាគរយពី ៣,៦ លានដុល្លារក្នុងរយៈពេល ៣ ខែដំបូងកាលពីឆ្នាំ ២០១៥ មកនៅ ២,៤ លានដុល្លារ។
ប៉ុន្តែទោះយ៉ាងនេះក្តីក្រុមហ៊ុនក្នុងស្រុកមួយចំនួន និងអ្នកចាប់ផ្តើមអាជីវកម្មដំបូងមាននិន្នាការងាកទៅរកការផ្សព្វផ្សាយផលិតផល និងសេវាកម្មដោយការបង្កើតទំព័រហ្វេសប៊ុកខ្លួនឯងកាន់តែច្រើនឡើងៗ។
ទិន្នន័យពីហ្វេសប៊ុកក៏បានបង្ហាញដែរថាប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជាគឺផ្តោតខ្លាំងទៅលើនយោបាយ បើប្រៀបធៀបនឹងប្រទេសដទៃក្នុងតំបន់។ ជាការពិត យុវវ័យ ៨ នាក់ក្នុងចំណោម ១០ នាក់បានចុច Like លើទំព័រហ្វេសប៊ុកផ្សេងៗដែលមានព័ត៌មាននយោបាយ និងទំព័រហ្វេសប៊ុករបស់ឥស្សរជននយោបាយដែលបានយល់ដឹងពីការកើនឡើងនៃអំណាច និងឥទ្ធិពលនៃបណ្តាញសង្គមមួយនេះ។ ទំព័រហ្វេសប៊ុកពីរក្នុងចំណោមនោះមានទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង។
សម្រាប់អ្នកនយោបាយប្រព័ន្ធផ្សព្វផ្សាយសង្គម ហ្វេសប៊ុកគឺជាឱកាសមួយដែលជួយឲ្យពួកគេបានយល់ពីអ្វីដែលប្រជាជនភាគច្រើននិយមចាប់អារម្មណ៍។ ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងតែបានក្លាយទៅជាវេទិការបស់ប្រជាជនកម្ពុជាសម្រាប់ពិភាក្សាអំពីបញ្ហាសំខាន់ៗនានាដែលមានឥទ្ធិពលមកលើពួកគេ។
មានន័យថាប្រព័ន្ធប្រតិបត្តិការដូចជាហ្វេសប៊ុកបានអនុញ្ញាតឲ្យរដ្ឋាភិបាល ធ្វើការពន្យល់បានកាន់តែប្រសើរអំពីគោលនយោបាយរបស់ខ្លួនទៅដល់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋអាចបង្ហាញការយល់ឃើញរបស់ពួកគេដោយផ្ទាល់ទៅកាន់មន្ត្រីបាន។
រីឯក្រុមហ៊ុន ស្ថាប័ន អង្គភាពខ្លះក៏បានធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសខ្លួន ឬលិខិតស្នាមអ្វីមួយតាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការផ្សព្វផ្សាយ ពន្យល់ ឬបកស្រាយពីបញ្ហាអ្វីមួយដូចជា ពាក្យចចាមអារ៉ាម និងការផ្តល់ព័ត៌មានខុស។
ហ្វេសប៊ុកបានក្លាយជាឧបករណ៍ដ៏សំខាន់មួយដើម្បីបង្កើត «ទំនាក់ទំនងពីរផ្លូវ» ដោយមើលទៅហាក់មិនចាំបាច់មានតួនាទីរបស់សារព័ត៌មានដើម្បីធ្វើការបញ្ជាក់។
ការរីកឡើងនៃព័ត៌មានក្លែងក្លាយ
ព័ត៌មានក្លែងក្លាយគឺជាប្រភេទព័ត៌មានដែលត្រូវបានគេប្រឌិតឡើង ឬជាពាក្យចចាមអារ៉ាមដែលត្រូវបានបង្កើតដោយនរណាម្នាក់ ឬក្រុមណាមួយដើម្បីបង្ខូច បង្កើតជាការភាន់ច្រឡំក្នុងគោលបំណងទទួលបានផលប្រយោជន៍ផ្សេងៗជាពិសេសផ្នែកសេដ្ឋកិច្ច និងការកេងចំណេញផ្នែកនយោបាយជាដើម។
