The Phnom Penh Post Search

Search form
Logo of Phnom Penh Post newspaper Phnom Penh Post - CBC៖ «ដល់ពេលពិនិត្យសុខភាពឥណទានរបស់អ្នកហើយ!»

CBC៖ «ដល់ពេលពិនិត្យសុខភាពឥណទានរបស់អ្នកហើយ!»

Content image - Phnom Penh Post
យើងជំរុញឱ្យប្រជាជនកម្ពុជាកាន់តែច្រើនទទួលបាននូវរបាយការណ៍ឥណទានផ្ទាល់របស់ខ្លួនព្រោះវាជួយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។​ រូបភាពដោយ CBC

CBC៖ «ដល់ពេលពិនិត្យសុខភាពឥណទានរបស់អ្នកហើយ!»

លោក អឿ សុធារ័ត្ន ប្រធានប្រតិបត្តិរបស់ការិយាល័យឥណទានកម្ពុជា (CBC) បាននិយាយថា៖ «យ៉ាងហោចណាស់ក៏ ១ ឆ្នាំម្តងដែរ ដែលប្រជាជនយើងទៅពិនិត្យសុខភាព ដើម្បីធ្វើឲ្យប្រាកដថា ពួកគាត់មានសុខភាពល្អឬក៏អត់? ក៏ប៉ុន្តែ មនុស្សជាច្រើនមិនបានពិនិត្យពីសុខភាពហិរញ្ញវត្ថុរបស់ពួកគាត់នោះទេ»។

វិស័យហិរញ្ញវត្ថុរបស់កម្ពុជាកំពុងតែអភិវឌ្ឍទៅយ៉ាងលឿន ក្រោមការគាំទ្ររបស់កំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនជំនឿទុកចិត្តរបស់ក្រុមវិនិយោគិន ខណៈមានធនាគារចំនួន ៣៨ ព្រមទាំងទីភ្នាក់ងារហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងធំៗ របស់បរទេសជាច្រើន កំពុងធ្វើប្រតិបត្តិការនៅប្រទេស កម្ពុជា។

ជាមួយនឹងការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាល និងការកែប្រែនៃរចនាប័ទ្មជីវិតរស់នៅ ដោយសារតែមានចំណូលគ្រួសារល្អប្រសើរជាងមុន កំពុងតែលើកកម្ពស់តម្រូវការសម្រាប់ផលិតផលនិងសេវាកម្មហិរញ្ញវត្ថុ ដូចជាបណ្ណឥណទាន និងកម្ចីជាដើម។

ដូច្នេះហើយ តម្លៃឥណទានពិតជាមានសារៈសំខាន់ណាស់ ជាឧទាហរណ៍ ដូចជាដើម្បីខ្ចីប្រាក់ពីធនាគារ ឬដើម្បីស្នើសុំប្រើបណ្ណឥណទានជាដើម។

លោក អឿ សុធារ័ត្ន បានប្រាប់ ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា៖ «ការពិនិត្យសុខភាពហិរញ្ញវត្ថុ គឺសេវាកម្មមួយរបស់ CBC ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់ពិនិត្យមើលលទ្ធភាពក្នុងការទទួលបានកម្ចីរបស់ពួកគាត់ មុនពេលពួកគាត់អាចស្នើសុំប្រាក់កម្ចី ហើយរបាយការណ៍នេះនឹងជួយសម្រួលទៅដល់ដំណើរការស្នើសុំរបស់ពួកគាត់ ហើយប្រសិនជាបុគ្គលនោះមានប្រវត្តិល្អ គាត់នឹងអាចចរចាសុំការប្រាក់ទាបជាងមុនពីធនាគារបាន»។

លោកបន្តថា៖«នេះក៏ជាសម្ភារមួយដែលនឹងជួយទៅដល់បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យបានយល់ច្បាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជនរបស់ពួកគេ ព្រមទាំងជួយកាត់បន្ថយហានិភ័យនៅពេលឲ្យខ្ចីផងដែរ»។

ក្រុមហ៊ុន CBC បង្កើតរបាយការណ៍ឥណទានមួយពីទិន្នន័យដែលទទួលបានពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនបង់រំលស់ទូទាំងប្រទេស ហើយម្ចាស់បំណុលអាចចូលទៅក្នុងមើលទិន្នន័យទាំងនោះបានតាមអនឡាញ ដែលអាចជួយពួកគាត់ក្នុងការវាយតម្លៃទៅលើលទ្ធភាពសងរបស់អ្នកស្នើសុំកម្ចី ហើយធ្វើការសម្រេចចិត្តថា គួរតែអនុម័តលើសំណើកម្ចីដែរឬទេ?

