ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​សេដ្ឋកិច្ច​ណាមួយ​អាច​ត្រូវ​បាន​ថ្លឹងថ្លែង​ដោយ​មធ្យោបាយ​ក្នុង​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន​របស់​ខ្លួន និង​របៀប​ក្នុង​ការវាយ​តម្លៃ​សមត្ថភាព​ក្រុមហ៊ុន រដ្ឋាភិបាល និង​បុគ្គល ដើម្បី​ឆ្លើយតប​នឹង​ការទូទាត់​ប្រាក់​ដើម និង​អត្រា​ការប្រាក់​លើ​បំណុល​របស់​ពួកគេ​។

ដូច្នេះ​សារៈសំខាន់ និង​តួនាទី​របស់​ទីភ្នាក់ងារ​ចែករំលែក​ព័ត៌មាន​ឥណទាន ដូចជា​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) នៅក្នុង​សេដ្ឋកិច្ច​គឺ​នឹង​ជួយ​មិន​អោយ​មាន​តម្លៃ​ហួសហេតុ​ខ្លាំងពេក នៅពេល​វាយតម្លៃ​ហានិភ័យ​លើ​ការវិនិយោគ​មូលធន​នោះ​ទេ​។

ស៊ីប៊ីស៊ី អនុវត្ត​ភារកិច្ច​សំខាន់ៗ​ទាំងអស់​នេះ​ដោយ​ធ្វើឲ្យ​ប្រាកដ​ថា ទាំង​ក្រុម​វិនិយោគិន និង​អតិថិជន​នៅក្នុង​សេដ្ឋកិច្ច​ក្នុង​ស្រុក​ត្រូវ​បាន​ផ្តល់​ព័ត៌មាន​សំខាន់ៗ​មុន​ពេល​ផ្ដល់​ប្រាក់កម្ចី​។

លោក អឿ សុធារ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ស៊ីប៊ីស៊ី​បាន​ផ្តល់​កិច្ចសម្ភាសន៍​ដល់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​អំពី​សកម្មភាព និង​ផែនការ​របស់​ក្រុមហ៊ុន​មួយ​នេះ ក៏ដូចជា​ការបង្កើន​តួនាទី​របស់​ខ្លួន​នៅក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​របស់​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ក្នុង​ឆ្នាំ​ ២០១៩ ស៊ីប៊ីស៊ី នឹង​បន្ត​គោលនយោបាយ​នៃ​ការធានា​សន្ដិសុខ​ទិន្នន័យ និង​សេវា​បម្រើ​អតិថិជន​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ដើម្បី​សម្រេច​ឲ្យ​បាន​តាម​ការចង់​បាន​ពី​សមាជិក និង​បន្ត​យុទ្ធសាស្ដ្រ​ផ្ដោត​លើ​កត្តា​ជំរុញ​អាជីវកម្ម​របស់​យើង ហើយ​នឹង​បន្ត​បង្កើន​ភាពខ្លាំង​របស់​យើង ដើម្បី​អភិវឌ្ឍ​វេទិកា​ថ្មីៗ​ដែល​ជួយ​សម្រួល​ដល់​សមាជិក​របស់​យើង​ក្នុង​ការសម្រេច​បាន​នូវ​គោលដៅ​របស់​ពួកគេ និង​ដើម្បី​រួមចំណែក​ដល់​ស្ថិរភាព​កំណើន​ឧស្សាហកម្ម​មួយ​នេះ​»​។

លោក សុធារ័ត្ន ក៏បាន​បញ្ជាក់​អំពី​គន្លឹះ​សំខាន់ៗ​ដែល ស៊ីប៊ីស៊ី បាន​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​ដែល​ជា​សារៈសំខាន់​ក្នុង​ការធានា​លំហូរ​ប្រតិបត្តិការ​ដោយ​រលូន​នៅក្នុង​បរិយាកាស​អាជីវកម្ម​ដែល​រីកចម្រើន​យ៉ាង​រហ័ស​ក្នុង​ពេល​បច្ចុប្បន្ន​។