ព័ត៌មានក្លែងក្លាយនេះមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែកាលពីមុនលទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាននេះនៅមានកម្រិតប៉ុណ្ណោះ។ ពាក្យនេះត្រូវបានពិភពលោកលើកយកមកពិភាក្សាច្រើនឡើង និងចាប់អារម្មណ៍ខ្លាំងក្រោយពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០១៦ គឺនៅពេលមានការស្រាវជ្រាវថា ព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានបង្ហោះ និងចែករំលែកតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីទាក់ទាញអ្នកចុចមើល។
នៅកម្ពុជាព័ត៌មានបែកធ្លាយ និងដំណឹងចចាមអារ៉ាមកាន់តែច្រើនឡើង ត្រូវបានបង្ហោះលើបណ្ដាញសង្គមដែលព័ត៌មានទាំងនេះមួយចំនួនធំមិនអាចស្វែងរកការបញ្ជាក់ពីការពិតបាន។ ព័ត៌មានដែលពេលខ្លះត្រូវបានប្រឌិតឡើង អាចដល់មនុស្សរាប់សែននាក់ក្នុងពេលតែមួយ។
អ្នកឃ្លាំមើលការបោះឆ្នោតបារម្ភថាព័ត៌មានក្លែងក្លាយបានបង្កើនឥទ្ធិពលបំពុលបរិយាកាសនយោបាយ នៅពេលដែលការបោះឆ្នោតនៅកម្ពុជាខិតជិតមកដល់ដោយសារប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងត្រូវបានប្រើប្រាស់កាន់តែច្រើន និងក្លាយជាឧបករណ៍មួយផ្តល់លទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយកាន់តែទូលំទូលាយ។
ព័ត៌មានក្លែងក្លាយកាន់តែអាចសាយភាយលឿនរហ័ស ដូច្នេះការទទួលបានព័ត៌មាននៅតាមបណ្ដាញសង្គមគួរតែត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត និងត្រូវតែផ្ទៀងផ្ទាត់ព័ត៌មានជាមួយស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈខ្ពស់ឲ្យបានច្រើនតាមដែលអាចធ្វើបាន។ សរុបមក ស្ថាប័នសារព័ត៌មាននៅតែដើរតួនាទីសំខាន់នៅក្នុងសម័យបច្ចេកវិទ្យារីកចម្រើន និងការរីកឡើងនៃប្រព័ន្ធផ្សព្វផ្សាយសង្គម៕
គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០១៧ ទំព័រហ្វេសប៊ុក POST Khmer របស់កាសែតភ្នំពេញ ប៉ុស្តិ៍ ជាភាសាខ្មែរដែលប្រើប្រាស់សម្រាប់ចែកចាយព័ត៌មានពិត ឯករាជ្យ និងសម្បូរបែបដល់អ្នកអានតាមបណ្តាញអ៊ីនធឺណិតមានចំនួនអ្នក Likes ដល់ជាង ៤,៧ លានគណនីស្ថិតនៅលំដាប់ទីបីក្នុងចំណោមទំព័រហ្វេសប៊ុកទាំងអស់នៅក្នុងប្រទេសកម្ពុជា។ រីឯនៅបណ្តាញសង្គម ធ្វីធើ (Twitter)វិញ ទំព័រភ្នំពេញ ប៉ុស្តិ៍ ជាភាសាអង់គ្លេសមានចំនួន Followers ស្ថិតនៅក្នុងលំដាប់ទីពីរនៅក្នុងប្រទេសកម្ពុជាផងដែរ៕ ប្រភព socialbakers.com