ក្រុមហ៊ុន CBC ដែលបានចាប់ផ្តើមធ្វើប្រតិបត្តិការកាលពីឆ្នាំ ២០១២ អាចបង្កើតមូលដ្ឋានទិន្នន័យ (Database) នៃអតិថិជនចំនួន ៥ លាននាក់ ស្មើនឹង ៥០ ភាគរយនៃប្រជាជនជាមនុស្សពេញវ័យសរុបនៅប្រទេស កម្ពុជា ធៀបទៅនឹង ៦០ ភាគរយនៃប្រទេស ថៃ និងការចុះឈ្មោះឥណទាននៅប្រទេស វៀតណាម ដែលមាន ៥៤,៨ ភាគរយ។

ទោះបីជាយ៉ាងណា ប្រជាជនកម្ពុជាមួយភាគធំនៅមិនទាន់មានការយល់ដឹងពីសារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងមិនបានបង្កើតប្រវត្តិឥណទានសម្រាប់ខ្លួនឯង។

របាយការណ៍ដែលមានកម្រាស់ ២ ទៅ ៣ សន្លឹក ចេញដោយ CBC មានព័ត៌មានដូចជា កំណត់ត្រានៃការទូទាត់ផ្សេងៗរបស់បុគ្គលម្នាក់ៗ ចំនួនកម្ចីដែលបុគ្គលរូបនេះបានទទួលពីគ្រឹះស្ថានហិរញ្ញវត្ថុនានាកាលពីមុន និងទិន្នន័យស្តីពីការងារនិងមុខរបរ ព្រមទាំងព័ត៌មានជាច្រើនដទៃទៀត។ ប្រជាជនកម្ពុជាម្នាក់ៗ សុទ្ធតែអាចទទួលបានរបាយការណ៍ឥណទានផ្ទាល់ខ្លួនពីការិយាល័យឥណទានកម្ពុជា មានទីតាំងនៅអគារ Vattanac Capital នៅរាជធានីភ្នំពេញដោយមិនគិតថ្លៃក្នុងរយៈពេល ១០ ថ្ងៃ នៃថ្ងៃធ្វើការ ហើយប្រសិនជាពួកគាត់ចង់បានភ្លាមៗ ពួកគាត់គ្រាន់តែត្រូវបានបង់ប្រាក់ចំនួនតែ ២ ម៉ឺនរៀល តែប៉ុណ្ណោះសម្រាប់របាយការណ៍នីមួយៗ។

លោក អឿ សុធារ័ត្ន បន្ថែមថា៖ «ពិតជាសារៈសំខាន់ណាស់ដែលអតិថិជនត្រូវកសាងប្រវត្តិឥណទានល្អ ដែលមានន័យថា នៅពេលដែលទទួលបានកម្ចី អតិថិជនម្នាក់មានកាតព្វកិច្ចសងវិញឲ្យបានទាន់ពេលវេលា បើមិនអ៊ីចឹងទេ ពួកគាត់នឹងត្រូវបានផាកពិន័យ។ ជាលទ្ធផល ទង្វើនេះនឹងត្រូវបានកត់ត្រាទុកជា ការបង់ប្រាក់យឺតនៅក្នុងរបាយការណ៍ឥណទាន។»

ដើម្បីលើកកម្ពស់របាយការណ៍ឥណទានផ្ទាល់ខ្លួន ក្រុមហ៊ុន CBC នឹងចាប់ផ្តើមពីកម្រិតមូលដ្ឋាន ដើម្បីបង្កើតការយល់ដឹង តាមរយៈការរៀបចំវេទិកាកិច្ចពិភាក្សាសម្រាប់សិស្សនិស្សិត និងបុគ្គលិក ព្រមទាំងអ្នកជំនាញវិជ្ជាជីវៈពាក់ព័ន្ធផងដែរ។