លោក​ថ្លែង​ថា​៖ «​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​កំពុង​ស្ថិត​ក្រោម​សម្ពាធ​នៃ​ការប្រកួតប្រជែង​ទីផ្សារ ខណៈ​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ ហើយ​ប្រព័ន្ធ​ឌីជីថល​គឺជា​មធ្យោបាយ​ដ៏ល្អ​បំផុត​មួយ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​។ នវានុវត្តន៍ និង​ដំណោះស្រាយ​ដ៏ប្រសើរ​គឺជា​អ្វីៗ​ដែល​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការចូលរួម​ជាមួយ​ទីផ្សារ​នេះ​»​។

ដើម្បី​សម្រេច​បាន​ទិសដៅ​នេះ​លោក​ឲ្យ​ដឹងថា ស៊ីប៊ីស៊ី កំពុង​សម្លឹង​ឆ្ពោះ​ទៅ​មុខ ដើម្បី​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន ការពង្រីក​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ទូទាំង​ប្រទេស និង​ការណែនាំ​ពី​សេវា​ត្រួតពិនិត្យ​របាយការណ៍​ឥណទាន​សម្រាប់​ការងារ​ដល់​សមាជិក​របស់​ខ្លួន​។

« ស៊ីប៊ីស៊ី នឹង​ចាប់ផ្ដើម​ស្វែងរក​លទ្ធភាព​ក្នុង​ការធ្វើ​ពិពិធកម្ម ប្រភព​ទិន្នន័យ​របស់​យើង​។ នេះ​រួម​មាន​ទិន្នន័យ​វិស័យ​សាធារណៈ និង​ទិន្នន័យ​នៅក្នុង​វិស័យ​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ ក្រៅពី​ការធ្វើឲ្យ​កាន់តែ​មាន​សុវត្ថិភាព យើង​នឹង​ស្វែងរក​ការពង្រីក​បណ្ដាញ​ឌីជីថល​របស់​យើង ដែល​រួមមាន​កម្មវិធី​ទូរស័ព្ទ​ចល័ត និង​អនឡាញ​ហើយ​នឹង​បន្ថែម​មុខងារ និង​ជម្រើស​សេវា​បម្រើ​ដោយ​ខ្លួនឯង​ថ្មីៗ ដើម្បី​លើក​កម្ពស់​បន្ថែម​ទៀត​ដល់​ឧបករណ៍​ឌីជីថល​ទាំងនេះ​»​។

លោក​ឲ្យ​ដឹង​ទៀត​ថា​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០១៩ សមិទ្ធផល​របស់ ស៊ីប៊ីស៊ី រួម ទាំង​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ត្រូវ​បាន​ដាក់ពង្រាយ​ប្រកប​ដោយ​ជោគជ័យ​នៅតាម​សាខា​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង​ធនាគារ​អេស៊ីលីដា​នៅ​គ្រប់​ទី​រួម​ខេត្ត ក្រុង​ទាំង​ ២៥ ខេត្ត​ក្រុង ។

CBC លើក​កម្ពស់​សារៈសំខាន់​សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​និស្សិត​។ Supplied

លោក​បន្ថែម​ថា​៖ «​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន គឺជា​ការផ្ដោត​ដ៏សំខាន់​របស់​យើង​ហើយ​យើង​បាន​ធ្វើ​ការងារ​នេះ​ជាមួយ​សមាជិក​របស់​យើង​រយៈពេល​ជាង​ ១ ​ឆ្នាំ​។ ការអភិវឌ្ឍ​ប្រព័ន្ធ​ទាំងអស់​ត្រូវ​បាន​បញ្ចប់ និង​ការសាកល្បង​ដែល​អាច​ទទួល​យក​បាន​។ ដោយ​មាន​ការយល់ព្រម​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ប្រព័ន្ធ​នេះ​នឹង​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​ ១ ខែ​កក្កដា​ឆ្នាំ​ ២០១៩»​។

