ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific របស់​ហុងកុង​កំពុង​ជំរុញ​ចំនួន​អ្នកដំណើរ​ទាំង​ចេញ និង​ចូល​ប្រទេស​ កម្ពុជា ដោយ​ពង្រឹង​គោលនយោបាយ​អតិថិជន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

លោក Jason Choi នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific ប្រចាំ​កម្ពុជា​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្ត៍​ដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​បាន​មើលឃើញ​កំណើន​ធ្វើ​ដំណើរ​ទាំង​ចេញ​ និង​ចូល​ប្រទេស​ កម្ពុជា​រវាង​ហុងកុង និង​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​ក៏​សង្កេតឃើញ​កំណើន​ធ្វើដំណើរ​គួរ​ឲ្យ​កត់សម្គាល់​ពី​កម្ពុជា​ទៅ​អាមេរិក​ខាង​ជើង​ និង​អឺរ៉ុប​ផងដែរ​។ តាមរយៈ​ការបន្ត​លើក​កម្ពស់​សេវាកម្ម ផលិតផល បណ្តាញ និង​ការយកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​អតិថិជន យើង​នៅតែ​មាន​ជំហរ​ដ៏ល្អ​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ឱកាស​នៃ​កំណើន​នេះ​»​។

ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ​នៅក្នុង​ប្រទេស​ កម្ពុជា​ ដោយ​បាន​ចាប់ផ្តើម​ជើងហោះហើរ​រវាង​ភ្នំពេញ​ និង​ហុងកុង​នៅក្នុង​ឆ្នាំ​ ១៩៩៣ នៅ​ក្រោម​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ក្នុង​តំបន់​របស់​ខ្លួន​គឺ Cathay Dragon ដែល​ប្រតិបត្តិការ​ជើងហោះហើរ​តែ​ ២ ជើង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​។

យោង​តាម​លោក Jason បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​នេះ បង្កើន​ជើងហោះហើរ​ ២ ​ជើង​ក្នុង​ ១ ​ថ្ងៃ​មក​កាន់​ទីក្រុង​ភ្នំពេញ ហើយ​គិត​ចាប់​តាំងពី​ឆ្នាំ​ ២០១៣ ​មក​ជើងហោះហើរ​រវាង​ហុងកុង និង​សៀមរាប​គឺ​មាន​ ៤ ​ជើង​ក្នុង​មួយ​សប្តាហ៍​។

លោក Jason បន្ថែម​ថា​ផែនការ​សម្រាប់​ចរាចរណ៍​ផ្លូវអាកាស​គឺ​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ជម្រើស និង​ទិសដៅ​សម្បូរបែប​។ យើង​កំពុង​ពិនិត្យមើល​បណ្តាញ​របស់​យើង​យ៉ាង​ដិតដល់ ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​ជម្រើស និង​ទិសដៅ​កាន់តែច្រើន​។

លោក​បន្តថា ជាមួយ​នឹង​ការចាប់ផ្តើម​សេវាកម្ម​ទៅ​កាន់​គោលដៅ​នានា​ដូចជា​ទីក្រុង Seattle និង Komatsu កាលពី​ដើម​ឆ្នាំ​នេះ​បច្ចុប្បន្ន​អ្នក​ដំណើរ​មកពី​ប្រទេស​កម្ពុជា​មាន​ការភ្ជាប់​ទៅកាន់​គោលដៅ​ថ្មី​កាន់តែ​ប្រសើរ​នៅ​ជុំវិញ​ពិភពលោក​”​។

ចំពោះ​ទស្សនវិស័យ​របស់​ក្រុមហ៊ុន Cathay លោក Jason មាន​សុទិដ្ឋិនិយម​ថា​ចំនួន​អ្នក​ដំណើរ​នឹង​កើនឡើង ទោះបី​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​កំពុង​បន្ត​ក្តី​។

លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​លំហូរ​អ្នក​ដំណើរ​ផ្នែក​ជំនួញ​ច្រើន​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ហោះហើរ​មក​កាន់​កម្ពុជា ទោះបី​ជាមាន​បញ្ហា​ប្រឈម​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ក៏ដោយ​»​។

លោក​លើកឡើង​ថា ទន្ទឹម​នឹង​សេវាកម្ម​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Cathay អាជីវកម្ម​ដឹកទំនិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​មាន​សារៈសំខាន់​ផងដែរ​។

«​យើង​មើលឃើញ​កំណើន​ ២ ​ខ្ទង់​នៃ​ចរាចរណ៍​ដឹកទំនិញ​ពី​ប្រទេស​កម្ពុជា​នៅ​ឆមាស​ទី​ ១ ​នៃ​ឆ្នាំ​នេះ ហើយ​យើង​ជឿ​ថា​និន្នាការ​នេះ​នឹង​នៅ​តែ​បន្ត​។

លោក Jason ថ្លែងថា​ដើម្បី​បង្កើន​ការពេញចិត្ត​របស់​អតិថិជន និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សេវាកម្ម​របស់​ខ្លួន​ក្រុមហ៊ុន Cathay បានចាប់ផ្តើម​យុទ្ធនាការ «Move Beyond» ដែល​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ដើម្បី​ឈាន​ទៅ​ដល់​កម្រិត​សេវាកម្ម និង​បទពិសោធ​ថ្មីៗ​សម្រាប់​អតិថិជន​។

លោក​បន្ថែមថា វា​ជា​យុទ្ធនាការ​ស្លាក​យីហោ​សកល​ដែល​ផ្តោតលើ​វិស័យ​សំខាន់ៗ​ចំនួន​ ៥ នៃ​អាជីវកម្ម​ដែល​មាន​ទីកន្លែង យន្តហោះ ផលិតផល ប្រជាជន និង​ផលិតភាព​។

លោក Jason បញ្ជាក់​ថា ក្រុមហ៊ុន Cathay បាន​ធ្វើឲ្យ​ប្រសើ​ឡើង​នូវ ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​ជាប្រចាំ​ទាំង​ជាមួយ​ផ្នែក​ឌីជីថល និង​ការផ្តល់​សេវាកម្ម​ដើម្បី​បម្រើ​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរ​។

ចំពោះ​វិស័យ​អាកាសចរណ៍​កម្ពុជា​លោក Jason ថ្លែង​ថា​៖ «​យើង​តែងតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ប្រទេស​ កម្ពុជា​ ដែល​មាន​តំបន់​បេតិកភណ្ឌ​លំដាប់​ពិភពលោក​ដ៏ទាក់ទាញ ហើយ​ប្រជាជន​មាន​ភាពរួស​រាយ​រាក់ទាក់​។ ការវិនិយោគ​នៅ​កម្ពុជា​កំពុង​កើនឡើង​នៅពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​មាន​ការវិវត្ត និង​​ផ្លាស់ប្តូរ​៕