ជាការបន្ថែមទៅលើផ្នែកយុទ្ធសាស្ត្ររបស់ខ្លួន ក្រុមហ៊ុនដាក់សម្ពោធ នូវកម្មវិធីទូរស័ព្ទស្មាតហ្វូនមួយនៅឆ្នាំក្រោយ និងមធ្យោបាយអនឡាញមួយសម្រាប់អ្នកប្រើប្រាស់អាចទទួលបានរបាយការណ៍ឥណទានរបស់ពួកគាត់យ៉ាងងាយស្រួល។

Content image - Phnom Penh Post
ប្រជាជនកម្ពុជាអាចទទួលបានរបាយការណ៍ឥណទានផ្ទាល់ខ្លួនដោយមិនគិតថ្លៃពីការិយាល័យឥណទានកម្ពុជា។​ រូបភាពដោយ CBC

CBC ក៏កំពុងតែធ្វើការរួមគ្នាជាមួយបណ្តាដៃគូរបស់ខ្លួនផងដែរ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនទៅដល់សាធារណជន ជាពិសេសនៅតាមបណ្តាខេត្ត។

លោក អឿ សុធារ័ត្ន បាននិយាយថា៖ «ក្នុងរយៈពេល ៣-៤ ឆ្នាំខាងមុខ យើងព្យាករថា អតិថិជននៅតាមបណ្តាខេត្តនឹងអាចស្នើសុំរបាយការណ៍ឥណទានពីបណ្តាដៃគូរបស់ពួកយើង នៅក្នុងតំបន់ដែលពួកគាត់រស់នៅ»។

ក្រោមការជ្រោមជ្រែងពីធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ ការិយាល័យឥណទានឯកជនមួយត្រូវបានផ្តួចផ្តើមបង្កើតឡើងដើម្បីធានាថា វិស័យ ហិរញ្ញវត្ថុនៅកម្ពុជាគឺជា ទីផ្សារឥណទានដែលមានយុត្តិធម៌ តម្លាភាពនិងការគ្រប់គ្រងល្អដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។

លោក អឿ សុធារ័ត្ន បាននិយាយថា៖ «កម្មវត្ថុរបស់ CBC គឺដើម្បីមានស្រទាប់មួយទៀតសម្រាប់ការពារវិស័យហិរញ្ញវត្ថុទាំងមូល។ ក្រុមហ៊ុនក៏ជួយទៅដល់ធនាគារនានា ឲ្យធ្វើខ្លួនជាម្ចាស់បំណុលប្រកបដោយទំនួលខុសត្រូវ ចេះគ្រប់គ្រងហានិភ័យ និងធ្វើឲ្យវិស័យហិរញ្ញវត្ថុប្រកបទៅដោយភាពសុខដុមរមនា»។

លោកបន្ត៖ «បន្ទាប់ពីបានឆ្លងកាត់បទពិសោធអស់ ៦ ឆ្នាំ យើងបានឃើញថា មានការផ្លាស់ប្តូរអាប្បកិរិយានៅក្នុងចំណោមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ស្ថាប័នទាំងនេះពេញចិត្តនឹងរបាយការណ៍ឥណទានរបស់យើង ពួកគេអាចពិនិត្យរបាយការណ៍បានភ្លាមៗ ហើយទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាព នឹងបង្ហោះទៅក្នុងប្រព័ន្ធរបស់យើងជារៀងរាល់ខែ»។

លោក អឿ សុធារ័ត្ន បន្ថែមថា ក្រៅពីការជួយទៅដល់វិស័យហិរញ្ញវត្ថុ របាយការណ៍ឥណទានរបស់ CBC ក៏ជួយលើកកម្ពស់មុខមាត់របស់ប្រទេស កម្ពុជា នៅកម្រិតអន្តរជាតិ ក្នុងនាមជាប្រទេសល្អប្រសើរជាងមុនក្នុងការធ្វើពាណិជ្ជកម្មផងដែរ៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