លោក សុធារ័ត្ន បាន​លើក​ឡើង​ថា​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​នេះ មិន​គ្រាន់តែ​ផ្ដល់​ផលប្រយោជន៍​ដល់​វិស័យ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្រុម​អ្នក​សម្រេចចិត្ត​នៅក្នុង​វិស័យ​ជាច្រើន​ដែល​មិន​ជាប់​ទាក់ទង​នឹង​ឥណទាន​ប្រើប្រាស់​លក្ខណៈ​បុគ្គល​ផង​ដែរ ដែល​រួមមាន​បុគ្គល​ផ្ទាល់​ខ្លួន ម្ចាស់​ក្រុមហ៊ុន​ ឬ​និយោជក ក្រុមហ៊ុន​ធានារ៉ាប់រង ទូរគមនាគមន៍ ក្រុមហ៊ុន​បោះ​ដុំ អ្នក​ជួល​អចលនទ្រព្យ និង​អ្នក​ប្រមូលពន្ធ​។

លោក​ថ្លែង​ថា​៖ «​ដើម្បី​សម្រេច​បាន​ទិសដៅ​ឆ្នាំ​ ២០១៩ អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ជាច្រើន​របស់​យើង​នឹង​ទៅ​ដល់​សាធារណជន​ទូទៅ ដែល​អាច​ទទួល​បាន​លទ្ធភាព​ទទួល​បាន​របាយការណ៍​ឥណទាន​បុគ្គល​របស់​ពួកគេ​កាន់តែ​ងាយស្រួល និង​កាន់តែ​រហ័ស​។ ស៊ីប៊ីស៊ី នឹង​កែលម្អ​បណ្ដាញ​ឌីជីថល ដើម្បី​សម្រេច​បាន​ទិសដៅ​នេះ​ដែល​រួមទាំង​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ចល័ត​របស់​យើង​។

យើង​នឹង​បន្ត​ការចូលរួម​ជាមួយ​ដៃគូ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការស្វែងរក​ការធ្វើ​ពិពិធកម្ម​ទិន្នន័យ ដែល​អាច​រួមបញ្ចូល​ជាមួយ​ការិយាល័យ​ឥណទាន និង​ការបន្ថែម​តម្លៃ​ដល់​ប្រជាជន​ដែល​អាច​ទទួល​បាន​ហិរញ្ញវត្ថុ​ទោះបី​ពួកគេ​មិន​ដែល​ដាក់ពាក្យ​ស្នើសុំ​កម្ចី​ពី​មុន​ក៏ដោយ​»​។

ទាក់ទង​ការអប់រំ​សាធារណជន​អំពី​សារៈសំខាន់​នៃ​របាយការណ៍​ឥណទាន លោក សុធារ័ត្ន បាន​ឲ្យ​ដឹងថា ស៊ីប៊ីស៊ី នឹង​ផ្ដល់​អាទិភាព​ឲ្យ​អតិថិជន​យល់​ដឹង​អំពី​សិទ្ធិ និង​ការទទួល​ខុសត្រូវ​របស់​ពួកគេ​ទាក់ទង​នឹង​ការរាយការណ៍​ឥណទាន​តាមរយៈ​កម្មវិធី​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ស្ដីពី​រាយការណ៍​ឥណទាន​បុគ្គល​នៅក្នុង​ទម្រង់​នៃ​សិក្ខាសាលា​នៅ​តាម​សាកលវិទ្យាល័យ សកម្មភាព​តាម​ស្ដង់​ពិព័រណ៍​នៅក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ និង​បណ្ដាញ​ឌីជីថល​របស់​ខ្លួន​ជាដើម​។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​៖ «​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អតិថិជន​ក្នុង​ការទាក់ទង​ជាមួយ​ស្ថាប័ន​សំខាន់ៗ​អំពី​សារៈសំខាន់​នៃ​របាយការណ៍​ឥណទាន និង​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទំនើប​»​។

លោក​បន្ត​ថា​៖ «​របៀបវារៈ​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការជួយ​ពួកគេ​ទទួល​បាន​ហិរញ្ញប្បទាន​កាន់តែ​រហ័ស​។ របៀបវារៈ​នេះ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ចំណេះដឹង​ដែល​នឹង​ជួយ​ធនាគារ​ឲ្យ​ធ្វើការ​សម្រេចចិត្ត​លើ​ឥណទាន​របស់​ខ្លួន​កាន់តែ​ងាយស្រួល​”៕